ជំរឿនបណ្ដាជន ២៨:១-៣១

  • ការ​ណែនាំ​អំពី​គ្រឿង​បូជា​ផ្សេង​ៗ​ (​១​-​៣១)

    • គ្រឿង​បូជា​ជា​រៀង​រាល់​ថ្ងៃ (​១​-​៨)

    • សម្រាប់​ថ្ងៃ​ឈប់​សម្រាក (​៩, ១០)

    • គ្រឿង​បូជា​ជា​រៀង​រាល់​ខែ (​១១​-​១៥)

    • សម្រាប់​បុណ្យ​រំលង (​១៦​-​២៥)

    • សម្រាប់​បុណ្យ​អាទិត្យ​ទី៧ (​២៦​-​៣១)

២៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២  ​«​ចូរ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ជូន​គ្រឿង​បូជា​ដល់​ខ្ញុំ គឺ​ការ​ជូន​អាហារ​ដល់​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ដល់​ខ្ញុំ* តាម​ពេល​កំណត់›។+ ៣  ​«​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ទៀត​ថា​៖ ‹គ្រឿង​បូជា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដុត​ជូន​ព្រះ​យេហូវ៉ា​មាន​ដូច​ត​ទៅ​៖ ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​ពីរ​ក្បាល​អាយុ​មួយ​ឆ្នាំ​ជា​គ្រឿង​បូជា​ដុត ជា​រៀង​រាល់​ថ្ងៃ។+ ៤  ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​មួយ​ក្បាល​នៅ​ពេល​ព្រឹក និង​មួយ​ក្បាល​ទៀត​នៅ​ពេល​ល្ងាច+ ៥  ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ ដែល​ជា​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា* លាយ​ជា​មួយ​ប្រេង​សម្រាំង​១​ភាគ​៤​ហ៊ីន។*+ ៦  នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​ជា​ប្រចាំ+ ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា តាម​ការ​ណែនាំ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​នៅ​ភ្នំ​ស៊ីណាយ។ ៧  ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ជា​ស្រា​១​ភាគ​៤​ហ៊ីន​ជា​មួយ​ដែរ។+ ត្រូវ​ច្រួច​ស្រា​នោះ​នៅ​កន្លែង​បរិសុទ្ធ ជា​គ្រឿង​បូជា​ជា​ស្រា​ជូន​ព្រះ​យេហូវ៉ា។ ៨  ពេល​ជូន​កូន​ចៀម​ឈ្មោល​នៅ​ពេល​ល្ងាច អ្នក​ក៏​ត្រូវ​ជូន​ម្សៅ​និង​គ្រឿង​បូជា​ជា​ស្រា​ដូច​នៅ​ពេល​ព្រឹក​ដែរ។ អ្នក​ត្រូវ​ដុត​របស់​ទាំង​នេះ​ទុក​ជា​គ្រឿង​បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។+ ៩  ​«​‹ប៉ុន្តែ នៅ​ថ្ងៃ​ឈប់​សម្រាក+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​ពីរ​ក្បាល​អាយុ​មួយ​ឆ្នាំ ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ​គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា​លាយ​នឹង​ប្រេង រួម​ទាំង​គ្រឿង​បូជា​ជា​ស្រា​ផង​ដែរ។ ១០  នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​នៅ​ថ្ងៃ​ឈប់​សម្រាក បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។+ ១១  ​«​‹រៀង​រាល់​ដើម​ខែ អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា គឺ​គោ​ស្ទាវ​២​ក្បាល ចៀម​ឈ្មោល​១​ក្បាល និង​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។+ ១២  ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។+ ១៣  ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង ជា​គ្រឿង​បូជា​ដុត ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។+ ១៤  ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​កន្លះ​ហ៊ីន​ជា​គ្រឿង​បូជា​ជា​ស្រា+ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​១​ភាគ​៣​ហ៊ីន+ ហើយ​ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​១​ភាគ​៤​ហ៊ីន​ជា​មួយ​ដែរ។+ នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​នៅ​រៀង​រាល់​ដើម​ខែ ពេញ​មួយ​ឆ្នាំ។ ១៥  បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​កូន​ពពែ​មួយ​ដល់​ព្រះ​យេហូវ៉ា​ផង​ដែរ ដើម្បី​ទុក​ជា​គ្រឿង​បូជា​សម្រាប់​អំ​ពើ​ខុស​ឆ្គង។ ១៦  ​«​‹នៅ​ថ្ងៃ​ទី​១៤ ក្នុង​ខែ​ទី​១ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា។+ ១៧  នៅ​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ដដែល​នោះ ក៏​មាន​បុណ្យ​មួយ​ទៀត​ដែរ គឺ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ។ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំ​ប៉័ង​ឥត​ដំបែ​អស់​រយៈ​ពេល​៧​ថ្ងៃ។+ ១៨  នៅ​ថ្ងៃ​ទី​១​នៃ​បុណ្យ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។ ១៩  រួច​អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា គឺ​គោ​ស្ទាវ​២​ក្បាល ចៀម​ឈ្មោល​១​ក្បាល និង​កូន​ចៀម​ឈ្មោល​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ។+ ២០  ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។+ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ២១  ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ​ទាំង​៧​ក្បាល​នោះ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ២២  បន្ថែម​ពី​លើ​នោះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំ​ពើ​ខុស​ឆ្គង​ផង​ដែរ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។ ២៣  ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​អ្វី​ទាំង​នេះ បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​ដែល​ត្រូវ​ជូន​នៅ​ពេល​ព្រឹក​ជា​ប្រចាំ។ ២៤  អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​តាម​របៀប​នេះ​នៅ​ថ្ងៃ​នីមួយ​ៗ​អស់​រយៈ​ពេល​៧​ថ្ងៃ​សម្រាប់​ជា​អាហារ​ដល់​ព្រះ​យេហូវ៉ា និង​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ជូន​លោក ហើយ​ត្រូវ​ជូន​ជា​មួយ​នឹង​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ជា​ស្រា​ដែល​ត្រូវ​ជូន​ជា​ប្រចាំ​ផង​ដែរ។ ២៥  នៅ​ថ្ងៃ​ទី​៧​នៃ​បុណ្យ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ+ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។+ ២៦  ​«​‹នៅ​ថ្ងៃ​ជូន​គ្រឿង​បូជា​ជា​ផល​ដំបូង+ អ្នក​រាល់​គ្នា​ត្រូវ​យក​ស្រូវ​ថ្មី​មក​ជូន​ព្រះ​យេហូវ៉ា។+ អ្នក​រាល់​គ្នា​ត្រូវ​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ថ្ងៃ​បុណ្យ​អាទិត្យ​ទី​៧+ ហើយ​មិន​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​អ្វី​ឡើយ។+ ២៧  អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​យេហូវ៉ា* គឺ​គោ​ស្ទាវ​២​ក្បាល ចៀម​ឈ្មោល​មួយ​ក្បាល និង​កូន​ចៀម​ឈ្មោល​៧​ក្បាល​អាយុ​មួយ​ឆ្នាំ។+ ២៨  ពេល​ជូន​គោ​ស្ទាវ​នីមួយ​ៗ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ២៩  ពេល​ជូន​កូន​ចៀម​ឈ្មោល​នីមួយ​ៗ​ទាំង​៧​ក្បាល​នោះ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ គឺ​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​រង្វាល់​លាយ​ជា​មួយ​នឹង​ប្រេង។ ៣០  បន្ថែម​ពី​លើ​នោះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ពពែ​ស្ទាវ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំ​ពើ​ខុស​ឆ្គង​ផង​ដែរ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា។+ ៣១  ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ជូន​អ្វី​ទាំង​នេះ បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​ពី​ស្រូវ​ដែល​ត្រូវ​ជូន​ជា​ប្រចាំ។ អ្នក​រាល់​គ្នា​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ+ ជា​មួយ​នឹង​គ្រឿង​បូជា​ជា​ស្រា​ផង​ដែរ។

កំណត់សម្គាល់

ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​»​
គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយ​ហ៊ីន​ស្មើ​នឹង​៣,៦៧​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​