ជំរឿនបណ្ដាជន ៣៥:១-៣៤

  • បណ្ដា​ក្រុង​របស់​ពួក​លេវី (​១​-​៨)

  • ក្រុង​ពំនាក់​នា​នា (​៩​-​៣៤)

៣៥  កាល​នៅ​តំបន់​វាល​ម៉ូអាប់​ក្បែរ​ទន្លេយ៉ូដាន់​ទល់​មុខ​ក្រុង​យេរីខូ+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២  ​«​ចូរ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ពួក​គេ ប្រគល់​ក្រុង​ខ្លះ​ជា​ចំណែក​មត៌ក​របស់​ខ្លួន ព្រម​ទាំង​តំបន់​វាល​ស្មៅ​ជុំ​វិញ ដល់​ពួក​លេវី​ទុក​ជា​ទី​លំនៅ។+ ៣  ដូច្នេះ ពួក​លេវី​នឹង​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ ហើយ​តំបន់​វាល​ស្មៅ​ទុក​សម្រាប់​ហ្វូង​ចៀម ហ្វូង​ពពែ និង​ប្រដាប់​ប្រដា​ផ្សេង​ៗ ព្រម​ទាំង​សម្រាប់​សត្វ​ឯ​ទៀត​របស់​ពួក​គេ។ ៤  តំបន់​វាល​ស្មៅ​ដែល​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី អ្នក​រាល់​គ្នា​ត្រូវ​វាស់​ចេញ​ពី​កំពែង​ក្រុង​នៅ​ជុំ​វិញ ប្រវែង​១.០០០​ហត្ថ។* ៥  ដូច្នេះ នៅ​ខាង​ក្រៅ​ក្រុង​ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​២.០០០​ហត្ថ ប៉ែក​ខាង​ត្បូង​២.០០០​ហត្ថ ប៉ែក​ខាង​លិច​២.០០០​ហត្ថ និង​ប៉ែក​ខាង​ជើង​២.០០០​ហត្ថ ហើយ​មាន​ក្រុង​នៅ​ចំ​កណ្ដាល។ ទំហំ​នេះ​នឹង​ទៅ​ជា​តំបន់​វាល​ស្មៅ​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ។ ៦  ​«​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី​នូវ​ក្រុង​៦​ដែល​ជា​ក្រុង​ពំនាក់+សម្រាប់​ទុក​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​រត់​ទៅ​ជ្រក​កោន+ ហើយ​ក៏​ត្រូវ​ឲ្យ​ក្រុង​៤២​ទៀត​ដល់​ពួក​គេ​ដែរ។ ៧  ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ក្រុង​ចំនួន​៤៨ ឲ្យ​ដល់​ពួក​លេវី ព្រម​ទាំង​តំបន់​វាល​ស្មៅ​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ។+ ៨  អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ក្រុង​ទាំង​នោះ​ពី​ចំណែក​មត៌ក​របស់​ខ្លួន។+ ចំពោះ​កុលសម្ព័ន្ធ​ធំ ត្រូវ​ឲ្យ​ក្រុង​ច្រើន​ជាង ចំពោះ​កុលសម្ព័ន្ធ​តូច ត្រូវ​ឲ្យ​ក្រុង​តិច​ជាង+ គឺ​កុលសម្ព័ន្ធ​នីមួយ​ៗ​ត្រូវ​ឲ្យ​ស្រប​តាម​ចំណែក​មត៌ក​ដែល​ពួក​គេ​សម​នឹង​ទទួល​»។ ៩  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ទៅ​ម៉ូសេ​ថា​៖ ១០  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹អ្នក​រាល់​គ្នា​ហៀបនឹង​ឆ្លង​ទន្លេយ៉ូដាន់​ចូល​ក្នុង​ស្រុក​កាណាន​ហើយ។+ ១១  ដូច្នេះ ចូរ​ជ្រើស​រើស​ក្រុង​ខ្លះ​ដែល​ស្រួល​ធ្វើ​ដំណើរ ទុក​ធ្វើ​ជា​ក្រុង​ពំនាក់ ដើម្បី​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា អាច​រត់​ទៅ​ជ្រក​កោន។+ ១២  