ណាហ៊ុម ២:១-១៣

  • ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ (​១​-​១៣)

    • «​ទ្វារ​នៃ​ទន្លេ​នឹង​ត្រូវ​បើក​»​ (​)

 បុគ្គល​ដែល​ខ្ចាត់​ខ្ចាយ បាន​ឡើង​មក​ទាស់​នឹង​អ្នក។*+ ចូរ​ការ​ពារ​កំពែង​របស់​អ្នក​ទៅ ចូរ​ចាំ​មើល​ផ្លូវ​ជា​និច្ច។ ចូរ​ត្រៀម​ខ្លួន ហើយ​ប្រមូល​កម្លាំង​ទាំង​អស់​របស់​អ្នក។  ២  ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ស្ដារ​មុខ​មាត់​របស់​យ៉ាកុប​ឡើង​វិញព្រម​ទាំង​មុខ​មាត់​របស់​អ៊ីស្រាអែល​ដែរព្រោះ​ពួក​អ្នក​ដែល​បំផ្លាញ​បាន​កម្ទេច​ពួក​គេ។+ ហើយ​ពួក​អ្នក​ទាំង​នោះ​បាន​បំបាក់​ខ្នែង​របស់​ពួក​គេ។  ៣  ខែល​របស់​ទាហាន​ខ្លាំង​ពូកែ​របស់​គាត់ គឺ​ពណ៌​ក្រហមសម្លៀក​បំពាក់​របស់​ទ័ព​អង់អាច​គាត់ គឺ​ពណ៌​ក្រហម​ឆ្អៅ។ នៅ​ថ្ងៃ​ដែល​គាត់​ត្រៀម​ទៅ​ប្រយុទ្ធដែក​រទេះ​ចម្បាំង​របស់​គាត់ ភ្លឺ​ចែង​ចាំង​ដូច​ភ្លើង។ ពេល​នោះ ពួក​ទាហាន​យារ​លំពែង។*  ៤  រទេះ​ចម្បាំង​បរ​យ៉ាង​លឿន​កាត់​តាម​ផ្លូវ ហើយ​បរ​ចុះ​ឡើង​នៅ​ទី​ធ្លា​សាធារណៈ។ រទេះ​ទាំង​នោះ​ភ្លឺ​ដូច​ភ្លើង​ចន្លុះ ហើយ​លឿន​ដូច​ផ្លេក​បន្ទោរ។  ៥  គ្រា​នោះ គាត់​នឹង​កោះ​ហៅ​ពួក​មន្ត្រី​របស់​គាត់។ កាល​ដែល​ពួក​គេ​ចេញ​ទៅ ពួក​គេ​នឹង​ជំពប់​ជើង​ដួល។ ពួក​គេ​រួស​រាន់​ទៅ​ឯ​កំពែង​ក្រុង ហើយ​ដំឡើង​របាំង​ការ​ពារ។  ៦  ទ្វារ​នៃ​ទន្លេ​នឹង​ត្រូវ​បើក ហើយ​វិមាន​នឹង​ត្រូវ​រំលាយ។*  ៧  ព្រោះ​មាន​សេចក្ដី​សម្រេច​ថា​៖ នាង​នឹង​ត្រូវ​បក​អាក្រាត​ហើយគេ​នឹង​នាំ​នាង​យក​ទៅ ហើយ​ស្រី​ៗ​ជា​ខ្ញុំ​បម្រើ​របស់​នាង​បាន​ថ្ងូរគឺ​ពួក​គេ​ថ្ងូរ​ដូច​ព្រាប កាល​ដែល​កំពុង​គក់​ទ្រូង។  ៨  នៅ​គ្រា​របស់​នាង ក្រុង​នីនីវេ+មាន​ស្ថានភាព​ដូច​ជា​អាង​ទឹក​ធំតែ​ឥឡូវ​ពួក​គេ​កំពុង​រត់​គេច​វិញ។ ​«​ចូរ​ឈប់! ចូរ​ឈប់​សិន!​»​តែ​គ្មាន​នរណា​បែរ​ក្រោយ​ឡើយ។+  ៩  ចូរ​រឹប​អូស​យក​មាស​ប្រាក់​ទៅ! មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់គឺ​មាន​វត្ថុ​មាន​តម្លៃ​គ្រប់​ប្រភេទ​ច្រើន​ឥត​គណនា។ ១០  ក្រុង​នោះ​បាន​ត្រូវ​បំផ្លាញ ហើយ​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​ទទេ!+ ពួក​គេ​ភ័យ​ខ្លាច ក៏​ញ័រ​ជើង ទន់​ជង្គង់ថែម​ទាំង​មាន​ទឹក​មុខ​ស្លេក​ស្លាំង​ទៀត​ផង។ ១១  តើ​រូង​តោ+ដែល​តោ​ស្ទាវ​ស៊ី​ចំណី​នៅ​ឯ​ណា? តើ​រូង​តោ​ដែល​វា​នាំ​កូន​ៗ​ចេញ​ទៅដោយ​គ្មាន​អ្នក​ណា​បំភ័យ​នៅ​ឯ​ណា​ទៅ? ១២  តោ​បាន​ហែក​ចំណី​ជា​ចំណែក​ៗ​ឲ្យ​កូន​ៗ​របស់​វាហើយ​វា​បាន​ខាំ​ពាំ​ចំណី​មក​ឲ្យ​តោ​ញី។ នៅ​ក្នុង​រូង​វា​ពេញ​ទៅ​ដោយ​ចំណី គឺ​ជា​សត្វ​ដែល​វា​បាន​ហែក​ស៊ី។ ១៣  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​មើល! ខ្ញុំ​ទាស់​នឹង​អ្នក​ហើយ+ខ្ញុំ​នឹង​ដុត​បំផ្លាញ​រទេះ​ចម្បាំង​របស់​អ្នក+ហើយ​ខ្ញុំ​នឹង​លើក​ដាវ​ទៅ​ប្រហារ​តោ​ស្ទាវ​របស់​អ្នក។ ខ្ញុំ​នឹង​លែង​ឲ្យ​អ្នក​ហែក​ស៊ី​ចំណី​នៅ​ផែនដី​ទៀតពេល​នោះ សំឡេង​ពួក​អ្នក​នាំ​សារ​របស់​អ្នក ក៏​នឹង​លែង​ឮ​ទៀត​ដែរ​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ក្រុង​នីនីវេ
ឬ​«​លំពែង​ដែល​ធ្វើ​ពី​ឈើ​យូនីពើ​»​
ឬ​«​នឹង​ត្រូវ​រំលំ​»​