ជំរឿនបណ្ដាជន ២១:១-៣៥

  • ស្ដេច​ក្រុង​អេរ៉ាត​បាន​ចាញ់ (​១​-​៣)

  • ពស់​ស្ពាន់ (​៤​-​៩)

  • ពួក​អ៊ីស្រាអែល​ដើរ​វាង​ស្រុក​ម៉ូអាប់ (​១០​-​២០)

  • ស៊ីហុន​ស្ដេច​ស្រុក​អាម៉ូរី​បាន​ចាញ់ (​២១​-​៣០)

  • អុក​ស្ដេច​ស្រុក​អាម៉ូរី​បាន​ចាញ់ (​៣១​-​៣៥)

២១  គ្រា​នោះ ស្ដេច​ជន​ជាតិ​កាណាន​ដែល​គ្រប់​គ្រង​នៅ​ក្រុង​អេរ៉ាត+ក្នុង​តំបន់​ណេកេប បាន​ឮ​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​អាថារីម​ហើយ។ ដូច្នេះ គាត់​បាន​លើក​គ្នា​ទៅ​វាយ​ប្រហារ​ពួក​គេ ហើយ​ចាប់​ពួក​គេ​ខ្លះ​ធ្វើ​ជា​ឈ្លើយ​សឹក។ ២  ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ស្បថ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ថា​៖ ​«​បើ​លោក​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​បណ្ដា​ក្រុង​របស់​ពួក​គេ​ឲ្យ​សាប​សូន្យ​»។ ៣  ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​ពួក​អ៊ីស្រាអែល ហើយ​ប្រគល់​ពួក​កាណាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ។ ដូច្នេះ ពួក​អ៊ីស្រាអែល​បាន​បំផ្លាញ​ពួក​កាណាន ព្រម​ទាំង​បណ្ដា​ក្រុង​របស់​ពួក​គេ​ឲ្យ​សាប​សូន្យ​អស់​ទៅ។ ហេតុ​នេះ គេ​ហៅ​កន្លែង​នោះ​ថា​ហោម៉ា។*+ ៤  កាល​ពួក​គេ​បន្ត​ដំណើរ​ពី​ភ្នំ​ហ័រ+ វាង​ស្រុក​អេដំ+ តាម​ផ្លូវ​សមុទ្រក្រហម ពួក​គេ​ក៏​អស់​កម្លាំង​ជា​ខ្លាំង។ ៥  ដូច្នេះ បណ្ដា​ជន​ចេះ​តែ​និយាយ​ប្រឆាំង​ព្រះ​និង​ម៉ូសេ+ថា​៖ ​«​ម្ដេច​ក៏​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ឲ្យ​មក​ស្លាប់​នៅ​តំបន់​ស្ងាត់​ជ្រងំ​នេះ​ដូច្នេះ? នៅ​ទី​នេះ​គ្មាន​ទឹក​គ្មាន​អាហារ​ទេ+ យើង​ធុញ​ទ្រាន់*នឹង​ម៉ាណា*ដ៏​គម្រក់​នេះ​ណាស់​»។+ ៦  ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ពស់​មាន​ពិស​វារ​មក​ក្នុង​ចំណោម​បណ្ដា​ជន។ ពស់​ទាំង​នោះ​បាន​ចឹក​ពួក​គេ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្លាប់។+ ៧  បណ្ដា​ជន​ក៏​មក​ជួប​ម៉ូសេ ហើយ​អង្វរ​ថា​៖ ​«​យើង​ខុស​ហើយ​ដែល​បាន​និយាយ​ប្រឆាំង​ព្រះ​យេហូវ៉ា​និង​អ្នក។+ សូម​មេត្តា​ជួយ​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​លោក​ដក​ពស់​ទាំង​នេះ​ចេញ​ពី​យើង​ទៅ​»។ ស្ដាប់​រួច ម៉ូសេ​ក៏​ជួយ​អង្វរ​ព្រះ​ឲ្យ​ពួក​គេ។+ ៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ធ្វើ​រូប​ពស់​មាន​ពិស​មួយ ហើយ​ភ្ជាប់​នៅ​លើ​បង្គោល។ បើ​អ្នក​ណា​ម្នាក់​ត្រូវ​ពស់​ចឹក អ្នក​នោះ​ត្រូវ​សម្លឹង​មើល​ទៅ​រូប​ពស់​នោះ ដើម្បី​កុំ​ឲ្យ​គាត់​ស្លាប់​»។ ៩  ភ្លាម​នោះ ម៉ូសេ​បាន​ធ្វើ​រូប​ពស់​មួយ​ពី​ស្ពាន់+ ហើយ​ភ្ជាប់​នៅ​លើ​បង្គោល។+ ពេល​មាន​អ្នក​ណា​ម្នាក់​ត្រូវ​ពស់​ចឹក គាត់​សម្លឹង​មើល​ទៅ​រូប​ពស់​នោះ ហើយ​គាត់​មិន​ស្លាប់​ទេ។+ ១០  ក្រោយ​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​បោះ​ជំរំ​នៅ​អូបូត។+ ១១  រួច​ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​អ៊ីយេអាបារីម+ ក្នុង​តំបន់​ស្ងាត់​ជ្រងំ​នៅ​ភាគ​ខាង​កើត ទល់​មុខ​ស្រុក​ម៉ូអាប់។ ១២  បន្ទាប់​មក ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​ក្បែរ​ជ្រលង​សេរេត។+ ១៣  ក្រោយ​មក ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​តំបន់​ជ្រលង​អើណូន+ក្នុង​តំបន់​ស្ងាត់​ជ្រងំ ដែល​លាត​សន្ធឹង​ដល់​ទឹក​ដី​របស់​ពួក​អាម៉ូរី ព្រោះ​តំបន់​ជ្រលង​អើណូន​ជា​ព្រំ​ប្រទល់​នៃ​ស្រុក​ម៉ូអាប់ គឺ​នៅ​ចន្លោះ​ស្រុក​ម៉ូអាប់​និង​ទឹក​ដី​របស់​ពួក​អាម៉ូរី។ ១៤  ហេតុ​នេះ​ហើយ​នៅ​ក្នុង​សៀវភៅ​សង្គ្រាម​របស់​ព្រះ​យេហូវ៉ា បាន​រៀប​រាប់​អំពី​«​វេហែប​ក្នុង​តំបន់​ស៊ូផា​និង​ជ្រលង​អើណូន ១៥  ហើយ​ជម្រាល​នៃ​ជ្រលង​នោះ​លាត​សន្ធឹង​ដល់​ភូមិ​អារ ជាប់​នឹង​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់​»។ ១៦  ក្រោយ​មក ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​បៀរ។ នៅ​ទី​នោះ​មាន​អណ្ដូង​មួយ ដែល​ព្រះ​យេហូវ៉ា​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ប្រមូល​បណ្ដា​ជន​មក ខ្ញុំ​នឹង​ឲ្យ​ទឹក​ពួក​គេ​ផឹក​»។ ១៧  គ្រា​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ច្រៀង​ថា​៖ ​«​ឱ​អណ្ដូង​អើយ! ចូរ​ផុស​ទឹក​ឡើង! ចូរ​ច្រៀង​អបអរ! ១៨  អណ្ដូង​នេះ​ហើយ​ដែល​ពួក​មេ​ដឹក​នាំ​បាន​ជីកគឺ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​គាស់​កាយដោយ​ប្រើ​ដំបង​នៃ​អ្នក​គ្រប់​គ្រង​និង​ដំបង​របស់​ពួក​គេ​ផ្ទាល់​»។ បន្ទាប់​មក ពួក​គេ​បាន​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ ធ្វើ​ដំណើរ​ទៅ​តំបន់​ម៉ាថាណា ១៩  ពី​តំបន់​ម៉ាថាណា​ទៅ​ដល់​តំបន់​ណាហាលៀល ហើយ​ពី​តំបន់​ណាហាលៀល​ទៅ​ដល់​តំបន់​បាម៉ូត។+ ២០  រួច​មក ពួក​គេ​បាន​ចេញ​ពី​តំបន់​បាម៉ូត ទៅ​ជ្រលង​ភ្នំ​ក្នុង​ទឹក​ដី​ម៉ូអាប់+ ខាង​លើ​តំបន់​ពីសកា+ ដែល​អាច​មើល​ឃើញ​តំបន់​យេស៊ីម៉ូន។*+ ២១  ពេល​នោះ ពួក​អ៊ីស្រាអែល​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស៊ីហុន​ជា​ស្ដេច​ស្រុក​អាម៉ូរី​ថា​៖+ ២២  ​«​សូម​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ដើរ​ឆ្លង​កាត់​ស្រុក​របស់​លោក​ផង។ ពួក​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ​ឬ​ចម្ការ​ទំពាំង​បាយ​ជូរ​ណា​មួយ​ទេ ហើយ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​ណា​មួយ​ដែរ។ ពួក​ខ្ញុំ​នឹង​ដើរ​តាម​ផ្លូវ​ស្ដេច* រហូត​ដល់​ពួក​ខ្ញុំ​ឆ្លង​ផុត​ទឹក​ដី​របស់​លោក​»។+ ២៣  ប៉ុន្តែ ស្ដេច​ស៊ីហុន​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​របស់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រមូល​បណ្ដា​ជន​របស់​គាត់​ទាំង​អស់ ទៅ​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ពេល​ទៅ​ដល់ គាត់​បាន​វាយ​ប្រហារ​ពួក​គេ​នៅ​ក្រុង​យេហាស+ ២៤  តែ​ពួក​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​ស្ដេច​ស៊ីហុន+ ហើយ​ចាប់​យក​ទឹក​ដី​របស់​គាត់+ ចាប់​ពី​ជ្រលង​អើណូន+រហូត​ដល់​ជ្រលង​យ៉ាបុក+ ក្បែរ​ទឹក​ដី​របស់​ពួក​អាំម៉ូន ត្រឹម​ក្រុង​យ៉ាសឺ+ ព្រោះ​ក្រុង​នេះ​នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​អាំម៉ូន។+ ២៥  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាប់​យក​ក្រុង​ទាំង​អស់​នៅ​ស្រុក​អាម៉ូរី+ រួម​ទាំង​ក្រុង​ហែសបូន​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ​នោះ​ដែរ ហើយ​តាំង​ទី​លំនៅ​ក្នុង​ក្រុង​ទាំង​នោះ។ ២៦  ក្រុង​ហែសបូន​ជា​រាជធានី​របស់​ស៊ីហុន​ស្ដេច​ជន​ជាតិ​អាម៉ូរី ជា​ក្រុង​ដែល​ស្ដេច​ស៊ីហុន​បាន​ដណ្ដើម​យក​ពី​ស្ដេច​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ទឹក​ដី​ទាំង​អស់ រហូត​ដល់​ជ្រលង​អើណូន។ ២៧  ហេតុ​នេះ​ហើយ​បាន​ជា​មាន​កំណាព្យ​ចំអក​មើល​ងាយ​ថា​៖ ​«​ចូរ​មក​ក្រុង​ហែសបូន។ ចូរ​សង់​ក្រុង​របស់​ស្ដេច​ស៊ីហុន​ឲ្យ​រឹង​មាំ​ឡើង។ ២៨  ព្រោះ​មាន​ភ្លើង​ចេញ​ពី​ក្រុង​ហែសបូន ហើយ​មាន​អណ្ដាត​ភ្លើង​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុនមក​ឆាប​ឆេះ​ក្រុង​អារ​នៅ​ស្រុក​ម៉ូអាប់ និង​ពួក​ម្ចាស់​នៃ​ទី​ខ្ពស់​ផ្សេង​ៗ​ក្នុង​ជ្រលង​អើណូន។ ២៩  ពួក​ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ! ពួក​អ្នក​គោរព​បូជា​ព្រះ​កេម៉ូស​អើយ+​អ្នក​នឹង​ត្រូវ​បំផ្លាញ​ចោល! ដោយ​សារ​ព្រះ​នោះ កូន​ប្រុស​ៗ​របស់​អ្នក​បាន​រត់​ខ្ចាត់​ខ្ចាយ។ ឯ​កូន​ស្រី​ៗ​វិញ​ត្រូវ​ស៊ីហុន​ស្ដេច​ស្រុក​អាម៉ូរី​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ ៣០  ចូរ​ឲ្យ​យើង​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ​ទៅក្រុង​ហែសបូន​នឹង​ត្រូវ​បំផ្លាញ​ចោល​រហូត​ដល់​ក្រុង​ឌីបូន។+ ចូរ​ឲ្យ​យើង​កម្ទេច​ក្រុង​នោះ​រហូត​ដល់​ណូផាភ្លើង​នឹង​ឆេះ​រាល​ដាល​រហូត​ដល់​មេដេបា​»។+ ៣១  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អាម៉ូរី។ ៣២  រួច​មក ម៉ូសេ​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​យ៉ាសឺ។+ ពួក​គេ​បាន​ចាប់​យក​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ ហើយ​បណ្ដេញ​ពួក​អាម៉ូរី​ចេញ​ពី​ទី​នោះ។ ៣៣  បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​តាម​ផ្លូវ​បាសាន។ ពេល​នោះ ស្ដេច​អុក+នៃ​តំបន់បាសាន​បាន​នាំ​រាស្ត្រ​ទាំង​អស់​របស់​គាត់ ចេញ​ទៅ​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​នៅ​ក្រុង​អេទ្រី។+ ៣៤  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​កុំ​ខ្លាច​ស្ដេច​នោះ​ឡើយ+ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​គាត់​និង​រាស្ត្រ​គាត់ ព្រម​ទាំង​ស្រុក​របស់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក។+ អ្នក​នឹង​ធ្វើ​ទៅ​លើ​គាត់​ដូច​ដែល​អ្នក​បាន​ធ្វើ​ទៅ​លើ​ស៊ីហុន​ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ដែល​រស់​នៅ​ក្រុង​ហែសបូន​ដែរ​»។+ ៣៥  ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ស្ដេច​នោះ និង​កូន​ប្រុស​ៗ​របស់​គាត់ ព្រម​ទាំង​បណ្ដា​រាស្ត្រ​របស់​គាត់ រហូត​ដល់​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ+ ហើយ​ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​នោះ​ទៅ។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​ទុក​សម្រាប់​បំផ្លាញ​ចោល​»​
ឬ​«​ស្អប់​ខ្ពើម​»​
ន័យ​ត្រង់​«​នំ​ប៉័ង​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​វាល​ខ្សាច់​ឬ​តំបន់​ស្ងាត់​ជ្រងំ​»​
នេះ​សំដៅ​លើ​ផ្លូវ​ធំ