ក្រុង​ទាំង​នោះ​នឹង​ទៅ​ជា​ទី​ជ្រក​កោន​សម្រាប់​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក*+ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ត្រូវ​ស្លាប់ រហូត​ដល់​គាត់​បាន​ទទួល​ការ​វិនិច្ឆ័យ​នៅ​មុខ​ពួក​ជំនុំ​រួច​រាល់​សិន។+ ១៣  ការ​រៀបចំ​ឲ្យ​មាន​ក្រុង​ពំនាក់​ទាំង​៦​នេះ គឺ​ដើម្បី​គោល​បំណង​នេះ។ ១៤  អ្នក​រាល់​គ្នា​ត្រូវ​តាំង​ក្រុង​បី​នៅ​ត្រើយ​ខាង​នេះ​ទន្លេយ៉ូដាន់+ និង​ក្រុង​បី​ទៀត​នៅ​ក្នុង​ទឹក​ដី​កាណាន+ ទុក​ជា​ក្រុង​ពំនាក់។ ១៥  ក្រុង​ទាំង​៦​នេះ​នឹង​បាន​ជា​ទី​ជ្រក​កោន​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល និង​ជន​បរទេស+ ព្រម​ទាំង​អ្នក​ដែល​ស្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ពោល​គឺ​អស់​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា​អាច​រត់​ទៅ​ទី​នោះ។+ ១៦  ​«​‹ប៉ុន្តែ បើ​បុគ្គល​ម្នាក់​យក​ឧបករណ៍​ដែក ទៅ​វាយ​អ្នក​ឯ​ទៀត ហើយ​អ្នក​នោះ​ស្លាប់ អ្នក​វាយ​នោះ​ជា​ឃាតករ​ហើយ ត្រូវ​សម្លាប់​គាត់​ជា​មិន​ខាន។+ ១៧  បើ​បុគ្គល​ម្នាក់​យក​ថ្ម​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ទៅ​វាយ​អ្នក​ឯ​ទៀត ហើយ​ជន​រង​គ្រោះ​ស្លាប់ អ្នក​វាយ​នោះ​ជា​ឃាតករ​ហើយ ត្រូវ​សម្លាប់​គាត់​ជា​មិន​ខាន។ ១៨  បើ​បុគ្គល​ម្នាក់​យក​ឧបករណ៍​ឈើ​ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ទៅ​វាយ​អ្នក​ឯ​ទៀត ហើយ​ជន​រង​គ្រោះ​ស្លាប់ អ្នក​វាយ​នោះ​ជា​ឃាតករ​ហើយ ត្រូវ​សម្លាប់​គាត់​ជា​មិន​ខាន។ ១៩  ​«​‹អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​គឺ​ជា​អ្នក​ដែល​ត្រូវ​សម្លាប់​បុគ្គល​នោះ។ គាត់​អាច​សម្លាប់​បុគ្គល​នោះ​បាន កាល​ដែល​គាត់​បាន​ជួប​បុគ្គល​នោះ។ ២០  បើ​អ្នក​ណា​ម្នាក់​បណ្ដាល​ឲ្យ​គេ​ស្លាប់ ដោយ​ច្រាន​គេ​ទាំង​ចិត្ត​ស្អប់ ឬ​ដោយ​គប់​គេ​ព្រោះ​គំនុំ+ ២១  ឬ​ដាល់​គេ​ដោយ​ចិត្ត​ស្អប់ នោះ​អ្នក​ដែល​បណ្ដាល​ឲ្យ​គេ​ស្លាប់ នឹង​ត្រូវ​គេ​សម្លាប់​ជា​មិន​ខាន ព្រោះ​គាត់​ជា​ឃាតករ។ អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក ត្រូវ​សម្លាប់​បុគ្គល​នោះ​វិញ កាល​ដែល​គាត់​បាន​ជួប​បុគ្គល​នោះ។ ២២  ​«​‹ប៉ុន្តែ ក្នុង​ករណី​អ្នក​ណា​ម្នាក់​ច្រាន​ឬ​គប់​អ្វី​មួយ​ទៅ​លើ​បុគ្គល​ម្នាក់​ទៀត ដោយ​គ្មាន​ចេតនា គ្មាន​ចិត្ត​ស្អប់ ឬ​គ្មាន​គំនុំ​ទេ+ ២៣  ឬ​ក្នុង​ករណី​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​ថ្ម​ធ្លាក់​លើ​បុគ្គល​ម្នាក់​ទៀត​ដោយ​មិន​បាន​ឃើញ ហើយ​គាត់​មិន​មែន​ជា​សត្រូវ ឬ​គ្មាន​បំណង​ធ្វើ​ឲ្យ​អ្នក​នោះ​របួស​ទេ តែ​បាន​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ ២៤  នោះ​ពួក​ជំនុំ​ត្រូវ​កាត់​ក្ដី​ឲ្យ​អ្នក​នោះ​និង​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក ស្រប​តាម​ច្បាប់​ទាំង​នេះ។+ ២៥  ពួក​ជំនុំ​ត្រូវ​ជួយ​ការ​ពារ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា ឲ្យ​រួច​ផុត​ពី​ដៃ​របស់​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក ហើយ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ក្រុង​ពំនាក់​ដែល​គាត់​បាន​រត់​ទៅ​នោះ​វិញ។ ក្រោយ​ពី​នោះ គាត់​ត្រូវ​ស្នាក់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​សម្ដេច​សង្ឃ*ស្លាប់។+ ២៦  ​«​‹ប៉ុន្តែ បើ​អ្នក​សម្លាប់​គេ​នោះ​ចេញ​ពី​ព្រំ​ប្រទល់​ក្រុង​ពំនាក់​ដែល​គាត់​បាន​រត់​ទៅ​ជ្រក​កោន ២៧  ហើយ​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក ឃើញ​គាត់​នៅ​ក្រៅ​ព្រំ​ប្រទល់​ក្រុង​ពំនាក់​នោះ អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​អាច​សម្លាប់​អ្នក​នោះ​បាន ហើយ​គ្មាន​ទោស​ទេ។ ២៨  ព្រោះ​អ្នក​នោះ​ត្រូវ​ស្នាក់​នៅ​ក្នុង​ក្រុង​ពំនាក់​រហូត​ដល់​សម្ដេច​សង្ឃ​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​សម្ដេច​សង្ឃ​ស្លាប់ អ្នក​សម្លាប់​គេ​អាច​ត្រឡប់​ទៅ​លំនៅ​របស់​គាត់​វិញ​បាន។+ ២៩  នេះ​នឹង​ទៅ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។ ៣០  ​«​‹បើ​អ្នក​ណា​សម្លាប់​អ្នក​ឯ​ទៀត ដោយ​មាន​ការ​បញ្ជាក់​ពី​សាក្សី​ពីរ​នាក់​ឡើង​ទៅ+ ឃាតករ+នោះ​នឹង​ត្រូវ​គេ​សម្លាប់ តែ​បើ​មាន​តែ​សាក្សី​ម្នាក់​ប៉ុណ្ណោះ មិន​អាច​សម្លាប់​គាត់​បាន​ទេ។ ៣១  អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​ថ្លៃ​លោះ​សម្រាប់​ជីវិត​ឃាតករ​ដែល​សម​នឹង​ស្លាប់​ទេ ព្រោះ​គាត់​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ៣២  អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​ថ្លៃ​លោះ​សម្រាប់​បុគ្គល​ដែល​រត់​ទៅ​ក្រុង​ពំនាក់ ហើយ​ឲ្យ​គាត់​ត្រឡប់​ទៅ​រស់​នៅ​ស្រុក​របស់​គាត់​វិញ មុន​សម្ដេច​សង្ឃ​ស្លាប់​នោះ​ឡើយ។ ៣៣  ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​តែ​ការ​បង្ហូរ​ឈាម​ឡើយ។+ គ្មាន​អ្វី​អាច​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ​ពី​ឈាម​ដែល​បាន​ត្រូវ​កម្ចាយ​នោះ​ទេ លើក​លែង​តែ​តាម​រយៈ​ឈាម​របស់​អ្នក​ដែល​កម្ចាយ​នោះ​ប៉ុណ្ណោះ។+ ៣៤  អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​នោះ​ឡើយ។ ព្រោះ​ខ្ញុំ​យេហូវ៉ា ខ្ញុំ​កំពុង​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​អ៊ីស្រាអែល›​»។+

កំណត់សម្គាល់

មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​អ្នក​ដែល​សង​សឹក​ឲ្យ​ឈាម​»​
គឺ​សម្ដេច​សង្ឃ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង