នេហេមា ៥:១-១៩
៥ នៅគ្រានោះ បណ្ដាជនយូដាមួយចំនួនធំនិងប្រពន្ធរបស់ពួកគេ បានស្រែកតវ៉ានឹងពួកយូដាឯទៀត។+
២ អ្នកខ្លះបាននិយាយថា៖ «គ្រួសារយើងមានគ្នាច្រើនណាស់ យើងត្រូវការអាហារដើម្បីរស់»។
៣ អ្នកខ្លះទៀតនិយាយថា៖ «ក្នុងអំឡុងពេលដែលមានការអត់ឃ្លាន យើងបានបញ្ចាំស្រែចម្ការនិងផ្ទះសម្បែង ដើម្បីទិញអាហារ»។
៤ ឯអ្នកខ្លះទៀតបាននិយាយថា៖ «យើងបានបញ្ចាំស្រែចម្ការដើម្បីបានប្រាក់បង់ពន្ធជូនស្ដេច។+
៥ យើងសុទ្ធតែជាប់សាច់ឈាមគ្នា ហើយកូនរបស់យើងក៏ដូចជាកូនរបស់ពួកគេដែរ។ ប៉ុន្តែ យើងបែរជាត្រូវបង្ខំចិត្តឲ្យកូនរបស់យើងទៅបម្រើគេវិញ ការពិតកូនស្រីខ្លះរបស់យើងកំពុងបម្រើគេរួចហើយ។+ យើងគ្មានលទ្ធភាពបញ្ឈប់រឿងនេះទេ ព្រោះស្រែចម្ការយើងបានទៅជាកម្មសិទ្ធិរបស់គេអស់ហើយ»។
៦ ពេលខ្ញុំឮការតវ៉ានោះ ខ្ញុំខឹងខ្លាំងណាស់។
៧ ខ្ញុំបានពិចារណាអំពីរឿងនោះ ហើយស្ដីបន្ទោសពួកអ្នកដឹកនាំនិងពួកអ្នកគ្រប់គ្រងបន្ទាប់ថា៖ «អ្នករាល់គ្នាយកការប្រាក់ពីបងប្អូនខ្លួនបែបនេះឬ?»។+
ក្រោយមក ខ្ញុំបានរៀបចំឲ្យមានការប្រជុំធំមួយដើម្បីដោះស្រាយរឿងនេះ។
៨ ខ្ញុំបាននិយាយទៅកាន់ពួកគេថា៖ «យើងខំព្យាយាមលោះជនជាតិយូដាដែលជាបងប្អូនយើងដែលបានត្រូវលក់ឲ្យប្រជាជាតិផ្សេងៗ តែឥឡូវអ្នករាល់គ្នាបែរជាលក់បងប្អូនខ្លួនទៅវិញ។+ តើយើងត្រូវលោះពួកគេម្ដងទៀតឬ?»។ ពួកគេបាននៅស្ងៀមមិននិយាយអ្វីមួយម៉ាត់សោះ។
៩ ខ្ញុំនិយាយថែមទៀតថា៖ «អ្នករាល់គ្នាធ្វើដូច្នោះគឺមិនត្រឹមត្រូវទេ។ អ្នករាល់គ្នាគួរតែបង្ហាញថាខ្លួនកោតខ្លាចព្រះ+ ដោយដើរតាមផ្លូវរបស់លោក ដើម្បីកុំឲ្យជនជាតិដទៃដែលជាសត្រូវ មានហេតុមើលងាយយើង មែនទេ?
