ដំណើរចាកចេញ ២៧:១-២១
២៧ «អ្នកត្រូវធ្វើទីបូជាមួយពីឈើអាកាស្យា។+ ទីបូជានោះត្រូវមានបណ្ដោយប្រាំហត្ថ* ទទឹងប្រាំហត្ថ គឺមានរាងបួនជ្រុង ហើយមានកម្ពស់បីហត្ថ។+
២ អ្នកត្រូវធ្វើស្នែង+ជាប់នឹងជ្រុងទាំងបួននៃទីបូជានោះ ហើយស្រោបទីបូជានោះដោយស្ពាន់។+
៣ អ្នកត្រូវធ្វើធុងសម្រាប់ដាក់ផេះ ប៉ែល ចានគោម សម និងប្រដាប់ដាក់រងើកភ្លើង។ អ្នកត្រូវធ្វើប្រដាប់ប្រដាទាំងនេះពីស្ពាន់។+
៤ អ្នកត្រូវធ្វើប្រទាសនៃទីបូជាពីស្ពាន់ ហើយនៅក្បែរប្រទាសលើជ្រុងទាំងបួន ត្រូវធ្វើកងបួនពីស្ពាន់។
៥ អ្នកត្រូវស៊កប្រទាសនោះនៅក្រោមគែមទីបូជា ត្រង់ពាក់កណ្ដាល។
៦ អ្នកត្រូវធ្វើដងឈើស្នែងសម្រាប់ទីបូជាពីឈើអាកាស្យា ហើយស្រោបដោយស្ពាន់។
៧ ពេលសែង ត្រូវស៊កដងទាំងនោះទៅក្នុងកងនៅសងខាងទីបូជា។+
៨ ទីបូជានោះត្រូវមានរាងដូចប្រអប់មានប្រហោងនៅកណ្ដាល តាមគំរូដែលខ្ញុំបានបង្ហាញអ្នកនៅលើភ្នំ។+
៩ «ត្រសាលនោះត្រូវមានទីធ្លា+ជុំវិញ។ នៅព្រំប្រទល់ខាងត្បូង ត្រូវមានរនាំងពីក្រណាត់សាច់ល្អ* ដែលមានប្រវែង១០០ហត្ថ។+
១០ អ្នកត្រូវដាក់បង្គោលស្ពាន់២០ដើមនិងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលនិងកងសម្រាប់ភ្ជាប់ ត្រូវធ្វើពីប្រាក់។
១១ ចំណែកនៅព្រំប្រទល់ខាងជើងវិញ ត្រូវមានរនាំងប្រវែង១០០ហត្ថ ហើយមានបង្គោលស្ពាន់២០ដើម និងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ ត្រូវធ្វើពីប្រាក់។
១២ នៅព្រំប្រទល់ខាងលិច ត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយមានបង្គោល១០ដើមនិងជើងទ្រ១០។
១៣ រីឯនៅព្រំប្រទល់ខាងកើត ត្រូវមានប្រវែង៥០ហត្ថ។
១៤ ផ្នែកម្ខាងនៃព្រំប្រទល់នោះ ត្រូវមានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របី។+
១៥ ឯផ្នែកម្ខាងទៀត ក៏ត្រូវមានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របីដែរ។
១៦ «ច្រកចូលទីធ្លាត្រូវមានវាំងននប្រវែង២០ហត្ថ ធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ* និងអំបោះល្អដែលវេញចូលគ្នា។+ នៅច្រកនោះមានបង្គោលបួនដើមនិងជើងទ្របួន។+
១៧ បង្គោលរនាំងជុំវិញទីធ្លា ត្រូវមានតម្ពក់និងកងសម្រាប់ភ្ជាប់ដែលធ្វើពីប្រាក់ តែជើងទ្រត្រូវធ្វើពីស្ពាន់វិញ។+
១៨ រនាំងទីធ្លាត្រសាលត្រូវមានបណ្ដោយ១០០ហត្ថ+ ទទឹង៥០ហត្ថ និងកម្ពស់៥ហត្ថ។ រនាំងទាំងនោះធ្វើពីក្រណាត់សាច់ល្អ ហើយជើងទ្របង្គោលធ្វើពីស្ពាន់។
១៩ ប្រដាប់ប្រដាទាំងអស់សម្រាប់ប្រើប្រាស់ក្នុងត្រសាលត្រូវធ្វើពីស្ពាន់ ហើយស្នឹងត្រសាលនិងស្នឹងរនាំងក៏ត្រូវធ្វើពីស្ពាន់ដែរ។+
២០ «អ្នកត្រូវបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យយកប្រេងអូលីវល្អបំផុត មកឲ្យអ្នកទុកសម្រាប់ដុតចង្កៀងឲ្យភ្លឺជានិច្ច។+
២១ នៅក្នុងត្រសាលជំនុំ ប៉ែកខាងមុខវាំងននក្បែរហឹបនៃសេចក្ដីរំលឹក+ អេរ៉ុននិងកូនប្រុសៗគាត់ត្រូវមើលខុសត្រូវខាងការអុជចង្កៀងឲ្យភ្លឺចាប់ពីពេលល្ងាចរហូតដល់ពេលព្រឹក នៅចំពោះព្រះយេហូវ៉ា។+ នេះជាច្បាប់ដែលជនជាតិអ៊ីស្រាអែលត្រូវកាន់តាមគ្រប់ជំនាន់តទៅ។+
កំណត់សម្គាល់
^ មួយហត្ថស្មើនឹង៤៤,៥សង់ទីម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤
^ ឬ«ក្រណាត់ធ្វើពីអំបោះល្អដែលវេញចូលគ្នា»
^ ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»