ជំរឿនបណ្ដាជន ២:១-៣៤

  • ជំរំ​បាន​ត្រូវ​រៀបចំ​តាម​ក្រុម ហើយ​ក្រុម​នីមួយ​ៗ​មាន​បី​កុលសម្ព័ន្ធ (​១​-​៣៤)

    • ក្រុម​របស់​យូដា​នៅ​ទិស​ខាង​កើត (​៣​-​៩)

    • ក្រុម​របស់​រូបេន​នៅ​ទិស​ខាង​ត្បូង (​១០​-​១៦)

    • ជំរំ​ពួក​លេវី​នៅ​ចំ​កណ្ដាល (​១៧)

    • ក្រុម​របស់​អេប្រាអ៊ីម​នៅ​ទិស​ខាង​លិច (​១៨​-​២៤)

    • ក្រុម​របស់​ដាន់​នៅ​ទិស​ខាង​ជើង (​២៥​-​៣១)

    • ចំនួន​សរុប​នៃ​ពួក​បុរស​ដែល​បាន​ត្រូវ​ចុះ​បញ្ជី (​៣២​-​៣៤)

 ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ២  ​«​ចូរ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​បោះ​ជំរំ​តាម​ក្រុម​ដែល​បាន​ត្រូវ​កំណត់​ឲ្យ គឺ​មួយ​ក្រុម​មាន​កុលសម្ព័ន្ធ​បី។+ ពួក​គេ​ត្រូវ​បោះ​ជំរំ​ត្រង់​កន្លែង​ដែល​មាន​សញ្ញា​សម្គាល់​នៃ​វង្ស​ត្រកូល​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ពួក​គេ​ទាំង​អស់​ត្រូវ​បោះ​ជំរំ​ជុំ​វិញ​ត្រសាល​ជំនុំ ហើយ​បែរ​មុខ​ទៅ​ទី​នោះ។ ៣  ​«​កុលសម្ព័ន្ធ​បី​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​កើត គឺ​ទិស​ថ្ងៃ​រះ មាន​កុលសម្ព័ន្ធ​យូដា​ជា​អ្នក​នាំ​មុខ។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​យូដា គឺ​ណាសូន​ជា​កូន​អាមីណាដាប។+ ៤  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៧៤.៦០០​នាក់។+ ៥  កុលសម្ព័ន្ធ​អ៊ីសាខារ​ត្រូវ​បោះ​ជំរំ​ក្បែរ​ពួក​គេ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​នេថានេល+ជា​កូន​សួអា។ ៦  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៥៤.៤០០​នាក់។+ ៧  ឯ​កុលសម្ព័ន្ធ​សេប៊ូឡូន ក៏​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​ពួក​គេ​ដែរ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​អេលាប+ជា​កូន​ហេឡន។ ៨  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៥៧.៤០០​នាក់។+ ៩  ​«​ចំនួន​ពល​ទ័ព​ដែល​កុលសម្ព័ន្ធ​យូដា​ដឹក​នាំ សរុប​ទាំង​អស់​គឺ​១៨៦.៤០០​នាក់។ ពួក​គេ​ត្រូវ​ចេញ​ទៅ​មុន​គេ​បង្អស់។+ ១០  ​«​កុលសម្ព័ន្ធ​បី​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ត្បូង មាន​កុលសម្ព័ន្ធ​រូបេន+ជា​អ្នក​នាំ​មុខ។ មេ​ដឹក​នាំ​កុលសម្ព័ន្ធ​រូបេន គឺ​អេលីសឺ+ជា​កូន​សេដេអឺ។ ១១  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៤៦.៥០០​នាក់។+ ១២  កុលសម្ព័ន្ធ​ស៊ីម្មាន​ត្រូវ​បោះ​ជំរំ​ក្បែរ​ពួក​គេ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​សេឡូមៀល+ជា​កូន​ស៊ូរីសាដាយ។ ១៣  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៥៩.៣០០​នាក់។+ ១៤  ឯ​កុលសម្ព័ន្ធ​កាដ ក៏​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​ពួក​គេ​ដែរ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​អេឡាយអាសាប+ជា​កូន​រូអាល់។ ១៥  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៤៥.៦៥០​នាក់។+ ១៦  ​«​ចំនួន​ពល​ទ័ព​ដែល​កុលសម្ព័ន្ធ​រូបេន​ដឹក​នាំ សរុប​ទាំង​អស់​គឺ​១៥១.