១០ ចំណែកខ្ញុំ បងប្អូនខ្ញុំ និងពួកអ្នកបម្រើរបស់ខ្ញុំ ក៏បានឲ្យប្រាក់និងស្រូវទៅពួកគេខ្ចីដែរ។ សូមអ្នករាល់គ្នាឈប់ទារការប្រាក់ពីបងប្អូនយើងទៀតទៅ។+
១១ នៅថ្ងៃនេះ សូមឲ្យដីស្រែ និងផ្ទះសម្បែង រួមទាំងចម្ការទំពាំងបាយជូរ និងចម្ការអូលីវទៅពួកគេវិញទៅ។+ បន្ថែមទៅទៀត សូមសងការមួយភាគរយនៃអ្វីៗដែលអ្នកបានទារពីពួកគេ ឲ្យទៅពួកគេវិញដែរ ទោះជាប្រាក់ ស្រូវ ស្រា និងប្រេងក៏ដោយ»។
១២ ក្រោយស្ដាប់រួច ពួកគេបានសន្យាថា៖ «យើងនឹងធ្វើតាមបង្គាប់ទាំងអស់របស់អ្នក ដោយប្រគល់របស់របរទាំងនោះទៅពួកគេវិញ ហើយក៏មិនទាមទារអ្វីពីពួកគេទៀតដែរ»។ ដូច្នេះ ខ្ញុំបានហៅពួកសង្ឃមក ហើយឲ្យពួកអ្នកដែលធ្វើខុស ស្បថថាខ្លួននឹងធ្វើតាមពាក្យសន្យា។
១៣ រួចមក ខ្ញុំបានរលាស់ថ្នក់អាវរបស់ខ្ញុំនៅមុខពួកគេ ហើយនិយាយថា៖ «បើអ្នកណាមិនគោរពតាមពាក្យសន្យានេះទេ សូមឲ្យព្រះពិតធ្វើឲ្យពួកគេបាត់បង់ទ្រព្យសម្បត្តិនិងផ្ទះសម្បែងអស់រលីង ដូចជាការរលាស់ថ្នក់អាវនេះដែរ»។ ដូច្នេះ ពួកអ្នកដែលមានវត្តមាន*នៅទីនោះឆ្លើយថា៖ «អាមេន!»។* រួចពួកគេសរសើរតម្កើងព្រះយេហូវ៉ា ហើយក៏ធ្វើតាមពាក្យសន្យារបស់ពួកគេ។
១៤ តាំងពីថ្ងៃដែលខ្ញុំទទួលភារកិច្ចជាអភិបាល+នៅស្រុកយូដា គឺនៅឆ្នាំទី២០+ដល់ឆ្នាំទី៣២+នៃរាជ្យអើថាស៊ើកសេស+ អស់រយៈពេល១២ឆ្នាំ ខ្ញុំនិងបងប្អូនខ្ញុំមិនបានបរិភោគរបបអាហារដែលជាចំណែករបស់អភិបាលឡើយ។+
១៥ ប៉ុន្តែ ពួកអភិបាលដែលនៅមុនៗខ្ញុំបានដាក់បន្ទុកលើបណ្ដាជន ដោយទារពួកគេនូវប្រាក់៤០ហ្សេគិល* សម្រាប់របបអាហារនិងស្រារៀងរាល់ថ្ងៃ។ ពួកអ្នកបម្រើរបស់ពួកគេក៏គាបសង្កត់បណ្ដាជនដែរ។ ប៉ុន្តែ ខ្ញុំមិនបានធ្វើដូច្នោះទេ+ ព្រោះខ្ញុំកោតខ្លាចព្រះ។+
១៦ ខ្ញុំនិងពួកអ្នកបម្រើខ្ញុំក៏បានចូលរួមសាងសង់កំពែងដែរ តែពួកយើងមិនបានទទួលដីស្រែទេ។+
១៧ អស់អ្នកដែលបរិភោគអាហារជាមួយនឹងខ្ញុំ មានពួកយូដាចំនួន១៥០នាក់ ព្រមទាំងពួកអ្នកគ្រប់គ្រងបន្ទាប់ និងពួកអ្នកដែលមកពីប្រជាជាតិនានា។
១៨ ជារៀងរាល់ថ្ងៃ ខ្ញុំឲ្យគេរៀបចំគោឈ្មោល១ក្បាល ចៀមល្អៗ៦ក្បាល និងសត្វស្លាបឯទៀតផងដែរ។ រៀងរាល់១០ថ្ងៃ យើងមានស្រាជាច្រើនគ្រប់ប្រភេទ។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមិនបានទាមទាររបបអាហារដែលជាចំណែករបស់អភិបាលទេ ព្រោះបណ្ដាជនមានភារៈពីស្ដេចរួចហើយ។
១៩ ដូច្នេះ ខ្ញុំក៏អធិដ្ឋានទៅព្រះថា៖ «ឱព្រះខ្ញុំអើយ! សូមលោកឲ្យពរខ្ញុំផង ហើយសូមកុំភ្លេចអ្វីៗដែលខ្ញុំបានធ្វើសម្រាប់បណ្ដាជនទាំងនេះ»។+
កំណត់សម្គាល់
^ ឬ«សូមឲ្យកើតឡើង!»
^ ន័យត្រង់«ក្រុមជំនុំ»។ មើលនិយមន័យពាក្យ«ក្រុមជំនុំ»
^ មួយហ្សេគិលស្មើនឹង១១,៤ក្រាម។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