ដើមកំណើត ៤៤:១-៣៤
៤៤ ក្រោយមក យ៉ូសែបបានបង្គាប់អ្នកចាត់ចែងកិច្ចការផ្ទះរបស់គាត់ថា៖ «ចូរច្រកស្រូវឲ្យច្រើនទៅក្នុងបាវរបស់ពួកគេ តាមដែលពួកគេអាចដឹកទៅបាន។ រួចមក ចូរដាក់ថង់ប្រាក់របស់ពួកគេនៅក្នុងបាវរបស់ពួកគេរៀងៗខ្លួន។+
២ ប៉ុន្តែ អ្នកត្រូវដាក់ពែងប្រាក់របស់ខ្ញុំ ទៅក្នុងបាវស្រូវរបស់អ្នកដែលក្មេងជាងគេ»។ ដូច្នេះ អ្នកចាត់ចែងនោះក៏ទៅធ្វើតាមបង្គាប់របស់យ៉ូសែប។
៣ លុះព្រលឹមឡើង បងប្អូនរបស់យ៉ូសែបបានត្រូវអនុញ្ញាតឲ្យចាកចេញទៅ ទាំងមានអីវ៉ាន់នៅលើខ្នងលា។
៤ ក្រោយពីពួកគេបានចេញពីក្រុងមិនយូរប៉ុន្មាន យ៉ូសែបបានបង្គាប់អ្នកចាត់ចែងកិច្ចការផ្ទះរបស់គាត់ថា៖ «ចូរដេញតាមពួកគេទៅ! ពេលអ្នកតាមពួកគេទាន់ហើយ អ្នកត្រូវនិយាយទៅកាន់ពួកគេថា៖ ‹ហេតុអ្វីអ្នករាល់គ្នាតបស្នងការល្អដោយការអាក្រក់បែបនេះ?
៥ ម្ដេចក៏លួចពែងរបស់ចៅហ្វាយខ្ញុំដូច្នេះ? ចៅហ្វាយខ្ញុំតែងតែពិសាពីពែងនោះ ហើយក៏ប្រើពែងនោះដើម្បីមើលប្រផ្នូលដែរ។ អ្នករាល់គ្នាធ្វើយ៉ាងនេះគឺអាក្រក់ខ្លាំងណាស់›»។
៦ លុះស្ដាប់រួច អ្នកចាត់ចែងនោះក៏បានដេញតាមបងប្អូនយ៉ូសែបរហូតដល់ទាន់ រួចប្រាប់ពាក្យទាំងនេះដល់ពួកគេ។
៧ ប៉ុន្តែ ពួកគេបាននិយាយថា៖ «ហេតុអ្វីបានជាលោកម្ចាស់មានប្រសាសន៍ដូច្នេះ? ពួកខ្ញុំបាទមិនអាចធ្វើបែបនេះបានឡើយ។
៨ សូម្បីតែថង់ប្រាក់ដែលពួកខ្ញុំបាទបានឃើញនៅក្នុងបាវ ក៏ពួកខ្ញុំបាទសុខចិត្តធ្វើដំណើរពីស្រុកកាណាន យកមកប្រគល់ជូនលោកវិញដែរ+ ចុះទម្រាំមាសប្រាក់នៅផ្ទះម្ចាស់របស់លោក តើឲ្យពួកខ្ញុំបាទលួចម្ដេចនឹងបានទៅ?