៤៥០​នាក់។ ពួក​គេ​ត្រូវ​ចេញ​ទៅ​ទី​២។+ ១៧  ​«​ពេល​ណា​ត្រូវ​រើ​ត្រសាល​ជំនុំ+ ក្រុម​ពួក​លេវី​ត្រូវ​ដើរ​នៅ​កណ្ដាល​ក្រុម​ឯ​ទៀត។ ​«​កុលសម្ព័ន្ធ​ទាំង​អស់​ត្រូវ​ធ្វើ​ដំណើរ​តាម​លំដាប់​លំដោយ ដូច​ដែល​ពួក​គេ​បោះ​ជំរំ​ដែរ+ គឺ​តាម​ក្រុម​របស់​ខ្លួន​ដែល​មាន​កុលសម្ព័ន្ធ​បី​នោះ។ ១៨  ​«​កុលសម្ព័ន្ធ​បី​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​លិច មាន​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ជា​អ្នក​នាំ​មុខ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​អេលីសាម៉ា+ជា​កូន​អាំម៉ាយហ៊ូត។ ១៩  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៤០.៥០០​នាក់។+ ២០  កុលសម្ព័ន្ធ​ម៉ាណាសេ+ត្រូវ​បោះ​ជំរំ​ក្បែរ​ពួក​គេ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​កាម៉េលាល+ជា​កូន​ភេដាសឺ។ ២១  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៣២.២០០​នាក់។+ ២២  ឯ​កុលសម្ព័ន្ធ​បេនយ៉ាមីន ក៏​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​ពួក​គេ​ដែរ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​អាប៊ីដាន+ជា​កូន​គីឌីអូណាយ។ ២៣  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៣៥.៤០០​នាក់។+ ២៤  ​«​ចំនួន​ពល​ទ័ព​ដែល​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ដឹក​នាំ សរុប​ទាំង​អស់​គឺ​១០៨.១០០​នាក់។ ពួក​គេ​ត្រូវ​ចេញ​ទៅ​ទី​៣។+ ២៥  ​«​កុលសម្ព័ន្ធ​បី​ដែល​បោះ​ជំរំ​នៅ​ប៉ែក​ខាង​ជើង មាន​កុលសម្ព័ន្ធ​ដាន់​ជា​អ្នក​នាំ​មុខ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​អាហាយអ៊ីសឺ+ជា​កូន​អាំមីសាដាយ។ ២៦  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៦២.៧០០​នាក់។+ ២៧  កុលសម្ព័ន្ធ​អេស៊ើរ​ត្រូវ​បោះ​ជំរំ​ក្បែរ​ពួក​គេ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​ផាគាល+ជា​កូន​អូក្រាន។ ២៨  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៤១.៥០០​នាក់។+ ២៩  ឯ​កុលសម្ព័ន្ធ​ណែបថាលី ក៏​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​ពួក​គេ​ដែរ ហើយ​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នោះ គឺ​អាហាយរ៉ា+ជា​កូន​អេណាន់។ ៣០  ពល​ទ័ព​របស់​គាត់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​គឺ​ចំនួន​៥៣.៤០០​នាក់។+ ៣១  ​«​ចំនួន​ពល​ទ័ព​ដែល​កុលសម្ព័ន្ធ​ដាន់​ដឹក​នាំ សរុប​ទាំង​អស់​គឺ​១៥៧.៦០០​នាក់។ ពួក​គេ​ត្រូវ​ចេញ​ទៅ​ក្រោយ​គេ​បង្អស់+ តាម​ក្រុម​របស់​ខ្លួន​ដែល​មាន​កុលសម្ព័ន្ធ​បី​នោះ​»។ ៣២  ពល​ទ័ព​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​ចុះ​បញ្ជី​តាម​វង្ស​ត្រកូល សរុប​ទាំង​អស់​គឺ​ចំនួន​៦០៣.៥៥០​នាក់។+ ៣៣  ចំណែក​ពួក​លេវីវិញ ពួក​គេ​មិន​បាន​ត្រូវ​រាប់​បញ្ចូល+ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល​ឯ​ទៀត​ទេ+ គឺ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។ ៣៤  ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ។ នេះ​ជា​របៀប​ដែល​ពួក​គេ​បោះ​ជំរំ​និង​រើ​ជំរំ​តាម​ក្រុម​រៀង​ៗ​ខ្លួន​ដែល​មាន​កុលសម្ព័ន្ធ​បី គឺ​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល។+

កំណត់សម្គាល់