ដំណើរចាកចេញ ៣៣:១-២៣
៣៣ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថែមទៀតថា៖ «ចូរចាកចេញពីទីនេះជាមួយនឹងបណ្ដាជនដែលអ្នកបាននាំចេញពីស្រុកអេហ្ស៊ីប។ រួចធ្វើដំណើរទៅទឹកដីដែលខ្ញុំបានស្បថនឹងអាប្រាហាំ អ៊ីសាក និងយ៉ាកុបថានឹងឲ្យដល់កូនចៅ*របស់ពួកគេ។+
២ ខ្ញុំនឹងចាត់ទេវតាមួយរូបឲ្យទៅមុនអ្នក+ ហើយខ្ញុំនឹងបណ្ដេញជនជាតិកាណាន ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីទឹកដីនោះ។+
៣ ទឹកដីនោះជាទឹកដីដែលមានទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ។+ ប៉ុន្តែ ខ្ញុំនឹងមិនទៅជាមួយនឹងអ្នករាល់គ្នាទេ ក្រែងលោខ្ញុំបំផ្លាញអ្នករាល់គ្នានៅតាមផ្លូវ+ ព្រោះអ្នករាល់គ្នាជាមនុស្សមានចិត្តរឹងរូសណាស់»។+
៤ ក្រោយពីបានស្ដាប់សម្ដីដ៏ម៉ឺងម៉ាត់របស់ព្រះរួច បណ្ដាជនបាននាំគ្នាកាន់ទុក្ខ ហើយគ្មានអ្នកណាម្នាក់ពាក់គ្រឿងលម្អទេ។
៥ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាជាមនុស្សមានចិត្តរឹងរូសណាស់។+ ការពិតខ្ញុំអាចបំផ្លាញអ្នករាល់គ្នាក្នុងមួយរំពេចបាន។+ ប៉ុន្តែ ខ្ញុំគិតមើលសិនថានឹងត្រូវធ្វើយ៉ាងណាចំពោះអ្នករាល់គ្នា។ ដូច្នេះក្នុងអំឡុងពេលនោះ អ្នករាល់គ្នាមិនត្រូវពាក់គ្រឿងលម្អឡើយ›»។
៦ ម្ល៉ោះហើយ បណ្ដាជនអ៊ីស្រាអែលបានដោះគ្រឿងលម្អចេញកាលដែលពួកគេនៅភ្នំហូរែប ហើយតាំងពីពេលនោះមក ពួកគេមិនបានពាក់ទៀតទេ។
៧ គ្រានោះ ម៉ូសេបានយកត្រសាលរបស់គាត់ទៅដំឡើងនៅខាងក្រៅជំរំ គឺឆ្ងាយបន្តិចពីជំរំបណ្ដាជន ហើយគាត់បានហៅត្រសាលនោះថាត្រសាលជំនុំ។ ដូច្នេះ អស់អ្នកណាដែលចង់សុំការណែនាំពីព្រះយេហូវ៉ា+ ពួកគេអាចទៅទីនោះ។
៨ កាលណាម៉ូសេចេញទៅត្រសាលជំនុំនោះ បណ្ដាជនក៏ក្រោកឈរនៅច្រកចូលត្រសាលរបស់ខ្លួន ហើយតាមមើលម៉ូសេរហូតដល់គាត់ចូលផុតក្នុងត្រសាលជំនុំ។
៩ ពេលដែលម៉ូសេចូលទៅក្នុងត្រសាលជំនុំ បង្គោលពពក+ក៏មកស្ថិតនៅលើច្រកចូលត្រសាល គឺពេលនោះហើយដែលព្រះបានមានប្រសាសន៍មកកាន់ម៉ូសេ។+
១០ ឯបណ្ដាជនវិញ ពេលដែលពួកគេឃើញបង្គោលពពកស្ថិតនៅលើច្រកចូលត្រសាលជំនុំ ពួកគេក៏ក្រាបគោរពនៅច្រកចូលត្រសាលរបស់ពួកគេរៀងៗខ្លួន។
១១ ព្រះយេហូវ៉ាមានប្រសាសន៍ទល់មុខម៉ូសេ+ ដូចជាមនុស្សម្នាក់និយាយទៅកាន់មនុស្សម្នាក់ទៀត។ ពេលដែលម៉ូសេត្រឡប់ទៅជំរំបណ្ដាជនវិញ យ៉ូស្វេ+ជាកូនរបស់នុន ដែលបម្រើជាជំនួយការគាត់+ នៅយាមត្រសាលជំនុំនោះ។
