បណ្ដាស្ដេចទី១ ១៣:១-៣៤
១៣ គ្រានោះ មានបុរសម្នាក់ដែលជាតំណាងព្រះយេហូវ៉ា+ធ្វើដំណើរចេញពីស្រុកយូដាមកដល់ក្រុងបេតអែល តាមបង្គាប់របស់លោក។ បុរសនោះបានមកដល់ កាលដែលយេរ៉ូបោមកំពុងឈរក្បែរទីបូជា+ ដើម្បីដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង។
២ រួចមក បុរសនោះបានស្រែកឡើងទាស់នឹងទីបូជានោះ តាមប្រសាសន៍របស់ព្រះយេហូវ៉ាថា៖ «ឱទីបូជា ទីបូជាអើយ! ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ ‹មើល! នឹងមានកូនប្រុសម្នាក់កើតពីពូជពង្សរបស់ដាវីឌ ឈ្មោះយ៉ូសៀស។+ គាត់នឹងយកពួកសង្ឃនៃទីខ្ពស់ពិសិដ្ឋ មកបូជានៅលើឯង គឺពួកអ្នកដែលដុតគ្រឿងបូជាលើឯងឲ្យផ្សែងហុយឡើង ហើយគាត់ក៏នឹងយកឆ្អឹងមនុស្សមកដុតនៅលើឯងដែរ›»។+
៣ នៅថ្ងៃនោះ បុរសដែលជាតំណាងព្រះក៏ប្រកាសទៀតថា៖ «ព្រះយេហូវ៉ាផ្ដល់សញ្ញាសម្គាល់មួយ ដើម្បីបញ្ជាក់ថាលោកពិតជាមានប្រសាសន៍មែន គឺទីបូជានេះនឹងត្រូវបំបែកទៅ ហើយផេះដែលនៅលើទីបូជានេះនឹងត្រូវខ្ចាយចេញ»។
៤ ក្រោយពីស្ដេចយេរ៉ូបោមបានឮពាក្យរបស់បុរសដែលជាតំណាងព្រះពិតប្រកាសអំពីទីបូជានោះ យេរ៉ូបោមក៏លាដៃពីលើទីបូជា ហើយបញ្ជាថា៖ «ចាប់គាត់ភ្លាម!»។+ រំពេចនោះ ដៃដែលគាត់បានលានោះក៏បានស្វិតទៅ ហើយគាត់មិនអាចបត់ដៃនោះមកវិញបានទេ។+
៥ រួចមក ទីបូជានោះបានបាក់បែក ហើយផេះក៏បានខ្ចាយចេញពីទីបូជា ដូចសញ្ញាសម្គាល់ដែលតំណាងព្រះបានប្រកាសតាមប្រសាសន៍របស់ព្រះយេហូវ៉ា។
៦ ពេលនោះ ស្ដេចបានមានប្រសាសន៍ទៅកាន់តំណាងព្រះពិតថា៖ «សូមអ្នកអធិដ្ឋានអង្វរព្រះយេហូវ៉ាជាព្រះរបស់អ្នក ធ្វើឲ្យដៃខ្ញុំជាឡើងវិញផង»។+ ដូច្នេះ បុរសនោះបានអង្វរព្រះយេហូវ៉ា រួចមកដៃរបស់ស្ដេចក៏បានជាដូចដើមវិញ។
៧ បន្ទាប់មក ស្ដេចបាននិយាយទៅបុរសនោះថា៖ «សូមអញ្ជើញមកវិមានខ្ញុំ ពិសាអាហារសិន ហើយខ្ញុំចង់ជូនអំណោយដល់អ្នក»។
៨ ប៉ុន្តែ បុរសដែលជាតំណាងព្រះពិតបាននិយាយទៅស្ដេចថា៖ «ទោះបើលោកឲ្យទ្រព្យសម្បត្តិពាក់កណ្ដាលដល់ខ្ញុំក្ដី ក៏ខ្ញុំមិនព្រមទៅជាមួយនឹងលោក ហើយពិសាអាហារ*នៅក្នុងក្រុងនេះដែរ។
៩ ព្រោះព្រះយេហូវ៉ាបានបង្គាប់ខ្ញុំថា៖ ‹អ្នកមិនត្រូវពិសាអាហារ ហើយក៏មិនត្រូវត្រឡប់ទៅតាមផ្លូវដដែលជាដាច់ខាត›»។
១០ ដូច្នេះ គាត់បានចាកចេញទៅតាមផ្លូវមួយទៀត ហើយគាត់មិនបានត្រឡប់ទៅវិញតាមផ្លូវដែលគាត់បានធ្វើដំណើរមកក្រុងបេតអែលនោះទេ។
១១ គ្រានោះ មានអ្នកប្រកាសទំនាយវ័យចាស់ម្នាក់រស់នៅក្រុងបេតអែល។ គាត់បានឮដំណឹងពីកូនប្រុសៗគាត់អំពីបុរសដែលជាតំណាងព្រះ ពេលពួកគេត្រឡប់មកផ្ទះវិញ។ ពួកគេក៏ប្រាប់គាត់អំពីសម្ដីដែលបុរសនោះបាននិយាយទៅកាន់ស្ដេចដែរ។ លុះស្ដាប់រួច
១២ ឪពុកនោះក៏សួរពួកគេថា៖ «តើអ្នកនោះបានទៅតាមផ្លូវមួយណា?»។ ដូច្នេះ កូនប្រុសៗរបស់គាត់បានចង្អុលបង្ហាញផ្លូវដែលបុរសនោះធ្វើដំណើរចេញទៅ។
១៣ ឪពុកនោះនិយាយទៅកូនប្រុសៗគាត់ថា៖ «សូមចងកែបលាឲ្យពុក»។ ពួកគេក៏ចងកែបលាឲ្យឪពុក រួចគាត់ក៏ឡើងជិះធ្វើដំណើរទៅ។
