ជំរឿនបណ្ដាជន ២៣:១-៣០

  • ពាក្យ​កំណាព្យ​ទី១​របស់​បាឡាម (​១​-​១២)

  • ពាក្យ​កំណាព្យ​ទី២​របស់​បាឡាម (​១៣​-​៣០)

២៣  បន្ទាប់​មក បាឡាម​បាន​ប្រាប់​បាឡាក់​ថា​៖ ​«​ចូរ​សង់​ទី​បូជា​៧​នៅ​ទី​នេះ+ ហើយ​រៀបចំ​គោ​ឈ្មោល​៧​ក្បាល និង​ចៀម​ឈ្មោល​៧​ក្បាល​ឲ្យ​ខ្ញុំ​ផង​»។ ២  ភ្លាម​នោះ បាឡាក់​បាន​ធ្វើ​តាម​បង្គាប់​បាឡាម ហើយ​នៅ​លើ​ទី​បូជា​នីមួយ​ៗ ពួក​គេ​ជូន​គោ​ឈ្មោល​មួយ​និង​ចៀម​ឈ្មោល​មួយ​ជា​គ្រឿង​បូជា។+ ៣  រួច​មក បាឡាម​និយាយ​ទៅ​កាន់​បាឡាក់​ថា​៖ ​«​ចូរ​ចាំ​នៅ​ក្បែរ​គ្រឿង​បូជា​ដុត​របស់​លោក​សិន។ ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទៅ​ឆ្ងាយ​បន្តិច។ ប្រហែល​ជា​ព្រះ​យេហូវ៉ា​នឹង​មក​ជួប​ខ្ញុំ ហើយ​អ្វី​ណា​ដែល​ព្រះ​បើក​បង្ហាញ​ដល់​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​ដល់​លោក​»។ ដូច្នេះ គាត់​ក៏​ឡើង​ទៅ​លើ​ទួល​មួយ។ ៤  ក្រោយ​មក ព្រះ​បាន​លេច​មក​ជួប​បាឡាម+ ហើយ​គាត់​បាន​ជម្រាប​លោក​ថា​៖ ​«​ខ្ញុំ​បាន​ដំឡើង​ទី​បូជា​៧ ហើយ​នៅ​លើ​ទី​បូជា​នីមួយ​ៗ ខ្ញុំ​បាន​ជូន​គោ​ឈ្មោល​មួយ​និង​ចៀម​ឈ្មោល​មួយ​ជា​គ្រឿង​បូជា​»។ ៥  ព្រះ​យេហូវ៉ា​ក៏​ណែនាំ​អំពី​អ្វី​ដែល​បាឡាម​ត្រូវ​និយាយ ហើយ​លោក​ប្រាប់​ថា​៖+ ​«​ចូរ​ត្រឡប់​ទៅ​បាឡាក់​វិញ ហើយ​ប្រាប់​គាត់​តាម​សម្ដី​របស់​ខ្ញុំ​»។ ៦  ដូច្នេះ បាឡាម​បាន​ត្រឡប់​ទៅ​វិញ ហើយ​ឃើញ​បាឡាក់​និង​ពួក​មន្ត្រី​ជន​ជាតិ​ម៉ូអាប់​ទាំង​អស់​កំពុង​ឈរ​នៅ​ក្បែរ​គ្រឿង​បូជា​ដុត។ ៧  រួច​បាឡាម​ក៏​ពោល​ពាក្យ​ជា​កំណាព្យ​ថា​៖+ ​«​បាឡាក់​ជា​ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​មក​ពី​តំបន់​អេរ៉ាម+គឺ​ពី​តំបន់​ភ្នំ​ភាគ​ខាង​កើត ដោយ​ប្រាប់​ថា​៖ ‹ចូរ​មក​ដាក់​បណ្ដាសា​យ៉ាកុប​ឲ្យ​ខ្ញុំ។ ចូរ​មក​ផ្ដន្ទា​ទោស​អ៊ីស្រាអែល›។+  ៨  តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​ពួក​អ្នក​ដែល​ព្រះ​មិន​បាន​ដាក់​បណ្ដាសា​ម្ដេច​នឹង​បាន​ទៅ? តើ​ឲ្យ​ខ្ញុំ​ផ្ដន្ទា​ទោស​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​ផ្ដន្ទា​ទោស​ម្ដេច​នឹង​កើត?