ដំណើរចាកចេញ ៣៥:១-៣៥
៣៥ ក្រោយមក ម៉ូសេបានឲ្យបណ្ដាជនអ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា រួចគាត់និយាយទៅកាន់ពួកគេថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូចតទៅ៖+
២ អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន តែថ្ងៃទី៧គឺជាថ្ងៃឈប់សម្រាកជូនព្រះយេហូវ៉ាទាំងស្រុង ហើយថ្ងៃនោះនឹងទៅជាថ្ងៃបរិសុទ្ធដល់អ្នករាល់គ្នា។+ បើអ្នកណាម្នាក់ធ្វើការនៅថ្ងៃនោះ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន។+
៣ នៅថ្ងៃឈប់សម្រាក អ្នករាល់គ្នាមិនត្រូវបង្កាត់ភ្លើងក្នុងលំនៅរបស់ខ្លួនឡើយ»។
៤ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់បណ្ដាជនអ៊ីស្រាអែលបន្ថែមទៀតថា៖ «ព្រះយេហូវ៉ាបានបង្គាប់ដូច្នេះថា៖
៥ ‹ចូរនាំយកវិភាគទានមកជូនព្រះយេហូវ៉ា។+ ចូរឲ្យគ្រប់គ្នាដែលមានចិត្តចង់ជូនវិភាគទាន យកមកជូនព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។+ វិភាគទានទាំងនោះរួមមាន៖ មាស ប្រាក់ ស្ពាន់
៦ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម ក្រណាត់សាច់ល្អ រោមពពែ+
៧ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកទន់* ឈើអាកាស្យា
៨ ប្រេងសម្រាប់ចង្កៀង ប្រេងក្រអូប*សម្រាប់លាយធ្វើប្រេងបរិសុទ្ធ* និងសម្រាប់លាយធ្វើគ្រឿងក្រអូប+
៩ ព្រមទាំងត្បូងអូនីក្ស និងត្បូងឯទៀតសម្រាប់ដាំលើអាវអេផូឌ+ និងប្រដាប់បាំងទ្រូង។+
១០ «‹ចូរប្រមូលជាងជំនាញ+ក្នុងចំណោមអ្នករាល់គ្នា ឲ្យមកធ្វើកិច្ចការទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់
១១ គឺត្រសាល ប្រដាប់ប្រដាត្រសាល ក្រណាត់គ្របត្រសាល កន្លាស់ ក្ដារស៊ុម រនុក សសរ និងជើងសសរ
១២ ហឹប+ ឈើស្នែងហឹប+ គម្របហឹប+ វាំងនន+សម្រាប់ខណ្ឌ
១៣ តុ+និងឈើស្នែងតុ ប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងតុ ព្រមទាំងនំប៉័ងតាំងទុក+
១៤ ជើងចង្កៀង+ និងប្រដាប់ប្រដារបស់វា ចង្កៀង និងប្រេងសម្រាប់អុជបំភ្លឺ+
១៥ ទីបូជាសម្រាប់ដុតគ្រឿងក្រអូប+ និងឈើស្នែងវា ប្រេងបរិសុទ្ធនិងគ្រឿងក្រអូប+ ថែមទាំងវាំងននបាំងមាត់ទ្វារត្រសាល
១៦ ទីបូជាសម្រាប់គ្រឿងបូជាដុត+ ប្រទាសទីបូជាដែលធ្វើពីស្ពាន់ ឈើស្នែងទីបូជា និងប្រដាប់ប្រដាប្រើប្រាស់ជាមួយនឹងទីបូជា អាងទឹកនិងជើងទ្រ+
១៧ រនាំងទីធ្លាត្រសាល បង្គោលនិងជើងទ្រ ព្រមទាំងវាំងននបាំងច្រកចូលទីធ្លា+
១៨ ស្នឹងត្រសាល ស្នឹងរនាំងទីធ្លា និងខ្សែចង+
១៩ សម្លៀកបំពាក់ធ្វើពីក្រណាត់ត្បាញយ៉ាងល្អ+សម្រាប់ពាក់បម្រើនៅទីបរិសុទ្ធ ថែមទាំងសម្លៀកបំពាក់បរិសុទ្ធសម្រាប់អេរ៉ុន+ និងសម្លៀកបំពាក់សង្ឃសម្រាប់កូនប្រុសៗរបស់គាត់›»។
២០ ក្រោយស្ដាប់រួច បណ្ដាជនអ៊ីស្រាអែលទាំងអស់បានចាកចេញពីម៉ូសេ។
២១ បន្ទាប់មក អស់អ្នកដែលពេញចិត្ត+ជូនវិភាគទានដល់ព្រះយេហូវ៉ា បានយកវិភាគទានទាំងនោះមកជូន សម្រាប់ធ្វើត្រសាលជំនុំនិងសម្លៀកបំពាក់បរិសុទ្ធ ព្រមទាំងសម្រាប់កិច្ចបម្រើនៅទីនោះ។