១២ ក្រោយមក ម៉ូសេបាននិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «លោកបានមានប្រសាសន៍មកខ្ញុំថា៖ ‹ចូរនាំបណ្ដាជននេះធ្វើដំណើរចេញទៅ›។ ប៉ុន្តែ លោកមិនបានប្រាប់ខ្ញុំឲ្យដឹងថាលោកនឹងចាត់អ្នកណាឲ្យទៅជាមួយនឹងខ្ញុំឡើយ។ ម្យ៉ាងទៀត លោកបានមានប្រសាសន៍ថា៖ ‹ខ្ញុំស្គាល់អ្នកច្បាស់* ហើយពេញចិត្តនឹងអ្នកណាស់›។
១៣ ដូច្នេះ បើលោកពេញចិត្តនឹងខ្ញុំមែន សូមលោកមេត្តាបង្ហាញផ្លូវរបស់លោកដល់ខ្ញុំផង+ ដើម្បីឲ្យខ្ញុំអាចស្គាល់លោកច្បាស់ ហើយបន្តធ្វើជាអ្នកដែលលោកពេញចិត្តជានិច្ច។ សូមលោកមេត្តានឹកចាំថាប្រជាជាតិនេះជារាស្ត្ររបស់លោកផង»។+
១៤ ម្ល៉ោះហើយ ព្រះក៏មានប្រសាសន៍ថា៖ «ខ្ញុំនឹងទៅជាមួយនឹងអ្នក+ ហើយខ្ញុំនឹងផ្ដល់សេចក្ដីសុខសាន្តដល់អ្នក»។+
១៥ បន្ទាប់មក ម៉ូសេបានតបថា៖ «បើលោកមិនអញ្ជើញទៅជាមួយនឹងយើងខ្ញុំទេ សូមមេត្តាកុំឲ្យយើងខ្ញុំចាកចេញពីទីនេះអី។
១៦ ម្យ៉ាងទៀត តើយើងខ្ញុំអាចដឹងយ៉ាងដូចម្ដេចបានថាលោកពេញចិត្តនឹងយើងខ្ញុំនោះ? បើលោកព្រមទៅ នោះយើងខ្ញុំនឹងដឹងច្បាស់ថាលោកពេញចិត្តនឹងយើងខ្ញុំមែន+ ហើយនេះនឹងធ្វើឲ្យគេឃើញថាលោកបានញែកយើងខ្ញុំចេញពីប្រជាជាតិឯទៀតជាប្រាកដ»។+
១៧ ព្រះយេហូវ៉ាក៏មានប្រសាសន៍បន្តទៀតថា៖ «ខ្ញុំនឹងធ្វើតាមសំណូមពររបស់អ្នក ព្រោះខ្ញុំស្គាល់អ្នកច្បាស់* ហើយពេញចិត្តនឹងអ្នកណាស់»។
១៨ រួចម៉ូសេនិយាយថា៖ «សូមលោកបង្ហាញសិរីរុងរឿងរបស់លោកឲ្យខ្ញុំឃើញផង»។
១៩ ព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងឲ្យអ្នកឃើញសិរីរុងរឿង*របស់ខ្ញុំ ហើយខ្ញុំនឹងប្រកាសនាមខ្ញុំជាយេហូវ៉ានៅចំពោះមុខអ្នក។+ ខ្ញុំពេញចិត្តនឹងអ្នកណាដែលខ្ញុំនឹងពេញចិត្ត ហើយខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាដល់អ្នកណាដែលខ្ញុំចង់បង្ហាញសេចក្ដីមេត្តា»។+
២០ ប៉ុន្តែ ព្រះបានបន្ថែមថា៖ «អ្នកមិនអាចឃើញមុខខ្ញុំបានទេ ព្រោះគ្មានមនុស្សណាម្នាក់អាចឃើញខ្ញុំ ហើយនៅរស់បានឡើយ»។
២១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៀតថា៖ «នៅក្បែរខ្ញុំមានថ្មមួយ ចូរមកឈរលើថ្មនេះ។
២២ ពេលពន្លឺនៃសិរីរុងរឿងរបស់ខ្ញុំឆ្លងកាត់ទីនោះ ខ្ញុំនឹងដាក់អ្នកក្នុងក្រហែងថ្ម ហើយយកដៃខ្ញុំមកបាំងអ្នក រហូតដល់ខ្ញុំឆ្លងផុតទៅ។
២៣ ក្រោយនោះ ខ្ញុំនឹងដកដៃចេញ ហើយអ្នកនឹងឃើញខ្នងខ្ញុំ។ ប៉ុន្តែ អ្នកមិនអាចឃើញមុខខ្ញុំបានទេ»។+
កំណត់សម្គាល់
^ ន័យត្រង់«ពូជ»
^ ឬ«ខ្ញុំបានជ្រើសរើសអ្នក»
^ ន័យត្រង់«ស្គាល់អ្នកតាមឈ្មោះ»
^ ន័យត្រង់«គុណធម៌»