ជំរឿនបណ្ដាជន ១៩:១-២២

  • គោ​សម្បុរ​ទង់​ដែង និង​ទឹក​លាង​ជម្រះ (​១​-​២២)

១៩  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន បន្ត​ទៀត​ថា​៖ ២  ​«​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដូច​ត​ទៅ​នេះ​៖ ‹ត្រូវ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ពួក​គេ​យក​គោ​មួយ​ក្បាល​មក​ប្រគល់​ឲ្យ​អ្នក គឺ​គោ​ល្អ​ឥត​ខ្ចោះ​ដែល​មាន​សម្បុរ​ទង់​ដែង+ ដែល​មិន​ធ្លាប់​មាន​គេ​ទឹម។ ៣  អ្នក​ត្រូវ​ឲ្យ​អេលាសារ​ជា​សង្ឃ ដឹក​គោ​នោះ​ចេញ​ទៅ​ក្រៅ​ជំរំ រួច​ឲ្យ​គេ​សម្លាប់​វា​នៅ​មុខ​គាត់។ ៤  បន្ទាប់​មក អេលាសារ​ជា​សង្ឃ​ត្រូវ​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម​របស់​គោ​នោះ រួច​ប្រោះ​៧​ដង​តម្រង់​ទៅ​ច្រក​ចូល​ត្រសាល​ជំនុំ។+ ៥  ក្រោយ​នោះ ត្រូវ​ដុត​គោ​នោះ​នៅ​មុខ​គាត់ គឺ​ត្រូវ​ដុត​ទាំង​សាច់ ទាំង​ស្បែក ទាំង​ឈាម​និង​លាមក​ផង។+ ៦  រួច​សង្ឃ​ត្រូវ​យក​ឈើ​ស៊ីដារ មែក​ហ៊ីសុប+ និង​ក្រណាត់​ពណ៌​ក្រហម បោះ​ចូល​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​គោ​នោះ។ ៧  បន្ទាប់​មក សង្ឃ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន និង​ងូត​ទឹក​ជម្រះ​កាយ។ ក្រោយ​នោះ គាត់​អាច​ចូល​ទៅ​ក្នុង​ជំរំវិញ តែ​គាត់​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ៨  ​«​‹ឯ​អ្នក​ដែល​ដុត​គោ​នោះ ក៏​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន រួច​ងូត​ទឹក​សម្អាត​កាយ​ដែរ ហើយ​គាត់​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ៩  ​«​‹ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ស្អាត​បរិសុទ្ធ ទៅ​ប្រមូល​ផេះ​គោ​នោះ+ រួច​យក​ទៅ​ដាក់​នៅ​ក្រៅ​ជំរំ​ត្រង់​កន្លែង​ស្អាត​បរិសុទ្ធ។ ពួក​ជំនុំ​អ៊ីស្រាអែល​ត្រូវ​ទុក​ផេះ​ទាំង​នោះ​សម្រាប់​លាយ​នឹង​ទឹក​ដើម្បី​ប្រើ​ក្នុង​ការ​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ។+ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១០  អ្នក​ដែល​ប្រមូល​ផេះ​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​គាត់​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ​«​‹នេះ​នឹង​ទៅ​ជា​ច្បាប់​ជា​រៀង​រហូត សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ។+ ១១  បើ​អ្នក​ណា​ប៉ះ​សាក​សព​បុគ្គល​ម្នាក់ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ១២  ដូច្នេះ នៅ​ថ្ងៃ​ទី៣ អ្នក​នោះ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ ដោយ​ប្រើ​ទឹក​នោះ។ យ៉ាង​នេះ នៅ​ថ្ងៃ​ទី​៧ គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ។ ប៉ុន្តែ បើ​គាត់​មិន​ធ្វើ​ដូច្នេះ​នៅ​ថ្ងៃ​ទី៣​ទេ នោះ​គាត់​នឹង​មិន​បាន​ស្អាត​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​៧​ឡើយ។ ១៣  គាត់​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ជា​និច្ច ដោយ​សារ​គាត់​មិន​បាន​ត្រូវ​ប្រោះ​ដោយ​ទឹក​សម្រាប់​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ។+ អស់​អ្នក​ណា​ដែល​បាន​ប៉ះ​សាក​សព​មនុស្ស ហើយ​មិន​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ទេ គាត់​បាន​ធ្វើ​ឲ្យ​ត្រសាល​របស់​ព្រះ​យេហូវ៉ា​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ហើយ។+ ដូច្នេះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ចំណោម​ជន​រួម​ជាតិ​ខ្លួន។+ ១៤  ​«​‹នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​ស្លាប់​ក្នុង​ត្រសាល ត្រូវ​ធ្វើ​តាម​ច្បាប់​នេះ គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ត្រសាល និង​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ។ ១៥  ឯ​ភាជនៈ​ដែល​ឥត​មាន​គម្រប ហើយ​នៅ​ចំហ ក៏​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដែរ។+ ១៦  បើ​អ្នក​ណា​ចេញ​ទៅ​ឯ​វាល ហើយ​ប៉ះ​សាក​សព​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ ឬ​សាក​សព​មនុស្ស​ដែល​ស្លាប់​តាម​ធម្មជាតិ ឬ​ប៉ះ​ឆ្អឹង ឬ​ប៉ះ​ផ្នូរ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ១៧  ដើម្បី​ជម្រះ​អ្នក​នោះ​ឲ្យ​ស្អាត​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​យក​ផេះ​ខ្លះ​របស់​គោ​ដែល​បាន​ត្រូវ​ដុត​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​នោះ មក​លាយ​ជា​មួយ​ទឹក​ស្អាត​ក្នុង​ភាជនៈ​មួយ។ ១៨  រួច​មក ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ស្អាត​បរិសុទ្ធ+ យក​មែក​ហ៊ីសុប+ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ត្រសាល លើ​អ្នក​ដែល​នៅ​ក្នុង​ត្រសាល និង​លើ​ភាជនៈ​ទាំង​អស់ ថែម​ទាំង​ប្រោះ​លើ​អ្នក​ដែល​បាន​ប៉ះ​សាក​សព​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់ ឬ​ប៉ះ​សាក​សព​មនុស្ស​ដែល​ស្លាប់​តាម​ធម្មជាតិ ឬ​ប៉ះ​ឆ្អឹង ឬ​ប៉ះ​ផ្នូរ​ផង​ដែរ។ ១៩  បុរស​ដែល​ស្អាត​បរិសុទ្ធ​នោះ​ត្រូវ​ប្រោះ​ទឹក​នោះ​លើ​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​នៅ​ថ្ងៃ​ទី៣ និង​នៅ​ថ្ងៃ​ទី​៧។ យ៉ាង​នេះ អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​នោះ​នឹង​បាន​ជ្រះ​ស្អាត​ពី​អំពើ​ខុស​ឆ្គង​របស់​គាត់​នៅ​ថ្ងៃ​ទី​៧។+ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន រួច​ងូត​ទឹក​សម្អាត​កាយ ហើយ​នៅ​ល្ងាច​ថ្ងៃ​នោះ​គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ​ឡើង​វិញ។ ២០  ​«​‹ប៉ុន្តែ បើ​មាន​អ្នក​ណា​មិន​ស្អាត​បរិសុទ្ធ ដែល​មិន​ព្រម​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ទេ គាត់​បាន​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ហើយ។ ដូច្នេះ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណោម​ជន​រួម​ជាតិ​ខ្លួន។+ គាត់​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​គាត់​មិន​បាន​ត្រូវ​ប្រោះ​ដោយ​ទឹក​សម្រាប់​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ។ ២១  ​«​‹នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​ជា​ដរាប​ត​ទៅ គឺ​អ្នក​ដែល​ប្រោះ​ទឹក​សម្រាប់​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ+ ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​អ្នក​ដែល​ប៉ះ​ទឹក​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ ២២  បើ​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​ប៉ះ​អ្វី​ណា​ក៏​ដោយ អ្វី​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​អ្នក​ណា​ដែល​ប៉ះ​អ្វី​នោះ នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច›​»។+

កំណត់សម្គាល់

ឬ​«​អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​»​