ជំរឿនបណ្ដាជន ២០:១-២៩
២០ នៅខែទី១ បណ្ដាជនអ៊ីស្រាអែលទាំងអស់បានធ្វើដំណើរទៅដល់តំបន់ស្ងាត់ជ្រងំស៊ីង រួចដំឡើងត្រសាលនៅតំបន់កាដេស។+ នៅទីនោះមីរៀម+បានស្លាប់ ហើយគេក៏បានបញ្ចុះសពគាត់ទៅ។
២ នៅទីនោះ ពួកគេគ្មានទឹកផឹកទេ។+ ដូច្នេះ ពួកគេក៏នាំគ្នាទៅរករឿងម៉ូសេនិងអេរ៉ុន។
៣ ពួកគេទាស់នឹងម៉ូសេ+ថា៖ «ស៊ូឲ្យយើងស្លាប់ជាមួយនឹងបងប្អូនយើង កាលដែលពួកគេបានស្លាប់នៅចំពោះព្រះយេហូវ៉ាទៅប្រសើរជាង!
៤ ហេតុអ្វីបានជាអ្នកនាំពួកយើងដែលជាពួកជំនុំរបស់ព្រះយេហូវ៉ាមកតំបន់ស្ងាត់ជ្រងំនេះ ឲ្យស្លាប់ជាមួយនឹងហ្វូងសត្វយើងដូច្នេះ?+
៥ ហេតុដូចម្ដេចបានជាអ្នកនាំយើងចេញពីស្រុកអេហ្ស៊ីបមកកន្លែងដ៏អាក្រក់នេះ?+ ទីនេះគ្មានកន្លែងសាបព្រោះ ហើយដើមល្វាតូច* ដើមទំពាំងបាយជូរ និងដើមទទឹមមិនអាចដុះបានទេ សូម្បីតែទឹកក៏គ្មានផឹកផង»។+
៦ ឮដូច្នោះ ម៉ូសេនិងអេរ៉ុនបានចេញពីពួកជំនុំ ទៅក្រាបមុខដល់ដីខាងមុខច្រកចូលត្រសាលជំនុំ។ ខណៈនោះ សិរីរុងរឿងរបស់ព្រះយេហូវ៉ាបានលេចមកនៅចំពោះពួកគេ។+
៧ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖
៨ «ចូរយកដំបងមក ហើយអ្នកនិងអេរ៉ុនបងអ្នកត្រូវហៅពួកជំនុំឲ្យមកជួបជុំគ្នា។ នៅខាងមុខពួកគេ អ្នកត្រូវបង្គាប់ផ្ទាំងថ្មឲ្យទឹកចេញមក។ ពេលទឹកចេញមក អ្នកត្រូវឲ្យទឹកនោះទៅពួកជំនុំនិងហ្វូងសត្វផឹកចុះ»។+
៩ ដូច្នេះ ម៉ូសេក៏យកដំបងដែលនៅចំពោះព្រះយេហូវ៉ា+តាមបង្គាប់លោក។
១០ បន្ទាប់មក ម៉ូសេនិងអេរ៉ុនបានហៅពួកជំនុំឲ្យមកជួបជុំគ្នានៅមុខផ្ទាំងថ្ម។ រួចម៉ូសេនិយាយថា៖ «ចូរស្ដាប់ចុះ ឱពួកអ្នកបះបោរអើយ! តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីផ្ទាំងថ្មនេះសម្រាប់អ្នករាល់គ្នាឬ?»។+
១១ និយាយរួច ម៉ូសេបានលើកដំបងឡើង ហើយវាយផ្ទាំងថ្មនោះអស់ពីរដង ស្រាប់តែមានទឹកយ៉ាងច្រើនហូរចេញមក ហើយពួកជំនុំនិងហ្វូងសត្វក៏បានផឹកទឹកនោះទៅ។+
១២ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេនិងអេរ៉ុនថា៖ «ដោយសារអ្នកទាំងពីរមិនបានបង្ហាញជំនឿលើខ្ញុំ ហើយមិនបានលើកតម្កើងខ្ញុំជាបរិសុទ្ធនៅមុខបណ្ដាជនអ៊ីស្រាអែល នោះអ្នកទាំងពីរនឹងមិនអាចនាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានសន្យាឲ្យពួកគេនោះឡើយ»។+
១៣ នៅត្រង់ប្រភពទឹកមេរីបា*+នោះហើយ ដែលបណ្ដាជនអ៊ីស្រាអែលបានរករឿងព្រះយេហូវ៉ា ហើយលោកបានត្រូវលើកតម្កើងជាបរិសុទ្ធនៅចំពោះពួកគេ។
១៤ ពេលនៅតំបន់កាដេស ម៉ូសេបានចាត់ពួកអ្នកនាំសារឲ្យទៅប្រាប់ស្ដេចស្រុកអេដំ+ថា៖ «អ៊ីស្រាអែលជាបងប្អូនរបស់លោក+ មានសំណូមពរដូចតទៅ៖ ‹លោកបានដឹងស្រាប់ហើយថាពួកខ្ញុំបានជួបទុក្ខលំបាកសព្វបែបយ៉ាង។
១៥ បុព្វបុរសពួកខ្ញុំបានទៅស្រុកអេហ្ស៊ីប+ ហើយយើងបានស្នាក់នៅទីនោះអស់ជាច្រើនឆ្នាំ។+ នៅទីនោះ ពួកអេហ្ស៊ីបបានធ្វើបាបបុព្វបុរសពួកខ្ញុំ ព្រមទាំងពួកខ្ញុំផងដែរ។+
