ជំរឿនបណ្ដាជន ១៨:១-៣២

  • តួ​នាទី​របស់​ពួក​សង្ឃ​និង​ពួក​លេវី (​១​-​៧)

  • របប​អាហារ​របស់​ពួក​សង្ឃ (​៨​-​១៩)

    • កិច្ច​ព្រម​ព្រៀង​អំបិល  (​១៩)

  • ពួក​លេវី​ត្រូវ​ទទួល​និង​ឲ្យ​១​ភាគ​១០ (​២០​-​៣២)

១៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេរ៉ុន​ថា​៖ ​«​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក រួម​ទាំង​វង្ស​ត្រកូល​អ្នក ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ណា​ដែល​ទាក់​ទង​នឹង​កន្លែង​បរិសុទ្ធ+ ព្រម​ទាំង​កំហុស​ណា​ដែល​ទាក់​ទង​នឹង​មុខ​ងារ​ជា​សង្ឃ​ផង​ដែរ។+ ២  ឯ​ពួក​លេវី​ជា​បង​ប្អូន​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី ជា​កុលសម្ព័ន្ធ​នៃ​បុព្វ​បុរស​អ្នក ចូរ​នាំ​ពួក​គេ​មក​ដើម្បី​ពួក​គេ​អាច​ចូល​រួម​បំពេញ​កិច្ចបម្រើ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក+និង​កូន​ប្រុស​ៗ​អ្នក នៅ​មុខ​ត្រសាល​ជំនុំ​ដែល​មាន​ហឹប​នៃ​សេចក្ដី​រំលឹក។+ ៣  ពួក​គេ​ត្រូវ​ជួយ​អ្នក​បំពេញ​កិច្ចការ​ទាំង​អស់​នៅ​ឯ​ត្រសាល​ជំនុំ។+ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​ទី​បូជា​និង​ប្រដាប់​ប្រដា​នៅ​កន្លែង​បរិសុទ្ធ​ឡើយ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ឬ​អ្នក​ត្រូវ​ស្លាប់។+ ៤  ពួក​គេ​នឹង​ធ្វើ​ការ​ជា​មួយ​អ្នក ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ទាក់​ទង​នឹង​ត្រសាល​ជំនុំ ព្រម​ទាំង​កិច្ច​បម្រើ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​កន្លែង​នោះ។ ក្រៅ​ពី​ពួក​គេ គ្មាន​អ្នក​ណា​មាន​សិទ្ធិ​ចូល​មក​ជិត​អ្នក​ទេ។+ ៥  អ្នក​ត្រូវ​បំពេញ​ភារកិច្ច​ខ្លួន​នៅ​កន្លែង​បរិសុទ្ធ+និង​នៅ​ទី​បូជា+ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ខឹង+នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ត​ទៅ​ទៀត។ ៦  ខ្ញុំ​បាន​ញែក​ពួក​លេវី​ពី​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​ឲ្យ​ពួក​គេ​ជា​អំណោយ​ដល់​អ្នក+ ព្រោះ​ពួក​គេ​បាន​ត្រូវ​ប្រគល់​ជូន​ខ្ញុំ​ជា​យេហូវ៉ា ដើម្បី​បំពេញ​កិច្ច​បម្រើ​នៅ​ត្រសាល​ជំនុំ។+ ៧  អ្នក​និង​កូន​ប្រុស​ៗ​អ្នក​ត្រូវ​បំពេញ​ភារកិច្ច​ជា​សង្ឃ គឺ​បម្រើ​នៅ​ទី​បូជា និង​បំពេញ​កិច្ចការ​ទាំង​អស់​នៅ​ក្រោយ​វាំងនន។*+ ព្រោះ​ខ្ញុំ​បាន​ឲ្យ​មុខ​ងារ​ជា​សង្ឃ​ដល់​អ្នក​ជា​អំណោយ។ បើ​អ្នក​ផ្សេង​ទៀត*ចូល​មក​ជិត​ត្រសាល​ជំនុំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។+ ៨  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​អេរ៉ុន​ថា​៖ ​«​ខ្ញុំ​ឲ្យ​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិភាគទាន​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន។+ ខ្ញុំ​បាន​ប្រគល់​មួយ​ចំណែក​ឲ្យ​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក ពី​អ្វី​ៗ​បរិសុទ្ធ​ដែល​បណ្ដា​ជន​យក​មក​ជូន។ នេះ​ជា​ចំណែក​របស់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​ត​ទៅ។+ ៩  ឯ​គ្រឿង​បូជា​បរិសុទ្ធ​បំផុត​ដែល​ត្រូវ​ដុត​ជូន​ខ្ញុំ នឹង​បាន​ជា​របស់​អ្នក គឺ​រាល់​គ្រឿង​បូជា​ដែល​បណ្ដា​ជន​យក​មក​ជូន ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ+ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ដល់​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក។ ១០  អ្នក​ត្រូវ​បរិភោគ​គ្រឿង​បូជា​នោះ​នៅ​កន្លែង​បរិសុទ្ធ​បំផុត។+ ប្រុស​ៗ​ទាំង​អស់​អាច​បរិភោគ​បាន។ នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​ដល់​អ្នក។+ ១១  បន្ថែម​ទៅ​ទៀត គ្រប់​អំណោយ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន+ ជា​មួយ​នឹង​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង+ នឹង​បាន​ជា​របស់​អ្នក​ដែរ។ ខ្ញុំ​ប្រគល់​អ្វី​ទាំង​អស់​នេះ​ដល់​អ្នក និង​កូន​ប្រុស​ស្រី​របស់​អ្នក​ជា​ដរាប​ត​ទៅ។+ សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក ដែល​ស្អាត​បរិសុទ្ធ​អាច​បរិភោគ​បាន។+ ១២  ​«​ឯ​ប្រេង ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ​ជា​ផល​ដំបូង+ដ៏​ល្អ​បំផុត​ដែល​គេ​យក​មក​ជូន​ខ្ញុំ​យេហូវ៉ា ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក​ដែរ។+ ១៣  ដូច្នេះ ផល​ដំបូង​ទាំង​អស់​ក្នុង​ស្រុក​ដែល​គេ​យក​មក​ជូន​ព្រះ​យេហូវ៉ា នឹង​បាន​ទៅ​ជា​របស់​អ្នក។+ សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក ដែល​ស្អាត​បរិសុទ្ធ​អាច​បរិភោគ​បាន។ ១៤  ​«​អ្វី​ៗ​ទាំង​អស់​ដែល​បណ្ដា​ជន​ក្នុង​ស្រុក​អ៊ីស្រាអែល​ញែក​ជា​បរិសុទ្ធ​ទុក​ជូន​ខ្ញុំ ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក។+ ១៥  ​«​កូន​ច្បង​ទាំង​អស់+របស់​បណ្ដា​ជន និង​កូន​ដំបូង​របស់​សត្វ ដែល​គេ​យក​មក​ជូន​ខ្ញុំ​ជា​យេហូវ៉ា ត្រូវ​បាន​ទៅ​ជា​របស់​អ្នក។ ប៉ុន្តែ ត្រូវ​ឲ្យ​គេ​លោះ​កូន​ច្បង​របស់​បណ្ដា​ជន+និង​កូន​ដំបូង​របស់​សត្វ​ដែល​មិន​ស្អាត​បរិសុទ្ធ​វិញ។+ ១៦  បើ​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ តម្លៃ​កំណត់​សម្រាប់​លោះ​នោះ គឺ​ប្រាក់​ប្រាំ​ហ្សេគិល*+ តាម​ទម្ងន់​ហ្សេគិល​ដែល​គេ​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។ មួយ​ហ្សេគិល​ស្មើ​នឹង​២០​កេរ៉ា។* ១៧  ប៉ុន្តែ កូន​ឈ្មោល​ដំបូង​របស់​គោ ចៀម ឬ​ពពែ គេ​មិន​ត្រូវ​លោះ​ទេ+ ព្រោះ​សត្វ​ទាំង​នោះ​ស្អាត​បរិសុទ្ធ។ អ្នក​ត្រូវ​ប្រោះ​ឈាម​សត្វ​ទាំង​នោះ​នៅ​លើ​ទី​បូជា+ ហើយ​ដុត​ខ្លាញ់​វា​ឲ្យ​ផ្សែង​ហុយ​ឡើង ដើម្បី​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*+ ១៨  សាច់​សត្វ​ទាំង​នោះ​នឹង​បាន​ជា​របស់​អ្នក ក៏​ដូច​ជា​សាច់​ទ្រូង​នៃ​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​និង​សាច់​ភ្លៅ​ស្ដាំ​ដែរ។+ ១៩  គ្រប់​អំណោយ​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន​ខ្ញុំ​យេហូវ៉ា+ ខ្ញុំ​ប្រគល់​ដល់​អ្នក​និង​កូន​ប្រុស​ស្រី​របស់​អ្នក​ជា​ដរាប​ត​ទៅ។+ នេះ​ជា​កិច្ច​ព្រម​ព្រៀង​អំបិល* រវាង​ព្រះ​យេហូវ៉ា​និង​អ្នក ព្រម​ទាំង​កូន​ចៅ​អ្នក​»។ ២០  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ត​ទៅ​អេរ៉ុន​ថា​៖ ​«​នៅ​ក្នុង​ស្រុក​របស់​បណ្ដា​ជន​អ៊ីស្រាអែល អ្នក​នឹង​មិន​ទទួល​ដី​ធ្លី​ជា​មត៌ក​ទេ ហើយ​ក៏​គ្មាន​ដី​ជា​ចំណែក​ដូច​ពួក​គេ​ដែរ+ ព្រោះ​ខ្ញុំ​ជា​ចំណែក​និង​ជា​មត៌ក​របស់​អ្នក​ហើយ។+ ២១  ​«​ខ្ញុំ​ប្រគល់​១​ភាគ​១០​នៃ​វិភាគទាន​របស់​បណ្ដា​ជន​អ៊ីស្រាអែល ឲ្យ​កូន​ចៅ​លេវី​ទុក​ជា​មត៌ក+ ដោយ​សារ​ពួក​គេ​បំពេញ​កិច្ចការ​នៅ​ត្រសាល​ជំនុំ។ ២២  ឯ​បណ្ដា​ជន​អ៊ីស្រាអែល​វិញ ពួក​គេ​មិន​អាច​ចូល​ទៅ​ជិត​ត្រសាល​ជំនុំ​ទៀត​បាន​ឡើយ។ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​មាន​កំហុស​ឆ្គង ហើយ​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ២៣  ពួក​លេវី​ត្រូវ​បំពេញ​កិច្ច​បម្រើ​នៅ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​របស់​បណ្ដា​ជន។+ ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ពួក​លេវី​មិន​អាច​មាន​ដី​ធ្លី​ជា​មត៌ក​ឡើយ។+ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់ត​រៀង​ទៅ។ ២៤  ព្រោះ​ខ្ញុំ​យេហូវ៉ា ខ្ញុំ​បាន​ប្រគល់​១​ភាគ​១០​នៃ​វិភាគទាន​របស់​បណ្ដា​ជន​ដែល​ជូន​ដល់​ខ្ញុំ ឲ្យ​ដល់​ពួក​លេវី​ទុក​ជា​មត៌ក​រួច​ហើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា​៖ ‹ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ពួក​គេ​មិន​ត្រូវ​មាន​ដី​ធ្លី​ជា​មត៌ក​ឡើយ›​»។+ ២៥  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២៦  ​«​អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​ទទួល​វិភាគទាន​១​ភាគ​១០​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ទុក​ជា​មត៌ក ព្រោះ​នេះ​ជា​ចំណែក​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+ ប៉ុន្តែ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​វិភាគទាន​១​ភាគ​១០​ពី​ចំណែក​នោះ​ដល់​ខ្ញុំ​ជា​យេហូវ៉ា​វិញ​ដែរ។+ ២៧  វិភាគទាន​ដែល​អ្នក​រាល់​គ្នា​ជូន​ជា​ស្រូវ ស្រា និង​ប្រេង នឹង​ត្រូវ​ចាត់​ទុក​ដូច​ជា​ផល​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ ដែល​យក​មក​ពី​ទី​លាន​បញ្ជាន់​ស្រូវ+ ពី​កន្លែង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា និង​ពី​កន្លែង​គាប​យក​ប្រេង​ដូច្នោះ​ដែរ។ ២៨  តាម​របៀប​នេះ អ្នក​រាល់​គ្នា​ក៏​អាច​ជូន​វិភាគទាន​ដល់​ព្រះ​យេហូវ៉ា​វិញ​ដែរ គឺ​ពី​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​បណ្ដា​ជន។ វិភាគទាន​ទាំង​នោះ​ដែល​អ្នក​រាល់​គ្នា​ជូន​ព្រះ​យេហូវ៉ា ត្រូវ​ប្រគល់​ឲ្យ​អេរ៉ុន​ជា​សង្ឃ។ ២៩  ក្នុង​អំណោយ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ត្រូវ​យក​ចំណែក​ដែល​ល្អ​បំផុត​ជូន​ដល់​ព្រះ​យេហូវ៉ា+ ព្រោះ​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ›។ ៣០  ​«​អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ទៀត​ថា​៖ ‹ពេល​ណា​អ្នក​រាល់​គ្នា​ជូន​ចំណែក​ដែល​ល្អ​បំផុត​ដល់​ព្រះ ចំណែក​នោះ​នឹង​ត្រូវ​ចាត់​ទុក​ដូច​ជា​ផល​របស់​អ្នក​រាល់​គ្នា​ផ្ទាល់ ដែល​យក​មក​ពី​ទី​លាន​បញ្ជាន់​ស្រូវ ពី​កន្លែង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា និង​ពី​កន្លែង​គាប​យក​ប្រេង​ដូច្នោះ​ដែរ។ ៣១  អ្នក​រាល់​គ្នា​និង​ក្រុម​គ្រួសារ អាច​បរិភោគ​ចំណែក​នោះ​នៅ​កន្លែង​ណា​ក៏​បាន ព្រោះ​នោះ​ជា​ថ្លៃ​ឈ្នួល​របស់​អ្នក​រាល់​គ្នា​ចំពោះ​កិច្ច​បម្រើ​ក្នុង​ត្រសាល​ជំនុំ។+ ៣២  បើ​អ្នក​រាល់​គ្នា​ជូន​ចំណែក​ដែល​ល្អ​បំផុត​ដល់​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​មាន​កំហុស​ឆ្គង​ក្នុង​រឿង​នេះ​ទេ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រើ​អ្វី​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន​តាម​របៀប​មិន​ត្រឹម​ត្រូវ​ឡើយ។ បើ​មិន​ដូច្នោះ​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន›​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​វាំងនន​ដែល​នៅ​ខាង​មុខ​បន្ទប់​បរិសុទ្ធ​បំផុត
នេះ​សំដៅ​លើ​អ្នក​ដែល​មិន​មែន​មក​ពី​ក្រុម​គ្រួសារ​អេរ៉ុន
មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​កេរ៉ា​ស្មើ​នឹង​០,៥៧​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​
នេះ​សំដៅ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​ស្ថិត​ស្ថេរ ហើយ​មិន​អាច​ផ្លាស់​ប្ដូរ​បាន