៩ ប្រសិនបើលោកម្ចាស់រកឃើញពែងនោះនៅនឹងអ្នកណា ចូរឲ្យអ្នកនោះស្លាប់ចុះ ឯពួកខ្ញុំបាទដែលនៅសល់ ពួកខ្ញុំបាទសុខចិត្តធ្វើជាខ្ញុំបម្រើម្ចាស់របស់លោក»។
១០ ដូច្នេះ អ្នកចាត់ចែងនោះនិយាយថា៖ «សូមឲ្យដូចពាក្យអ្នកចុះ បើរកឃើញពែងនោះនៅនឹងអ្នកណា អ្នកនោះត្រូវក្លាយជាខ្ញុំបម្រើរបស់ខ្ញុំ តែអ្នកផ្សេងទៀតនឹងគ្មានទោសទេ»។
១១ ភ្លាមនោះ ពួកគេបានលើកបាវចុះពីខ្នងលា រួចស្រាយបាវ។
១២ អ្នកចាត់ចែងនោះបានរកយ៉ាងហ្មត់ចត់ គឺចាប់ពីបាវរបស់បងច្បងរហូតដល់បាវរបស់ប្អូនពៅ។ ទីបំផុត គាត់បានរកឃើញពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន។+
១៣ ឃើញដូច្នេះ បងប្អូនយ៉ូសែបបានចាប់ហែកអាវខ្លួន ហើយលើកអីវ៉ាន់ដាក់លើខ្នងលា រួចធ្វើដំណើរចូលទៅទីក្រុងវិញ។
១៤ ពេលយូដា+និងបងប្អូនគាត់ចូលក្នុងផ្ទះយ៉ូសែប យ៉ូសែបនៅទីនោះនៅឡើយ រួចពួកគេក៏ក្រាបខ្លួនដល់ដីនៅចំពោះយ៉ូសែប។+
១៥ យ៉ូសែបបាននិយាយទៅកាន់ពួកគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាធ្វើដូច្នេះ? តើមិនដឹងទេឬថាខ្ញុំចេះមើលប្រផ្នូល?»។+
១៦ យូដាបានឆ្លើយថា៖ «ពួកខ្ញុំបាទមិនដឹងថាគួរនិយាយយ៉ាងណានឹងលោកម្ចាស់ទេ ហើយក៏មិនដឹងគួរបង្ហាញយ៉ាងណាថាខ្លួនសុចរិតដែរ ព្រោះព្រះពិតបានសឲ្យឃើញនូវកំហុសរបស់ពួកខ្ញុំហើយ។+ ចាប់ពីឥឡូវនេះទៅ ពួកខ្ញុំទាំងអស់គ្នានឹងធ្វើជាខ្ញុំបម្រើលោកម្ចាស់ រួមទាំងអ្នកដែលមានពែងនោះដែរ!»។
១៧ ប៉ុន្តែ យ៉ូសែបនិយាយថា៖ «ខ្ញុំនឹងមិនធ្វើដូចនោះជាដាច់ខាត! គឺអ្នកលួចពែងនោះទេដែលត្រូវធ្វើជាខ្ញុំបម្រើរបស់ខ្ញុំ។+ ចំណែកអ្នកផ្សេងទៀត ចូរត្រឡប់ទៅឯឪពុកអ្នករាល់គ្នាវិញដោយសុខសាន្តចុះ»។
១៨ ពេលនោះ យូដាបានចូលទៅជិតយ៉ូសែប ហើយអង្វរថា៖ «លោកម្ចាស់ សូមអនុញ្ញាតឲ្យខ្ញុំបាទជម្រាបលោកបន្តិចសិន ហើយសូមមេត្តាកុំខឹងនឹងខ្ញុំបាទអី ព្រោះលោកម្ចាស់ដូចជាផារ៉ូទៅហើយ។+
១៩ ពេលមុន លោកម្ចាស់បានសួរពួកខ្ញុំបាទថា៖ ‹តើអ្នករាល់គ្នាមានឪពុកឬប្អូនប្រុសឬទេ?›។
២០ ដូច្នេះ ពួកខ្ញុំបាទបានជម្រាបលោកម្ចាស់ដោយត្រង់ថា៖ ‹ពួកខ្ញុំបាទមានឪពុកចាស់ជរាម្នាក់ ថែមទាំងមានប្អូនប្រុសពៅម្នាក់ដែលបានកើតមកនៅពេលដែលឪពុកពួកខ្ញុំបាទមានអាយុចាស់ណាស់ហើយ។+ បងប្រុសរួមម្ដាយជាមួយនឹងគាត់បានស្លាប់ហើយ ដូច្នេះសល់តែគាត់ម្នាក់ប៉ុណ្ណោះ។+ ឪពុករបស់ពួកខ្ញុំបាទស្រឡាញ់គាត់ខ្លាំងណាស់›។
