បណ្ដាស្ដេចទី១ ១២:១-៣៣

  • រេហូបោម​ឆ្លើយ​តប​ទៅ​បណ្ដា​ជន​យ៉ាង​តឹងរ៉ឹង (​១​-​១៥)

  • កុលសម្ព័ន្ធ​១០​បះ​បោរ​ប្រឆាំង (​១៦​-​១៩)

  • យេរ៉ូបោម​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​២០)

  • រេហូបោម​បាន​ត្រូវ​ប្រាប់​មិន​ឲ្យ​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល (​២១​-​២៤)

  • ការ​គោរព​បូជា​រូប​កូន​គោ​របស់​យេរ៉ូបោម (​២៥​-​៣៣)

១២  រេហូបោម​បាន​ទៅ​ឯ​ក្រុង​ស៊ីគឹម+ ព្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ដើម្បី​លើក​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច។+ ២  មិន​យូរ​ក្រោយ​មក យេរ៉ូបោម​ដែល​ជា​កូន​នេបាត​បាន​ឮ​អំពី​រឿង​នេះ (​ពេល​នោះ​គាត់​នៅ​ស្រុក​អេហ្ស៊ីប​នៅ​ឡើយ ព្រោះ​គាត់​បាន​រត់​គេច​ពី​ស្ដេច​សាឡូម៉ូន​ហើយ​បាន​រស់​នៅ​ក្នុង​ស្រុក​នោះ​)+ ៣  ហើយ​គេ​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​យេរ៉ូបោម​មក។ ក្រោយ​នោះ យេរ៉ូបោម​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​មុខ​រេហូបោម ហើយ​និយាយ​ថា​៖ ៤  ​«​ឪ​ពុក​របស់​លោ​ក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង។*+ ប៉ុន្តែ បើ​លោក​ធ្វើ​ឲ្យ​នឹម​ដ៏​ធ្ងន់​នោះ​ទៅ​ជា​ស្រាល​ជាង ហើយ​ធ្វើ​ឲ្យ​តម្រូវ​ការ​ដ៏​ច្រើន​របស់​ឪពុក​លោក​ទៅ​ជាតិ​ច​ជាង នោះ​យើង​នឹង​បម្រើ​លោក​»។ ៥  ខណៈ​នោះ រេហូបោម​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។ ដូច្នេះ បណ្ដា​ជន​ក៏​ចាក​ចេញ​ទៅ។+ ៦  បន្ទាប់​មក ស្ដេច​រេហូបោម​បាន​ប្រឹក្សា​នឹង​ពួក​បុរស​ចាស់​ទុំ​ដែល​ធ្លាប់​បម្រើ​សាឡូម៉ូន​ជា​ឪពុក​កាល​ដែល​គាត់​នៅ​រស់។ រេហូបោម​សួរ​ពួក​គាត់​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​ខ្ញុំ​គួរ​ឆ្លើយ​តប​យ៉ាង​ណា​នឹង​បណ្ដា​ជន​ទាំង​នេះ?​»។ ៧  ពួក​គាត់​ឆ្លើយ​ថា​៖ ​«​បើ​នៅ​ថ្ងៃ​នេះ លោក​បន្ទាប​ខ្លួន*ដោយ​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​បណ្ដា​ជន ហើយ​ឆ្លើយ​ទៅ​ពួក​គេ ដោយ​សម្ដី​សប្បុរស នោះ​ពួក​គេ​នឹង​បម្រើ​លោក​រហូត​ត​ទៅ​»។ ៨  ប៉ុន្តែ រេហូបោម​មិន​បាន​ធ្វើ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សួរ​យោបល់​ពី​ពួក​បុរស​ដែល​ធំ​ឡើង​ជា​មួយ​គាត់ ហើយ​ពួក​គេ​ទាំង​នេះ​កំពុង​បម្រើ​គាត់។+ ៩  ដំបូង គាត់​ប្រាប់​ថា​៖ ​«​ពួក​បណ្ដា​ជន​បាន​ស្នើ​មក​ខ្ញុំ​ថា​៖ ‹សូម​លោក​ធ្វើ​ឲ្យ​នឹម​ដែល​ឪពុក​លោក​បាន​ដាក់​មក​លើ​យើង​ទៅ​ជា​ស្រាល​ជាង›​»។ រួច​គាត់​ក៏​សួរ​ពួក​បុរស​ទាំង​នោះ​ថា​៖ ​«​តាម​យោបល់​អ្នក​រាល់​គ្នា តើ​យើង​គួរ​ឆ្លើយ​តប​យ៉ាង​ណា​នឹង​ពួក​គេ?​»។ ១០  ដូច្នេះ ពួក​បុរស​ទាំង​នោះ​បាន​តប​ទៅ​គាត់​វិញ​ថា​៖ ​«​ចំពោះ​ពួក​បណ្ដា​ជន​ដែល​បាន​និយាយ​ថា​៖ ‹ឪពុក​របស់​លោក​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​យើង តែ​លោក​គួរ​ធ្វើ​ឲ្យ​នឹម​នោះ​ទៅ​ជា​ស្រាល​ជាង› លោក​គួរ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា​៖ ‹កូន​ដៃ​របស់​ខ្ញុំ​នឹង​ទៅ​ជា​ធំ​ជាង​ត្រគាក​របស់​ឪពុក​ខ្ញុំ។ ១១  ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​ធ្ងន់​ជាង។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច›​»។ ១២  លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូបោម​និង​បណ្ដា​ជន​ទាំង​ឡាយ​បាន​ចូល​មក​ជួប​ស្ដេច​រេហូបោម