២២ ពេលនោះ បណ្ដាជនទាំងប្រុសទាំងស្រីបាននាំយកវិភាគទានដោយស្ម័គ្រពីចិត្ត មកជូនជាបន្តបន្ទាប់ គឺកន្លាស់ ក្រវិល ចិញ្ចៀន និងគ្រឿងអលង្ការឯទៀត ព្រមទាំងប្រដាប់ប្រដាគ្រប់ប្រភេទធ្វើពីមាស។ ពួកគេបានយកប្រដាប់ប្រដាមាសទាំងនេះ មកជូនជាគ្រឿងបូជា*ដល់ព្រះយេហូវ៉ា។+
២៣ ឯអ្នកណាដែលមានអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម ក្រណាត់សាច់ល្អ រោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម និងស្បែកទន់* ពួកគេក៏យកមកជូនដែរ។
២៤ ចំណែកអ្នកដែលមានប្រាក់និងស្ពាន់ ពួកគេបានយកមកជូនព្រះយេហូវ៉ាជាវិភាគទាន ហើយអស់អ្នកដែលមានឈើអាកាស្យា ពួកគេបានយកមកជូន សម្រាប់ប្រើក្នុងការសាងសង់។
២៥ ឯពួកស្ត្រីដែលមានជំនាញ+ខាងត្បាញរវៃ ពួកគេក៏បានយកអ្វីដែលពួកគេបានធ្វើមកជូនដែរ រួមមាន៖ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម អំបោះសម្រាប់ធ្វើក្រណាត់សាច់ល្អ
២៦ ហើយពួកស្ត្រីដែលមានជំនាញខាងត្បាញរវៃដែលពេញចិត្តជួយ បានត្បាញរោមពពែ។
២៧ ពួកមេដឹកនាំបានជូនត្បូងអូនីក្ស និងត្បូងឯទៀតសម្រាប់ដាំលើអាវអេផូឌនិងប្រដាប់បាំងទ្រូង+
២៨ ព្រមទាំងប្រេងក្រអូបបាលសាម និងប្រេងសម្រាប់ចង្កៀង ប្រេងសម្រាប់លាយធ្វើប្រេងបរិសុទ្ធ*+ និងសម្រាប់លាយធ្វើគ្រឿងក្រអូប។+
២៩ ដូច្នេះ ពួកអ៊ីស្រាអែលទាំងប្រុសទាំងស្រីដែលពេញចិត្តយកអ្វីមកជូនសម្រាប់បំពេញកិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់តាមរយៈម៉ូសេ ពួកគេបានជូនអ្វីទាំងនោះជាគ្រឿងបូជាស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា។+
៣០ បន្ទាប់មក ម៉ូសេបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «មើល! ព្រះយេហូវ៉ាបានជ្រើសរើសបេសាលែលជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា។+
៣១ លោកឲ្យឫទ្ធានុភាពរបស់លោកដឹកនាំគាត់ ព្រមទាំងឲ្យប្រាជ្ញា ការយល់ដឹង និងចំណេះសព្វគ្រប់ក្នុងការធ្វើអ្វីៗដោយដៃ
៣២ គឺឲ្យគាត់ចេះធ្វើក្បាច់រចនា ចេះធ្វើគ្រឿងផ្សេងៗពីមាស ពីប្រាក់ និងពីស្ពាន់។
៣៣ គាត់ចេះច្នៃនិងដាំត្បូង ថែមទាំងចេះធ្វើឧបករណ៍ផ្សេងៗពីឈើលម្អដោយក្បាច់រចនាផងដែរ។
៣៤ លោកបណ្ដាលឲ្យគាត់និងអូហូលាភ+ជាកូនរបស់អាហ៊ីសាម៉ាក់ដែលមកពីកុលសម្ព័ន្ធដាន់ ចេះបង្រៀនអ្នកឯទៀត។
៣៥ លោកបានធ្វើឲ្យពួកគាត់ប៉ិនប្រសប់+ក្នុងកិច្ចការគ្រប់ប្រភេទ គឺខាងចម្លាក់ ខាងការដេរប៉ាក់ ខាងការត្បាញរវៃដោយប្រើអំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ អំបោះពណ៌ក្រហម និងអំបោះសម្រាប់ធ្វើក្រណាត់សាច់ល្អ ព្រមទាំងខាងការត្បាញឯទៀត។ ពួកគាត់នឹងចេះធ្វើការគ្រប់យ៉ាង ហើយចេះធ្វើក្បាច់រចនាផងដែរ។
កំណត់សម្គាល់
^ ឬ«អំបោះធ្វើពីរោមចៀមជ្រលក់ពណ៌ស្វាយ»
^ ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
^ ឬ«ប្រេងបាលសាម»
^ គឺជាប្រេងសម្រាប់ចាក់តែងតាំងបុគ្គលម្នាក់ឲ្យទទួលភារកិច្ចពិសេស
^ ឬ«គ្រឿងបូជាសម្រាប់លើកចុះឡើង»
^ ឬ«ស្បែកថាហាស»។ ថាហាសប្រហែលជាឈ្មោះភាសាហេប្រឺ ដែលសំដៅលើសត្វក្នុងទឹក មានរូបរាងដូចជាសត្វភេ តែមានមាឌធំជាង
^ គឺជាប្រេងសម្រាប់ចាក់តែងតាំងបុគ្គលម្នាក់ឲ្យទទួលភារកិច្ចពិសេស