សំបុត្រទី១ជូនចំពោះធីម៉ូថេ ៤:១-១៦

  • ការ​ព្រមាន​អំពី​សេចក្ដី​បង្រៀន​របស់​ពួក​វិញ្ញាណ​កំណាច (​១​-​៥)

  • របៀប​ធ្វើ​ជា​អ្នក​បម្រើ​ដ៏​ល្អ​របស់​គ្រិស្ត (​៦​-​១០)

    • ការ​ហ្វឹក​ហាត់​ខ្លួន​ប្រាណ​ផ្ទុយ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ (​)

  • ចូរ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក (​១១​-​១៦)

 ក៏​ប៉ុន្តែ បណ្ដាំ​ពី​ឫទ្ធានុភាព​របស់​ព្រះ​ប្រាប់​យ៉ាង​ច្បាស់​ថា នៅ​អនាគត​នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ដោយ​សារ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បណ្ដាំ​មិន​ពិត​ដែល​ហាក់​ដូច​ជា​មក​ពី​ព្រះ+ ព្រម​ទាំង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​វិញ្ញាណ​កំណាច* ២  តាម​រយៈ​សម្ដី​ភូត​ភរ​របស់​មនុស្ស​លាក់​ពុត+ ជា​ពួក​អ្នក​ដែល​មាន​សមត្ថភាព​វិនិច្ឆ័យ​ស្ពឹក ដូច​ស្បែក​ដែល​រលាក​ដោយ​ដែក​ដុត។ ៣  ពួក​គេ​ហាម​មនុស្ស​មិន​ឲ្យ​រៀប​ការ+ ហើយ​បង្គាប់​មិន​ឲ្យ​បរិភោគ​អាហារ​ខ្លះ។+ ប៉ុន្តែ ព្រះ​បាន​បង្កើត​អាហារ​ទាំង​នោះ+ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជំនឿ+តាម​រយៈ​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត អាច​បរិភោគ​ទាំង​អរគុណ​ព្រះ។ ៤  ពី​ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​គឺ​ល្អ​ប្រសើរ+ ហើយ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​បដិសេធ​ទេ+ បើ​បរិភោគ​ទាំង​អរគុណ​លោក ៥  ព្រោះ​អ្វី​ៗ​ទាំង​នោះ​បាន​ត្រូវ​ធ្វើ​ឲ្យ​បរិសុទ្ធ​ដោយ​បណ្ដាំ​របស់​ព្រះ​និង​ការ​អធិដ្ឋាន។ ៦  ពេល​អ្នក​ផ្ដល់​ឱវាទ​នេះ​ដល់​បង​ប្អូន អ្នក​នឹង​ធ្វើ​ជា​អ្នក​បម្រើ​ដ៏​ល្អ​របស់​គ្រិស្ត​យេស៊ូ ពោល​គឺ​ជា​អ្នក​បម្រើ​ដែល​បាន​ត្រូវ​បំប៉ន​ដោយ​ពាក្យ​នៃ​ជំនឿ និង​ពាក្យ​នៃ​សេចក្ដី​បង្រៀន​ដ៏​ល្អ​ប្រសើរ ដែល​អ្នក​បាន​កាន់​តាម​យ៉ាង​ដិត​ដល់។+ ៧  ប៉ុន្តែ ចូរ​បដិសេធ​រឿង​មិន​ពិត​ដែល​មិន​ស្រប​តាម​អ្វី​ដែល​បរិសុទ្ធ+ ដូច​ជា​រឿង​ដែល​ស្ត្រី​ចាស់​ៗ​បាន​ប្រាប់។ ផ្ទុយ​ទៅ​វិញ ចូរ​បង្ហាត់​បង្រៀន​ខ្លួន​អ្នក​ក្នុង​បំណង*រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ។ ៨  ព្រោះ​ការ​ហ្វឹក​ហាត់​ខ្លួន​ប្រាណ*មាន​ប្រយោជន៍​បន្តិច​បន្តួច តែ​ភក្ដី​ភាព​ចំពោះ​ព្រះ​មាន​ប្រយោជន៍​សម្រាប់​គ្រប់​ការ​ទាំង​អស់ ព្រោះ​នោះ​រួម​បញ្ចូល​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ពេល​បច្ចុប្បន្ន​និង​នៅ​អនាគត។+ ៩  ពាក្យ​ទាំង​នេះ​គឺ​ពិត​និង​គួរ​ឲ្យ​ជឿ​ជាក់។ ១០  ហេតុ​នេះ​ហើយ​បាន​ជា​យើង​កំពុង​ធ្វើ​ការ​នឿយ​ហត់ ហើយ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង+ ដោយ​សារ​យើង​សង្ឃឹម​លើ​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​ព្រះ​ដែល​សង្គ្រោះ+មនុស្ស​គ្រប់​ប្រភេទ+ ជា​ពិសេស​មនុស្ស​ស្មោះ​ត្រង់។ ១១  ចូរ​បន្ត​បង្គាប់​និង​បង្រៀន​សេចក្ដី​ទាំង​នេះ។ ១២  កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ដោយ​សារ​អ្នក​នៅ​ក្មេង​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​អ្នក​ស្មោះ​ត្រង់​ក្នុង​ការ​និយាយ ការ​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​សេចក្ដី​បរិសុទ្ធ។ ១៣  ចូរ​បន្ត​ព្យាយាម​ក្នុង​ការ​អាន​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់+ ក្នុង​ការ​លើក​ទឹក​ចិត្ត និង​ក្នុង​ការ​បង្រៀន រហូត​ដល់​ខ្ញុំ​មក។ ១៤  កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ​តាម​រយៈ​ទំនាយ នៅ​ពេល​ក្រុម​អ្នក​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ​អ្នក។+ ១៥  ចូរ​រំពឹង​គិត​អំពី​ការ​ទាំង​នេះ។ ចូរ​ជក់​ចិត្ត​គំនិត​នឹង​ការ​ទាំង​នេះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​កំពុង​រីក​ចម្រើន។ ១៦  ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​អ្នក និង​សេចក្ដី​បង្រៀន​របស់​អ្នក។+ ចូរ​កាន់​ខ្ជាប់​នឹង​ការ​ទាំង​នេះ ព្រោះ​ដោយ​ធ្វើ​ដូច្នេះ អ្នកនឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក។+

កំណត់សម្គាល់

ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់
ឬ​«​គោល​ដៅ​»​
ឬ​«​ការ​ហាត់​ប្រាណ​»​