ជូនចំពោះទីតុស ២:១-១៥

  • សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍​សម្រាប់​បង​ប្អូន​វ័យ​ក្មេង​និង​បង​ប្អូន​វ័យ​ចាស់ (​១​-​១៥)

    • បដិសេធ​អ្វី​ៗ​ដែល​ខុស​ពី​បំណង​ប្រាថ្នា​ព្រះ (​១២)

    • ខ្នះ​ខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ (​១៤)

 ចំណែក​អ្នក​វិញ ចូរ​បន្ត​និយាយ​អ្វី​ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍។+ ២  បុរស​វ័យ​ចាស់​ត្រូវ​ចេះ​ប្រមាណ​ខ្លួន ត្រូវ​មាន​ចិត្ត​គំនិត​នឹង​ធឹង ដឹង​ខុស​ត្រូវ មាន​ជំនឿ​មាំ​មួន មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង និង​ចេះ​ស៊ូ​ទ្រាំ។ ៣  ដូច​គ្នា​ដែរ ស្ត្រី​វ័យ​ចាស់​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដែល​លើក​កិត្តិយស​ព្រះ មិន​និយាយ​បង្កាច់​បង្ខូច និង​មិន​ញៀន​ស្រា តែ​ជា​អ្នក​បង្រៀន​អំពី​អ្វី​ដែល​ល្អ ៤  ដើម្បី​អាច​ផ្ដល់​ឱវាទ​ដល់*ស្ត្រី​វ័យ​ក្មេង​ឲ្យ​ស្រឡាញ់​ប្ដី ស្រឡាញ់​កូន ៥  ឲ្យ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ ដឹង​ខុស​ត្រូវ ឧស្សាហ៍​ធ្វើ​កិច្ច​ការ​ផ្ទះ ចិត្ត​ល្អ ហើយ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន+ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​និយាយ​ប្រមាថ​បណ្ដាំ​របស់​ព្រះ។ ៦  ស្រដៀង​គ្នា​ដែរ ចូរ​បន្ត​ជំរុញ​ចិត្ត​បុរស​វ័យ​ក្មេង​ឲ្យ​ដឹង​ខុស​ត្រូវ+ ៧  ហើយ​ចូរ​ទុក​គំរូ​ដោយ​ប្រព្រឹត្ត​ល្អ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ចូរ​បង្រៀន​អ្វី​ដែល​បរិសុទ្ធ* ដោយ​មាន​ចិត្ត​គំនិត​នឹង​ធឹង​គ្រប់​ជំពូក។+ ៨  ចូរ​ពោល​តែ​សម្ដី​ល្អ​ៗ​ដែល​គេ​មិន​អាច​រិះ​គន់+ ដើម្បី​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រឆាំង​អៀន​ខ្មាស ព្រោះ​មិន​អាច​និយាយ​អាក្រក់​អំពី​យើង​បាន។+ ៩  ចូរ​ឲ្យ​ពួក​ខ្ញុំ​បម្រើ​ចុះ​ចូល​នឹង​ម្ចាស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់+ ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ម្ចាស់​ពេញ​ចិត្ត ហើយ​មិន​ត្រូវ​តមាត់​ឡើយ ១០  ក៏​មិន​ត្រូវ​លួច​ពី​ម្ចាស់​ដែរ+ តែ​ត្រូវ​បង្ហាញ​ថា​ខ្លួន​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​ស្រុង ដើម្បី​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​ជា​អ្នក​សង្គ្រោះ​យើង ទាក់​ទាញ​ចិត្ត​មនុស្ស​កាន់​តែ​ខ្លាំង។+ ១១  ព្រោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ ហើយ​នាំ​មនុស្ស​គ្រប់​ប្រភេទ​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ។+ ១២  គុណ​ដ៏​វិសេស​លើស​លប់​នោះ​បាន​បង្រៀន​យើង​ឲ្យ​បដិសេធ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ និង​ឲ្យ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ+ ហើយ​រស់​នៅ​ដោយ​ដឹង​ខុស​ត្រូវ ដោយ​សេចក្ដី​សុចរិត និង​ដោយ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​របៀប​របប​ពិភព​លោក*នេះ+ ១៣  កាល​ដែល​យើង​រង់​ចាំ​សេចក្ដី​សង្ឃឹម​ដ៏​សប្បាយ+ និង​ការ​លេច​មក​ដែល​ប្រកប​ដោយ​សិរី​រុង​រឿង​របស់​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​និង​យេស៊ូ​គ្រិស្ត​ជា​អ្នក​សង្គ្រោះ​យើង ១៤  គឺ​លោក​ដែល​បាន​ប្រគល់​ខ្លួន+ដើម្បី​រំដោះ​យើង+ឲ្យ​រួច​ពី​ការ​ប្រឆាំង​ច្បាប់​គ្រប់​បែប​យ៉ាង ហើយ​សម្អាត​យើង​ឲ្យ​ធ្វើ​ជា​រាស្ដ្រ​និង​ជា​ទ្រព្យ​វិសេស​របស់​លោក​ផ្ទាល់ ពោល​គឺ​រាស្ដ្រ​ដែល​ខ្នះ​ខ្នែង​ធ្វើ​ការ​ដ៏​ល្អ​ប្រសើរ។+ ១៥  ចូរ​បន្ត​និយាយ​ការ​ទាំង​នេះ ព្រម​ទាំង​ដាស់​តឿន* និង​កែ​តម្រង់ ដោយ​ប្រើ​អំណាច​របស់​អ្នក​យ៉ាង​ពេញ​លេញ។+ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ឡើយ។

កំណត់សម្គាល់

ឬ​«​អាច​បង្រៀន​ដល់​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បង្រៀន​ដោយ​សេចក្ដី​បរិសុទ្ធ​»​
មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
ឬ​«​លើក​ទឹក​ចិត្ត​»​