ដើមកំណើត ១:១-៣១

  • ការ​បង្កើត​មេឃ​និង​ផែនដី (​១, ២)

  • រយៈ​ពេល​៦​ថ្ងៃ​នៃ​ការ​រៀបចំ​ផែនដី (​៣​-​៣១)

    • ថ្ងៃ​ទី​១: ពន្លឺ ថ្ងៃ​និង​យប់ (​៣​-​៥)

    • ថ្ងៃ​ទី​២: លំហ (​៦​-​៨)

    • ថ្ងៃ​ទី​៣: ដី​គោក​និង​រុក្ខជាតិ (​៩​-​១៣)

    • ថ្ងៃ​ទី​៤: តួ​ពន្លឺ​នៅ​លើ​មេឃ (​១៤​-​១៩)

    • ថ្ងៃ​ទី​៥: ត្រី​និង​សត្វ​ស្លាប (​២០​-​២៣)

    • ថ្ងៃ​ទី​៦: សត្វ​លើ​ដី​គោក​និង​មនុស្ស (​២៤​-​៣១)

 កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ*និង​ផែនដី។+ ២  ដំបូង ផែនដី​មិន​ទាន់​មាន​រូប​រាង​ច្បាស់​លាស់​ទេ ហើយ​នៅ​ទទេ។ មាន​តែ​ភាព​ងងឹត​គ្រប​លើ​ទឹក​ដ៏​ជ្រៅ*+ ហើយ​ឫទ្ធានុភាព​របស់​ព្រះ+មាន​ចលនា​នៅ​លើ​ផ្ទៃ​ទឹក​នោះ។+ ៣  បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​ពន្លឺ​»។ ពេល​នោះ ពន្លឺ​ក៏​មាន​ឡើង។+ ៤  ក្រោយ​នោះ ព្រះ​បាន​ឃើញ​ថា​ពន្លឺ​នោះ​ល្អ ហើយ​លោក​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ៥  ព្រះ​បាន​ហៅ​ពន្លឺ​ថា​ថ្ងៃ តែ​ហៅ​ភាព​ងងឹត​ថា​យប់+ ហើយ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​១។ ៦  បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​លំហ+នៅ​រវាង​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា​»។+ ៧  ដូច្នេះ ព្រះ​បាន​ធ្វើ​លំហ ដើម្បី​ញែក​ទឹក​មួយ​ផ្នែក​ឲ្យ​នៅ​ខាង​ក្រោម​លំហ​អាកាស ហើយ​មួយ​ផ្នែក​ទៀត​ឲ្យ​នៅ​លើ​លំហ​អាកាស។+ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ៨  ព្រះ​បាន​ហៅ​លំហ​អាកាស​នោះ​ថា​មេឃ។ រួច​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​២។ ៩  បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​ផ្ដុំ​នៅ​កន្លែង​មួយ ហើយ​ចូរ​ឲ្យ​ទី​គោក​ផុស​ឡើង​»។+ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ១០  ព្រះ​បាន​ហៅ​ទី​គោក​នោះ​ថា​ដី+ ហើយ​ហៅ​ទឹក​ដែល​បាន​ប្រមូល​ផ្ដុំ​នោះ​ថា​សមុទ្រ។*+ រួច​មក ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ។+ ១១  បន្ទាប់​មក ព្រះបាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ដី​ដុះ​ស្មៅ និង​រុក្ខជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ ព្រម​ទាំង​ដើម​ឈើ​ដែល​មាន​ផ្លែ​តាម​ពូជ​ដែរ ហើយ​ផ្លែ​នោះ​ត្រូវ​មាន​គ្រាប់​»។ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ១២  ដូច្នេះ ដី​ចាប់​ផ្ដើម​ដុះ​ស្មៅ និង​រុក្ខជាតិ​ដែល​មាន​គ្រាប់+ ព្រម​ទាំង​ដើម​ឈើ​ដែល​មាន​ផ្លែ​និង​គ្រាប់ ទៅ​តាម​ពូជ​របស់​វា​នីមួយ​ៗ។ រួច​មក ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ ១៣  ហើយ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​៣។ ១៤  បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​តួ​ពន្លឺ+នៅ​លើ​មេឃ ដើម្បី​ញែក​ថ្ងៃ​និង​យប់​ចេញ​ពី​គ្នា+ ហើយ​តួ​ពន្លឺ​នោះ​នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់ សម្រាប់​រដូវ​កាល សម្រាប់​ថ្ងៃ​និង​ឆ្នាំ។+ ១៥  តួ​ពន្លឺ​នោះ​ជា​ពន្លឺ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​ផែនដី​»។ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ១៦  ដូច្នេះ ព្រះ​បាន​ធ្វើ​តួ​ពន្លឺ​ធំ​ពីរ មួយ​ដែល​ភ្លឺ​ខ្លាំង​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ+ មួយ​ដែល​ភ្លឺ​តិច​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ហើយ​លោក​ក៏​បាន​ធ្វើ​ផ្កាយ​ទាំង​ឡាយ​ដែរ។+ ១៧  យ៉ាង​នេះ ព្រះ​បាន​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​ផែនដី ១៨  ថែម​ទាំង​ដើម្បី​កាន់​កាប់​ថ្ងៃ​និង​យប់ ហើយ​ដើម្បី​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។+ រួច​ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ ១៩  ហើយ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​៤។ ២០  បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​សត្វ​ជា​ច្រើន​នៅ​ក្នុង​ទឹក ហើយ​ឲ្យ​មាន​សត្វ​ស្លាប​ហោះហើរ​នៅ​លើ​មេឃ​»។+ ២១  ដូច្នេះ ព្រះ​បាន​បង្កើត​សត្វ​ធំ​ៗ​សម្បើម​នៅ​ក្នុង​សមុទ្រ និង​សត្វ​ទាំង​ឡាយ​រស់​រវើក​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា​នីមួយ​ៗ។ លោក​ក៏​បង្កើត​សត្វ​ស្លាប​គ្រប់​ប្រភេទ តាម​ពូជ​វា​ដែរ ហើយ​ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ។ ២២  រួច​ព្រះ​បាន​ឲ្យ​ពរ​ពួក​វា ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឲ្យ​មាន​ពេញ​ក្នុង​សមុទ្រ​ចុះ+ ហើយ​ចូរ​ឲ្យ​សត្វ​ស្លាប​មាន​ចំនួន​ជា​ច្រើន​ឡើង​នៅ​ផែនដី​ដែរ​»។ ២៣  នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​៥។ ២៤  បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​មាន​សត្វ​ផ្សេង​ៗ​តាម​ពូជ គឺ​សត្វ​លូន​វារ សត្វ​ស្រុក និង​សត្វ​ព្រៃ​នៅ​ផែនដី​»។+ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ២៥  ដូច្នេះ ព្រះ​បាន​សូន​ធ្វើ​សត្វ​ព្រៃ​នៅ​ផែនដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ និង​សត្វ​លូន​វារ​តាម​ពូជ​ដែរ។ រួច​ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ។ ២៦  បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យើង+ធ្វើ​មនុស្ស​ឲ្យ​មាន​ភាព​ដូច​យើង+និង​មាន​លក្ខណៈ​ដូច​យើង+ ហើយ​ឲ្យ​ពួក​គេ​កាន់​កាប់​លើ​ត្រី​ក្នុង​សមុទ្រ សត្វ​ហើរ​លើ​អាកាស សត្វ​ស្រុក និង​សត្វ​លូន​វារ​គ្រប់​ប្រភេទ ព្រម​ទាំង​ផែនដីទាំង​មូល​»។+ ២៧  ដូច្នេះ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក។ លោក​បាន​បង្កើត​ពួក​គេ​ជា​ប្រុស​ជា​ស្រី​ឲ្យ​មាន​លក្ខណៈ​ដូច​លោក។+ ២៨  បន្ថែម​ទៅ​ទៀត ព្រះ​បាន​ឲ្យ​ពរ​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ+ ហើយ​ចូរ​គ្រប់​គ្រង​ផែនដី+ ព្រម​ទាំង​កាន់​កាប់+លើ​ត្រី​ក្នុង​សមុទ្រ សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ទាំង​ឡាយ​ដែល​នៅ​ផែនដី​»។ ២៩  បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ឲ្យ​ដល់​អ្នក​នូវ​រុក្ខជាតិ​ដែល​មាន​គ្រាប់ ព្រម​ទាំង​ដើម​ឈើ​ហូប​ផ្លែ​ដែល​មាន​គ្រាប់ នៅ​ផែនដី​ទាំង​មូល។ រុក្ខជាតិ​ទាំង​នេះ​ជា​អាហារ​ដល់​អ្នក។+ ៣០  រីឯ​សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស ព្រម​ទាំង​សត្វ​ទាំង​អស់​នៅ​ផែនដី ខ្ញុំ​ឲ្យ​រុក្ខជាតិ​ខៀវ​ខ្ចី​គ្រប់​ប្រភេទ​ជា​អាហារ​ដល់​ពួក​វា​»។+ នោះ​ក៏​កើត​ឡើង​ដូច្នោះ។ ៣១  ក្រោយ​មក ព្រះ​បាន​ឃើញ​ថា​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត គឺ​សុទ្ធតែ​ល្អ​ប្រពៃ+ ហើយ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង គឺ​ថ្ងៃ​ទី​៦។

កំណត់សម្គាល់

សំដៅ​លើ​សកល​លោក​ទាំង​មូល រួម​បញ្ចូល ផ្កាយ ភព​នា​នា និង​កាឡាក់ស៊ី​ជា​ដើម
ឬ​«​ទឹក​ដែល​កញ្ជ្រោល​បក់​បោក​»​
ពាក្យ​«​សមុទ្រ​»​នៅ​ទី​នេះ​ក៏​អាច​សំដៅ​លើ​ទន្លេ​បឹង​បួ​ដែរ