+  ៩  ខ្ញុំ​បាន​សម្លឹង​មើល​ពួក​គេ​ពី​លើ​ផ្ទាំង​ថ្ម។ ពី​លើ​ទី​ទួល​ខ្ញុំ​បាន​ឃើញ​ពួក​គេ។ បណ្ដា​ជន​នេះ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ+ ហើយ​មិន​ឡូក​ឡំ​នឹង​ប្រជា​ជាតិ​ឯ​ទៀត​ទេ។+ ១០  តើ​អ្នក​ណា​អាច​រាប់​លម្អង​ធូលី​របស់​យ៉ាកុប​បាន+សូម្បី​តែ​ពួក​អ៊ីស្រាអែល​១​ភាគ​៤ ក៏​គ្មាន​អ្នក​ណា​រាប់​បាន​ផង? សូម​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​ជន​ទៀង​ត្រង់​ទាំង​នេះ​ចុះសូម​ឲ្យ​ជីវិត​ខ្ញុំ​បញ្ចប់​ទៅ​ដូច​ពួក​គេ​ដែរ​»។ ១១  បន្ទាប់​មក បាឡាក់​បាន​និយាយ​ទៅ​បាឡាម​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​ខ្ញុំ? ខ្ញុំ​បាន​ហៅ​អ្នក​ឲ្យ​មក​ដាក់​បណ្ដាសា​ពួក​សត្រូវ​របស់​ខ្ញុំ តែ​អ្នក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!​»។+ ១២  បាឡាម​តប​ថា​៖ ​«​តើ​ខ្ញុំ​មិន​ត្រូវ​និយាយ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទេ​ឬ?​»។+ ១៣  បាឡាក់​ក៏​និយាយ​បន្ត​ថា​៖ ​«​សូម​ទៅ​កន្លែង​មួយ​ទៀត​ជា​មួយ​ខ្ញុំ។ ពី​កន្លែង​នោះ អ្នក​អាច​ឃើញ​ពួក​គេ​ដែរ តែ​គ្រាន់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ។ នៅ​ទី​នោះ សូម​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​ខ្ញុំ​ផង​»។+ ១៤  ដូច្នេះ បាឡាក់​បាន​នាំ​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប​ពីសកា។+ ពួក​គេ​បាន​ដំឡើង​ទី​បូជា​៧​នៅ​ទី​នោះ ហើយ​ពួក​គេ​បាន​ជូន​គោ​ឈ្មោល​មួយ​និង​ចៀម​ឈ្មោល​មួយ​ជា​គ្រឿង​បូជា នៅ​លើ​ទី​បូជា​នីមួយ​ៗ។+ ១៥  រួច​បាឡាម​ក៏​ប្រាប់​បាឡាក់​ថា​៖ ​«​ពេល​ខ្ញុំ​ទៅ​ជួប​ព្រះ​នៅ​ទី​នោះ សូម​លោក​ចាំ​នៅ​ក្បែរ​គ្រឿង​បូជា​ដុត​របស់​លោក​សិន​»។ ១៦  ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​បាឡាម ហើយ​ណែនាំ​អំពី​អ្វី​ដែល​គាត់​ត្រូវ​និយាយ។ រួច​លោក​ប្រាប់​ថា​៖+ ​«​ចូរ​ត្រឡប់​ទៅ​បាឡាក់​វិញ ហើយ​ប្រាប់​គាត់​តាម​សម្ដី​របស់​ខ្ញុំ​»។ ១៧  ដូច្នេះ បាឡាម​បាន​ត្រឡប់​ទៅ​វិញ ហើយ​ឃើញ​បាឡាក់​និង​ពួក​មន្ត្រី​ជន​ជាតិ​ម៉ូអាប់​កំពុង​ឈរ​ចាំ​នៅ​ក្បែរ​គ្រឿង​បូជា​ដុត។ បាឡាក់​បាន​សួរ​គាត់​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​អ្វី​ខ្លះ?​»។ ១៨  រួច​បាឡាម​ក៏​ពោល​ពាក្យ​ជា​កំណាព្យ​ថា​៖+ ​«​ឱ​បាឡាក់​អើយ! ចូរ​ក្រោក​ឡើង ហើយ​ស្ដាប់​ចុះ។ ឱ​កូន​ស៊ីបព័រ​អើយ! ចូរ​ស្ដាប់​ខ្ញុំ។ ១៩  ព្រះ​មិន​ដូច​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ទេ+ហើយ​ក៏​មិន​ដូច​ជា​កូន​មនុស្ស​ដែល​ងាយ​ប្ដូរ​គំនិត​នោះ​ដែរ។+ ពេល​លោក​មាន​ប្រសាសន៍​អ្វី​មួយ លោក​នឹង​ធ្វើ​ឲ្យ​កើត​ឡើង មែន​ទេ? ពេល​លោក​ចេញ​វាចា​ហើយ លោក​នឹង​ធ្វើ​ឲ្យ​សម្រេច​ជាក់​ជា​មិន​ខាន មែន​ទេ?+ ២០  មើល! ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជូន​ពរលោក​បាន​ឲ្យ​ពរ​ពួក​គេ​ហើយ+ ខ្ញុំ​មិន​អាច​ផ្លាស់​ប្រែ​វិញ​ឡើយ។+ ២១  លោក​មិន​បណ្ដោយ​ឲ្យ​អ្នក​ណា​ប្រើ​វេទមន្ត​ទាស់​នឹង​យ៉ាកុប​ទេហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​បង្ក​បញ្ហា​ដល់​អ៊ីស្រាអែល​ដែរ។ ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​គាត់ កំពុង​នៅ​ជា​មួយ​នឹង​ពួក​គេ+ពួក​គេ​ស្រែក​យ៉ាង​កង​រំពង​លើក​តម្កើង​លោក​ជា​ស្ដេច។ ២២  ព្រះ​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ចំពោះ​ពួក​គេ លោក​ប្រៀប​ដូច​ជា​ស្នែង​គោ​ព្រៃ។+ ២៣  គ្មាន​គ្រូ​វេទមន្ត​ណា​អាច​ដាក់​អំពើ​ទៅ​លើ​យ៉ាកុប​បាន​ទេ+ហើយ​ក៏​គ្មាន​គ្រូ​ទាយ​ណា​អាច​ទស្សន៍​ទាយ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ដែរ។+ នៅ​ពេល​នេះ គេ​អាច​ថ្លែង​អំពី​យ៉ាកុប​និង​អ៊ីស្រាអែល​ថា​៖ ‹ចូរ​មើល​ការ​អស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​ចុះ!›។ ២៤  បណ្ដា​ជន​នេះ​នឹង​ងើប​ឡើង​ដូច​តោដូច​តោ​ដែល​ក្រោក​ឈរ ពួក​គេ​នឹង​ក្រោក​ឈរ​ដូច្នោះ​ដែរ។+ តោ​នឹង​មិន​ដេក​ឡើយ ទាល់​តែ​វា​បាន​ស៊ី​ចំណីវា​នឹង​មិន​លង់​លក់​ទេ ទាល់​តែ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​»។ ២៥  បន្ទាប់​មក បាឡាក់​បាន​និយាយ​ទៅ​កាន់​បាឡាម​ថា​៖ ​«​បើ​មិន​ដាក់​បណ្ដាសា​ពួក​គេ ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​យ៉ាង​នេះ​ឡើយ​»។ ២៦  បាឡាម​បាន​តប​ទៅ​វិញ​ថា​៖ ​«​ក្រែង​ខ្ញុំ​ជម្រាប​លោក​ហើយ​តើថា​៖ ‹ខ្ញុំ​នឹង​និយាយ​តាម​តែ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ›​»។+ ២៧  បាឡាក់​បាន​និយាយ​បន្ត​ថា​៖ ​«​សូម​ទៅ​កន្លែង​មួយ​ទៀត​ជា​មួយ​ខ្ញុំ។ ប្រហែល​ជា​ព្រះ​ពិត​ពេញ​ចិត្ត​ឲ្យ​អ្នក​ដាក់​បណ្ដាសា​ពួក​គេ​ពី​ទី​នោះ​»។+ ២៨  ដូច្នេះ បាឡាក់​បាន​នាំ​បាឡាម​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពេអរ។ ពី​ទី​នោះ ពួក​គេ​អាច​មើល​ឃើញ​យេស៊ីម៉ូន។*+ ២៩  រួច​បាឡាម​បាន​ប្រាប់​បាឡាក់​ថា​៖ ​«​ចូរ​សង់​ទី​បូជា​៧​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​ឈ្មោល​៧​ក្បាល និង​ចៀម​ឈ្មោល​៧​ក្បាល​ឲ្យ​ខ្ញុំ​ផង​»។+ ៣០  ដូច្នេះ បាឡាក់​បាន​ធ្វើ​តាម​បង្គាប់​បាឡាម ហើយ​នៅ​លើ​ទី​បូជា​នីមួយ​ៗ គាត់​បាន​ជូន​គោ​ឈ្មោល​មួយ​និង​ចៀម​ឈ្មោល​មួយ​ជា​គ្រឿង​បូជា។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​វាល​ខ្សាច់​ឬ​តំបន់​ស្ងាត់​ជ្រងំ​»​