ជំរឿនបណ្ដាជន ៣០:១-១៦
៣០ បន្ទាប់មក ម៉ូសេបានប្រាប់មេដឹកនាំ+កុលសម្ព័ន្ធនៃអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូចតទៅ៖
២ បើបុរសម្នាក់ធ្វើសម្បថ+ជូនព្រះយេហូវ៉ា ឬស្បថតមអ្វីមួយ+ គាត់មិនត្រូវបំពានសម្បថនោះឡើយ+ តែត្រូវធ្វើតាមទាំងអស់។+
៣ «បើនារីម្នាក់ធ្វើសម្បថជូនព្រះយេហូវ៉ា ឬស្បថតមអ្វីមួយ កាលដែលនាងរស់នៅជាមួយនឹងឪពុក
៤ ហើយឪពុកបានឮសម្បថឬការស្បថតមរបស់នាង តែគាត់មិនបានជំទាស់ទេ នោះនាងត្រូវធ្វើតាមសម្បថរបស់ខ្លួន ឬធ្វើតាមការស្បថតមនោះផងដែរ។
៥ បើឪពុកបានឮសម្បថរបស់នាង ហើយគាត់បានជំទាស់ នោះសម្បថនាងមិនអាចយកជាការបានទេ។ ព្រះយេហូវ៉ានឹងអភ័យទោសឲ្យនាង ព្រោះឪពុកនាងបានជំទាស់ហើយ។+
៦ «ប៉ុន្តែ បើនាងបានស្បថឬសន្យាអ្វីមួយដោយមិនបានគិតវែងឆ្ងាយ រួចក្រោយមកនាងបានរៀបការ
៧ ហើយប្ដីនាងបានឮអំពីសម្បថឬពាក្យសន្យានោះ តែនៅថ្ងៃដែលបានឮ គាត់មិនជំទាស់ទេ នោះសម្បថឬពាក្យសន្យារបស់នាងនឹងយកជាការហើយ។
៨ ប៉ុន្តែ បើប្ដីនាងជំទាស់នៅថ្ងៃដែលគាត់បានឮ នោះគាត់អាចផ្ដាច់សម្បថឬពាក្យសន្យារបស់នាងបាន+ ហើយព្រះយេហូវ៉ានឹងអភ័យទោសឲ្យនាង។
៩ «បើស្ត្រីមេម៉ាយឬស្ត្រីដែលបានលែងលះគ្នា បានស្បថជូនព្រះឬស្បថតម នោះនាងត្រូវធ្វើតាមសម្បថរបស់នាង។
១០ «បើស្ត្រីម្នាក់បានធ្វើសម្បថជូនព្រះ ឬស្បថតមអ្វីមួយ ក្នុងកាលដែលនាងរស់នៅជាមួយប្ដីនៅឡើយ
១១ ហើយប្ដីនាងបានឮ តែមិនបានជំទាស់ទេ នោះសម្បថរបស់នាងនឹងយកជាការហើយ។
១២ ប៉ុន្តែ បើនៅថ្ងៃដែលប្ដីបានឮសម្បថរបស់នាង ហើយបានជំទាស់ នោះសម្បថនាងមិនអាចយកជាការបានទេ ព្រោះប្ដីនាងបានផ្ដាច់សម្បថនោះហើយ។+ ព្រះយេហូវ៉ានឹងអភ័យទោសឲ្យនាង។
១៣ ដូច្នេះ ប្ដីនាងមានសិទ្ធិសម្រេចថានាងគួរធ្វើតាមសម្បថឬមិនគួរ ទោះជានោះជាសម្បថជូនព្រះ ឬការស្បថតមអ្វីក៏ដោយ។
១៤ ប៉ុន្តែ បើអស់ជាច្រើនថ្ងៃ ប្ដីនាងមិនបានជំទាស់ទេ នោះបានសេចក្ដីថាគាត់យល់ព្រមឲ្យនាងធ្វើតាមសម្បថឬការស្បថតមរបស់នាងហើយ ព្រោះគាត់មិនបានឃាត់នាងនៅថ្ងៃដែលគាត់បានឮនោះទេ។
១៥ ផ្ទុយទៅវិញ បើប៉ុន្មានថ្ងៃក្រោយពីគាត់ឮសម្បថនោះ ហើយគាត់បានផ្ដាច់សម្បថនោះវិញ នោះគាត់នឹងទទួលទោសជំនួសនាងជាមិនខាន។+
១៦ «នេះជាច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ ស្ដីអំពីសម្បថរបស់ប្រពន្ធក្នុងបន្ទុកប្ដី និងអំពីសម្បថរបស់នារីម្នាក់ដែលរស់នៅជាមួយនឹងឪពុក»។