ជំរឿនបណ្ដាជន ៣៦:១-១៣
-
ច្បាប់អំពីអាពាហ៍ពិពាហ៍របស់ស្ត្រីដែលត្រូវទទួលមត៌ក (១-១៣)
៣៦ រីឯប្រមុខគ្រួសារនៃកូនចៅគីលាត ដែលត្រូវជាកូនម៉ាគា+ ពីកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនយ៉ូសែប ពួកគេបានចូលទៅជួបម៉ូសេនិងពួកមេដឹកនាំកុលសម្ព័ន្ធនៃអ៊ីស្រាអែល។
២ ពួកគេបាននិយាយថា៖ «ព្រះយេហូវ៉ាបានបង្គាប់លោកម្ចាស់ឲ្យបែងចែកដីធ្លីជាមត៌កឲ្យដល់បណ្ដាជនអ៊ីស្រាអែលដោយការចាប់ឆ្នោត+ ហើយលោកម្ចាស់បានទទួលបង្គាប់ពីព្រះយេហូវ៉ាឲ្យប្រគល់មត៌ករបស់ស្លូផិហាតជាបងប្អូនពួកខ្ញុំ ឲ្យដល់កូនស្រីៗរបស់គាត់ដែរ។+
៣ ប៉ុន្តែ បើពួកនាងរៀបការជាមួយនឹងបុរសពីកុលសម្ព័ន្ធផ្សេងទៀត នោះមត៌ករបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែករបស់បុព្វបុរសពួកខ្ញុំ ហើយនឹងត្រូវបន្ថែមទៅឲ្យកុលសម្ព័ន្ធដែលពួកនាងរៀបការនោះវិញ។ ជាលទ្ធផល មត៌កទាំងនេះនឹងត្រូវកាត់ចេញពីចំណែករបស់ពួកខ្ញុំហើយ។
៤ ដូច្នេះ ពេលដល់ឆ្នាំសោមនស្ស+សម្រាប់បណ្ដាជនអ៊ីស្រាអែល មត៌ករបស់ពួកនាងនឹងត្រូវបន្ថែមទៅលើកុលសម្ព័ន្ធដែលពួកនាងរៀបការជាមួយនោះវិញ។ យ៉ាងនេះ មត៌ករបស់ពួកនាងនឹងត្រូវកាត់ចេញពីមត៌កនៃកុលសម្ព័ន្ធពួកខ្ញុំជាមិនខាន»។
៥ បន្ទាប់មក ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលតាមបង្គាប់ព្រះយេហូវ៉ាថា៖ «កុលសម្ព័ន្ធនៃកូនយ៉ូសែបនិយាយត្រូវ។
៦ នេះជាប្រសាសន៍ដែលព្រះយេហូវ៉ាបានបង្គាប់កូនស្រីរបស់ស្លូផិហាតថា៖ ‹ពួកនាងអាចរៀបការជាមួយអ្នកណាក៏បាន ឲ្យតែរៀបការជាមួយនឹងពួកបុរសដែលមកពីកុលសម្ព័ន្ធរបស់ឪពុកពួកនាង។
៧ យ៉ាងនេះ មត៌ករបស់បណ្ដាជនអ៊ីស្រាអែលនឹងមិនត្រូវផ្ទេរពីកុលសម្ព័ន្ធមួយទៅកុលសម្ព័ន្ធមួយទៀតទេ ព្រោះបណ្ដាជនអ៊ីស្រាអែលត្រូវរក្សាមត៌កនៃកុលសម្ព័ន្ធរបស់បុព្វបុរសខ្លួន។
៨ ដូច្នេះ កូនស្រីៗណាដែលមានសិទ្ធិទទួលមត៌កក្នុងចំណោមកុលសម្ព័ន្ធនៃអ៊ីស្រាអែល ពួកនាងត្រូវរៀបការជាមួយនឹងកូនចៅនៃកុលសម្ព័ន្ធរបស់ឪពុកពួកនាង+ ដើម្បីអាចរក្សាកេរមត៌ករបស់បុព្វបុរសខ្លួន។
៩ ម្ល៉ោះហើយ មត៌កនៃកុលសម្ព័ន្ធមួយមិនត្រូវផ្ទេរទៅកុលសម្ព័ន្ធមួយទៀតទេ ព្រោះកុលសម្ព័ន្ធនៃអ៊ីស្រាអែលត្រូវនៅជាប់នឹងមត៌ករបស់ខ្លួន›»។
១០ កូនស្រីរបស់ស្លូផិហាត បានធ្វើតាមដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។+
១១ ដូច្នេះ កូនស្រីរបស់ស្លូផិហាតគឺ ម៉ាឡា ធើសា ហុកឡា មីលកា និងណូអេ+ ពួកនាងបានរៀបការជាមួយនឹងកូនប្រុសៗរបស់បងប្អូនឪពុកខ្លួន។
១២ ពួកនាងបានទៅជាប្រពន្ធរបស់ពួកបុរសដែលមកពីកុលសម្ព័ន្ធម៉ាណាសេជាកូនយ៉ូសែប ដើម្បីឲ្យមត៌កនៃកុលសម្ព័ន្ធរបស់ឪពុកពួកនាងនៅគង់វង្ស។
១៣ នេះហើយជាច្បាប់និងបញ្ញត្តិដែលព្រះយេហូវ៉ាបានឲ្យដល់បណ្ដាជនអ៊ីស្រាអែលតាមរយៈម៉ូសេ នៅឯតំបន់វាលម៉ូអាប់ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ។+