ជំរឿនបណ្ដាជន ៤:១-៤៩

  • កិច្ច​បម្រើ​របស់​ពួក​កូន​ចៅ​កូហាត (​១​-​២០)

  • កិច្ច​បម្រើ​របស់​ពួក​កូន​ចៅ​គើសុន (​២១​-​២៨)

  • កិច្ច​បម្រើ​របស់​ពួក​កូន​ចៅ​មេរេរ៉ាយ (​២៩​-​៣៣)

  • សេចក្ដី​សង្ខេប​នៃ​ការ​ធ្វើ​ជំរឿន (​៣៤​-​៤៩)

 ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ២  ​«​ចូរ​ធ្វើ​ជំរឿន​កូន​ចៅ​កូហាត+ពី​កុលសម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ពួក​គេ ៣  គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ+ដល់​៥០​ឆ្នាំ។+ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ក្នុង​ត្រសាល​ជំនុំ។+ ៤  ​«​កិច្ច​បម្រើ​របស់​កូន​ចៅ​កូហាត​នៅ​ក្នុង​ត្រសាល​ជំនុំ+គឺ​ទាក់​ទង​នឹង​អ្វី​ដែល​បរិសុទ្ធ​បំផុត។ ៥  ពេល​រើ​ជំរំ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ត្រូវ​ចូល​ក្នុង​ត្រសាល​ជំនុំ រួច​ដោះ​វាំងនន​សម្រាប់​ខណ្ឌ+ ហើយ​យក​ទៅ​គ្រប​ហឹប+នៃ​សេចក្ដី​រំលឹក។ ៦  បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ស្បែក​ទន់*គ្រប​ពី​លើ ហើយ​គ្រប​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ​ពី​លើ​មួយ​ជាន់​ទៀត រួច​ស៊ក​ឈើ​ស្នែង+ហឹប។ ៧  ​«​បន្ថែម​ទៀត ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ​គ្រប​លើ​តុ​ដាក់​នំ​ប៉័ង​តាំង​ទុក+ រួច​ដាក់​ចាន ពែង ចាន​គោម និង​ថូ​ដាក់​គ្រឿង​បូជា​ជា​ស្រា។+ នំ​ប៉័ង+ដែល​ជា​គ្រឿង​បូជា ត្រូវ​មាន​នៅ​លើ​នោះ​ជា​និច្ច។ ៨  ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ក្រហម​គ្រប​ពី​លើ ហើយ​គ្រប​ផ្ទាំង​ស្បែក​ទន់*ពី​លើ​មួយ​ជាន់​ទៀត រួច​ស៊ក​ឈើ​ស្នែង​តុ។+ ៩  បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ​គ្រប​ជើង​ចង្កៀង+និង​ចង្កៀង+ ប្រដាប់​ពន្លត់​ប្រឆេះ ប្រដាប់​ដាក់​កម្ទេច​ប្រឆេះ+ និង​ប្រដាប់​ដាក់​ប្រេង​សម្រាប់​ចង្កៀង។ ១០  ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ស្បែក​ទន់* រុំ​ជើង​ចង្កៀង​និង​ប្រដាប់​ប្រដា​ទាំង​នោះ រួច​ដាក់​លើ​ប្រដាប់​សែង។ ១១  ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ​គ្រប​លើ​ទី​បូជា​ធ្វើ​ពី​មាស+ ហើយ​គ្រប​ផ្ទាំង​ស្បែក​ទន់*ពី​លើ​មួយ​ជាន់​ទៀត រួច​ស៊ក​ឈើ​ស្នែង+ទី​បូជា។ ១២  បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ប្រដាប់​ប្រដា​ទាំង​អស់+ដែល​ប្រើ​ប្រាស់​នៅ​កន្លែង​បរិសុទ្ធ ខ្ចប់​ក្នុង​ផ្ទាំង​ក្រណាត់​ពណ៌​ខៀវ រួច​យក​ផ្ទាំង​ស្បែក​ទន់*រុំ​ពី​លើ​មួយ​ជាន់​ទៀត ហើយ​យក​ទៅ​ដាក់​លើ​ប្រដាប់​សែង។ ១៣  ​«​ពួក​គាត់​ត្រូវ​ប្រមូល​ផេះ​ចេញ​ពី​ទី​បូជា+ ហើយ​យក​ផ្ទាំង​ក្រណាត់​ពណ៌​ស្វាយ*គ្រប​ពី​លើ​ទី​បូជា​នោះ។ ១៤  រួច​ដាក់​ប្រដាប់​ប្រដា​ផ្សេង​ៗ​នៅ​លើ​នោះ ជា​ប្រដាប់​ប្រដា​សម្រាប់​បំពេញ​កិច្ច​បម្រើ​នៅ​ទី​បូជា ដែល​រួម​មាន​៖ ប្រដាប់​ដាក់​រងើក​ភ្លើង សម ប៉ែល ចាន​គោម រួម​ទាំង​ប្រដាប់​ប្រដា​ឯ​ទៀត​ដែរ។+ បន្ទាប់​មក ពួក​គាត់​ត្រូវ​យក​ផ្ទាំង​ស្បែក​ទន់*គ្រប​ពី​លើ រួច​ស៊ក​ឈើ​ស្នែង+ទី​បូជា។ ១៥  ​«​កាល​ណា​រើ​ជំរំ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ត្រូវ​គ្រប​កន្លែង​បរិសុទ្ធ+និង​ឧបករណ៍​ទាំង​អស់​ក្នុង​នោះ​ឲ្យ​បាន​រួច​រាល់។ បន្ទាប់​មក កូន​ចៅ​របស់​កូហាត​ត្រូវ​ចូល​មក​សែង​របស់​ទាំង​នោះ។+ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​កន្លែង​បរិសុទ្ធ​ឡើយ។ ព្រោះ​បើ​ប៉ះ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ នេះ​ហើយ​ជា​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​វង្ស​ត្រកូល​កូហាត​ត្រូវ​បំពេញ​នៅ​ឯ​ត្រសាល​ជំនុំ។ ១៦  ​«​អេលាសារ+ជា​កូន​របស់​អេរ៉ុន​ដែល​ជា​សង្ឃ គាត់​មើល​ខុស​ត្រូវ​ខាង​ប្រេង​ចង្កៀង+ គ្រឿង​ក្រអូប+ គ្រឿង​បូជា​ពី​ស្រូវ​ដែល​ត្រូវ​ជូន​ជា​ប្រចាំ និង​ប្រេង​សម្រាប់​ចាក់​តែង​តាំង។+ ដូច្នេះ គាត់​មើល​ខុស​ត្រូវ​ត្រសាល​ជំនុំ​ទាំង​មូល និង​អ្វី​ៗ​ដែល​នៅ​ក្នុង​នោះ រួម​ទាំង​កន្លែង​បរិសុទ្ធ​និង​ប្រដាប់​ប្រដា​ឯ​ទៀត​»។ ១៧  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ត​ទៅ​ទៀត​ថា​៖ ១៨  ​«​មិន​ត្រូវ​កាត់​វង្ស​ត្រកូល​កូហាត+ចេញ​ពី​កុលសម្ព័ន្ធ​លេវី​ឡើយ។ ១៩  ម្ល៉ោះ​ហើយ អ្នក​ត្រូវ​ធ្វើ​ដូច្នោះ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់ កាល​ដែល​ពួក​គេ​ចូល​ទៅ​ជិត​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​នឹង​ចូល​ទៅ រួច​ចាត់​ចែង​កិច្ចការ​ឲ្យ​ពួក​គេ ហើយ​ប្រាប់​អ្វី​ដែល​ពួក​គេ​ត្រូវ​សែង។ ២០  ពួក​គេ​មិន​ត្រូវ​ចូល​មើល​ប្រដាប់​ប្រដា​បរិសុទ្ធ​ជា​ដាច់​ខាត សូម្បី​តែ​មួយ​ភ្លែត​ក៏​មិន​បាន​ដែរ។ ព្រោះ​បើ​មើល ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។+ ២១  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ២២  ​«​ចូរ​ធ្វើ​ជំរឿន​កូន​ចៅ​គើសុន+ តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​របស់​ពួក​គេ ២៣  គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។ ២៤  កូន​ចៅ​គើសុន​មាន​ភារកិច្ច​មើល​ថែ និង​សែង​របស់​ដូច​ត​ទៅ​៖+ ២៥  ពួក​គេ​ត្រូវ​សែង​ផ្ទាំង​ក្រណាត់​គ្រប​ត្រសាល​ជំនុំ+ គឺ​ផ្ទាំង​ក្រណាត់​សាច់​ល្អ ផ្ទាំង​ស្បែក​ធ្វើ​ពី​រោម​ពពែ ផ្ទាំង​ស្បែក​ចៀម​ឈ្មោល និង​ផ្ទាំង​ស្បែក​ទន់*ដែល​នៅ​លើ​បំផុត+ ព្រម​ទាំង​វាំងនន​បាំង​ច្រក​ចូល​ត្រសាល​ជំនុំ។+ ២៦  ពួក​គេ​ក៏​ត្រូវ​សែង​រនាំង​ទី​ធ្លា+ដែល​នៅ​ជុំ​វិញ​ត្រសាល​ជំនុំ​និង​ទី​បូជា រួម​ទាំង​វាំងនន​ច្រក​ចូល​ទី​ធ្លា+ ខ្សែ​ចង​ត្រសាល​និង​គ្រឿង​ត្រសាល និង​អ្វី​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​កិច្ចការ​នោះ​ដែរ។ នេះ​ហើយ​ជា​ភារកិច្ច​របស់​ពួក​គេ។ ២៧  កូន​ចៅ​គើសុន+បំពេញ​កិច្ចការ​ទាំង​អស់​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ អ្នក​ត្រូវ​ប្រគល់​ភារកិច្ច​ទាំង​នេះ​ដល់​កូន​ចៅ​គើសុន។ ២៨  នេះ​ហើយ​ជា​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​វង្ស​ត្រកូល​គើសុន​ត្រូវ​បំពេញ​នៅ​ក្នុង​ត្រសាល​ជំនុំ។+ ពួក​គេ​ធ្វើ​ការ​នៅ​ក្រោម​ការ​ណែនាំ​របស់​អ៊ីតតាម៉ា+ជា​កូន​អេរ៉ុន​ជា​សង្ឃ។ ២៩  ​«​ស្ដី​អំពី​កូន​ចៅ​មេរេរ៉ាយ+ អ្នក​ក៏​ត្រូវ​ធ្វើ​ជំរឿន​ពួក​គេ​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ដែរ ៣០  គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។ ៣១  ពួក​គេ​មាន​ភារកិច្ច​នៅ​ឯ​ត្រសាល​ជំនុំ គឺ​សែង​របស់​ដូច​ត​ទៅ​៖+ ក្ដារ​ស៊ុម+ត្រសាល​ជំនុំ រនុក+ សសរ+ និង​ជើង​ទ្រ+ ៣២  បង្គោល+រនាំង​ជុំ​វិញ​ទី​ធ្លា ជើង​ទ្រ+ ស្នឹង​ត្រសាល+ ខ្សែ​ចង​ត្រសាល​និង​គ្រឿង​ត្រសាល ព្រម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​កិច្ច​បម្រើ​នេះ។ អ្នក​ត្រូវ​ប្រាប់​ឈ្មោះ​ប្រដាប់​ប្រដា​ទាំង​នោះ​ឲ្យ​ពួក​គេ​សែង។ ៣៣  នេះ​ហើយ​ជា​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​វង្ស​ត្រកូល​មេរេរ៉ាយ+ត្រូវ​បំពេញ​នៅ​ឯ​ត្រសាល​ជំនុំ។ ពួក​គេ​ធ្វើ​ការ​នៅ​ក្រោម​ការ​ណែនាំ​របស់​អ៊ីតតាម៉ា​ជា​កូន​អេរ៉ុន​ជា​សង្ឃ​»។+ ៣៤  បន្ទាប់​មក ម៉ូសេ អេរ៉ុន និង​ពួក​មេ​ដឹក​នាំ+ពួក​ជំនុំ បាន​ធ្វើ​ជំរឿន​កូន​ចៅ​កូហាត+តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ពួក​គេ ៣៥  គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។+ ៣៦  ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប​គឺ​២.៧៥០​នាក់។+ ៣៧  នេះ​ហើយ​ជា​ចំនួន​កូន​ចៅ​កូហាត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ត្រសាល​ជំនុំ។ ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​ជំរឿន​ពួក​គេ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។+ ៣៨  កូន​ចៅ​គើសុន+បាន​ត្រូវ​ចុះ​ឈ្មោះ​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល ៣៩  គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។ ៤០  ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប​គឺ​២.៦៣០​នាក់។+ ៤១  នេះ​ហើយ​ជា​ចំនួន​កូន​ចៅ​គើសុន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ត្រសាល​ជំនុំ។ ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​ជំរឿន​ពួក​គេ​តាម​បង្គាប់​ព្រះ​យេហូវ៉ា។+ ៤២  កូន​ចៅ​មេរេរ៉ាយ​បាន​ត្រូវ​ចុះ​ឈ្មោះ​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល ៤៣  គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​អ្នក​ទាំង​នោះ​នៅ​ក្នុង​ក្រុម​ដែល​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ។+ ៤៤  ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប​គឺ​៣.២០០​នាក់។+ ៤៥  នេះ​ហើយ​ជា​ចំនួន​កូន​ចៅ​មេរេរ៉ាយ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ដែល​ម៉ូសេ​និង​អេរ៉ុន​បាន​ធ្វើ​ជំរឿន​តាម​បង្គាប់​ព្រះ​យេហូវ៉ា។+ ៤៦  ម៉ូសេ អេរ៉ុន និង​ពួក​មេ​ដឹក​នាំ​ពួក​ជំនុំ បាន​ធ្វើ​ជំរឿន​កុលសម្ព័ន្ធ​លេវី​ទាំង​អស់​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ពួក​គេ ៤៧  គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ដល់​៥០​ឆ្នាំ។ ពួក​គេ​មាន​ភារកិច្ច​ធ្វើ​ការ​នៅ​ត្រសាល​ជំនុំ និង​សែង​ប្រដាប់​ប្រដា​នៅ​ក្នុង​នោះ​ដែរ។+ ៤៨  ចំនួន​ពួក​គេ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី សរុប​គឺ​៨.៥៨០​នាក់។+ ៤៩  ពួក​គេ​បាន​ត្រូវ​ចុះ​ឈ្មោះ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ។ ក្រុម​ពួក​គេ​នីមួយ​ៗ​បាន​ទទួល​ភារកិច្ច ព្រម​ទាំង​ប្រដាប់​ប្រដា​ដែល​ត្រូវ​សែង។ ពួក​គេ​បាន​ត្រូវ​ចុះ​ឈ្មោះ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

កំណត់សម្គាល់

ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង
ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង
ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង
ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង
ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង
ឬ​«​ផ្ទាំង​ក្រណាត់​ពណ៌​ស្វាយ​ធ្វើ​ពី​រោម​ចៀម​»​
ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង
ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង