ដំណើរចាកចេញ ៣២:១-៣៥
៣២ កាលបណ្ដាជនអ៊ីស្រាអែលឃើញថាម៉ូសេក្រចុះពីលើភ្នំ+ ពួកគេក៏បាននាំគ្នាទៅជួបអេរ៉ុន ហើយនិយាយថា៖ «ចូរធ្វើព្រះមួយដើម្បីនាំមុខយើងទាំងអស់គ្នា+ ព្រោះម៉ូសេនេះដែលបាននាំយើងចេញពីស្រុកអេហ្ស៊ីបមក យើងមិនដឹងថាមានរឿងអ្វីកើតឡើងដល់គាត់ទេ»។
២ អេរ៉ុនក៏តបទៅពួកគេថា៖ «ចូរដោះក្រវិលមាស+ពីត្រចៀកប្រពន្ធ កូនស្រី និងកូនប្រុសរបស់អ្នករាល់គ្នាយកមកឲ្យខ្ញុំ»។
៣ ដូច្នេះ បណ្ដាជនទាំងអស់បានដោះក្រវិលមាសពីត្រចៀកខ្លួន យកទៅប្រគល់ឲ្យអេរ៉ុន។
៤ អេរ៉ុនបានទទួលមាសពីពួកគេ ក្រោយមកគាត់ក៏យកទៅឆ្លាក់ធ្វើជារូបកូនគោមាស។*+ ពេលនោះ ពួកគេនាំគ្នានិយាយថា៖ «ឱបណ្ដាជនអ៊ីស្រាអែលអើយ! នេះជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបមក»។+
៥ ពេលឃើញដូច្នេះ អេរ៉ុនក៏បានធ្វើទីបូជាមួយនៅមុខរូបកូនគោនោះ។ រួចគាត់និយាយថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យជូនព្រះយេហូវ៉ា»។
៦ លុះព្រឹកឡើង ពួកគេបានក្រោកឡើងពីព្រលឹម ជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាព។ ក្រោយនោះ បណ្ដាជនបានអង្គុយពិសាអាហារពិសាស្រា ហើយក្រោកឡើងនាំគ្នាអរសប្បាយ។+
៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរចុះពីភ្នំទៅ ព្រោះជនរួមជាតិរបស់អ្នកដែលអ្នកបាននាំចេញពីស្រុកអេហ្ស៊ីបមកនោះ ពួកគេបានប្រព្រឹត្តអាក្រក់ហើយ។+
៨ ពួកគេឆាប់បែរចេញពីផ្លូវរបស់ខ្ញុំណាស់។+ ពួកគេបានធ្វើរូបកូនគោមាស ហើយបានក្រាបគោរពនៅចំពោះរូបនោះ ថែមទាំងជូនគ្រឿងបូជាដល់រូបនោះដោយនិយាយថា៖ ‹ឱបណ្ដាជនអ៊ីស្រាអែលអើយ! នេះជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបមក›»។
៩ ព្រះយេហូវ៉ាមានប្រសាសន៍បន្តថា៖ «ខ្ញុំឃើញថាបណ្ដាជននេះជាមនុស្សមានចិត្តរឹងរូសណាស់។+
១០ ខ្ញុំខឹងពួកគេខ្លាំងណាស់ ដូច្នេះទុកឲ្យខ្ញុំបំផ្លាញបណ្ដាជននេះឲ្យសាបសូន្យទៅ ហើយខ្ញុំនឹងបង្កើតប្រជាជាតិដ៏ធំមួយពីអ្នកវិញ»។+
១១ ឮដូច្នេះ ម៉ូសេបានអង្វរព្រះយេហូវ៉ា+ថា៖ «ឱព្រះយេហូវ៉ាអើយ! ហេតុអ្វីបានជាលោកខឹង ហើយចង់បំផ្លាញពួកគេដូច្នេះ? ព្រោះពួកគេជារាស្ត្រដែលលោកបានរំដោះចេញពីស្រុកអេហ្ស៊ីបដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។+
១២ សូមកុំឲ្យពួកអេហ្ស៊ីបមានហេតុនិយាយថា៖ ‹ព្រះនោះមានបំណងអាក្រក់ហើយ បានជានាំពួកគេចេញទៅ គឺលោកចង់សម្លាប់ពួកគេនៅតំបន់ភ្នំ ដើម្បីបំផ្លាញពួកគេឲ្យសាបសូន្យពីផែនដី›។+ សូមលោកមេត្តាឈប់ខឹង ហើយគិតឡើងវិញអំពីសេចក្ដីអន្តរាយដែលលោកចង់ធ្វើទៅលើរាស្ត្ររបស់លោកផង។
១៣ សូមលោកនឹកដល់អ្នកបម្រើរបស់លោក គឺអាប្រាហាំ អ៊ីសាក និងអ៊ីស្រាអែល ដែលលោកបានស្បថនឹងពួកគាត់ថា៖ ‹ខ្ញុំនឹងធ្វើឲ្យកូនចៅ*របស់អ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ+ ហើយខ្ញុំនឹងឲ្យទឹកដីទាំងនេះដល់កូនចៅរបស់អ្នកទុកជាមត៌កជាដរាបតទៅ ដូចដែលខ្ញុំបានសន្យា›»។+
១៤ ដូច្នេះ ព្រះយេហូវ៉ាបានគិតឡើងវិញអំពីសេចក្ដីអន្តរាយដែលលោកចង់ធ្វើទៅលើរាស្ត្ររបស់លោក។+
១៥ បន្ទាប់មក ម៉ូសេបានចុះពីលើភ្នំ ទាំងកាន់+បន្ទះថ្មនៃសេចក្ដីរំលឹក+មកជាមួយដែរ។ បន្ទះថ្មទាំងពីរនោះ មានចារអក្សរទាំងសងខាង។
១៦ បន្ទះថ្មនោះជាស្នាដៃរបស់ព្រះ ហើយអក្សរនៅលើបន្ទះថ្មនោះ ជាអក្សរដែលព្រះបានចារដោយដៃលោកផ្ទាល់។+
១៧ ពេលយ៉ូស្វេឮសម្រែករបស់បណ្ដាជន គាត់ក៏និយាយទៅម៉ូសេថា៖ «មានឮសូរចម្បាំងនៅជំរំ»។
១៨ ប៉ុន្តែ ម៉ូសេនិយាយថា៖
«នេះមិនមែនជាសំឡេងច្រៀងអបអរជ័យជម្នះទេហើយក៏មិនមែនជាសំឡេងទួញសោកចាញ់សង្គ្រាមដែរតែខ្ញុំឮដូចជាសំឡេងច្រៀងអំពីអ្វីផ្សេងវិញ»។
១៩ ពេលម៉ូសេទៅជិតដល់ជំរំ ភ្លាមនោះគាត់បានឃើញរូបកូនគោមាស+ និងឃើញបណ្ដាជនកំពុងរាំ ដូច្នេះគាត់ខឹងជាខ្លាំង ហើយគាត់ក៏បោកបន្ទះថ្មទាំងពីរនៅជើងភ្នំ បែកខ្ទេចខ្ទីអស់។+
២០ រួចគាត់ក៏យករូបកូនគោមាសនោះ ទៅដុតក្នុងភ្លើង រួចកិនឲ្យម៉ដ្ឋដូចម្សៅ។+ បន្ទាប់មក គាត់បានយកទៅបាចនៅក្នុងទឹក រួចបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យផឹកទឹកនោះ។+
២១ ម៉ូសេបានសួរអេរ៉ុនថា៖ «តើបណ្ដាជនទាំងនេះបានធ្វើអ្វីដល់អ្នក បានជាអ្នកនាំឲ្យពួកគេធ្វើអំពើខុសឆ្គងដ៏ធំបែបនេះ?»។
២២ អេរ៉ុនតបឆ្លើយថា៖ «លោកម្ចាស់ សូមមេត្តាកុំខឹងអី ដូចលោកដឹងស្រាប់ហើយ បណ្ដាជនទាំងនេះចេះតែចង់ធ្វើអាក្រក់។+
២៣ ពួកគេបាននិយាយមកខ្ញុំថា៖ ‹ចូរធ្វើព្រះមួយដើម្បីនាំមុខយើងទាំងអស់គ្នា ព្រោះម៉ូសេនេះដែលបាននាំយើងចេញពីស្រុកអេហ្ស៊ីបមក យើងមិនដឹងថាមានរឿងអ្វីកើតឡើងដល់គាត់ទេ›។+
២៤ ដូច្នេះ ខ្ញុំក៏ប្រាប់ពួកគេថា៖ ‹អ្នកណាដែលមានមាស ចូរដោះយកមកឲ្យខ្ញុំ›។ បន្ទាប់មក ខ្ញុំបានបោះមាសទាំងនោះទៅក្នុងភ្លើង ហើយវាក៏ចេញជារូបកូនគោមាសនេះទៅ»។
២៥ ម៉ូសេបានឃើញថា អេរ៉ុនបានបណ្ដោយឲ្យបណ្ដាជនធ្វើតាមអំពើចិត្ត ហើយនេះនាំឲ្យពួកគេរងការប្រមាថមើលងាយ។
២៦ បន្ទាប់មក ម៉ូសេបានឈរនៅច្រកចូលជំរំ ហើយនិយាយថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ចូរមកឯខ្ញុំ!»។+ ភ្លាមនោះ ពួកលេវីទាំងអស់បានចូលទៅឯគាត់។
២៧ ពេលនោះ ម៉ូសេនិយាយទៅពួកលេវីថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ដូច្នេះថា៖ ‹ចូរអ្នករាល់គ្នាម្នាក់ៗក្រវាត់ដាវនៅចង្កេះ ហើយទៅសម្លាប់បងប្អូន អ្នកជិតខាង និងមិត្តសម្លាញ់ខ្លួនចាប់ពីច្រកម្ខាងជំរំដល់ច្រកម្ខាងទៀត›»។+
២៨ ភ្លាមនោះ ពួកលេវីបានធ្វើតាមបង្គាប់ម៉ូសេ។ ដូច្នេះ នៅថ្ងៃនោះមានមនុស្សប្រហែល៣.០០០នាក់បានស្លាប់។
២៩ រួចមក ម៉ូសេបាននិយាយទៅពួកលេវីថា៖ «នៅថ្ងៃនេះ ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធជូនព្រះយេហូវ៉ា ព្រោះអ្នករាល់គ្នាបានប្រឆាំងនឹងកូនខ្លួននិងបងប្អូនខ្លួន។+ ថ្ងៃនេះ លោកនឹងឲ្យពរដល់អ្នករាល់គ្នា»។+
៣០ នៅថ្ងៃបន្ទាប់ ម៉ូសេបាននិយាយទៅបណ្ដាជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាបានធ្វើអំពើខុសឆ្គងធំណាស់។ ដូច្នេះខ្ញុំនឹងឡើងទៅជួបព្រះយេហូវ៉ាដើម្បីអង្វរសុំលោក ប្រហែលជាលោកនឹងអភ័យទោសឲ្យអ្នករាល់គ្នា»។+
៣១ ម៉ូសេក៏បានត្រឡប់ទៅជួបព្រះយេហូវ៉ា ហើយជម្រាបលោកថា៖ «ឱព្រះអើយ! បណ្ដាជននេះបានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរណាស់! ព្រោះពួកគេបានធ្វើរូបព្រះពីមាសសម្រាប់គោរពបូជា!+
៣២ ប៉ុន្តែ បើលោកពេញចិត្ត សូមលោកមេត្តាអភ័យទោសឲ្យពួកគេផង។+ បើមិនដូច្នោះទេ សូមលោកលុបឈ្មោះខ្ញុំចេញពីសៀវភៅរបស់លោកចុះ»។+
៣៣ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «អ្នកណាដែលធ្វើអំពើខុសឆ្គងទាស់នឹងខ្ញុំ ខ្ញុំនឹងលុបឈ្មោះអ្នកនោះចេញពីសៀវភៅរបស់ខ្ញុំ។
៣៤ ឥឡូវ ចូរនាំបណ្ដាជនទៅកន្លែងដែលខ្ញុំបានប្រាប់អ្នកចុះ។ ទេវតារបស់ខ្ញុំនឹងនាំមុខអ្នក+ ហើយនៅថ្ងៃដែលខ្ញុំវិនិច្ឆ័យក្ដី ខ្ញុំនឹងដាក់ទោសពួកគេចំពោះអំពើខុសឆ្គងដែលពួកគេបានធ្វើ»។
៣៥ បន្ទាប់មក ព្រះយេហូវ៉ាបានធ្វើឲ្យបណ្ដាជនមានសេចក្ដីវេទនា ព្រោះតែរូបកូនគោដែលពួកគេបានសុំអេរ៉ុនឲ្យធ្វើ។