ដើមកំណើត ៤៨:១-២២

  • យ៉ាកុប​ឲ្យ​ពរ​កូន​ប្រុស​ពីរ​នាក់​របស់​យ៉ូសែប (​១​-​១២)

  • អេប្រាអ៊ីម​ទទួល​ពរ​ច្រើន​ជាង (​១៣​-​២២)

៤៨  ក្រោយ​មក មាន​គេ​មក​ប្រាប់​យ៉ូសែប​ថា​៖ ​«​មើល! ឪពុក​អ្នក​កាន់​តែ​ខ្សោយ​ណាស់​ហើយ​»។ ឮ​ដូច្នេះ យ៉ូសែប​បាន​នាំ​កូន​ទាំង​ពីរ​របស់​គាត់ គឺ​ម៉ាណាសេ​និង​អេប្រាអ៊ីម ទៅ​ជួប​ឪពុក។+ ២  ពេល​ដែល​យ៉ាកុប​បាន​ឮ​ថា​យ៉ូសែប​ជា​កូន​មក​ដល់​ហើយ គាត់​បាន​ខំ​ប្រឹង​ក្រោក​អង្គុយ​លើ​គ្រែ។ ៣  ពេល​នោះ យ៉ាកុប​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ «​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​បាន​លេច​មក​ជួប​ពុក​នៅ​ក្រុង​លូស​ក្នុង​ស្រុក​កាណាន ហើយ​លោក​បាន​ឲ្យ​ពរ​ពុក។+ ៤  លោក​បាន​មាន​ប្រសាសន៍​មក​កាន់​ពុក​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន​សន្ធឹក។ បណ្ដា​ជន​មួយ​ក្រុម​ដ៏​ធំ​នឹង​កើត​ចេញ​ពី​អ្នក។+ ខ្ញុំ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​កូន​ចៅ*របស់​អ្នក​ទុក​ជា​មត៌ក​ជា​រៀង​រហូត›។+ ៥  រីឯ​កូន​ទាំង​ពីរ​របស់​កូន ដែល​កើត​នៅ​ស្រុក​អេហ្ស៊ីប​មុន​ពេល​ពុក​មក​ដល់ គឺ​អេប្រាអ៊ីម​និង​ម៉ាណាសេ​នោះ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​វិញ+ ដូច​រូបេន​និង​ស៊ីម្មាន​ដែរ។+ ៦  ចំណែក​កូន​ៗ​ដែល​នឹង​កើត​ក្រោយ​មក​ទៀត ពួក​គេ​នឹង​ត្រូវ​រាប់​ជា​របស់​កូន​វិញ។ ប៉ុន្តែ ពួក​គេ​នឹង​ត្រូវ​រាប់​តាម​ឈ្មោះ​បង​ទាំង​ពីរ​របស់​ពួក​គេ ហើយ​ទទួល​ទឹក​ដី​ជា​មត៌ក​តាម​រយៈ​អ្នក​ទាំង​ពីរ​នោះ។+ ៧  កាល​ដែល​ពុក​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ប៉ាដាន់ រ៉ាជែល​ម្ដាយ​របស់​កូន​បាន​ស្លាប់+នៅ​ក្បែរ​ពុក​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​អេប្រា+ជា​ក្រុង​បេថ្លេហិម។ ដូច្នេះ ពុក​បាន​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ​»។+ ៨  បន្ទាប់​មក អ៊ីស្រាអែល​បាន​មើល​ទៅ​កូន​ៗ​របស់​យ៉ូសែប ហើយ​សួរ​គាត់​ថា​៖ ​«​តើ​ពួក​គេ​ជា​អ្នក​ណា?​»។ ៩  យ៉ូសែប​បាន​ឆ្លើយ​ថា​៖ ​«​ពួក​គេ​ជា​កូន​របស់​ខ្ញុំ ជា​កូន​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​នៅ​ស្រុក​នេះ​»។+ អ៊ីស្រាអែល​បាន​និយាយ​ថា​៖ ​«​សូម​កូន​នាំ​ពួក​គេ​ចូល​មក​ជិត​ពុក​មក ដើម្បី​ពុក​អាច​ឲ្យ​ពរ​ពួក​គេ​»។+ ១០  ដូច្នេះ យ៉ូសែប​បាន​នាំ​ពួក​គេ​ចូល​ទៅ​ជិត រួច​អ៊ីស្រាអែល​ក៏​ឱប ហើយ​ថើប​ពួក​គេ។ នៅ​គ្រា​នោះ អ៊ីស្រាអែល​មើល​មិន​សូវ​ឃើញ​ច្បាស់​ទេ ព្រោះ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។ ១១  អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ពុក​មិន​នឹក​ស្មានថា​អាច​ឃើញ​មុខ​កូន​ម្ដង​ទៀត​ទេ។+ ប៉ុន្តែ​មើល! ព្រះ​ថែម​ទាំង​ឲ្យ​ពុក​ឃើញ​ពូជ​ពង្ស​របស់​កូន​ទៀត​ផង​»។ ១២  បន្ទាប់​មក យ៉ូសែប​បាន​យក​កូន​ចេញ​ពី​ឪពុក​បន្តិច រួច​គាត់​ក្រាប​ខ្លួន​ដល់​ដី​គោរព​ឪពុក។ ១៣  ក្រោយ​នោះ យ៉ូសែប​បាន​នាំ​កូន​ទាំង​ពីរ​ចូល​ទៅ​ជិត​ឪពុក​ម្ដង​ទៀត គឺ​ឲ្យ​អេប្រាអ៊ីម+នៅ​ខាង​ឆ្វេង​ដៃ​អ៊ីស្រាអែល និង​ឲ្យ​ម៉ាណាសេ+នៅ​ខាង​ស្ដាំ​ដៃ។ ១៤  ប៉ុន្តែ អ៊ីស្រាអែល​បាន​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ជា​កូន​ពៅ ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណាសេ។ គាត់​មាន​បំណង​ដាក់​ដៃ​ដូច្នេះ ទោះ​ជា​គាត់​ដឹង​ថា​ម៉ាណាសេ​ជា​កូន​ច្បង​ក្ដី។+ ១៥  បន្ទាប់​មក អ៊ីស្រាអែល​បាន​ឲ្យ​ពរ​យ៉ូសែប ហើយ​និយាយ​ថា​៖+ ​«​សូម​ព្រះ​ពិត​ដែល​អាប្រាហាំ​និង​អ៊ីសាក​ជា​បុព្វ​បុរស​របស់​ពុក​បាន​គោរព​បម្រើ*+ជា​ព្រះ​ពិត​ដែល​បាន​ថែ​រក្សា​ពុក​តាំង​ពី​ពុក​កើត​មក​រហូត​មក​ដល់​សព្វ​ថ្ងៃ+ ១៦  ហើយ​បាន​ជួយ​សង្គ្រោះ​ពុក​ឲ្យ​រួច​ពី​សេ​ច​ក្ដី​អន្តរាយ​សព្វ​បែប​យ៉ាង​តាម​រយៈ​ទេវតា​របស់​លោក+ សូម​លោក​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​នេះ​ផង។+ សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ហៅ​ពួក​គេ​តាម​ឈ្មោះ​ពុក និង​ឈ្មោះ​អាប្រាហាំ​និង​អ៊ីសាក​ជា​បុព្វ​បុរស​របស់​ពុក។ សូម​ឲ្យ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន​នៅ​លើ​ផែនដី​»។+ ១៧  ពេល​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម គាត់​មិន​ពេញ​ចិត្ត​ទេ។ ដូច្នេះ គាត់​ព្យាយាម​លើក​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​ម៉ាណាសេ​វិញ។ ១៨  រួច​គាត់​និយាយ​ថា​៖ ​«​លោក​ឪពុក កូន​នេះ​មិន​មែន​ជា​កូន​ច្បង​ទេ+ សូម​លោក​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​កូន​នេះ​វិញ​»។ ១៩  ប៉ុន្តែ ឪពុក​គាត់​បាន​និយាយ​ថា​៖ ​«​ពុក​ដឹង​ហើយ ពុក​ដឹង​ហើយ​កូន។ ម៉ាណាសេ​នឹង​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ក្លាយ​ទៅ​ជា​បណ្ដា​ជន​មួយ​ក្រុម​យ៉ាង​ធំ តែ​អេប្រាអ៊ីម​ប្អូន​គាត់​នឹង​មាន​កូន​ចៅ​ច្រើន​ជាង+ ល្មម​នឹង​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ផ្សេង​ៗ​»។+ ២០  រួច​មក គាត់​បាន​ឲ្យ​ពរ​ពួក​គេ​ថែម​ទៀត+ ដោយ​និយាយ​ថា​៖ ​«​ពេល​អ៊ីស្រាអែល​ជូន​ពរ​គ្នា សូម​ឲ្យ​ពួក​គេ​និយាយ​ថា​៖‹សូម​ព្រះ​ឲ្យ​ពរ​អ្នក ដូច​លោក​ឲ្យ​ពរ​ដល់​អេប្រាអ៊ីម​និង​ម៉ាណាសេ​ដែរ›​»។ យ៉ាង​នេះ គាត់​តែង​លើក​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណាសេ។ ២១  បន្ទាប់​មក អ៊ីស្រាអែល​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​មើល! ពុក​ជិត​ស្លាប់​ហើយ។+ ប៉ុន្តែ ព្រះ​នឹង​បន្ត​នៅ​ជា​មួយ​នឹង​កូន ហើយ​លោក​នឹង​នាំ​កូន​ត្រឡប់​ទៅ​ស្រុក​របស់​បុព្វ​បុរស​កូន​វិញ។+ ២២  ពុក​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដល់​កូន លើស​ចំណែក​របស់​បង​ប្អូន​កូន។ ដី​នោះ​ហើយ​ដែល​ពុក​បាន​ដណ្ដើម​យក​ពី​ជន​ជាតិ​អាម៉ូរី ដោយ​ដាវ​និង​ធ្នូ​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​ដើរ​តាម​»​