ជំរឿនបណ្ដាជន ២២:១-៤១

  • បាឡាក់​ជួល​បាឡាម (​១​-​២១)

  • សត្វ​លា​របស់​បាឡាម​និយាយ (​២២​-​៤១)

២២  បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ចេញ​ទៅ​បោះ​ជំរំ​នៅ​តំបន់​វាល​ម៉ូអាប់ នៅ​ត្រើយ​ទន្លេយ៉ូដាន់​ទល់​មុខ​ក្រុង​យេរីខូ។+ ២  នៅ​គ្រា​នោះ បាឡាក់+ជា​កូន​ស៊ីបព័រ​បាន​ឮ​ដំណឹង​ថា​ពួក​អ៊ីស្រាអែល​បាន​វាយ​ឈ្នះ​ជន​ជាតិ​អាម៉ូរី។ ៣  ពេល​ដឹង​ថា​ជន​ជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន ជន​ជាតិ​ម៉ូអាប់​បាន​ភ័យ​តក់​ស្លុត​ជា​ខ្លាំង ហើយ​ចាប់​ផ្ដើម​ស្អប់ខ្ពើម​ពួក​គេ។+ ៤  ដូច្នេះ ជន​ជាតិ​ម៉ូអាប់​បាន​និយាយ​ទៅ​កាន់​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​ម៉ាឌាន​ថា​៖+ ​«​បណ្ដា​ជន​ទាំង​នេះ​នឹង​មក​បង្ហិន​បង្ហោច​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​យើង ពួក​គេ​ប្រៀប​ដូច​ជា​គោ​ស៊ី​បំផ្លាញ​ស្មៅ​នៅ​ឯ​វាល​»។ នៅ​គ្រា​នោះ បាឡាក់​ជា​កូន​ស៊ីបព័រ គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្រុក​ម៉ូអាប់។ ៥  គាត់​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​បាឡាម​ជា​កូន​បេអ័រ​នៅ​ឯ​ពេថោរ+ ក្បែរ​ដង​ទន្លេ*ក្នុង​ស្រុក​កំណើត​របស់​គាត់។ គាត់​បាន​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ប្រាប់​បាឡាម​ថា​៖ ​«​មើល! មាន​បណ្ដា​ជន​មួយ​ក្រុម​បាន​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ពួក​គេ​មាន​គ្នា​នៅ​ពាស​ពេញ​ស្រុក+ ហើយ​កំពុង​បោះ​ជំរំ​នៅ​ទល់​មុខ​ខ្ញុំ​ហើយ។ ៦  សូម​មក​ជួយ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​ខ្ញុំ​ផង+ ព្រោះ​ពួក​គេ​ខ្លាំង​ពូកែ​ជាង​ខ្ញុំ។ បើ​អ្នក​ដាក់​បណ្ដាសា ប្រហែល​ជា​ខ្ញុំ​អាច​ឈ្នះ​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​ខ្ញុំ​បាន។ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​ណា​ដែល​អ្នក​ឲ្យ​ពរ​នឹង​បាន​ពរ​មែន ហើយ​អ្នក​ណា​ដែល​អ្នក​ដាក់​បណ្ដាសា​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន​»។ ៧  ដូច្នេះ ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​ម៉ូអាប់​និង​ជន​ជាតិ​ម៉ាឌាន បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ជួប​បាឡាម+ ដោយ​នាំ​យក​រង្វាន់​សម្រាប់​ការ​ទស្សន៍​ទាយ​ទៅ​ជា​មួយ​ដែរ។ ពេល​ជួប​បាឡាម ពួក​គេ​បាន​ប្រាប់​ពាក្យ​របស់​បាឡាក់​ដល់​គាត់។ ៨  បាឡាម​ក៏​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ហើយ​ខ្ញុំ​នឹង​នាំ​ដំណឹង​ពី​ព្រះ​យេហូវ៉ា​មក​ជម្រាប​អស់​លោក​»។ ម្ល៉ោះ​ហើយ ពួក​មន្ត្រី​របស់​ជន​ជាតិ​ម៉ូអាប់​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​បាឡាម។ ៩  រួច​ព្រះ​បាន​មក​ជួប​បាឡាម ហើយ​សួរ​ថា​៖+ ​«​តើ​ពួក​បុរស​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​អ្នក ពួក​គេ​ជា​អ្នក​ណា?