ដើមកំណើត ២:១-២៥
២ យ៉ាងនេះ ព្រះបានបង្កើតអ្វីៗទាំងអស់នៅលើមេឃនិងផែនដីរួចរាល់។+
២ នៅថ្ងៃទី៧ ព្រះបានសម្រេចកិច្ចការដែលលោកបានធ្វើចប់សព្វគ្រប់ ហើយនៅថ្ងៃនោះលោកបានសម្រាកពីកិច្ចការទាំងអស់។+
៣ ព្រះក៏បានឲ្យពរដល់ថ្ងៃទី៧ ហើយកំណត់ថ្ងៃនោះទុកជាថ្ងៃពិសិដ្ឋ ព្រោះនៅថ្ងៃនោះ លោកបានសម្រាកពីកិច្ចការបង្កើត គឺជាកិច្ចការទាំងអស់ដែលលោកមានបំណងធ្វើ។
៤ នេះជាកំណត់ហេតុអំពីដើមកំណើតមេឃនិងផែនដីក្នុងកាលដែលបានត្រូវបង្កើត គឺជាគ្រា*ដែលព្រះយេហូវ៉ា*បានបង្កើតមេឃនិងផែនដី។+
៥ នៅផែនដីមិនទាន់មានរុក្ខជាតិណាឡើយ ពីព្រោះព្រះយេហូវ៉ាមិនទាន់ធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដី ហើយក៏គ្មានអ្នកដាំដុះថែទាំដែរ។
៦ ប៉ុន្តែ ព្រះបានធ្វើឲ្យចំហាយទឹកចេញពីផែនដី មកស្រោចស្រពលើផ្ទៃផែនដីវិញ។
៧ ព្រះយេហូវ៉ាបានយកដីមកសូនធ្វើជាមនុស្សម្នាក់+ ហើយផ្លុំដង្ហើមជីវិតចូលទៅក្នុងរន្ធច្រមុះគាត់។+ ពេលនោះ គាត់ក៏មានជីវិត*ឡើង។+
៨ បន្ថែមទៅទៀត ព្រះយេហូវ៉ាបានធ្វើសួនមួយក្នុងតំបន់អេដែន+នៅភាគខាងកើត ហើយលោកបានដាក់បុរសដែលលោកបានបង្កើតឲ្យនៅទីនោះ។+
៩ បន្ទាប់មក ព្រះយេហូវ៉ាបានដាំដើមឈើស្អាតៗគ្រប់ប្រភេទ និងមានផលផ្លែអាចបរិភោគបាន។ ឯនៅកណ្ដាលសួនវិញ ព្រះបានដាំដើមឈើដែលផ្ដល់ជីវិត+ និងដើមឈើដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់។+
១០ នៅអេដែន មានប្រភពទឹកមួយហូរមកស្រោចស្រពសួននោះ ហើយក៏បែកចេញទៅជាទន្លេបួន។
១១ ទន្លេទី១ឈ្មោះពីសុន។ ទន្លេនោះហូរព័ទ្ធជុំវិញស្រុកហាវីឡា ជាតំបន់ដែលមានមាស។
១២ មាសនៅទឹកដីនោះជាមាសល្អ ហើយនៅទីនោះក៏សម្បូរជ័រក្រអូបដេលាម និងត្បូងអូនីក្សផងដែរ។
១៣ ទន្លេទី២ឈ្មោះគីហុន។ ទន្លេនោះហូរព័ទ្ធជុំវិញស្រុកគូស។
១៤ ទន្លេទី៣ឈ្មោះហ៊ីដេកែល។*+ ទន្លេនោះហូរទៅភាគខាងកើតស្រុកអាស៊ីរី+ ហើយទន្លេទី៤ឈ្មោះអឺប្រាត។+
១៥ ព្រះយេហូវ៉ាបានដាក់បុរសនោះឲ្យរស់នៅក្នុងសួនអេដែន ដើម្បីគាត់អាចធ្វើការដាំដុះនិងថែទាំសួននោះ។+
១៦ រួចមក ព្រះយេហូវ៉ាបានបង្គាប់គាត់ថា៖ «អ្នកអាចបរិភោគផ្លែពីដើមឈើទាំងអស់ក្នុងសួននេះបានតាមចិត្ត។+
១៧ ប៉ុន្តែ អ្នកមិនត្រូវបរិភោគផ្លែពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ព្រោះនៅថ្ងៃណាដែលអ្នកបរិភោគ អ្នកនឹងស្លាប់ជាមិនខាន»។+
១៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «គឺមិនល្អទេ ដែលបុរសនេះនៅតែម្នាក់ឯង។ ខ្ញុំនឹងបង្កើត*ជំនួយម្នាក់ដែលសមនឹងគាត់»។*+
១៩ នៅគ្រានោះ ព្រះយេហូវ៉ាបានយកដីមកសូនធ្វើជាសត្វព្រៃទាំងឡាយ និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ រួចមក លោកនាំយកសត្វទាំងនោះទៅឲ្យបុរសនោះមើលថាគួរដាក់ឈ្មោះអ្វី។ ឯឈ្មោះសត្វណាដែលបុរសនោះបានដាក់ឲ្យ សត្វនោះក៏មានឈ្មោះនោះទៅ។+
២០ ដូច្នេះ បុរសនោះបានដាក់ឈ្មោះឲ្យសត្វព្រៃសត្វស្រុក និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ ប៉ុន្តែ បុរសនោះគ្មានជំនួយជាគូបង្គ្រប់គាត់ទេ។
២១ ម្ល៉ោះហើយ ព្រះយេហូវ៉ាបានធ្វើឲ្យបុរសនោះដេកលក់ស៊ប់ទៅ ហើយលោកដកយកឆ្អឹងជំនីរមួយរបស់គាត់ រួចភ្ជិតសាច់គាត់ទៅវិញ។
២២ ព្រះយេហូវ៉ាបានយកឆ្អឹងជំនីរនោះមកធ្វើជាស្ត្រីម្នាក់ រួចនាំនាងទៅប្រគល់ឲ្យបុរសនោះ។+
២៣ បន្ទាប់មក បុរសនោះបាននិយាយថា៖
«នេះហើយជាឆ្អឹងពីឆ្អឹងខ្ញុំ ជាសាច់ពីសាច់ខ្ញុំ។
ដូច្នេះ អ្នកនេះនឹងត្រូវហៅថាស្ត្រី ព្រោះបានត្រូវយកចេញពីបុរសមក»។+
២៤ ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ។+
២៥ នៅពេលនោះ ពួកគេទាំងពីរនាក់នៅខ្លួនទទេ+ គឺបុរសនោះនិងប្រពន្ធគាត់។ ប៉ុន្តែ ពួកគេគ្មានសេចក្ដីអៀនខ្មាសឡើយ។
កំណត់សម្គាល់
^ ន័យត្រង់«ថ្ងៃ»
^ មើលនិយមន័យពាក្យ«ជីវិត»
^ ឬ«ទីគ្រីស»
^ ន័យត្រង់«ធ្វើ»
^ ឬ«ដែលជាគូបង្គ្រប់គាត់»