ជំរឿនបណ្ដាជន ២៥:១-១៨

  • ពួក​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ម៉ូអាប់ (​១​-​៥)

  • ភីនេហាស​បាន​ចាត់​វិធានការ (​៦​-​១៨)

២៥  ពេល​ពួក​អ៊ីស្រាអែល​បោះ​ជំរំ​នៅ​តំបន់​ស៊ីទីម+ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​ពួក​កូន​ស្រី​របស់​ជន​ជាតិ​ម៉ូអាប់។+ ២  ពួក​ស្ត្រី​ទាំង​នោះ​បាន​អញ្ជើញ​បណ្ដា​ជន​អ៊ីស្រាអែល ឲ្យ​ទៅ​ចូល​រួម​ពិធី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ជន​ជាតិ​ម៉ូអាប់។+ រួច​មក បណ្ដា​ជន​បាន​បរិភោគ​គ្រឿង​បូជា​ទាំង​នោះ ហើយ​ក្រាប​គោរព​ដល់​ព្រះ​របស់​ពួក​គេ។+ ៣  ដូច្នេះ ពួក​អ៊ីស្រាអែល​បាន​ចូល​រួម​គោរព​បូជា​ព្រះ​បាល​នៃ​ភ្នំ​ពេអរ+ ហើយ​នេះ​បាន​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ពួក​គេ​យ៉ាង​ខ្លាំង។ ៤  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​យក​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ដែល​ប្រព្រឹត្ត​អំពើ​នោះ ទៅ​ព្យួរ​នៅ​កណ្ដាល​ថ្ងៃ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​កំហឹង​របស់​ព្រះ​យេហូវ៉ា​រសាយ​ចេញ​ពី​ពួក​អ៊ីស្រាអែល​»។ ៥  ស្ដាប់​រួច ម៉ូសេ​បាន​ប្រាប់​ពួក​អ្នក​សម្រេច​ក្ដី​ថា​៖+ ​«​ចូរ​អ្នក​រាល់​គ្នា​សម្លាប់​ពួក​អ្នក​ដែល​បាន​ចូល​រួម​គោរព​បូជា​ព្រះ​បាល​នៃ​ភ្នំ​ពេអរ ឲ្យ​អស់​ទៅ​»។+ ៦  ពេល​នោះ មាន​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់ នាំ​ស្ត្រីជន​ជាតិ​ម៉ាឌាន+ចូល​ក្នុង​ជំរំ។ ពួក​គេ​បាន​ដើរ​កាត់​មុខ​ម៉ូសេ​និង​ពួក​ជំនុំ​ទាំង​អស់ ក្នុង​កាល​ដែល​ពួក​គេ​កំពុង​យំ​នៅ​មុខ​ត្រសាល​ជំនុំ។ ៧  ឃើញ​ដូច្នេះ ភីនេហាស+ជា​កូន​អេលាសារ ត្រូវ​ជា​ចៅ​របស់​អេរ៉ុន​ជា​សង្ឃ បាន​ក្រោក​ឡើង​ពី​ពួក​ជំនុំ ហើយ​កាន់​លំពែង​ចេញ​ទៅ​តាម។ ៨  គាត់​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​របស់​បុរស​នោះ ហើយ​ចាក់​ទម្លុះ​បុរស​និង​ស្ត្រី​នោះ​ត្រង់​កេរ្តិ៍​ខ្មាស​នាង។ ភ្លាម​នោះ សេចក្ដី​វេទនា​ដែល​កើត​មាន​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល ក៏​បាន​បាត់​ទៅ។+ ៩  ពួក​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សេចក្ដី​វេទនា​នោះ​មាន​ចំនួន​២៤.០០០​នាក់។+ ១០  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ១១  ​«​តាម​ការ​ពិត​ខ្ញុំ​ត្រូវ​បំផ្លាញ​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ព្រោះ​ខ្ញុំ​តម្រូវ​ឲ្យ​ពួក​គេ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ។+ ប៉ុន្តែ ភីនេហាស+ជា​កូន​អេលាសារ ត្រូវ​ជា​ចៅ​របស់​អេរ៉ុន​ជា​សង្ឃ បាន​រម្ងាប់​កំហឹង​របស់​ខ្ញុំ​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល ដោយ​សារ​គាត់​មិន​ត្រា​ប្រណី​ចំពោះ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំ​ទេ។+ ដូច្នេះ ខ្ញុំ​មិន​បាន​បំផ្លាញ​ពួក​គេ​ទាំង​អស់​ឡើយ។ ១២  ហេតុ​នេះ ចូរ​ប្រាប់​គាត់​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ស​ន្តិ​ភាព​ជា​មួយ​នឹង​គាត់។ ១៣  តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ គាត់​និង​កូន​ចៅ​គាត់​នឹង​បម្រើ​ជា​សង្ឃ​ជា​រៀង​រហូត+ ព្រោះ​គាត់​មិន​ត្រា​ប្រណី​ចំពោះ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ​របស់​គាត់​ទេ+ ហើយ​គាត់​ថែម​ទាំង​បាន​ជម្រះ​ភាព​ខុស​ឆ្គង​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ទៀត​ផង›​»។ ១៤  បុរស​ជន​ជាតិ​អ៊ីស្រាអែល​ដែល​បាន​ស្លាប់​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី​ជា​កូន​សាលូ ដែល​ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​កុលសម្ព័ន្ធ​ស៊ីម្មាន។ ១៥  ចំណែក​ស្ត្រីជន​ជាតិ​ម៉ាឌាន​វិញ នាង​ឈ្មោះ​ខូសបាយ​ជា​កូន​ស្រី​របស់​សឺរ។+ សឺរ​ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​អំ​បូរ​មួយ​នៅ​ស្រុក​ម៉ាឌាន។+ ១៦  ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ១៧  ​«​ចូរ​បង្ក្រាប​ពួក​ម៉ាឌាន ហើយ​វាយ​ប្រហារ​ពួក​គេ​ទៅ+ ១៨  ពី​ព្រោះ​ពួក​គេ​បាន​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា ដោយ​ល្បួង​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នៅ​ភ្នំ​ពេអរ+ និង​ព្រោះ​តែ​ខូសបាយ​ជា​កូន​ស្រី​របស់​មេ​ដឹក​នាំ​ម្នាក់​នៅ​ស្រុក​ម៉ាឌាន​ដែល​ជា​ជន​រួម​ជាតិ​របស់​ពួក​គេ។ នាង​បាន​ស្លាប់​នៅ​ថ្ងៃ​ដែល​មាន​សេចក្ដី​វេទនា​នោះ​»។+

កំណត់សម្គាល់