​»។ ១០  បាឡាម​បាន​តប​ទៅ​ព្រះ​ពិត​ថា​៖ ​«​បាឡាក់​ជា​កូន​ស៊ីបព័រ​ជា​ស្ដេច​ស្រុក​ម៉ូអាប់ បាន​ផ្ញើ​ពាក្យ​មក​ខ្ញុំ​ថា​៖ ១១  ‹មើល! មាន​បណ្ដា​ជន​មួយ​ក្រុម​បាន​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​មាន​គ្នា​នៅ​ពាស​ពេញ​ស្រុក។ សូម​មក​ជួយ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​ខ្ញុំ​ផង+ ប្រហែល​ជា​ខ្ញុំ​អាច​ឈ្នះ​ពួក​គេ ហើយ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​ខ្ញុំ​បាន›​»។ ១២  ប៉ុន្តែ ព្រះ​បាន​ប្រាប់​បាឡាម​ថា​៖ ​«​អ្នក​មិន​ត្រូវ​ទៅ​ជា​មួយ​នឹង​ពួក​គេ​ជា​ដាច់​ខាត ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដាសា​បណ្ដា​ជន​នោះ​ដែរ ព្រោះ​ពួក​គេ​ជា​អ្នក​ដែល​មាន​ពរ​»។+ ១៣  លុះ​ព្រឹក​ឡើង បាឡាម​បាន​និយាយ​ទៅ​កាន់​មន្ត្រី​របស់​បាឡាក់​ថា​៖ ​«​សូម​អស់​លោក​ត្រឡប់​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ទៅ ព្រោះ​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​នឹង​អស់​លោក​ទេ​»។ ១៤  ដូច្នេះ ពួក​មន្ត្រី​របស់​ជន​ជាតិ​ម៉ូអាប់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ជួប​បាឡាក់​វិញ ហើយ​ប្រាប់​ថា​៖ ​«​បាឡាម​មិន​ព្រម​មក​ជា​មួយ​នឹង​ពួក​ខ្ញុំ​ទេ​»។ ១៥  ទោះ​ជា​យ៉ាង​នោះ​ក្ដី បាឡាក់​បាន​ចាត់​ពួក​មន្ត្រី​ឲ្យ​ទៅ​ម្ដង​ទៀត។ លើក​នេះ​គាត់​បាន​ចាត់​មន្ត្រី​ច្រើន​ជាង​មុន ហើយ​សុទ្ធតែ​ជា​ពួក​អ្នក​ដែល​មាន​កិត្តិយស​ជាង​ក្រុម​ពី​មុន។ ១៦  លុះ​ជួប​បាឡាម​ហើយ ពួក​គេ​ប្រាប់​ថា​៖ ​«​បាឡាក់​ជា​កូន​ស៊ីបព័របាន​ប្រាប់​ដូច្នេះ​ថា​៖ ‹សូម​កុំ​ឲ្យ​អ្វី​ណា​មករា​រាំង​អ្នក​មិន​ឲ្យ​មក​ជួប​ខ្ញុំឡើយ ១៧  ព្រោះ​ខ្ញុំ​នឹង​លើក​កិត្តិយស​អ្នក​ឲ្យ​បាន​ថ្កុំ​ថ្កើង ហើយ​អ្វី​ដែល​អ្នក​ប្រាប់ ខ្ញុំ​នឹង​ធ្វើ​តាម។ សូម​មក​ដាក់​បណ្ដាសា​បណ្ដា​ជន​នេះ​ឲ្យ​ខ្ញុំ​ផង›​»។ ១៨  ប៉ុន្តែ បាឡាម​បាន​ឆ្លើយ​តប​ទៅ​ពួក​មន្ត្រី​របស់​បាឡាក់​ថា​៖ ​«​ទោះ​បើ​បាឡាក់​ឲ្យ​វិមាន​របស់​គាត់​ទាំង​មូល​ដែល​ពេញ​ទៅ​ដោយ​មាស​និង​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​មិន​អាច​ធ្វើ​លើស​ពី​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​បាន​ឡើយ ទោះ​ជា​រឿង​តូច​ឬ​ធំ​ក្ដី។+ ១៩  យ៉ាង​ណា​ក្ដី សូម​អស់​លោក​ស្នាក់​នៅ​ទី​នេះ​មួយ​យប់​សិន ចាំ​មើល​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រាប់​ខ្ញុំ​អ្វី​ទៀត​»។+ ២០  នៅ​យប់​នោះ ព្រះ​បាន​មក​ជួប​បាឡាម ហើយ​ប្រាប់​គាត់​ថា​៖ ​«​បើ​បុរស​ទាំង​នេះ​បាន​មក​ដើម្បី​ហៅ​អ្នក​ឲ្យ​ទៅ ចូរ​ទៅ​ជា​មួយ​នឹង​ពួក​គេ​ចុះ។ ប៉ុន្តែ អ្នក​អាច​និយាយ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​ប៉ុណ្ណោះ​»។+ ២១  លុះ​ព្រឹក​ឡើង បាឡាម​បាន​ចង​កែប​លា​របស់​គាត់ ហើយ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​ពួក​មន្ត្រី​របស់​ជន​ជាតិ​ម៉ូអាប់។+ ២២  ពេល​នោះ បាឡាម​បាន​ជិះ​លា​របស់​គាត់ ហើយ​មាន​អ្នក​បម្រើ​ពីរ​នាក់​ទៅ​ជា​មួយ​ដែរ។ ឃើញ​ដូច្នោះ ព្រះ​យេហូវ៉ា​ខឹង​ជា​ខ្លាំង ហើយ​ទេវតា​របស់​លោក​បាន​ទៅ​ឈរ​រាំង​ផ្លូវ​គាត់។ ២៣  សត្វ​លា​របស់​គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះ​យេហូវ៉ា​កំពុង​ឈរ​នៅ​លើ​ផ្លូវ​ទាំង​កាន់​ដាវ។ ដូច្នេះ វា​ក៏​បែរ​ចេញ​ពី​ផ្លូវ​ចូល​ទៅ​ក្នុង​វាល តែ​បាឡាម​បាន​វាយ​វា​ឲ្យ​ឡើង​មក​ផ្លូវ​វិញ។ ២៤  បន្ទាប់​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ទៅ​ឈរ​ស្ទាក់​នៅ​ផ្លូវ​ចង្អៀត ដែល​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​និង​របង​ថ្ម​នៅ​សង​ខាង។ ២៥  ពេល​សត្វ​លា​ឃើញ​ទេវតា​របស់​ព្រះ​យេហូវ៉ា វា​ខំ​ដើរ​អែប​ត្បៀត​នឹង​របង នោះ​ធ្វើ​ឲ្យ​ជើង​បាឡាម​គាប​នឹង​របង។ ដូច្នេះ បាឡាម​បាន​វាយ​វា​ម្ដង​ទៀត។ ២៦  រួច​ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​ទៅ​ឈរ​នៅ​មុខ​ប​ន្តិ​ច​ត្រង់​កន្លែង​ចង្អៀត ដែល​លា​មិន​អាច​វាង​ទៅ​ខាង​ឆ្វេង​ឬ​ខាង​ស្ដាំ​បាន។ ២៧  ពេល​សត្វ​លា​ឃើញ​ទេវតា​របស់​ព្រះ​យេហូវ៉ា វា​ក៏​ក្រាប​ចុះ នោះ​ធ្វើ​ឲ្យ​បាឡាម​ខឹង​យ៉ាង​ខ្លាំង ហើយ​គាត់​ក៏​វាយ​វា​នឹង​ដំបង​ម្ដង​ហើយ​ម្ដង​ទៀត។ ២៨  ពេល​នោះ ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​សត្វ​លា​និយាយ​បាន+ វា​បាន​សួរ​បាឡាម​ថា​៖ ​«​តើ​ខ្ញុំ​ធ្វើ​ខុស​អី​បាន​ជា​លោក​វាយ​ខ្ញុំ​អស់​បី​ដង​ដូច្នេះ?​»។+ ២៩  បាឡាម​បាន​តប​ថា​៖ ​«​ព្រោះ​ឯង​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​ណាស់ បើ​ខ្ញុំ​មាន​ដាវ នោះ​ខ្ញុំ​មុខ​ជា​សម្លាប់​ឯង​ចោល​ហើយ!​»។ ៣០  រួច​លា​បាន​សួរ​ទៀត​ថា​៖ ​«​តើ​ខ្ញុំ​មិន​មែន​ជា​លា​ដែល​លោក​តែង​ជិះ​រហូត​មក​ដល់​ឥឡូវ​ទេ​ឬ? តើ​ខ្ញុំ​ធ្លាប់​ធ្វើ​ដូច្នេះ​ទេ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​មិន​ធ្លាប់​ទេ!