ដូច​ដែល​ស្ដេច​បាន​បង្គាប់​ថា​៖ ​«​ចាំ​បី​ថ្ងៃ​ទៀត​សឹម​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ​»។+ ១៣  ស្ដេច​មិន​បាន​ឆ្លើយ​តាម​យោបល់​របស់​ពួក​បុរស​ចាស់​ទុំ​ទេ តែ​បាន​ឆ្លើយ​តប​នឹង​បណ្ដា​ជន​យ៉ាង​តឹងរ៉ឹង​វិញ។ ១៤  គាត់​បាន​តប​ឆ្លើយ​ទៅ​បណ្ដា​ជន​តាម​យោបល់​របស់​ពួក​បុរស​អាយុ​ស្រករ​គាត់​ថា​៖ ​«​ឪពុក​ខ្ញុំ​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​មក​លើ​អ្នក​រាល់​គ្នា តែ​ខ្ញុំ​នឹង​បន្ថែម​ទម្ងន់​ទៅ​លើ​នឹម​នោះ​ឲ្យ​ធ្ងន់​ជាង។ ឪពុក​ខ្ញុំ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី តែ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ខ្សែ​តី​មុត​ស្រួច​»។ ១៥  ហេតុ​នេះ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​បណ្ដា​ជន​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង+ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​យេរ៉ូបោម​ជា​កូន​ណេបាត តាម​រយៈ​អាហាយ៉ា+ជា​អ្នក​ក្រុង​ស៊ីឡូរ បាន​ក្លាយ​ជា​ការ​ពិត។ ១៦  ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឃើញ​ថា​ស្ដេច​មិន​ព្រម​ស្ដាប់​តាម​ពួក​គេ នោះ​ពួក​គេ​តប​ឆ្លើយ​ទៅ​ស្ដេច​ថា​៖ ​«​យើង​គ្មាន​ជាប់​សាច់​ឈាម​អ្វី​នឹង​ដាវីឌ​ទេ យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ​កូន​របស់​អ៊ីសាយ​ដែរ។ ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ចូរ​ទៅ​តាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ។ ឱ​ដាវីឌ​អើយ! ចូរ​មើល​ថែ​ពូជ​ពង្ស​របស់​លោក​ដោយ​ខ្លួន​លោក​ចុះ​»។ រួច​មក បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ។+ ១៧  ប៉ុន្តែ រេហូបោម​បាន​បន្ត​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​រស់​នៅ​ក្រុង​ផ្សេង​ៗ​ក្នុង​ទឹក​ដី​យូដា។+ ១៨  បន្ទាប់​មក ស្ដេច​រេហូបោម​បាន​បង្គាប់​អាដូរ៉ាម+ដែល​ជា​មេ​លើ​ពួក​កំណែន ឲ្យ​ទៅ​ជួប​កូន​ចៅ​អ៊ីស្រាអែល តែ​ពួក​គេ​បាន​គប់​ដុំ​ថ្ម​សម្លាប់​គាត់។ ឃើញ​ដូច្នេះ ស្ដេច​រេហូបោម​ក៏​ប្រញាប់​ប្រញាល់​ឡើង​ជិះ​រទេះ​របស់​គាត់​រត់​គេច​ទៅ​ក្រុង​យេរូសាឡិម​វិញ។+ ១៩  ចាប់​ពី​ពេល​នោះ​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​បះ​បោរ​ប្រឆាំង+នឹង​ពូជ​ពង្ស​របស់​ដាវីឌ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ២០  មិន​យូរ​ក្រោយ​ពី​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​បាន​ឮ​ថា​យេរ៉ូបោម​បាន​ត្រឡប់​មក​វិញ នោះ​ពួក​គេ​បាន​ជួប​ជុំ​គ្នា រួច​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​គាត់​មក ហើយ​លើក​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។+ ប៉ុន្តែ គ្មាន​អ្នក​ណា​គាំទ្រ​ពូជ​ពង្ស​ដាវីឌ​ទេ លើក​លែង​តែ​កុលសម្ព័ន្ធ​យូដា​ប៉ុណ្ណោះ។+ ២១  កាល​រេហូបោម​ជា​កូន​សាឡូម៉ូន បាន​មក​ដល់​ក្រុង​យេរូសាឡិម​វិញ គាត់​ក៏​ប្រមូល​ទាហាន​ដ៏​អង់អាច​ដែល​ពូកែ​ច្បាំង​ចំនួន​១៨០.