ដំណើរចាកចេញ ២៨:១-៤៣

  • សម្លៀក​បំពាក់​របស់​សង្ឃ (​១​-​៥)

  • អាវ​អេផូឌ (​៦​-​១៤)

  • ប្រដាប់​បាំង​ទ្រូង (​១៥​-​៣០)

    • យូរីម​និង​ធូមីម (​៣០)

  • អាវ​អត់​ដៃ (​៣១​-​៣៥)

  • ឈ្នួត​ក្បាល​និង​ស្លាក​ធ្វើ​ពី​មាស​សុទ្ធ (​៣៦​-​៣៩)

  • សម្លៀក​បំពាក់​ផ្សេង​ទៀត​របស់​សង្ឃ (​៤០​-​៤៣)

២៨  «​អ្នក​ត្រូវ​ហៅ​អេរ៉ុន​បង​ប្រុស​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស​ៗ​របស់​គាត់​ពី​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គាត់​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ+ គឺ​អេរ៉ុន+ ណាដាប អាបាយហ៊ូ+ អេលាសារ និង​អ៊ីតតាម៉ា។+ ២  អ្នក​ត្រូវ​ធ្វើ​សម្លៀក​បំពាក់​បរិសុទ្ធ​ឲ្យ​អេរ៉ុន សម្រាប់​លម្អ​និង​ជា​កិត្តិយស​ដល់​គាត់។+ ៣  អ្នក​ត្រូវ​ប្រាប់​ជាង​ជំនាញ គឺ​អស់​អ្នក​ដែល​ខ្ញុំ​ផ្ដល់​ប្រាជ្ញា​ឲ្យ+ ហើយ​ពួក​គេ​នឹង​ធ្វើ​សម្លៀក​បំពាក់​ឲ្យ​អេរ៉ុន​សម្រាប់​ញែក​គាត់​ជា​បរិសុទ្ធ ដើម្បី​គាត់​អាច​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។ ៤  ​«​សម្លៀក​បំពាក់​បរិសុទ្ធ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​មាន​ដូច​ត​ទៅ​៖ ប្រដាប់​បាំង​ទ្រូង+ អាវ​អេផូឌ+ អាវ​អត់​ដៃ+ អាវ​វែង​សាច់​ក្រឡា​ការ៉ូ ឈ្នួត​ក្បាល*+ និង​ខ្សែ​ក្រវាត់។+ ពួក​គេ​ត្រូវ​ធ្វើ​សម្លៀក​បំពាក់​ទាំង​នេះ​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​អាច​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។ ៥  ជាង​ជំនាញ​ដែល​ធ្វើ​របស់​ទាំង​នេះ ត្រូវ​ប្រើ​មាស អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ* អំបោះ​ពណ៌​ក្រហម និង​អំបោះ​សាច់​ល្អ។ ៦  ​«​ពួក​គេ​ត្រូវ​ធ្វើ​អាវ​អេផូឌ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ អំបោះ​ពណ៌​ក្រហម និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។ រួច​យក​សរសៃ​មាស​មក​ប៉ាក់​ពី​លើ។+ ៧  បន្ទាប់​មក ត្រូវ​យក​ក្រណាត់​ពីរ​ចំណែក​មក​ធ្វើ​ជា​ស្មា​អាវ​អេផូឌ។ ៨  ឯ​ខ្សែ​ក្រវាត់+ដែល​នៅ​ជាប់​នឹង​អាវ​អេផូឌ​សម្រាប់​ចង នោះ​ក៏​ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ អំបោះ​ពណ៌​ក្រហម សរសៃ​មាស និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា​ដែរ។ ៩  ​«​អ្នក​ត្រូវ​យក​ត្បូង​អូនីក្ស​ពីរ+ ហើយ​ឲ្យ​គេ​ឆ្លាក់​ឈ្មោះ​កូន​ប្រុស​ៗ​របស់​អ៊ីស្រាអែល​លើ​ត្បូង​នោះ+ ១០  