នេហេមា ៦:១-១៩
៦ មិនយូរក្រោយមក សានបាឡាត ថូបៀ+ និងកេសឹមជាជនជាតិអារ៉ាប់+ ព្រមទាំងពួកសត្រូវឯទៀត បានឮថាខ្ញុំសង់កំពែងឡើងវិញ+ ហើយប្រឡោះប្រហោងទាំងអស់ក៏បានត្រូវបិទភ្ជិតដែរ (ទោះជាពេលនោះខ្ញុំមិនទាន់ដាក់ផ្ទាំងសន្លឹកទ្វារនៅឡើយក្ដី)។+
២ ភ្លាមនោះ សានបាឡាតនិងកេសឹមបានផ្ញើសារមកខ្ញុំថា៖ «សូមអញ្ជើញមក ហើយយើងនឹងកំណត់ពេលមួយដើម្បីជួបគ្នានៅភូមិក្នុងជ្រលងវាលអូណូ»។+ តាមពិត ពួកគេបានរៀបគម្រោងដើម្បីធ្វើបាបខ្ញុំទេ។
៣ ដូច្នេះ ខ្ញុំបានផ្ញើសារទៅវិញថា៖ «ខ្ញុំជាប់រវល់នឹងកិច្ចការសំខាន់ណាស់ មិនអាចទៅជួបអ្នកបានទេ។ បើខ្ញុំទៅជួបអ្នក ការងារនោះច្បាស់ជាត្រូវផ្អាកមិនខាន»។
៤ ពួកគេបានផ្ញើសារដូចនោះបួនដង ហើយខ្ញុំបានតបឆ្លើយដោយពាក្យដដែលទៅពួកគេវិញរាល់ដង។
៥ បន្ទាប់មក សានបាឡាតបានផ្ញើសារដូចគ្នាជាលើកទី៥ ហើយឲ្យអ្នកបម្រើគាត់កាន់សំបុត្របើកចំហយកមកឲ្យខ្ញុំ។
៦ សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «ប្រជាជាតិនានាបាននាំគ្នានិយាយថា អ្នកនិងជនជាតិយូដាមានបំណងបះបោរ។+ ហេតុនេះហើយបានជាអ្នករាល់គ្នាបានសាងសង់កំពែង។ ឯកេសឹម+ក៏យល់ស្របនឹងនោះដែរ។ យើងថែមទាំងឮដំណឹងថា អ្នកមានបំណងធ្វើជាស្ដេចទៀតផង។
៧ បន្ថែមទៀត អ្នកបានតែងតាំងពួកអ្នកប្រកាសទំនាយឲ្យទៅប្រកាសអំពីខ្លួនអ្នកនៅទូទាំងក្រុងយេរូសាឡិមថា៖ ‹មានស្ដេចមួយរូបនៅស្រុកយូដាហើយ!›។ ឥឡូវ ដំណឹងនោះមុខជាលេចឮដល់ស្ដេចមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នាអំពីរឿងនេះ»។
៨ ប៉ុន្តែ ខ្ញុំបានផ្ញើសារត្រឡប់ទៅគាត់វិញថា៖ «គ្មានរឿងដូចនោះកើតឡើងទេ អ្នកចេះតែប្រឌិតឡើងតែខ្លួនឯងប៉ុណ្ណោះ»។
៩ ការពិត ពួកអ្នកទាំងនោះចង់បំភ័យយើងទេ ថែមទាំងនិយាយថា៖ «ពួកគេនឹងធ្លាក់ទឹកចិត្ត រួចបន្ថយសកម្មភាពពុំខាន ហើយមិនអាចសម្រេចកិច្ចការសាងសង់នោះបានទេ»។+ ពេលនោះ ខ្ញុំបានអធិដ្ឋានទៅព្រះថា៖ «សូមលោកពង្រឹងកម្លាំងចិត្តខ្ញុំផង»។+
១០ បន្ទាប់មក ខ្ញុំបានទៅផ្ទះរបស់សិមម៉ាយ៉ាជាកូនដេឡេយ៉ា ត្រូវជាចៅមេហេថាបែល ដើម្បីជួបគាត់នៅទីនោះ ព្រោះគាត់មិនអាចចេញពីផ្ទះទេ។ គាត់បាននិយាយថា៖ «ចូរយើងណាត់ពេលជួបគ្នានៅវិហាររបស់ព្រះពិត ហើយចូលទៅក្នុងវិហារ បិទទ្វារឲ្យជិត ព្រោះពួកគេកំពុងមកសម្លាប់អ្នកហើយ។ ពួកគេនឹងមកសម្លាប់អ្នកនៅពេលយប់»។
១១ ប៉ុន្តែ ខ្ញុំបាននិយាយថា៖ «តើខ្ញុំគួរគេចខ្លួនឬ? តើខ្ញុំអាចចូលក្នុងវិហារព្រះ ហើយបន្តរស់បានទេ?+ ខ្ញុំមិនចូលជាដាច់ខាត!»។
១២ ក្រោយមក ខ្ញុំបានដឹងថាព្រះមិនបានចាត់គាត់ឲ្យមកប្រាប់ខ្ញុំទេ។* តាមពិត គឺជាថូបៀនិងសានបាឡាត+ ជាអ្នកជួលគាត់ឲ្យមកប្រាប់ពាក្យទាំងនេះ។
១៣ ពួកគេបានជួលគាត់ឲ្យមកបំភ័យខ្ញុំ ដើម្បីឲ្យខ្ញុំធ្វើខុស ក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ និងចាប់កំហុសខ្ញុំ។
១៤ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះរបស់ខ្ញុំអើយ! សូមលោកចាំនូវការប្រព្រឹត្តទាំងនេះរបស់ថូបៀ+និងសានបាឡាតផង។ សូមលោកចាំនូវអ្វីដែលណូអាឌាជាស្ត្រីប្រកាសទំនាយ រួមទាំងអ្នកប្រកាសទំនាយឯទៀតបានធ្វើដែរ គឺពួកគេព្យាយាមមកបំភ័យខ្ញុំម្ដងហើយម្ដងទៀត»។
១៥ នៅថ្ងៃទី២៥ ខែអេលូល* ពួកយើងបានសង់កំពែងចប់សព្វគ្រប់ ក្នុងរយៈពេល៥២ថ្ងៃ។
១៦ ក្រោយពីពួកសត្រូវបានឮអំពីរឿងនេះ ហើយប្រជាជាតិដែលនៅជុំវិញបានឃើញកំពែងដែលសង់រួចរាល់ហើយ ពួកគេអាម៉ាស់មុខជាខ្លាំង។+ ពួកគេបានទទួលស្គាល់ថាព្រះរបស់យើងបានជួយយើងក្នុងកិច្ចការសាងសង់នេះ។
១៧ នៅគ្រានោះ ពួកអ្នកដឹកនាំ+ក្នុងស្រុកយូដាបានផ្ញើសារជាច្រើនទៅថូបៀ ហើយថូបៀក៏បានសរសេរតបមកវិញដែរ។
១៨ បណ្ដាជនជាច្រើនដែលរស់នៅក្នុងស្រុកយូដា បាននាំគ្នាស្បថថានឹងស្មោះត្រង់ចំពោះថូបៀ ព្រោះគាត់ជាកូនប្រសារបស់សេកានៀដែលជាកូនអេរ៉ា។+ ចំណែកយេហូហេណានជាកូនរបស់ថូបៀ គាត់បានរៀបការជាមួយនឹងកូនស្រីរបស់មេស៊ូឡាម+ជាកូនបេរេគា។
១៩ ម្យ៉ាងទៀត ពួកគេតែងតែសរសើរថូបៀនៅមុខខ្ញុំ រួចនាំពាក្យរបស់ខ្ញុំទៅប្រាប់ដល់ថូបៀវិញ។ ឯថូបៀគាត់តែងតែផ្ញើសំបុត្រមកបំភ័យខ្ញុំ។+
កំណត់សម្គាល់
^ ន័យត្រង់«មិនបានចាត់គាត់ឲ្យមកប្រកាសទំនាយប្រឆាំងនឹងខ្ញុំទេ»
^ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៥