​»។ ៣១  រួច​ព្រះ​យេហូវ៉ា​បាន​បំភ្លឺ​ភ្នែក​បាឡាម+ ឲ្យ​មើល​ឃើញ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​ឈរ​នៅ​លើ​ផ្លូវ​ទាំង​កាន់​ដាវ។ ភ្លាម​នោះ គាត់​ក៏​លុត​ជង្គង់​ចុះ ហើយ​ក្រាប​មុខ​ដល់​ដី។ ៣២  បន្ទាប់​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​បាឡាម​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​វាយ​លា​របស់​អ្នក​អស់​បី​ដង​ដូច្នេះ? មើល! ខ្ញុំ​បាន​មក​ទាស់​នឹង​អ្នក ព្រោះ​អ្នក​បាន​ធ្វើ​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​ខ្ញុំ។+ ៣៣  លា​របស់​អ្នក​បាន​ឃើញ​ខ្ញុំ ហើយ​ព្យាយាម​បែរ​ចេញ​ពី​ខ្ញុំ​អស់​បី​ដង។+ បើ​វា​មិន​បាន​បែរ​ចេញ​ទេ នោះ​ខ្ញុំ​ច្បាស់​ជា​សម្លាប់​អ្នក​យូរ​ហើយ! តែ​ទុក​វា​ឲ្យ​នៅ​រស់​វិញ​»។ ៣៤  បាឡាម​ក៏​និយាយ​ទៅ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ ព្រោះ​ខ្ញុំ​មិន​បាន​ដឹង​ថា​លោក​កំពុង​ឈរ​នៅ​លើ​ផ្លូវ​ចាំ​ជួប​ខ្ញុំ​ទេ។ បើ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ត្រឡប់​ទៅ​វិញ​»។ ៣៥  ប៉ុន្តែ ទេវតា​របស់​ព្រះ​យេហូវ៉ា​បង្គាប់​បាឡាម​ថា​៖ ​«​ចូរ​ទៅ​ជា​មួយ​នឹង​ពួក​បុរស​ទាំង​នោះ​ចុះ តែ​អ្នក​ត្រូវ​និយាយ​អ្វី​ដែល​ខ្ញុំ​បង្គាប់​អ្នក​ប៉ុណ្ណោះ​»។ ដូច្នេះ បាឡាម​ក៏​បន្ត​ដំណើរ​ទៅ​ជា​មួយ​នឹង​ពួក​មន្ត្រី​របស់​បាឡាក់។ ៣៦  ពេល​បាឡាក់​ឮ​ថា​បាឡាម​បាន​មក​ហើយ គាត់​ក៏​ប្រញាប់​ចេញ​ទៅ​ទទួល​គាត់​នៅ​ឯ​ក្រុង​នៃ​ស្រុក​ម៉ូអាប់ ដែល​មាន​ទី​តាំង​នៅ​លើ​ច្រាំង​ជ្រលង​អើណូន ជាប់​ព្រំ​ប្រទល់​ទឹក​ដី​ម៉ូអាប់។ ៣៧  បាឡាក់​បាន​និយាយ​ទៅ​បាឡាម​ថា​៖ ​«​ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក មែន​ទេ? ម្ដេច​ក៏​អ្នក​មិន​ព្រម​មក​ឯ​ខ្ញុំ? តើ​អ្នក​គិត​ថា​ខ្ញុំ​មិន​អាច​លើក​កិត្តិយស​អ្នក​ឲ្យ​ថ្កុំ​ថ្កើង​ទេ​ឬ?​»។+ ៣៨  បាឡាម​បាន​តប​ទៅ​បាឡាក់​ថា​៖ ​«​ឥឡូវ​ខ្ញុំ​បាន​មក​ឯ​លោក​ហើយ តែ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​តាម​ចិត្ត​បាន​ទេ។ ខ្ញុំ​គ្រាន់​តែ​អាច​និយាយ​តាម​តែ​ប្រសាសន៍​របស់​ព្រះ​ប៉ុណ្ណោះ​»។+ ៣៩  ដូច្នេះ បាឡាម​បាន​ធ្វើ​ដំណើរ​ជា​មួយ​បាឡាក់​ទៅ​គារីអាតហ៊ូសូត។ ៤០  នៅ​ទី​នោះ បាឡាក់​បាន​ជូន​គោ​និង​ចៀម​ជា​គ្រឿង​បូជា រួច​យក​សាច់​ខ្លះ​ឲ្យ​ដល់​បាឡាម​និង​ពួក​មន្ត្រី​ដែល​ទៅ​ជា​មួយ​គាត់។ ៤១  លុះ​ព្រឹក​ឡើង បាឡាក់​បាន​នាំ​បាឡាម​ឡើង​ទៅ​ក្រុង​បាម៉ូតបាល។ ពី​កន្លែង​នោះ គាត់​អាច​ឃើញ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់។+

កំណត់សម្គាល់

តាម​មើល​ទៅ​ជា​ទន្លេ​អឺប្រាត