ដំណើរចាកចេញ ៥:១-២៣

  • ម៉ូសេ​និង​អេរ៉ុន​នៅ​ចំពោះ​មុខ​ផារ៉ូ (​១​-​៥)

  • ការ​សង្កត់​សង្កិន​កាន់​តែ​ខ្លាំង​ឡើង (​៦​-​១៨)

  • ជន​ជាតិ​អ៊ីស្រាអែល​បន្ទោស​ម៉ូសេ​និង​អេរ៉ុន (​១៩​-​២៣)

៥  លុះ​ក្រោយ​មក ម៉ូសេ​និង​អេរ៉ុន​បាន​ចូល​ទៅ​ជួប​ផារ៉ូ ហើយ​ជម្រាប​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​អនុញ្ញាត​ឲ្យ​រាស្ត្រ​ខ្ញុំ​ចាក​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ដើម្បី​ធ្វើ​បុណ្យ​មួយ​ឲ្យ​ខ្ញុំ›​»។ ២  ប៉ុន្តែ ផារ៉ូ​បាន​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា+បាន​ជា​ខ្ញុំ​ត្រូវ​ស្ដាប់​តាម ហើយ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​នោះ?+ ខ្ញុំ​មិន​ស្គាល់​ព្រះ​យេហូវ៉ា​ទេ។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចេញ​ទៅ​ជា​ដាច់​ខាត​»។+ ៣  ពួក​គេ​បាន​តប​ទៅ​វិញ​ថា​៖ ​«​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​បាន​មាន​ប្រសាសន៍​មក​កាន់​ពួក​ខ្ញុំ។ សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ជា​កន្លែង​ដែល​ត្រូវ​ដើរ​អស់​បី​ថ្ងៃ ដើម្បី​ឲ្យ​ពួក​ខ្ញុំ​អាច​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​ខ្ញុំ។+ បើ​ពុំ​នោះ​ទេ លោក​នឹង​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​មាន​ជំងឺ ឬ​បណ្ដោយ​ឲ្យ​សត្រូវ​សម្លាប់​ពួក​ខ្ញុំ​ហើយ​»។ ៤  ដូច្នេះ ស្ដេច​ស្រុក​អេហ្ស៊ីប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​នែ​ម៉ូសេ​និង​អេរ៉ុន! ម្ដេច​ក៏​អ្នក​ឯង​ចង់​នាំ​បណ្ដា​ជន​ឈប់​ធ្វើ​ការ​ដូច្នេះ? ចូរ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ភ្លាម!​»។+ ៥  ផារ៉ូ​បាន​និយាយ​បន្ត​ថា​៖ ​«​មើល! មាន​អ្នក​ធ្វើ​ការ​ច្រើន​ណាស់។ តើ​អ្នក​ឯង​ចង់​ឲ្យ​ពួក​គេ​ឈប់​ពី​ការងារ ហើយ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​អ្នក​ឯង​ឬ?​»។ ៦  នៅ​ថ្ងៃ​ដដែល​នោះ ផារ៉ូ​បាន​បង្គាប់​ពួក​អ្នក​ត្រួត​ពិនិត្យ​និង​ជំនួយ​ការ​របស់​ពួក​គេ​ថា​៖ ៧  ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ្នក​ធ្វើ​ឥដ្ឋ​ទៀត​ទេ+ ឲ្យ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​ទៅ។ ៨  ប៉ុន្តែ អ្នក​ត្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​កាល​ពី​មុន កុំ​បន្ធូរ​បន្ថយ​ឲ្យ​ពួក​គេ​ឲ្យ​សោះ ព្រោះ​ពួក​គេ​ខ្ជិល​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្រែក​ថា​៖ ‹សូម​ឲ្យ​ពួក​ខ្ញុំ​ចេញ​ទៅ ពួក​ខ្ញុំ​ចង់​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ពួក​ខ្ញុំ!›។ ៩  ចូរ​ដាក់​ការងារ​ធ្ងន់​ៗ​ថែម​ទៀត​ឲ្យ​ពួក​គេ​ធ្វើ ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​ពេល​ស្ដាប់​ពាក្យ​ឥត​បាន​ការ​ឡើយ​»។ ១០  ដូច្នេះ ពួក​អ្នក​ត្រួត​ពិនិត្យ+និង​ជំនួយ​ការ​បាន​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ឥដ្ឋ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ផារ៉ូ​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​លែង​ផ្ដល់​ចំបើង​ឲ្យ​ពួក​ឯង​រាល់​គ្នា​ទៀត​ហើយ។ ១១  ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​ចុះ នៅ​កន្លែង​ណា​ក៏​បាន តែ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​គឺ​នៅ​ដដែល›​»។ ១២  បន្ទាប់​មក ពួក​អ៊ីស្រាអែល​បាន​ចេញ​ទៅ​រក​ជញ្ជ្រាំង​ពេញ​ក្នុង​ស្រុក​អេហ្ស៊ីប ដើម្បី​យក​មក​ប្រើ​ជំនួស​ចំបើង​វិញ។ ១៣  ពួក​អ្នក​ត្រួត​ពិនិត្យ​ចេះ​តែ​បង្ខំ​ពួក​គេ​ថា​៖ ​«​ជា​រៀង​រាល់​ថ្ងៃ ពួក​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​កំណត់​ដូច​កាល​ដែល​ទទួល​ចំបើង​ដែរ​»។ ១៤  ក្រោយ​មក ពួក​អ្នក​ត្រួត​ពិនិត្យ​របស់​ផារ៉ូ​បាន​វាយ​ធ្វើ​បាប​ពួក​ជំនួយ​ការ ដែល​ពួក​គេ​បាន​តែង​តាំង​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល។+ ពេល​នោះ ពួក​អ្នក​ត្រួត​ពិនិត្យ​បាន​សួរ​ពួក​គេ​ថា​៖ ​«​ម្សិលមិញ​និង​ថ្ងៃ​នេះ ម្ដេច​ក៏​ពួក​អ្នក​មិន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​មុន​ដូច្នេះ?​»។ ១៥  ម្ល៉ោះ​ហើយ ពួក​ជំនួយ​ការ​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចូល​ទៅ​ជួប​ផារ៉ូ ហើយ​និយាយ​ថា​៖ ​«​ហេតុ​អ្វី​លោក​ម្ចាស់​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ពួក​ខ្ញុំ? ១៦  ពួក​ខ្ញុំ​មិន​បាន​ទទួល​ចំបើង​ទេ តែ​ពួក​អ្នក​ត្រួត​ពិនិត្យ​បង្គាប់​ថា​៖ ‹ចូរ​ធ្វើ​ឥដ្ឋ​ទៅ!›។ ម្យ៉ាង​ទៀត ពួក​គេ​បាន​វាយ​ធ្វើ​បាប​ពួក​ខ្ញុំ តែ​ពួក​គេ​ទេ​ដែល​ជា​អ្នក​ធ្វើ​ខុស​»។ ១៧  ប៉ុន្តែ ផារ៉ូ​និយាយ​ថា​៖ ​«​ពួក​ឯង​រាល់​គ្នា​ខ្ជិល​ច្រអូស​ណាស់ ចង់​តែ​សម្រាក​ប៉ុណ្ណោះ!+ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​ឯង​និយាយ​ថា​៖ ‹សូម​ឲ្យ​ពួក​ខ្ញុំ​ចេញ​ទៅ ពួក​ខ្ញុំ​ចង់​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា›។+ ១៨  ឥឡូវ ចូរ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ភ្លាម! គ្មាន​ចំបើង​ផ្ដល់​ឲ្យ​ទេ តែ​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​»។ ១៩  ពេល​ដែល​ពួក​គេ​ឮ​បង្គាប់​ថា​៖ ​«​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​រាល់​ថ្ងៃ!​»​ នោះ​ពួក​គេ​យល់​ថា​ខ្លួន​នឹង​ត្រូវ​រង​ទុក្ខ​ធ្ងន់​ហើយ។ ២០  ក្រោយ​ពី​ពួក​គេ​ចេញ​ពី​ផារ៉ូ ពួក​គេ​បាន​ជួប​ម៉ូសេ​និង​អេរ៉ុន​ដែល​កំពុង​ឈរ​រង់​ចាំ​នៅ​ខាង​ក្រៅ។ ២១  ភ្លាម​នោះ ពួក​គេ​បាន​និយាយ​ទៅ​កាន់​ម៉ូសេ​និង​អេរ៉ុន​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​មើល​ឃើញ​អ្វី​ដែល​ពួក​អ្នក​បាន​ធ្វើ ហើយ​វិនិច្ឆ័យ​ពួក​អ្នក​ចុះ! ដោយ​សារ​តែ​ពួក​អ្នក បាន​ជា​ផារ៉ូ​និង​ពួក​អ្នក​បម្រើ​គាត់​ស្អប់ខ្ពើម​ពួក​យើង ថែម​ទាំង​មាន​ហេតុ​សម្លាប់​ពួក​យើង​ទៀត​ផង​»។+ ២២  ពេល​នោះ ម៉ូសេ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រះ​យេហូវ៉ា​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​រង​ទុក្ខ​បែប​នេះ? តើ​លោក​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​អ្វី? ២៣  តាំង​ពី​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ជួប​ផារ៉ូ​ក្នុង​នាម​លោក+ ផារ៉ូ​បាន​ធ្វើ​បាប​រាស្ត្រ​របស់​លោក​កាន់​តែ​ខ្លាំង+ ហើយ​មក​ដល់​ពេល​នេះ​លោក​នៅ​តែ​មិន​ទាន់​ជួយ​សង្គ្រោះ​ពួក​គេ​នៅ​ឡើយ​»។+

កំណត់សម្គាល់