១៦ ពួកខ្ញុំក៏បានស្រែកសុំជំនួយពីព្រះយេហូវ៉ា+ ហើយលោកបានស្ដាប់ពួកខ្ញុំ ដោយចាត់ទេវតាមួយរូប+មកនាំពួកខ្ញុំចេញពីស្រុកអេហ្ស៊ីប។ ឥឡូវនេះ ពួកខ្ញុំកំពុងនៅក្រុងកាដេសជាប់ព្រំប្រទល់ទឹកដីរបស់លោកហើយ។
១៧ សូមអនុញ្ញាតឲ្យពួកខ្ញុំដើរឆ្លងកាត់ស្រុករបស់លោកផង។ ពួកខ្ញុំនឹងមិនដើរកាត់ស្រែឬចម្ការទំពាំងបាយជូរណាមួយទេ ហើយក៏មិនផឹកទឹកពីអណ្ដូងណាមួយដែរ។ ពួកខ្ញុំនឹងដើរតាមផ្លូវស្ដេច* ហើយមិនបែរទៅខាងស្ដាំឬខាងឆ្វេងឡើយ រហូតដល់ពួកខ្ញុំឆ្លងផុតទឹកដីរបស់លោក›»។+
១៨ ប៉ុន្តែ ស្ដេចស្រុកអេដំបានតបទៅវិញថា៖ «អ្នករាល់គ្នាមិនអាចឆ្លងកាត់ទឹកដីយើងបានទេ។ បើហ៊ានឆ្លងកាត់ ខ្ញុំនឹងលើកទ័ពទៅច្បាំងនឹងអ្នករាល់គ្នា»។
១៩ បណ្ដាជនអ៊ីស្រាអែលបានប្រាប់ស្ដេចស្រុកអេដំថា៖ «សូមឲ្យពួកខ្ញុំដើរតាមផ្លូវធំផង ពួកខ្ញុំគ្រាន់តែសុំដើរឆ្លងកាត់ប៉ុណ្ណោះ។+ បើពួកខ្ញុំនិងហ្វូងសត្វផឹកទឹករបស់លោក ពួកខ្ញុំនឹងបង់ប្រាក់ឲ្យ»។+
២០ ស្ដេចនោះបានតបថា៖ «អ្នករាល់គ្នាមិនអាចដើរឆ្លងកាត់បានទេ»។+ រួចស្ដេចស្រុកអេដំបានចេញមកទាស់នឹងពួកគេ ដោយនាំមនុស្សយ៉ាងច្រើនសន្ធឹកនិងកងទ័ពដ៏ខ្លាំងក្លាមកជាមួយ។
២១ ដូច្នេះ ស្ដេចស្រុកអេដំមិនអនុញ្ញាតឲ្យបណ្ដាជនអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់គាត់ទេ។ ហេតុនេះ បណ្ដាជនអ៊ីស្រាអែលបានបែរចេញពីគាត់ទៅ។+
២២ គ្រានោះ បណ្ដាជនអ៊ីស្រាអែលទាំងមូលបានចាកចេញពីតំបន់កាដេស ហើយធ្វើដំណើរទៅដល់ភ្នំហ័រ+
២៣ ក្បែរព្រំប្រទល់ស្រុកអេដំ។ រួចព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុនថា៖
២៤ «អេរ៉ុននឹងស្លាប់ ហើយគេនឹងបញ្ចុះសពគាត់ដូចបុព្វបុរសរបស់គាត់ដែរ។+ គាត់មិនអាចចូលទៅក្នុងស្រុកដែលខ្ញុំនឹងប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែលទេ ព្រោះអ្នកទាំងពីរបានបះបោរប្រឆាំងនឹងបង្គាប់ខ្ញុំអំពីទឹកនៅមេរីបា។+
២៥ ចូរនាំអេរ៉ុននិងអេលាសារកូនគាត់ឡើងទៅលើភ្នំហ័រ។
២៦ រួចដោះសម្លៀកបំពាក់ពីអេរ៉ុន+ យកទៅបំពាក់ឲ្យអេលាសារ+ ហើយអេរ៉ុននឹងស្លាប់នៅទីនោះ»។
២៧ ដូច្នេះ ម៉ូសេក៏ធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយពួកគាត់បានឡើងទៅលើភ្នំហ័រនៅមុខពួកជំនុំទាំងអស់។
២៨ រួចម៉ូសេដោះសម្លៀកបំពាក់ពីអេរ៉ុន យកទៅបំពាក់ឲ្យអេលាសារ។ ក្រោយនោះ អេរ៉ុនបានស្លាប់នៅលើកំពូលភ្នំហ័រទៅ។+ រួចមក ម៉ូសេនិងអេលាសារបានចុះពីភ្នំនោះមកវិញ។
២៩ កាលពួកជំនុំទាំងមូលឃើញថា អេរ៉ុនបានស្លាប់ហើយ នោះពួកគេបានយំស្រណោះគាត់អស់៣០ថ្ងៃ។+
កំណត់សម្គាល់
^ ផ្លែឈើម្យ៉ាងដែលមានតម្លៃខ្ពស់នៅសម័យដែលគេសរសេរគម្ពីរ ពេលផ្លែនោះទុំមិនកើតមានមមង់នៅក្នុងផ្លែនោះទេ
^ មានន័យថា«រករឿង»
^ នេះសំដៅលើផ្លូវធំ