សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច ១:១-១២

  • ការ​សួរ​សុខ​ទុក្ខ (​១, ២)

  • ជំនឿ​អ្នក​ក្រុង​ថែស្សាឡូនិច​កាន់​តែ​រឹង​មាំ (​៣​-​៥)

  • ការ​សង​សឹក​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ (​៦​-​១០)

  • សេចក្ដី​អធិដ្ឋាន​សម្រាប់​ក្រុម​ជំនុំ (​១១, ១២)

 ពី​ខ្ញុំ ប៉ូល និង​ស៊ីលវេនុស* ព្រម​ទាំង​ធីម៉ូថេ+ ជូន​ចំពោះ​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​ដែល​រួប​រួម​ជា​មួយ​នឹង​ព្រះ​ជា​បិតា​របស់​យើង និង​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​៖* ២  សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ៣  បង​ប្អូន​អើយ យើង​មាន​ភារកិច្ច​អរគុណ​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា​ជា​និច្ច។ យើង​ធ្វើ​ដូច្នេះ​គឺ​ត្រឹម​ត្រូវ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ជំនឿ​កាន់​តែ​រឹង​មាំ ហើយ​អ្នក​ទាំង​អស់​គ្នា​ក៏​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ដែរ។+ ៤  ហេតុ​នេះ ក្នុង​ចំណោម​ក្រុម​ជំនុំ​ទាំង​ឡាយ​របស់​ព្រះ យើង​មាន​មោទនភាព​ចំពោះ​អ្នក​រាល់​គ្នា+ ដោយ​សារ​អ្នក​រាល់​គ្នា​បង្ហាញ​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ ទោះ​ជា​អ្នក​រាល់​គ្នា​កំពុង​ជួប​ការ​បៀត​បៀន​និង​ទុក្ខ​លំបាក*គ្រប់​បែប​យ៉ាង​ក៏​ដោយ។+ ៥  នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​វិនិច្ឆ័យ​ដោយ​សុចរិត​យុត្តិធម៌ ហើយ​ដោយ​សារ​ការ​នោះ អ្នក​រាល់​គ្នា​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​សម​នឹង​ទទួល​រាជាណាចក្រ​ព្រះ ព្រោះ​នោះ​ជា​មូល​ហេតុ​ដែល​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ។+ ៦  ដោយ​សារ​ការ​វិនិច្ឆ័យ​របស់​ព្រះ​គឺ​សុចរិត​យុត្តិធម៌ នោះ​លោក​នឹង​សង​ទុក្ខ​វេទនា​ដល់​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​វេទនា។+ ៧  ពេល​ដែល​លោក​ម្ចាស់យេស៊ូ​លេច​មក​ពី​ស្ថាន​សួគ៌​ជា​មួយ​នឹង​បណ្ដា​ទេវតា​ខ្លាំង​ក្លា​របស់​លោក+ក្នុង​អណ្ដាតភ្លើង នោះ​អ្នក​រាល់​គ្នា​ដែល​កំពុង​រង​ទុក្ខ​វេទនា នឹង​ទទួល​បាន​ការ​ធូរ​ស្បើយ​ជា​មួយ​នឹង​យើង។+ ៨  នៅ​គ្រា​នោះ លោក​នឹង​សង​សឹក​ចំពោះ​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​ពួក​អ្នក​ដែល​មិន​ស្ដាប់​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង។+ ៩  អ្នក​ទាំង​នោះ​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត+ ឲ្យ​ផុត​បាត់​ពី​មុខ​លោក​ម្ចាស់​និង​ឫទ្ធានុភាព​ដ៏​រុង​រឿង​របស់​លោក ១០  នៅ​ពេល​ដែល​លោក​មក​ដើម្បី​ទទួល​សិរី​រុង​រឿង​ជា​មួយ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​លោក នោះ​អស់​អ្នក​ដែល​បាន​បង្ហាញ​ជំនឿ​លើ​លោក​នឹង​កោត​ស្ញប់​ស្ញែង​ចំពោះ​លោក ហើយ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ជឿ​អ្វី​ៗ​ដែល​យើង​បាន​ប្រាប់ នោះ​អ្នក​រាល់​គ្នា​ក៏​នឹង​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ។ ១១  ហេតុ​នោះ យើង​តែង​តែ​អធិដ្ឋាន​ដើម្បី​អ្នក​រាល់​គ្នា​ជា​និច្ច និង​សូម​ឲ្យ​ព្រះ​របស់​យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ថា​ជា​អ្នក​ដែល​លោក​សម​នឹង​ហៅ+ ហើយ​ដោយ​ឫទ្ធានុភាព​របស់​លោក សូម​ឲ្យ​លោក​សម្រេច​ការ​ល្អ​ទាំង​អស់​ដែល​លោក​ចង់​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា ព្រម​ទាំង​ធ្វើ​ឲ្យ​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ​បាន​ទទួល​ជោគ​ជ័យ។ ១២  នេះ​គឺ​ដើម្បី​ឲ្យ​នាម​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ទទួល​ការ​លើក​តម្កើង​តាម​រយៈ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សិរី​រុង​រឿង​ដោយ​រួប​រួម​ជា​មួយ​នឹង​លោក ស្រប​តាម​គុណ​ដ៏​វិសេស​លើស​លប់​នៃ​ព្រះ​របស់​យើង​និង​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។

កំណត់សម្គាល់

ក៏​មាន​ឈ្មោះ​ថា​ស៊ីឡាស​ដែរ
មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​
ឬ​«​សេចក្ដី​វេទនា​»​