ជំរឿនបណ្ដាជន ៩:១-២៣

  • ការ​រៀបចំ​សម្រាប់​ធ្វើ​បុណ្យ​រំលង​ក្រោយ​មក (​១​-​១៤)

  • ពពក​និង​ភ្លើង​នៅ​ខាង​លើ​ត្រសាល​ព្រះ (​១៥​-​២៣)

 នៅ​ខែ​ទី​១ ក្នុង​ឆ្នាំ​ទី​២ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ+ ដូច​ត​ទៅ​នេះ​ថា​៖ ២  ​«​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​រៀបចំ​ធ្វើ​បុណ្យ​រំលង+នៅ​ពេល​ដែល​បាន​ត្រូវ​កំណត់+ ៣  គឺ​នៅ​ល្ងាច*ថ្ងៃ​ទី​១៤ ក្នុង​ខែ​នេះ។ អ្នក​ត្រូវ​រៀបចំ​ធ្វើ​បុណ្យ​រំលង​ស្រប​តាម​ច្បាប់​និង​ការ​ណែនាំ​គ្រប់​ជំពូក​»។+ ៤  ដូច្នេះ ម៉ូសេ​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​រៀបចំ​ធ្វើ​បុណ្យ​រំលង។ ៥  ហេតុ​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ក្នុង​ខែ​ទី​១ ពួក​គេ​បាន​រៀបចំ​ធ្វើ​បុណ្យ​រំលង​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ី​ណាយ ស្រប​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ។ ៦  នៅ​ថ្ងៃ​នោះ អ្នក​ខ្លះ​បាន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​បាន​ប៉ះ​សាក​សព។+ ដូច្នេះ ពួក​គេ​មិន​អាច​រៀបចំ​ធ្វើ​បុណ្យ​រំលង​ទេ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ជួប​ម៉ូសេ​និង​អេរ៉ុន។+ ៧  ពួក​គេ​បាន​និយាយ​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ពួក​យើង​បាន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារបាន​ប៉ះ​សាក​សព តើ​នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ខក​ខាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​នៅ​ពេល​កំណត់​ជា​មួយ​នឹង​បណ្ដា​ជន​អ៊ីស្រាអែល​ឬ?​»។+ ៨  ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​ចាំ​នៅ​ទី​នេះ​សិន ខ្ញុំ​នឹង​ទៅ​សួរ​ព្រះ​យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា​»។+ ៩  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ១០  ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ចាប់​ពី​អ្នក​រាល់​គ្នា​រហូត​ដល់​ជំនាន់​ក្រោយ​ៗ បើ​អ្នក​ណា​ម្នាក់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារបាន​ប៉ះ​សាក​សព+ ឬ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ នោះ​គាត់​នៅ​តែ​ត្រូវ​រៀបចំ​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា។ ១១  ពួក​គេ​ត្រូវ​រៀបចំ​ធ្វើ​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ក្នុង​ខែ​ទី​២។+ ពួក​គេ​ត្រូវ​បរិភោគ​សាច់​ចៀម​នៃ​បុណ្យ​រំលង​ជា​មួយ​នំ​ឥត​ដំបែ​និង​បន្លែ​ល្វីង។+ ១២  ពួក​គេ​មិន​ត្រូវ​បំបាក់​ឆ្អឹង​ចៀម​នោះ​ទេ+ ហើយ​ក៏​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ព្រឹក​ដែរ។+ ពួក​គេ​ត្រូវ​រៀបចំ​ធ្វើ​បុណ្យ​រំលង ស្រប​តាម​ការ​ណែនាំ​ទាំង​អស់​អំពី​បុណ្យ​នោះ។ ១៣  ប៉ុន្តែ បើ​អ្នក​ណា​ម្នាក់​ស្អាត​បរិសុទ្ធ ហើយ​មិន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ តែ​មិន​រៀបចំ​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា​តាម​ពេល​កំណត់​ទេ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ជន​រួម​ជាតិ​ខ្លួន។+ គាត់​ត្រូវ​ទទួល​ទោស​ចំពោះ​កំហុស​របស់​ខ្លួន។ ១៤  ​«​‹ឯ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គាត់​ក៏​ត្រូវ​រៀបចំ​ធ្វើ​បុណ្យ​រំលង​ជូន​ព្រះ​យេហូវ៉ា+ ស្រប​តាម​ច្បាប់​និង​ការ​ណែនាំ​អំពី​បុណ្យ​នោះ​ដែរ។+ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់​ដូច​គ្នា ទាំង​ជន​បរទេស ទាំង​ជន​ជាតិ​អ៊ីស្រាអែល›​»។+ ១៥  នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ត្រសាល​ជំនុំ​រួច​រាល់​ហើយ+ បង្គោល​ពពក​បាន​មក​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ គឺ​ត្រសាល​ដែល​មាន​ហឹប​នៃ​សេចក្ដី​រំលឹក។ ប៉ុន្តែ នៅ​ពេល​ល្ងាច បង្គោល​ពពក​នោះ​មើល​ទៅ​ដូច​ជា​បង្គោល​ភ្លើង ហើយ​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ​រហូត​ដល់​ព្រឹក។+ ១៦  នៅ​ពេល​ថ្ងៃ បង្គោល​ពពក​តែង​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ តែ​នៅ​ពេល​យប់ បង្គោល​ភ្លើង​តែង​ស្ថិត​នៅ​លើ​នោះ​វិញ។+ ១៧  កាល​ណា​បង្គោល​ពពក​ឡើង​ផុត​ពី​ត្រសាល​ជំនុំ បណ្ដា​ជន​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ចេញ​ទៅ​ភ្លាម+ ហើយ​នៅ​ត្រង់​កន្លែង​ណា​ដែល​បង្គោល​ពពក​ឈប់ ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។+ ១៨  បណ្ដា​ជន​អ៊ីស្រាអែល​តែង​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ក៏​បោះ​ជំរំ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ដែរ។+ ដរាប​ណា​បង្គោល​ពពក​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ ដរាប​នោះ​ពួក​គេ​ស្នាក់​នៅ​ទី​នោះ។ ១៩  ពេល​បង្គោល​ពពក​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ​អស់​ជា​ច្រើន​ថ្ងៃ បណ្ដា​ជន​អ៊ីស្រាអែល​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ក៏​ស្នាក់​នៅ​ទី​នោះ​អស់​ជា​ច្រើន​ថ្ងៃ​ដែរ។+ ២០  ប៉ុន្តែ ពេល​ខ្លះ​បង្គោល​ពពក​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ហេតុ​នេះ បណ្ដា​ជន​អ៊ីស្រាអែល​តែង​តែ​បោះ​ជំរំ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ក៏​តែង​តែ​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ដែរ។ ២១  ពេល​ខ្លះ បង្គោល​ពពក​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ​ពី​ល្ងាច​ដល់​ព្រឹក​ប៉ុណ្ណោះ។ ដូច្នេះ នៅ​ពេល​ព្រឹក បង្គោល​ពពក​ក៏​ឡើង​ផុត​ពី​ត្រសាល​ជំនុំ ហើយ​បណ្ដា​ជន​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ។ បើ​បង្គោល​ពពក​ឡើង​ផុត​នៅ​ពេល​ណា ពួក​គេ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​នៅ​ពេល​នោះ​ដែរ ទោះ​ជា​យប់​ឬ​ថ្ងៃ​ក្ដី។+ ២២  បើ​បង្គោល​ពពក​ស្ថិត​នៅ​លើ​ត្រសាល​ជំនុំ​អស់​ពីរ​ថ្ងៃ មួយ​ខែ ឬ​យូរ​ជាង បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ស្នាក់​នៅ​តាម​រយៈ​ពេល​នោះ​ដែរ។ ប៉ុន្តែ ពេល​បង្គោល​ពពក​នោះ​ឡើង​ផុត ពួក​គេ​ត្រូវ​ចេញ​ដំណើរ​ទៅ។ ២៣  បណ្ដា​ជន​អ៊ីស្រាអែល​តែង​តែ​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ក៏​បោះ​ជំរំ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ដែរ។ យ៉ាង​នេះ ពួក​គេ​បាន​ធ្វើ​តាម​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ម៉ូសេ គឺ​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​គ្រប់​ជំពូក។

កំណត់សម្គាល់

តាម​មើល​ទៅ​នេះ​សំដៅ​លើ​ពេល​វេលា​មួយ​ដែល​នៅ​ក្រោយ​ថ្ងៃ​លិច ហើយ​មុន​ពេល​ព្រលប់