ជំរឿនបណ្ដាជន ៣២:១-៤២

  • ភូមិ​នា​នា​ដែល​នៅ​ភាគ​ខាង​កើត​ទន្លេយ៉ូដាន់ (​១​-​៤២)

៣២  នៅ​គ្រា​នោះ កូន​ចៅ​របស់​កាដ+និង​កូន​ចៅ​របស់​រូបេន+ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ពួក​គេ​បាន​ឃើញ​ថា​ទឹក​ដី​យ៉ាសឺ+និង​ទឹក​ដី​គីលាត ជា​តំបន់​ល្អ​សម្រាប់​ហ្វូង​សត្វ។ ២  ដូច្នេះ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ជួប​ម៉ូសេ​និង​អេលាសារ​ជា​សង្ឃ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​ពួក​ជំនុំ ហើយ​ជម្រាប​ថា​៖ ៣  ​«​ក្រុង​អាថារ៉ូត ឌីបូន យ៉ាសឺ នី​ម​រ៉ា ហែសបូន+ អេលៀឡា សេបាម នេបូរ+ និង​បេអុន+ ៤  ជា​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជួយ​ពួក​អ៊ីស្រាអែល​វាយ​ដណ្ដើម​យក​បាន។+ ទឹក​ដី​ទាំង​នោះ​ជា​តំបន់​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​ពួក​ខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់​»។+ ៥  ពួក​គេ​បាន​បន្ត​ថា​៖ ​«​បើ​ពួក​លោក​មិន​យល់​ទាស់​ទេ សូម​ប្រគល់​ទឹក​ដី​ទាំង​នេះ​ដល់​ពួក​ខ្ញុំ​ជា​មត៌ក​ផង។ សូម​កុំ​ឲ្យ​ពួក​ខ្ញុំ​ឆ្លង​ទន្លេយ៉ូដាន់​អី​»។ ៦  បន្ទាប់​មក ម៉ូសេ​បាន​ប្រាប់​កូន​ចៅ​របស់​កាដ​និង​កូន​ចៅ​របស់​រូបេន​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​គួរ​អាស្រ័យ​នៅ​ទី​នេះ ក្នុង​កាល​ដែល​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​កំពុង​ទៅ​ធ្វើ​សង្គ្រាម​ឬ? ៧  ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ធ្លាក់​ទឹក​ចិត្ត លែង​ចង់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ឲ្យ​ពួក​គេ​ដូច្នេះ? ៨  នេះ​ហើយ​ជា​អ្វី​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​ធ្វើ កាល​ដែល​ខ្ញុំ​បាន​ចាត់​ពួក​គេ​ពី​តំបន់​កាដេសបានា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​ដែល​ព្រះ​សន្យា។+ ៩  ក្រោយ​ពី​ពួក​គេ​ឡើង​ទៅ​ជ្រលង​អេសកូល+ ហើយ​សង្កេត​មើល​ស្រុក​នោះ​រួច ពួក​គេ​បាន​មក​រាយ​ការណ៍​ធ្វើ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ធ្លាក់​ទឹក​ចិត្ត រហូត​លែង​ចង់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ទៀត។+ ១០  នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​ស្បថ​ថា​៖+ ១១  ‹ពួក​អ្នក​ដែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ នឹង​មិន​អាច​ចូល​ក្នុង​ស្រុក+ដែល​ខ្ញុំ​បាន​សន្យា​នឹង​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ+ ព្រោះ​ពួក​គេ​មិន​បាន​កាន់​តាម​ខ្ញុំ​អស់​ពី​ចិត្ត​ទេ។ ១២  មាន​តែ​កាលែប+ជា​កូន​យេផុនណា​ជា​ពួកគេនិស៊ីត និង​យ៉ូស្វេ+ជា​កូន​នុន​ប៉ុណ្ណោះ ដែល​អាច​ចូល​បាន ព្រោះ​ពួក​គេ​បាន​កាន់​តាម​ខ្ញុំ​ជា​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត›។+ ១៣  ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ខឹង​នឹង​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​ចុះ​ឡើង​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​អស់​រយៈ​ពេល​៤០​ឆ្នាំ+ រហូត​ដល់​ជំនាន់​មនុស្ស​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ស្លាប់​អស់​ទៅ។+ ១៤  មើល! ឥឡូវ​អ្នក​រាល់​គ្នា​ក៏​ប្រព្រឹត្ត​ខុស​ឆ្គង​ដូច​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ដែរ ហើយ​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​កាន់​តែ​ខ្លាំង​នឹង​បណ្ដា​ជន​អ៊ីស្រាអែល។ ១៥  បើ​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​លោក លោក​ច្បាស់​ជា​ទុក​ជន​រួម​ជាតិ​ទាំង​មូល​របស់​អ្នក​រាល់​គ្នា​ចោល​នៅ​តំបន់​ស្ងាត់​ជ្រងំ​ម្ដង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​នាំ​ឲ្យ​ពួក​គេ​វិនាស​អស់​ទៅ​មិន​ខាន​»។ ១៦  ក្រោយ​មក កូន​ចៅ​របស់​កាដ​និង​កូន​ចៅ​របស់​រូបេន បាន​ចូល​ទៅ​ជួប​ម៉ូសេ ហើយ​ជម្រាប​ថា​៖ ​«​សូម​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​សង់​ក្រោល​ថ្ម​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​ខ្ញុំ ព្រម​ទាំង​សង់​ក្រុង​នា​នា​សម្រាប់​កូន​ចៅ​របស់​ពួក​ខ្ញុំ​ផង ១៧  ដើម្បី​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ក្នុង​ក្រុង​ដ៏​រឹង​មាំ​ដោយ​សុវត្ថិភាព រួច​ផុត​ពី​ការ​យាយី​របស់​ពួក​អ្នក​ស្រុក​នោះ។ ចំណែក​ពួក​ខ្ញុំ​វិញ ពួក​ខ្ញុំ​នឹង​ត្រៀម​ខ្លួន​ជា​និច្ច​សម្រាប់​ចម្បាំង+ ហើយ​ពួក​ខ្ញុំ​នឹង​ទៅ​ខាង​មុខ​បណ្ដា​ជន​អ៊ីស្រាអែល រហូត​ដល់​ពួក​ខ្ញុំ​នាំ​ពួក​គេ​ទៅ​ដល់​ស្រុក​នោះ។ ១៨  ពួក​ខ្ញុំ​នឹង​មិន​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ទាល់​តែ​បណ្ដា​ជន​អ៊ីស្រាអែល​ម្នាក់​ៗ​ទទួល​បាន​ស្រុក​នោះ​ជា​មត៌ក។+ ១៩  ព្រោះ​ពួក​ខ្ញុំ​មិន​ចង់​បាន​ទឹក​ដី​នៅ​ត្រើយ​ខាង​លិច​ទន្លេយ៉ូដាន់​ទេ ដោយ​សារ​ពួក​ខ្ញុំ​បាន​ទទួល​ទឹក​ដី​នៅ​ត្រើយ​ខាង​កើត​ទន្លេយ៉ូដាន់​ជា​មត៌ក​រួច​ហើយ​»។+ ២០  ម៉ូសេ​បាន​តប​ទៅ​ពួក​គេ​វិញ​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ព្រម​ត្រៀម​ខ្លួន​ទៅ​ធ្វើ​សង្គ្រាម​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ ២១  ហើយ​បើ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ប្រដាប់​អាវុធ ឆ្លង​ទន្លេយ៉ូដាន់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ក្នុង​កាល​ដែល​លោក​បណ្ដេញ​ពួក​សត្រូវ​ចេញ​ពី​មុខ​លោក+ ២២  រហូត​ដល់​ស្រុក​នោះ​បាន​ត្រូវ​កាន់​កាប់​ទាំង​ស្រុង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ នោះ​ក្រោយ​មក​អ្នក​រាល់​គ្នា​អាច​ត្រឡប់​មក​វិញ+ ហើយ​រួច​ពី​ទោស​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​និង​បណ្ដា​ជន​អ៊ីស្រាអែល។ រួច​មក ទឹក​ដី​នេះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ២៣  ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ហើយ។ សូម​ចាំ​ថា​មិន​យូរ​មិន​ឆាប់​អំពើ​ខុស​ឆ្គង​នោះ​នឹង​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ២៤  ដូច្នេះ ចូរ​សង់​ក្រុង​នា​នា​សម្រាប់​កូន​ចៅ ព្រម​ទាំង​សង់​ក្រោល​ថ្ម​សម្រាប់​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា​ចុះ+ តែ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​»។ ២៥  ម្ល៉ោះ​ហើយ កូន​ចៅ​របស់​កាដ​និង​កូន​ចៅ​របស់​រូបេន បាន​ឆ្លើយ​ទៅ​ម៉ូសេ​ថា​៖ ​«​ពួក​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម្ចាស់​បាន​បង្គាប់។ ២៦  ប្រពន្ធ​កូន​ពួក​ខ្ញុំ និង​ហ្វូង​ចៀម ហ្វូង​គោ ព្រម​ទាំង​សត្វ​ស្រុក​ទាំង​អស់ នឹង​អាស្រ័យ​នៅ​ក្នុង​បណ្ដា​ក្រុង​លើ​ទឹក​ដី​គីលាត។+ ២៧  ហើយ​ពួក​ខ្ញុំ​គ្រប់​រូប​នឹង​ប្រដាប់​អាវុធ​ឆ្លង​ទន្លេយ៉ូដាន់​ទៅ​ធ្វើ​សង្គ្រាម​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ ដូច​លោក​ម្ចាស់​បាន​បង្គាប់​»។ ២៨  ដូច្នេះ ម៉ូសេ​បាន​ចេញ​បញ្ជា​ស្ដី​អំពី​ពួក​គេ ដល់​អេលាសារ​ជា​សង្ឃ និង​យ៉ូស្វេ​ជា​កូន​នុន ព្រម​ទាំង​មេ​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល។ ២៩  ម៉ូសេ​បាន​ប្រាប់​ពួក​អ្នក​ទាំង​នោះ​ថា​៖ ​«​បើ​កូន​ចៅ​របស់​កាដ​និង​កូន​ចៅ​របស់​រូបេន ប្រដាប់​អាវុធ​ឆ្លង​ទន្លេយ៉ូដាន់​ជា​មួយ​អ្នក​រាល់​គ្នា ទៅ​ធ្វើ​សង្គ្រាម​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ជួយ​ដណ្ដើម​យក​ស្រុក​នោះ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ទឹក​ដី​គីលាត​ដល់​ពួក​គេ​ជា​មត៌ក។+ ៣០  ក៏​ប៉ុន្តែ បើ​ពួក​គេ​មិន​ព្រម​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទេ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ក្នុង​ទឹក​ដី​កាណាន​»។ ៣១  រួច​កូន​ចៅ​របស់​កាដ​និង​កូន​ចៅ​របស់​រូបេន​បាន​និយាយ​ថា​៖ ​«​ពួក​ខ្ញុំ​នឹង​ធ្វើ​តាម​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា។ ៣២  ពួក​ខ្ញុំ​នឹង​ប្រដាប់​អាវុធ​ឆ្លង​ទន្លេ​យ៉ូដាន់​ទៅ​ស្រុក​កាណាន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ តែ​សូម​ឲ្យ​ទឹក​ដី​នៅ​ត្រើយ​ខាង​នេះ​ដល់​ពួក​ខ្ញុំ​ជា​មត៌ក​»។ ៣៣  ដូច្នេះ ម៉ូសេ​បាន​ប្រគល់​រាជាណាចក្រ​របស់​ស៊ីហុន+ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​រាជាណាចក្រ​របស់​អុក+ជា​ស្ដេច​នៅ​តំបន់បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ក្រុង ទាំង​ភូមិ​និង​តំបន់​ដែល​នៅ​ជុំ​វិញ ឲ្យ​ដល់​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន+ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។+ ៣៤  កូន​ចៅ​របស់​កាដ​បាន​សង់*ក្រុង​ឌីបូន+ ក្រុង​អាថារ៉ូត+ ក្រុង​អារ៉ូអ៊ើរ+ ៣៥  ក្រុង​អាត្រូតសូផាន ក្រុង​យ៉ាសឺ+ ក្រុង​យ៉ុកបេហា+ ៣៦  ក្រុង​បេតនីមរ៉ា+ និង​ក្រុង​បេតហារ៉ាន។+ ក្រុង​ទាំង​នោះ​ជា​ក្រុង​ដ៏​រឹង​មាំ។ ពួក​គេ​ក៏​បាន​សង់​ក្រោល​ថ្ម​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ​ដែរ។ ៣៧  កូន​ចៅ​របស់​រូបេន​បាន​សង់​ក្រុង​ហែសបូន+ ក្រុង​អេលៀឡា+ ក្រុង​គារីអាតថេម+ ៣៨  ក្រុង​នេបូរ+ និង​ក្រុង​បាលមេអន+​(​គេ​បាន​ប្ដូរ​ឈ្មោះ​ក្រុង​ទាំង​នេះ​) ព្រម​ទាំង​ក្រុង​ស៊ីបម៉ា។ ពួក​គេ​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ក្រុង​នា​នា​ដែល​ពួក​គេ​បាន​សង់។ ៣៩  គ្រា​នោះ កូន​ចៅ​របស់​ម៉ាគា+ ដែល​ជា​កូន​ម៉ាណាសេ បាន​វាយលុកទឹក​ដីគីលាត ហើយ​បាន​ដណ្ដើម​យក​ទឹក​ដី​នោះ ព្រម​ទាំង​បណ្ដេញ​ជន​ជាតិ​អាម៉ូរី​ដែលរស់​នៅ​លើ​ទឹក​ដី​នោះ​ចេញ​អស់​ទៅ។ ៤០  ដូច្នេះ ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​គីលាត ដល់​កូន​ចៅ​របស់​ម៉ាគា​ដែល​ជា​កូន​ម៉ាណាសេ ហើយ​ពួក​គេ​ក៏​តាំង​ទី​លំនៅ​លើ​ទឹក​ដី​នោះ។+ ៤១  ឯ​យ៉ាអៀ​ជា​កូន​ចៅ​ម៉ាណាសេ គាត់​បាន​ទៅ​វាយលុក​ភូមិ​នានា​នៅ​ទឹក​ដី​គីលាត ហើយ​ដណ្ដើម​យក​ភូមិ​ទាំង​នោះ​របស់​ពួក​គេ។ យ៉ាអៀ​បាន​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា​ហាវ៉ុតយ៉ាអៀ។*+ ៤២  ចំណែក​ណូបា គាត់​បាន​ទៅ​វាយ​លុយ​ក្រុង​កេណាត​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ ហើយ​ដណ្ដើម​បាន​ក្រុង​នោះ រួច​ប្ដូរ​ឈ្មោះ​ក្រុង​នោះ​ទៅ​ជា​ក្រុង​ណូបា​តាម​ឈ្មោះ​របស់​គាត់​វិញ។

កំណត់សម្គាល់

ឬ​«​សង់​ឡើង​វិញ​»​
ឬ​«​ភូមិ​តូច​ៗ​របស់​យ៉ាអៀ​»​