២១ ក្រោយនោះ លោកម្ចាស់បានមានប្រសាសន៍មកពួកខ្ញុំបាទថា៖ ‹ចូរនាំប្អូនពៅនោះមកជួបខ្ញុំ›។+
២២ ប៉ុន្តែ ពួកខ្ញុំបាទបានជម្រាបលោកម្ចាស់ថា៖ ‹ប្អូនប្រុសរបស់ពួកខ្ញុំបាទមិនអាចបែកចេញពីឪពុកពួកខ្ញុំបាទបានទេ។ បើគាត់បែកចេញ ឪពុកពួកខ្ញុំបាទច្បាស់ជាស្លាប់ជាមិនខាន›។+
២៣ បន្ទាប់មក លោកម្ចាស់បានបង្គាប់ពួកខ្ញុំបាទថា៖ ‹អ្នករាល់គ្នាត្រូវនាំប្អូនពៅមកជួបខ្ញុំ បើមិននាំមកទេ កុំមកជួបមុខខ្ញុំទៀត›។+
២៤ «ដូច្នេះ ពួកខ្ញុំបាទបានធ្វើដំណើរទៅជួបឪពុករបស់ពួកខ្ញុំបាទវិញ ហើយប្រាប់គាត់នូវពាក្យសម្ដីរបស់លោកម្ចាស់។
២៥ ក្រោយមក ឪពុករបស់ពួកខ្ញុំបាទបាននិយាយថា៖ ‹ចូរកូនៗទៅទិញស្បៀងអាហារថែមទៀត›។+
២៦ ប៉ុន្តែ ពួកខ្ញុំបាទបាននិយាយថា៖ ‹ពួកកូនមិនអាចទៅបានទេ ទាល់តែលោកឪពុកអនុញ្ញាតឲ្យប្អូនពៅទៅជាមួយនឹងពួកកូន ព្រោះពួកកូនមិនអាចជួបមុខអ្នកត្រួតត្រានៅទីនោះបានទេ បើគ្មានប្អូនពៅទៅជាមួយ›។+
២៧ រួចមក ឪពុកពួកខ្ញុំបាទបាននិយាយថា៖ ‹ពួកកូនដឹងហើយថា ប្រពន្ធពុកបានបង្កើតតែកូនប្រុសពីរនាក់ប៉ុណ្ណោះឲ្យពុក។+
២៨ កូនម្នាក់បានឃ្លាតចេញពីពុក ហើយមកដល់ឥឡូវពុកមិនបានឃើញគាត់ទៀតទេ។ ពុកគិតថាគាត់ច្បាស់ជាត្រូវសត្វសាហាវហែកស៊ីហើយ។+
២៩ បើពួកកូនយកកូនពៅពុកចេញឆ្ងាយពីពុកទៀត ហើយគាប់ជួនគាត់មានគ្រោះថ្នាក់ដល់ជីវិត នោះពុកមុខជាកើតទុក្ខ+រហូតដល់ស្លាប់មិនខាន›។+
៣០ «ប្អូនពៅនេះជាដួងជីវិតរបស់ឪពុកពួកខ្ញុំបាទ។ បើពួកខ្ញុំបាទត្រឡប់ទៅជួបឪពុកវិញដោយគ្មានគាត់
៣១ ហើយបើឪពុកពួកខ្ញុំបាទមិនឃើញគាត់ទេ នោះពួកខ្ញុំបាទច្បាស់ជានាំឲ្យឪពុកពួកខ្ញុំបាទកើតទុក្ខរហូតដល់ស្លាប់ជាមិនខាន។
៣២ ខ្ញុំបាទបានសន្យានឹងឪពុកខ្ញុំបាទថា៖ ‹បើកូនមិននាំប្អូនពៅមកជូនលោកឪពុកវិញទេ នោះកូនសុខចិត្តទទួលទោសអស់មួយជីវិត›។+
៣៣ ដូច្នេះ សូមលោកម្ចាស់ឲ្យខ្ញុំបាទធ្វើជាខ្ញុំបម្រើជំនួសប្អូនពៅខ្ញុំបាទវិញទៅ ហើយសូមលោកម្ចាស់អនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញជាមួយនឹងបងៗគាត់ផង។
៣៤ ខ្ញុំបាទមិនអាចត្រឡប់ទៅវិញដោយគ្មានគាត់បានទេ ហើយខ្ញុំបាទមិនអាចទ្រាំមើលអ្វីដែលនឹងកើតឡើងចំពោះឪពុកខ្ញុំបាទបានឡើយ!»។