គឺ​លើ​ត្បូង​មួយ​ឆ្លាក់​ឈ្មោះ​៦ លើ​ត្បូង​មួយ​ទៀត​ឆ្លាក់​ឈ្មោះ​៦ តាម​លំដាប់​អាយុ​ពួក​គេ។ ១១  អ្នក​ឆ្លាក់​ត្បូង​នោះ​ត្រូវ​ឆ្លាក់​ឈ្មោះ​កូន​ប្រុស​ៗ​របស់​អ៊ីស្រាអែល​នៅ​លើ​ត្បូង​ទាំង​ពីរ​នោះ តាម​លំនាំ​នៃ​ការ​ឆ្លាក់​ត្រា។+ រួច​ត្រូវ​ដាំ​ត្បូង​ពីរ​នោះ​ក្នុង​គ្រោង​មាស។ ១២  បន្ទាប់​មក អ្នក​ត្រូវ​ដាក់​ត្បូង​ពីរ​នោះ​នៅ​លើ​ស្មា​អាវ​អេផូឌ ជា​ត្បូង​នៃ​សេចក្ដី​រំលឹក​សម្រាប់​កូន​ចៅ​អ៊ីស្រាអែល+ ហើយ​អេរ៉ុន​ត្រូវ​ពាក់​ឈ្មោះ​ពួក​គេ​នៅ​លើ​ស្មា​ទុក​ជា​សេចក្ដី​រំលឹក​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៣  អ្នក​ត្រូវ​ធ្វើ​គ្រោង​មាស ១៤  ហើយ​ត្រូវ​ធ្វើ​ខ្សែ​ពី​មាស​សុទ្ធ​ពីរ​ខ្សែ ដែល​វេញ​ដូច​ខ្សែ​ពួរ+ រួច​ភ្ជាប់​ខ្សែ​ពីរ​នោះ​នៅ​លើ​គ្រោង​មាស​ទាំង​ពីរ។+ ១៥  ​«​អ្នក​ត្រូវ​ឲ្យ​អ្នក​ដេរ​ប៉ាក់ ធ្វើ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ។+ ដូច​អាវ​អេផូឌ​ដែរ ប្រដាប់​បាំង​នោះ​ត្រូវ​ត្បាញ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ អំបោះ​ពណ៌​ក្រហម និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា រួច​យក​សរសៃ​មាស​មក​ប៉ាក់​ពី​លើ។+ ១៦  ប្រដាប់​បាំង​នោះ ពេល​ដែល​បត់​ជា​ពីរ​មាន​រាង​បួន​ជ្រុង គឺ​បណ្ដោយ​ប្រវែង​មួយ​ចំអាម* ទទឹង​មួយ​ចំអាម។ ១៧  នៅ​លើ​ប្រដាប់​បាំង​នោះ ត្រូវ​មាន​ត្បូង​បួន​ជួរ​ដែល​ដាំ​ក្នុង​គ្រោង។ ជួរ​ទី​១ មាន​ត្បូង​ទទឹម ត្បូង​ថូផាស និង​ត្បូង​មរកត។ ១៨  ជួរ​ទី​២ មាន​ត្បូង​ថឺខយ ត្បូង​កណ្ដៀង និង​ត្បូង​យ៉ាស្បា។ ១៩  ជួរ​ទី៣ មាន​ត្បូង​លេសិម ត្បូង​ថ្ម​កែវ និង​ត្បូង​អេម៉ាទេស។ ២០  ជួរ​ទី​៤ មាន​ត្បូង​គ្រីសូឡែត ត្បូង​អូនីក្ស និង​ត្បូង​ហ្គេច។ ត្បូង​ទាំង​នោះ​ត្រូវ​ដាំ​ក្នុង​គ្រោង​មាស។ ២១  ត្បូង​ទាំង​នោះ​មាន​ឈ្មោះ​កូន​ប្រុស​១២​នាក់​របស់​អ៊ីស្រាអែល ជា​ឈ្មោះ​ដែល​តំណាង​កុលសម្ព័ន្ធ​ទាំង​១២។ ឈ្មោះ​ដែល​នៅ​លើ​ត្បូង​នីមួយ​ៗ ត្រូវ​ឆ្លាក់​តាម​លំនាំ​នៃ​ការ​ឆ្លាក់​ត្រា។ ២២  ​«​អ្នក​ត្រូវ​ធ្វើ​ខ្សែ​ពី​មាស​សុទ្ធ​វេញ​ដូច​ខ្សែ​ពួរ​ភ្ជាប់​នឹង​ប្រដាប់​បាំង​ទ្រូង។+ ២៣  អ្នក​ត្រូវ​ធ្វើ​កង​មាស​ពីរ​សម្រាប់​ប្រដាប់​បាំង​ទ្រូង ហើយ​ដាក់​នៅ​គែម​ខាង​លើ​ចុង​សង​ខាង។ ២៤  អ្នក​ត្រូវ​ស៊ក​ខ្សែ​មាស​ទាំង​ពីរ ភ្ជាប់​នឹង​កង​មាស​ដែល​នៅ​គែម​សង​ខាង​ប្រដាប់​បាំង​នោះ។ ២៥  រួច​មក អ្នក​ត្រូវ​ភ្ជាប់​ចុង​ខ្សែ​មាស​ទាំង​ពីរ​លើ​គ្រោង​មាស​ទាំង​ពីរ​ដែល​នៅ​លើ​ស្មា​អាវ​អេផូឌ​ទាំង​សង​ខាង​នៅ​ផ្នែក​ខាង​មុខ។ ២៦  នៅ​គែម​ខាង​ក្រោម​សង​ខាង​ប្រដាប់​បាំង​ទ្រូង អ្នក​ត្រូវ​ធ្វើ​កង​មាស​ពីរ​ទៀត​ដាក់​ភ្ជាប់​ខាង​ក្នុង ទល់​នឹង​អាវ​អេផូឌ។+ ២៧  រួច​មក អ្នក​ត្រូវ​ធ្វើ​កង​មាស​ពីរ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​ខ្សែ​ក្រវាត់​ភ្ជាប់​នឹង​អេផូឌ គឺ​នៅ​ខាង​មុខ​អេផូឌ ចុះ​ពី​ក្រោម​ស្មា ខាង​លើ​ខ្សែ​ក្រវាត់។+ ២៨  បន្ទាប់​មក ចូរ​យក​ខ្សែ​ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ មក​ចង​កង​នៃ​ប្រដាប់​បាំង​ទ្រូង​ភ្ជាប់​នឹង​កង​នៃ​អាវ​អេផូឌ។ យ៉ាង​នេះ ប្រដាប់​បាំង​ទ្រូង​នឹង​មិន​របូត​ពី​អាវ​អេផូឌ ហើយ​នៅ​ខាង​លើ​ខ្សែ​ក្រវាត់។ ២៩  ​«​ពេល​អេរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ គាត់​ត្រូវ​ពាក់​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ*ដែល​មាន​ឈ្មោះ​កូន​ប្រុស​ៗ​របស់​អ៊ីស្រាអែល សម្រាប់​ជា​សេចក្ដី​រំលឹក​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច។ ៣០  អ្នក​ត្រូវ​ដាក់​យូរីម​និង​ធូមីម*+ក្នុង​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ ហើយ​អេរ៉ុន​ត្រូវ​ពាក់​នៅ​លើ​ទ្រូង​គាត់ ពេល​ដែល​គាត់​ចូល​ទៅ​ឯ​ព្រះ​យេហូវ៉ា។ អេរ៉ុន​ត្រូវ​ពាក់​របស់​ទាំង​នេះ​នៅ​លើ​ទ្រូង​ជា​និច្ច សម្រាប់​ធ្វើ​ការ​វិនិច្ឆ័យ​ក្ដី​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៣១  ​«​អ្នក​ត្រូវ​ធ្វើ​អាវ​អត់​ដៃ​ពី​អំបោះ​ពណ៌​ខៀវ សម្រាប់​ពាក់​ពី​ក្រោម​អាវ​អេផូឌ។+ ៣២  នៅ​ផ្នែក​ខាង​លើ​អាវ​នោះ ត្រូវ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សម្រាប់​ស៊ក​ក្បាល ហើយ​ត្រូវ​ដេរ​រឹម​ជុំ​វិញ​ឲ្យ​មាំ​ដូច​ក​អាវ​ទាហាន ដើម្បី​កុំ​ឲ្យ​រហែក។ ៣៣  អ្នក​ត្រូវ​ធ្វើ​ផ្លែ​ទទឹម​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ពណ៌​ក្រហម ហើយ​ត្រូវ​ធ្វើ​កណ្ដឹង​មាស សម្រាប់​ដាក់​នៅ​ជាយ​អាវ​ជា​មួយ​នឹង​ផ្លែ​ទទឹម។ ៣៤  អ្នក​ត្រូវ​ដាក់​កណ្ដឹង​មាស​មួយ ផ្លែ​ទទឹម​មួយ គឺ​ដាក់​ឆ្លាស់​គ្នា​ជុំ​វិញ​ជាយ​អាវ​នោះ។ ៣៥  អេរ៉ុន​ត្រូវ​ពាក់​អាវ​នោះ​ដើម្បី​គាត់​អាច​បំពេញ​មុខ​ងារ​របស់​គាត់។ កាល​ណា​គាត់​ចូល​វិហារ​បំពេញ​កិច្ច​បម្រើ​ជូន​ព្រះ​យេហូវ៉ា ត្រូវ​ឲ្យ​ឮ​សំឡេង​កណ្ដឹង​ទាំង​នេះ ហើយ​ពេល​ចេញ​មក​វិញ​ក៏​ត្រូវ​ឲ្យ​ឮ​ដែរ។ យ៉ាង​នោះ គាត់​នឹង​មិន​ស្លាប់​ទេ។+ ៣៦  ​«​អ្នក​ត្រូវ​ធ្វើ​ស្លាក​មួយ​ពី​មាស​សុទ្ធ​ខាត់​យ៉ាង​ភ្លឺ ហើយ​ត្រូវ​ឆ្លាក់​លើ​ស្លាក​នោះ​តាម​លំនាំ​នៃ​ការ​ឆ្លាក់​ត្រា។ ស្លាក​នោះ​មាន​សេចក្ដី​ថា​៖ ‹ភាព​បរិសុទ្ធ​ជា​របស់​ព្រះ​យេហូវ៉ា›។+ ៣៧  អ្នក​ត្រូវ​យក​ខ្សែ​ពណ៌​ខៀវ​ចង​ស្លាក​នោះ​ឲ្យ​នៅ​ជាប់​ខាង​មុខ​ឈ្នួត​ក្បាល+ជា​និច្ច។ ៣៨  ស្លាក​នោះ​ត្រូវ​នៅ​លើ​ថ្ងាស​អេរ៉ុន។ អេរ៉ុន​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ខុស​ឆ្គង ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​ទាក់​ទង​នឹង​អំណោយ​បរិសុទ្ធ+ ពោល​គឺ​គ្រឿង​បូជា​ដែល​ពួក​គេ​ត្រូវ​យក​មក​ជូន​ព្រះ។ អេរ៉ុន​ត្រូវ​ពាក់​ស្លាក​នោះ​នៅ​លើ​ថ្ងាស​ជា​និច្ច ដើម្បី​បណ្ដា​ជន​អ៊ីស្រាអែល​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ ៣៩  ​«​អ្នក​ត្រូវ​ត្បាញ​ក្រណាត់​សាច់​ល្អ​ជា​ក្រឡា​ការ៉ូ រួច​ធ្វើ​ជា​អាវ​វែង ព្រម​ទាំង​យក​ក្រណាត់​សាច់​ល្អ​ធ្វើ​ជា​ឈ្នួត​ក្បាល និង​ខ្សែ​ក្រវាត់។+ ៤០  ​«​បន្ថែម​ទៀត អ្នក​ត្រូវ​ធ្វើ​អាវ​វែង ខ្សែ​ក្រវាត់ និង​ឈ្នួត​ក្បាល​ឲ្យ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ដែរ+ សម្រាប់​លម្អ​និង​ជា​កិត្តិយស​ដល់​ពួក​គាត់។+ ៤១  អ្នក​ត្រូវ​បំពាក់​សម្លៀក​បំពាក់​ទាំង​នេះ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ បន្ទាប់​មក អ្នក​ត្រូវ​ចាក់​ប្រេង​តែង​តាំង​ពួក​គាត់+ ហើយ​ញែក​ពួក​គាត់​ជា​បរិសុទ្ធ​ដើម្បី​ឲ្យ​ពួក​គាត់​បំពេញ​មុខ​ងារ​ជា​សង្ឃ​ដល់​ខ្ញុំ។ ៤២  មួយ​វិញ​ទៀត អ្នក​ត្រូវ​យក​ក្រណាត់​សាច់​ល្អ​ធ្វើ​ជា​ខោ​ខ្លី​ឲ្យ​ពួក​គាត់ ដើម្បី​ស្លៀក​បិទ​បាំង​កេរ្តិ៍​ខ្មាស។+ សម្រុង​ខោ​គឺ​ពី​ចង្កេះ​ទៅ​ដល់​ភ្លៅ។ ៤៣  អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ត្រូវ​ស្លៀក​ខោ​នោះ ពេល​ចូល​ក្នុង​ត្រសាល​ជំនុំ ឬ​ពេល​ចូល​ទៅ​ឯ​ទី​បូជា​ដើម្បី​បំពេញ​កិច្ច​បម្រើ​នៅ​កន្លែង​បរិសុទ្ធ។ យ៉ាង​នោះ ពួក​គាត់​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ទេ។ នេះ​ជា​ច្បាប់​សម្រាប់​អេរ៉ុន​និង​កូន​ចៅ​របស់​គាត់​ជា​ដរាប​ត​ទៅ។

កំណត់សម្គាល់

ក្រណាត់​ដែល​គេ​យក​មក​រុំ​ក្បាល
ឬ​«​អំបោះ​ធ្វើ​ពី​រោម​ចៀម​ជ្រលក់​ពណ៌​ស្វាយ​»​
មួយ​ចំអាម​ប្រហែល​ជា​ស្មើ​នឹង​២២,២​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​ត្រូវ​ពាក់​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​នៅ​លើ​បេះ​ដូង​គាត់​»​
មើល​និយម​ន័យ​ពាក្យ​«​យូរីម​និង​ធូមីម​»​