សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច ៥:១-២៨

  • ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់ (​១​-​៥)

    • «​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ!​»​ (​)

  • ចូរ​ឲ្យ​យើង​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច (​៦​-​១១)

  • ការ​ដាស់​តឿន (​១២​-​២៤)

  • ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ​ចុង​ក្រោយ (​២៥​-​២៨)

 ឥឡូវ​បង​ប្អូន​អើយ ស្ដី​អំពី​ពេល​កំណត់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា​ឡើយ។ ២  ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ថ្ងៃ​របស់​ព្រះ​យេហូវ៉ា*+នឹង​មក​ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។+ ៣  នៅ​ពេល​ដែល​ពួក​គេ​និយាយ​ថា​៖ ​«​មាន​សន្តិភាព​និង​សន្តិសុខ​ហើយ!​»​ នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​កើត​មាន​ដល់​ពួក​គេ​ភ្លាម​មួយ​រំពេច+ ដូច​ជា​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។ ពួក​គេ​នឹង​គេច​មិន​ផុត​ឡើយ។ ៤  ប៉ុន្តែ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ភាព​ងងឹត​ទេ ដូច្នេះ​ថ្ងៃ​នោះ​នឹង​មិន​មក​ដោយ​អ្នក​រាល់​គ្នា​មិន​ដឹង​ខ្លួន ដូច​ជា​ពន្លឺ​ថ្ងៃ​មក​ដោយ​ពួក​ចោរ​មិន​ដឹង​ខ្លួន​នោះ​ឡើយ ៥  ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ។+ យើង​មិន​មែន​ជា​កូន​នៃ​ភាព​ងងឹត ឬ​ជា​កូន​នៃ​យប់​ទេ។+ ៦  ដូច្នេះ កុំ​ឲ្យ​យើង​ដេក​លង់​លក់​ដូច​អ្នក​ឯ​ទៀត+ តែ​ចូរ​ឲ្យ​យើង​ភ្ញាក់+ហើយ​ដឹង​ខ្លួន​ជា​និច្ច។+ ៧  ព្រោះ​អ្នក​ដែល​ដេក ក៏​ដេក​នៅ​ពេល​យប់ ហើយ​អ្នក​ដែលស្រវឹងស្រា ក៏​ស្រវឹង​នៅ​ពេល​យប់។+ ៨  ប៉ុន្តែ ចំណែក​យើង​ដែល​នៅ​ខាង​ថ្ងៃ​វិញ ចូរ​ឲ្យ​យើង​ដឹង​ខ្លួន​ជា​និច្ច ហើយ​ពាក់​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ជា​អាវ​ការ​ពារ​ដើម​ទ្រូង ថែម​ទាំង​ពាក់​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ​ជា​មួក​ការ​ពារ​ក្បាល+ ៩  ពី​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​យើង មិន​មែន​ដើម្បី​ឲ្យ​យើង​ទទួល​កំហឹង​របស់​លោក​ទេ តែ​ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ+តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។ ១០  លោក​បាន​ស្លាប់​ដើម្បី​ឲ្យ​យើង+អាច​រស់​ជា​មួយ​នឹង​លោក ទោះ​ជា​យើង​ដេក​លក់*ឬ​នៅ​ភ្ញាក់​ក៏​ដោយ។+ ១១  ដូច្នេះ ចូរ​បន្ត​លើក​ទឹក​ចិត្ត​គ្នា*ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក+ ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ។ ១២  បង​ប្អូន​អើយ ឥឡូវ​យើង​សុំ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​ពួក​អ្នក​ដែល​កំពុង​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​កំពុង​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់ ព្រម​ទាំង​កំពុង​ដាស់​តឿន​អ្នក​រាល់​គ្នា។ ១៣  បន្ថែម​ទៅ​ទៀត ចូរ​អ្នក​រាល់​គ្នា​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ពួក​គាត់ ដោយ​សារ​កិច្ច​ការ​ដែល​ពួក​គាត់​បាន​ធ្វើ។+ ចូរ​រក្សា​ឲ្យ​មាន​សន្តិភាព​រវាង​គ្នា​នឹង​គ្នា។+ ១៤  មួយ​វិញ​ទៀត បង​ប្អូន​អើយ យើង​ជំរុញ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ព្រមាន*ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់+ និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ និង​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​មនុស្ស​ទាំង​អស់។+ ១៥  កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​អាក្រក់​ឡើយ+ តែ​ចូរ​រក​វិធី​ធ្វើ​អំពើ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ចំពោះ​អ្នក​ឯ​ទៀត​ជា​និច្ច។+ ១៦  ចូរ​អរ​សប្បាយ​ជា​និច្ច។+ ១៧  ចូរ​អធិដ្ឋាន​ឥត​ឈប់។+ ១៨  ចូរ​ថ្លែង​អំណរ​គុណ​សម្រាប់​អ្វី​ៗ​ទាំង​អស់។+ នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​សម្រាប់​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ ១៩  កុំ​រា​រាំង​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ។+ ២០  កុំ​ចាត់​ទុក​ទំនាយ​ថា​គ្មាន​តម្លៃ​ឡើយ។+ ២១  ចូរ​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ+ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ៗ​ដែល​ប្រសើរ។ ២២  ចូរ​ជៀស​ចេញ​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង។+ ២៣  សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ​ទាំង​ស្រុង។ សូម​ឲ្យ​ចិត្ត​គំនិត ជីវិត* និង​រូប​កាយ​របស់​បង​ប្អូន​បាន​ត្រូវ​រក្សា​ឲ្យ​មាន​គ្រប់​លក្ខណៈ ហើយ​ការ​ពារ​មិន​ឲ្យ​មាន​កន្លែង​បន្ទោស ក្នុង​អំឡុង​វត្តមាន​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង។+ ២៤  លោក​ដែល​កំពុង​ហៅ​អ្នក​រាល់​គ្នា​គឺ​ស្មោះ​ត្រង់ ហើយ​លោក​នឹង​ធ្វើ​ការ​នោះ​ពិត​មែន។ ២៥  បង​ប្អូន​អើយ សូម​បន្ត​អធិដ្ឋាន​ឲ្យ​យើង។+ ២៦  សូម​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ថើប។* ២៧  ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​នាម​លោក​ម្ចាស់ ឲ្យ​អាន​សំបុត្រ​នេះ​ជូន​បង​ប្អូន​ទាំង​អស់​ស្ដាប់។+ ២៨  សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​»​
ឬ​«​សម្រាល​ទុក្ខ​គ្នា​»​
ឬ​«​ដាស់​តឿន​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
គ្រិស្ត​សាសនិក​ធ្លាប់​សួរ​សុខ​ទុក្ខ​គ្នា​ដោយ​ការ​ថើប​ពេល​ជួប​គ្នា