សំបុត្រទី២ជូនចំពោះធីម៉ូថេ ១:១-១៨

  • ការ​សួរ​សុខ​ទុក្ខ (​១, ២)

  • ប៉ូល​អរគុណ​ព្រះ​ដែល​ធីម៉ូថេ​មាន​ជំនឿ (​៣​-​៥)

  • បន្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ប្រើ​អំណោយ​ពី​ព្រះ (​៦​-​១១)

  • កាន់​ខ្ជាប់​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍ (​១២​-​១៤)

  • សត្រូវ​និង​មិត្ត​របស់​ប៉ូល (​១៥​-​១៨)

 ពី​ខ្ញុំ ប៉ូល ជា​សាវ័ក*របស់​គ្រិស្ត​យេស៊ូ​ដោយ​បំណង​ប្រាថ្នា​របស់​ព្រះ ស្រប​តាម​សេចក្ដី​សន្យា​អំពី​ជីវិត​ដែល​អាច​ទទួល​បាន​តាម​រយៈ​គ្រិស្ត​យេស៊ូ។+ ២  ជូន​ចំពោះ​ធីម៉ូថេ កូន​ជា​ទី​ស្រឡាញ់​៖+ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា ព្រម​ទាំង​ពី​គ្រិស្ត​យេស៊ូ​ដែល​ជា​ម្ចាស់​របស់​យើង។ ៣  ខ្ញុំ​អរគុណ​ព្រះ​ដែល​បាន​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក​ដូច​បុព្វ​បុរស​របស់​ខ្ញុំ ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​ទាំង​យប់​ទាំង​ថ្ងៃ ខ្ញុំតែង​តែ​នឹក​ឃើញ​អ្នក​ជា​និច្ច​ពេល​ខ្ញុំ​អធិដ្ឋាន​អង្វរ​ព្រះ។ ៤  ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ខ្ញុំ​ចង់​ជួប​អ្នក​ខ្លាំង​ណាស់។ បើ​ខ្ញុំ​បាន​ជួប​អ្នក​មែន ខ្ញុំ​នឹង​មាន​អំណរ​ក្រៃ​លែង។* ៥  ព្រោះ​ខ្ញុំ​ចាំ​អំពី​ជំនឿ​ដែល​គ្មាន​ពុត​ត្បុត​របស់​អ្នក+ ជា​ជំនឿ​ដែល​ឡូអ៊ីស​ជា​ជីដូន​របស់​អ្នក និង​អឺនីស​ជា​ម្ដាយ​របស់​អ្នក មាន​មុន​អ្នក ហើយ​ជា​ជំនឿ​ដែល​ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​ក៏​មាន​ដែរ។ ៦  ដោយ​ហេតុ​នេះ ខ្ញុំ​សូម​រំលឹក​អ្នក​ឲ្យ​បន្ត​មាន​ចិត្ត​ខ្នះ​ខ្នែង*ក្នុង​ការ​ប្រើ​អំណោយ​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ​ពេល​ខ្ញុំ​បាន​ដាក់​ដៃ​លើ​អ្នក។+ ៧  ព្រោះ​ឫទ្ធានុភាព​បរិសុទ្ធ*ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង មិន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​កំសាក​ទេ+ តែ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង+ សេចក្ដី​ស្រឡាញ់ និង​ការ​ដឹង​ខុស​ត្រូវ។ ៨  ដូច្នេះ កុំ​អៀន​ខ្មាស​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​លោក​ម្ចាស់​របស់​យើង+ ឬ​អៀន​ខ្មាស​ដោយ​សារ​ខ្ញុំ​ជា​អ្នក​ទោស​ដើម្បី​លោក​ឡើយ តែ​ចូរ​ត្រៀម​ខ្លួន​ទទួល​ទុក្ខ​លំបាក+ដើម្បី​ដំណឹង​ល្អ ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះ។+ ៩  លោក​បាន​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​បរិសុទ្ធ+ មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​យើង​ទេ តែ​ដោយ​សារ​គោល​បំណង​និង​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។+ ព្រះ​បាន​សម្រេច​ចិត្ត​ផ្ដល់​គុណ​ដ៏​វិសេស​លើស​លប់​នេះ​ដល់​យើង តាម​រយៈ​គ្រិស្ត​យេស៊ូ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ១០  ប៉ុន្តែ​ឥឡូវ គុណ​ដ៏​វិសេស​លើស​លប់​នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់ ពេល​ដែល​គ្រិស្ត​យេស៊ូ​ជា​អ្នក​សង្គ្រោះ​យើង​បាន​លេច​មក+ លោក​ជា​អ្នក​ដែល​បាន​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សាប​សូន្យ+ ហើយ​បាន​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​តាម​រយៈ​ដំណឹង​ល្អ+អំពី​ជីវិត+ដែល​មិន​អាច​ខូច​ទៅ+ ១១  ព្រោះ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ ជា​សាវ័ក និង​ជា​អ្នក​បង្រៀន។+ ១២  ដោយ​សារ​កិច្ច​ការ​នេះ ខ្ញុំ​រង​ទុក្ខ​លំបាក+ តែ​ខ្ញុំ​មិន​អៀន​ខ្មាស​ទេ។+ ព្រោះ​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ ហើយ​ក៏​ជឿ​ជាក់​ថា​លោក​អាច​រក្សា​ការ​ពារ​អ្វី​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​លោក​ដរាប​ដល់​ថ្ងៃ​នោះ។+ ១៣  ចូរ​កាន់​ខ្ជាប់​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍+ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់ ដែល​មក​ពី​ការ​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​យេស៊ូ។ ១៤  ចូរ​រក្សា​ការ​ពារ​បញ្ញើ​ដ៏​ល្អ​ប្រសើរ​នេះ តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​ស្ថិត​នៅ​ក្នុង​យើង។+ ១៥  អ្នក​ដឹង​ហើយ​ថា​មនុស្ស​ទាំង​អស់​នៅ​ខេត្ត​អាស៊ី*+បាន​បែរ​ចេញ​ពី​ខ្ញុំ រួម​ទាំង​ភីកេឡឺស​និង​ហឺម៉ាជីនីស​ដែរ។ ១៦  សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​របស់​យើង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អូណេស៊ីផឺ​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់+ ពី​ព្រោះ​ជា​ច្រើន​ដង គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​គាត់​មិន​ដែល​អៀន​ខ្មាស​ដោយ​សារ​ខ្ញុំ​ជាប់​ច្រវាក់​ទេ។ ១៧  ផ្ទុយ​ទៅ​វិញ ពេល​ដែល​គាត់​នៅ​ក្រុង​រ៉ូម គាត់​បាន​ស្វះ​ស្វែង​រក​ខ្ញុំ​ទាល់​តែ​ឃើញ។ ១៨  សូម​ឲ្យ​ព្រះ​យេហូវ៉ា*ជា​ម្ចាស់​របស់​យើង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​គាត់​នៅ​ថ្ងៃ​នោះ។ អ្នក​ដឹង​ច្បាស់​ហើយ​អំពី​ជំនួយ​ទាំង​អស់​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​នៅ​ក្រុង​អេភេសូរ។

កំណត់សម្គាល់

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​
ឬ​«​អំណរ​ដ៏​ពោរ​ពេញ​»​
ន័យ​ត្រង់​«​មាន​សកម្មភាព​ជា​និច្ច​ដូច​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​»​
ឬ​«​ចិត្ត​គំនិត​»​
មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