០០០​នាក់​ពី​ពូជ​ពង្ស​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ដើម្បី​ទៅ​ច្បាំង​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល ក្នុង​បំណង​ដណ្ដើម​យក​រាជ្យ​ទាំង​មូល​មក​វិញ។+ ២២  រួច​មក ព្រះ​ដ៏​ពិត​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សិមម៉ាយ៉ា+ជា​តំណាង​លោក​ថា​៖ ២៣  ​«​ចូរ​ទៅ​ប្រាប់​រេហូបោម​កូន​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ប្រាប់​ពូជ​ពង្ស​យូដា​និង​ពូជ​ពង្ស​បេនយ៉ាមីន រួម​ទាំង​បណ្ដា​ជន​ទាំង​អស់​ថា​៖ ២៤  ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​បង​ប្អូន​របស់​ខ្លួន​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ព្រោះ​ខ្ញុំ​ទេ​ជា​អ្នក​បណ្ដាល​ឲ្យ​រឿង​នេះ​កើត​ឡើង​»​›​»។+ ដូច្នេះ ពួក​គេ​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ ដូច​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ពួក​គេ។ ២៥  ចំណែក​ឯ​យេរ៉ូបោម​វិញ គាត់​បាន​សង់​ក្រុង​ស៊ីគឹម+នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម​ឡើង​វិញ ហើយ​បាន​អាស្រ័យ​នៅ​ទី​នោះ។ បន្ទាប់​មក គាត់​បាន​ចេញ​ពី​ក្រុង​ស៊ីគឹម រួច​ទៅ​សង់​ក្រុង​ពេនួល​ទៀត។+ ២៦  យេរ៉ូបោម​បាន​រិះ​គិត​ក្នុង​ចិត្ត​ថា​៖ ​«​រាជាណាចក្រ​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ពូជ​ពង្ស​របស់​ដាវីឌ​វិញ​មិន​ខាន+ ២៧  បើ​បណ្ដា​ជន​នៅ​តែ​ឡើង​ទៅ​ជូន​គ្រឿង​បូជា​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ក្រុង​យេរូសាឡិម​ទៀត។+ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​គាំទ្រ​រេហូបោម​ជា​ស្ដេច​យូដា​ជា​ម្ចាស់​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ​ជា​មិន​ខាន​»។ ២៨  ក្រោយ​ពី​យេរ៉ូបោម​បាន​សុំ​យោបល់​ពី​ទី​ប្រឹក្សា​រួច គាត់​ក៏​បាន​ធ្វើ​រូប​កូន​គោ​មាស​ពីរ+ ហើយ​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​នោះ គឺ​ពិបាក​ពេក​ណាស់។ នេះ​នែ៎! ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+ ២៩  រួច​គាត់​ដាក់​រូប​កូន​គោ​មួយ​នៅ​ក្រុង​បេតអែល+ ឯ​មួយ​ទៀត​គាត់​ដាក់​នៅ​ក្រុង​ដាន់។+ ៣០  បណ្ដា​ជន​ធ្វើ​ដំណើរ​រហូត​ដល់​ក្រុង​ដាន់​ដើម្បី​គោរព​បូជា​រូប​កូន​គោ​នៅ​ទី​នោះ។ ជា​លទ្ធផល ពួក​គេ​ប្រព្រឹត្ត​ខុស​ឆ្គង។+ ៣១  គាត់​ក៏​បាន​ធ្វើ​វិហារ​សម្រាប់​គោរព​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ ហើយ​តែង​តាំង​បណ្ដា​ជន​ធម្មតា​ដែល​មិន​មែន​ជា​ពួក​លេវី​ឲ្យ​បម្រើ​ជា​សង្ឃ។+ ៣២  យេរ៉ូបោម​ក៏​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ក្នុង​ខែ​ទី​៨ ទុក​ធ្វើ​ពិធី​បុណ្យ​មួយ​ឲ្យ​ដូច​ជា​ពិធី​បុណ្យ​នៅ​ស្រុក​យូដា​ដែរ។+ គាត់​ជូន​គ្រឿង​បូជា​ដល់​រូប​កូន​គោ​មាស​ដែល​គាត់​បាន​ធ្វើ​នៅ​លើ​ទី​បូជា​ដែល​គាត់​បាន​សង់​នៅ​ក្រុង​បេតអែល។+ នៅ​ទី​នោះ គាត់​ក៏​តែង​តាំង​ពួក​សង្ឃ​ឲ្យ​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ​ដែរ។ ៣៣  គាត់​ផ្ដើម​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​ដែល​គាត់​បាន​សង់​នៅ​ក្រុង​បេតអែល នៅ​ថ្ងៃ​ទី​១៥ ខែ​ទី​៨ គឺ​ជា​ខែ​ដែល​គាត់​បាន​កំណត់​ដោយ​ខ្លួន​គាត់។ គាត់​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​មួយ​សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​គាត់​បាន​ឡើង​ទៅ​លើ​ទី​បូជា​ដើម្បី​ដុត​គ្រឿង​បូជា​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។

កំណត់សម្គាល់

ឬ​«​ឪពុក​របស់​លោក​បាន​គាប​សង្កត់​យើង​យ៉ាង​ខ្លាំង​»​
ន័យ​ត្រង់​«​សុខ​ចិត្ត​បម្រើ​»​