សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច ១:១-១០

  • ការ​សួរ​សុខ​ទុក្ខ (​)

  • អរគុណ​ព្រះ​ដែល​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច​មាន​ជំនឿ (​២​-​១០)

 ពី​ខ្ញុំ ប៉ូល និង​ស៊ីលវេនុស*+ ព្រម​ទាំង​ធីម៉ូថេ+ ជូន​ចំពោះ​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​ដែល​រួប​រួម​ជា​មួយ​នឹង​ព្រះ​ដែល​ជា​បិតា និង​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​៖ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត។ ២  យើង​តែង​តែ​អរគុណ​ព្រះ ពេល​យើង​អធិដ្ឋាន​អំពី​អ្នក​ទាំង​អស់​គ្នា។+ ៣  ពី​ព្រោះ​នៅ​ចំពោះ​មុខ​ព្រះ​ដែល​ជា​បិតា​របស់​យើង យើង​មិន​ដែល​ភ្លេច​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ និង​ការ​ខំ​ព្យាយាម​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់ ថែម​ទាំង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក​រាល់​គ្នា​ទេ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម+លើ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ៤  ព្រោះ​យើង​ដឹង​ថា ព្រះ​ស្រឡាញ់​បង​ប្អូន ហើយ​លោក​ជ្រើស​រើស​អ្នក​រាល់​គ្នា ៥  ដោយ​សារ​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា មិន​គ្រាន់​តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​មាន​ឥទ្ធិពល​ខ្លាំង ដោយ​ឫទ្ធានុភាព​បរិសុទ្ធ និង​ដោយ​ជំនឿ​រឹង​មាំ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​បាន​ទៅ​ជា​មនុស្ស​បែប​ណា​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ ៦  អ្នក​រាល់​គ្នា​បាន​យក​តម្រាប់​យើង+និង​លោក​ម្ចាស់+ ព្រោះ​ទោះ​ជា​មាន​ទុក្ខ​វេទនា​ជា​ច្រើន​ក៏​ដោយ+ អ្នក​រាល់​គ្នា​នៅ​តែ​ទទួល​បណ្ដាំ​របស់​ព្រះ​ដោយ​អំណរ​ដែល​មក​ពី​ឫទ្ធានុភាព​បរិសុទ្ធ។ ៧  ហេតុ​នេះ អ្នក​រាល់​គ្នា​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​ឡាយ​នៅ​តំបន់​ម៉ាសេដូន​និង​ខេត្ត​អាខេយ៉ា។ ៨  តាម​ការ​ពិត អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា* ឮ​សុសសាយ​នៅ​តំបន់​ម៉ាសេដូន​និង​ខេត្តអាខេយ៉ា​ប៉ុណ្ណោះ​ទេ តែ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ​ត្រូវ​គេ​ឮ​នៅ​គ្រប់​ទិស​ទី។+ ម្ល៉ោះ​ហើយ យើង​មិន​ចាំ​បាច់​និយាយ​អ្វី​ទេ។ ៩  ព្រោះ​អ្នក​ទាំង​នោះ​តែង​តែ​រៀប​រាប់​អំពី​ពេល​ដំបូង​ដែល​យើង​បាន​ជួប​អ្នក​រាល់​គ្នា និង​អំពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​លះ​បង់​ចោល​រូប​ព្រះ​ផ្សេង​ៗ ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​និង​បម្រើ​ព្រះ​ដ៏​ពិត+ ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​វិញ ១០  ព្រម​ទាំង​រង់​ចាំ​បុត្រ​របស់​ព្រះ​ដែល​មក​ពី​ស្ថាន​សួគ៌+ ជា​បុត្រ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ពោល​គឺ​លោក​យេស៊ូ​ដែល​សង្គ្រោះ​យើង​ពី​កំហឹង​របស់​ព្រះ​ដែល​នឹង​មក។+

កំណត់សម្គាល់

ក៏​មាន​ឈ្មោះ​ថា​ស៊ីឡាស​ដែរ
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