សំបុត្រទី១ជូនចំពោះធីម៉ូថេ ៦:១-២១

  • ខ្ញុំ​បម្រើ​ត្រូវ​គោរព​ម្ចាស់​របស់​ខ្លួន (​១, ២)

  • អ្នក​បង្រៀន​មិន​ពិត​និង​ការ​ស្រឡាញ់​ប្រាក់ (​៣​-​១០)

  • ការ​ណែនាំ​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ (​១១​-​១៦)

  • ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ (​១៧​-​១៩)

  • រក្សា​ការ​ពារ​អ្វី​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​អ្នក (​២០, ២១)

 ចូរ​ឲ្យ​អស់​អ្នក​ដែល​ជា​ខ្ញុំ​បម្រើ បន្ត​គោរព​ម្ចាស់​ខ្លួន​យ៉ាង​អស់​ពី​ចិត្ត+ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​នាម​របស់​ព្រះ ឬ​សេចក្ដី​បង្រៀន​របស់​លោក​ឡើយ។+ ២  ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មាន​ម្ចាស់​ជា​អ្នក​ជឿ មិន​ត្រូវ​ខ្វះ​ការ​គោរព​ចំពោះ​ម្ចាស់​ខ្លួន ដោយ​សារ​តែ​ពួក​គាត់​ជា​បង​ប្អូន​រួម​ជំនឿ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ទាំង​នោះ​ត្រូវ​ខំ​បម្រើ​ម្ចាស់​ខ្លួន​លើស​ពី​ធម្មតា ពី​ព្រោះ​ម្ចាស់​ដែល​គាត់​កំពុង​ព្យាយាម​បម្រើ​នោះ គឺ​ជា​អ្នក​ជឿ​និង​ជា​បង​ប្អូន​ជា​ទី​ស្រឡាញ់។ ចូរ​បន្ត​បង្រៀន​សេចក្ដី​ទាំង​នេះ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​ការ​ទាំង​នេះ។ ៣  ប្រសិន​បើ​អ្នក​ណា​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត ហើយ​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍+ ពោល​គឺ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ហើយ​បើ​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ដែល​ជំរុញ​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ទេ+ ៤  អ្នក​នោះ​មាន​ចិត្ត​ក្រអឺតក្រអោង ហើយ​មិន​យល់​អ្វី​សោះ។+ អ្នក​នោះ​វក់​នឹង​ការ​ឈ្លោះ​ប្រកែក និង​ការ​ជជែក​តវ៉ា​អំពី​ពាក្យ។+ នេះ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្នានីស ទំនាស់ ការ​បង្កាច់​បង្ខូច* ការ​សង្ស័យ​ក្នុង​ផ្លូវ​អាក្រក់ ៥  និង​ការ​ឈ្លោះ​ប្រកែក​ឥត​ឈប់​ឈរ​អំពី​រឿង​តូច​តាច ដែល​បង្ក​ដោយ​ពួក​អ្នក​មាន​គំនិត​ខូច​អាក្រក់+និង​បាន​ចាក​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​មាន​គំនិត​ថា​ភក្ដី​ភាព​ចំពោះ​ព្រះ គឺ​ជា​វិធី​នាំ​ឲ្យ​បាន​ផល​ប្រយោជន៍។+ ៦  ប៉ុន្តែ​តាម​ការ​ពិត ភក្ដី​ភាព​ចំពោះ​ព្រះ+ ព្រម​ជា​មួយ​នឹង​ការ​ស្កប់​ចិត្ត នាំ​ឲ្យ​បាន​ផល​ប្រយោជន៍​ច្រើន​ក្រៃ​លែង។ ៧  ព្រោះ​យើង​មិន​បាន​យក​អ្វី​ចូល​មក​ក្នុង​ពិភព​លោក​ទេ ហើយ​ក៏​មិន​អាច​យក​អ្វី​ចេញ​ទៅ​ជា​មួយ​បាន​ដែរ។+ ៨  ដូច្នេះ យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់។*+ ៩  ប៉ុន្តែ អ្នក​ដែល​តាំង​ចិត្ត​ធ្វើ​ជា​អ្នក​មាន នឹង​ជួប​ប្រទះ​សេចក្ដី​ល្បួង ហើយ​ធ្លាក់​ចូល​អន្ទាក់+ ថែម​ទាំង​ចាប់​ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ជា​ច្រើន​ដែល​ផ្ដេស​ផ្ដាស និង​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ធ្វើ​ឲ្យ​មនុស្ស​លិច​លង់​ទៅ​ក្នុង​សេចក្ដី​វិនាស​អន្តរាយ។+ ១០  ព្រោះ​ការ​ស្រឡាញ់​ប្រាក់​ជា​ឫសគល់​មួយ​នៃ​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង ហើយ​ការ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​បែប​នោះ ធ្វើ​ឲ្យ​អ្នក​ខ្លះ​បែរ​ចេញ​ពី​ជំនឿ ថែម​ទាំង​បាន​ចាក់​ទម្លុះ​ខ្លួន​គ្រប់​កន្លែង​ដោយ​ទុក្ខ​វេទនា​ជា​ច្រើន។+ ១១  ចំណែក​អ្នក​វិញ ឱ​អ្នក​បម្រើ​ព្រះ​អើយ ចូរ​រត់​ចេញ​ពី​ការ​ទាំង​នោះ។ ប៉ុន្តែ ចូរ​ព្យាយាម​ឲ្យ​មាន​សេចក្ដី​សុចរិត ភក្ដី​ភាព​ចំពោះ​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ការ​ស៊ូ​ទ្រាំ និង​ចិត្ត​ស្លូត​បូត​ជា​និច្ច។+ ១២  ចូរ​ត​ស៊ូ​អស់​ពី​សមត្ថភាព​ដើម្បី​ការ​ពារ​ជំនឿ។ ចូរ​ចាប់​ឲ្យ​ជាប់​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ព្រោះ​ព្រះ​បាន​ហៅ​អ្នក​ឲ្យ​ទទួល​ជីវិត​បែប​នេះ ជា​ជីវិត​ដែល​អ្នក​បាន​ប្រកាស​ផ្សាយ​យ៉ាង​ប្រសើរ​នៅ​មុខ​សាក្សី​ជា​ច្រើន។ ១៣  នៅ​ចំពោះ​មុខ​ព្រះ​ដែល​រក្សា​ការ​ពារ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត និងនៅ​ចំពោះ​មុខ​គ្រិស្ត​យេស៊ូ​ដែល​បាន​ធ្វើ​ជា​សាក្សី​ប្រកាស​ផ្សាយ​យ៉ាង​ប្រសើរ​នៅ​មុខ​ប៉ុនទាស​ពីឡាត+ ខ្ញុំ​បង្គាប់​អ្នក ១៤  ឲ្យ​កាន់​តាម​បញ្ញត្ដិ​ដោយ​គ្មាន​កន្លែង​បន្ទោស និង​ដោយ​បរិសុទ្ធ ដរាប​ដល់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​លេច​មក។+ ១៥  ព្រោះ​នៅ​ពេល​កំណត់ លោក​ដែល​មាន​សេចក្ដី​សប្បាយ និង​ជា​អ្នកគ្រប់​គ្រង​តែមួយ នឹង​បង្ហាញ​ខ្លួន។ លោក​ជា​ស្ដេច​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ស្ដេច និងជា​ម្ចាស់​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ម្ចាស់+ ១៦  គឺ​លោក​តែ​មួយ​ដែល​មាន​ជីវិត​អមតៈ+ លោក​នៅ​ក្នុង​ពន្លឺ​ដែល​គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ជិត​បាន+ ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឃើញ​លោក ឬ​អាច​មើល​ឃើញ​លោក​ឡើយ។+ សូម​ឲ្យ​លោក​ប្រកប​ដោយ​កិត្តិយស និង​ឫទ្ធានុភាព​ខ្លាំង​ក្លា​ជា​រៀង​រហូត។ អាមេន។ ១៧  ចូរ​បង្គាប់*ពួក​អ្នក​មាន​ក្នុង​របៀប​របប​ពិភព​លោក*នេះ កុំ​ឲ្យ​មាន​អំណួត* ហើយ​ចូរ​បង្គាប់​ឲ្យ​ពួក​គេ​មាន​សង្ឃឹម តែ​មិន​មែន​លើ​ទ្រព្យ​ដែល​មិន​ទៀង​ទេ។+ ផ្ទុយ​ទៅ​វិញ គឺ​មាន​សង្ឃឹម​លើ​ព្រះ​ដែល​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​រីករាយ។+ ១៨  ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ព្យាយាម​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ ដោយ​មាន​ចិត្ត​ទូលាយ ហើយ​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច។+ ១៩  ដោយ​ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​រក្សា​គ្រឹះ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត​ខ្លួន​ទុក​ជា​ទ្រព្យ​សម្បត្តិ+ ដើម្បី​ឲ្យ​ពួក​គេ​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ។+ ២០  ធីម៉ូថេ​អើយ ចូរ​រក្សា​ការ​ពារ​អ្វី​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​អ្នក+ ដោយ​ជៀស​ចេញ​ពី​សម្ដី​អសារ​ឥត​ការ​ដែល​មិន​ស្រប​តាម​អ្វី​ដែល​បរិសុទ្ធ និង​ជៀស​ចេញ​ពី​ចំណេះ​ក្លែង​ក្លាយ​ដែល​នាំ​ឲ្យ​និយាយ​អ្វី​ដែល​ផ្ទុយ​ពី​ការ​ពិត។+ ២១  អ្នក​ខ្លះ​បាន​បែរ​ចេញ​ពី​ជំនឿ ដោយ​សារ​ពួក​គេ​អួត​អំពី​ចំណេះ​បែប​នោះ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់។

កំណត់សម្គាល់

ឬ​«​ការ​ជេរ​ប្រមាថ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា«ជម្រក»។ ន័យ​ត្រង់«អ្វី​ដែល​គ្រប»
ឬ​«​ណែនាំ​»​
មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
ឬ​«​កុំ​ឲ្យ​ក្រអឺត​ក្រអោង​»​