១៤ បុរសវ័យចាស់នោះបានធ្វើដំណើរទៅតាមបុរសតំណាងព្រះពិត ហើយក៏ឃើញគាត់កំពុងអង្គុយនៅក្រោមដើមឈើធំមួយ។ រួចបុរសវ័យចាស់បាននិយាយទៅកាន់អ្នកនោះថា៖ «តើអ្នកជាតំណាងព្រះពិត ដែលបានមកពីស្រុកយូដាឬ?»។+ អ្នកនោះឆ្លើយថា៖ «គឺខ្ញុំហ្នឹងហើយ»។
១៥ បុរសវ័យចាស់និយាយបន្តទៀតថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះខ្ញុំសិន»។
១៦ ប៉ុន្តែ អ្នកនោះឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅវិញជាមួយអ្នក ឬទទួលការអញ្ជើញរបស់អ្នកបានទេ។ ខ្ញុំក៏មិនអាចពិសាអាហារជាមួយនឹងអ្នកនៅក្នុងក្រុងនេះដែរ។
១៧ ព្រោះព្រះយេហូវ៉ាបានបង្គាប់ខ្ញុំថា៖ ‹អ្នកមិនត្រូវពិសាអាហារឬពិសាទឹកនៅទីនេះ ហើយអ្នកក៏មិនត្រូវត្រឡប់ទៅតាមផ្លូវដដែលជាដាច់ខាត›»។
១៨ ប៉ុន្តែ បុរសវ័យចាស់បាននិយាយទៅបុរសតំណាងព្រះថា៖ «ខ្ញុំក៏ជាអ្នកប្រកាសទំនាយដូចអ្នកដែរ។ ទេវតាមួយរូបបាននាំប្រសាសន៍របស់ព្រះយេហូវ៉ាមកប្រាប់ខ្ញុំថា៖ ‹សូមទៅអញ្ជើញគាត់មកផ្ទះរបស់អ្នកដើម្បីគាត់អាចពិសាអាហារពិសាទឹក›»។ ការពិត គាត់និយាយកុហកទេ។
១៩ ដូច្នេះ បុរសតំណាងព្រះក៏ព្រមទៅជាមួយ ហើយពិសាអាហារនៅផ្ទះរបស់បុរសវ័យចាស់នោះ។
២០ កាលដែលពួកគាត់កំពុងអង្គុយនៅតុនៅឡើយ អ្នកប្រកាសទំនាយវ័យចាស់នោះបានឮប្រសាសន៍របស់ព្រះយេហូវ៉ាមកកាន់គាត់។
២១ រួចគាត់ប្រាប់បុរសតំណាងព្រះពិតថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹អ្នកមិនបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា ហើយក៏មិនបានធ្វើតាមបញ្ញត្តិដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានឲ្យដល់អ្នកដែរ។
២២ អ្នកបានត្រូវបង្គាប់ហើយថា៖ «កុំពិសាអាហារនៅក្នុងក្រុងនោះឡើយ»។ ប៉ុន្តែ អ្នកបានត្រឡប់ទៅពិសាអាហារនៅទីនោះវិញ ហេតុនេះ សពរបស់អ្នកនឹងមិនត្រូវបញ្ចុះនៅក្នុងទីបញ្ចុះសពរបស់បុព្វបុរសអ្នកឡើយ›»។+
២៣ ក្រោយពីបុរសតំណាងព្រះពិតបានពិសាអាហាររួច អ្នកប្រកាសទំនាយវ័យចាស់បានចងកែបលាឲ្យគាត់។
២៤ រួចមក គាត់ក៏ចេញដំណើរទៅ។ ប៉ុន្តែ នៅតាមផ្លូវ គាត់បានប្រទះនឹងតោមួយ ហើយវាក៏សម្លាប់គាត់ទៅ។+ សពគាត់បានធ្លាក់ទៅលើផ្លូវ ហើយលាឈរក្បែរសពនោះ។ ចំណែកឯតោវិញ វាក៏ឈរក្បែរសពគាត់ដែរ។
២៥ មនុស្សដែលដើរឆ្លងកាត់ទីនោះបានឃើញសពគាត់នៅលើផ្លូវ ទាំងមានតោឈរនៅក្បែរសពនោះផង។ ពួកគេបានចូលទៅក្នុងក្រុងដែលអ្នកប្រកាសទំនាយវ័យចាស់នោះរស់នៅ រួចក៏រៀបរាប់ប្រាប់រឿងនោះដល់អ្នកនៅក្នុងក្រុង។
២៦ ពេលអ្នកប្រកាសទំនាយវ័យចាស់ឮអំពីរឿងនោះភ្លាម គាត់ក៏និយាយថា៖ «បុរសនោះគឺជាតំណាងព្រះពិតហើយ។ ដោយសារគាត់មិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា+ ដូច្នេះ ព្រះយេហូវ៉ាបានប្រគល់គាត់ឲ្យសត្វតោខាំត្របាក់សម្លាប់ទៅ គឺដូចព្រះយេហូវ៉ាបានមានប្រសាសន៍មែន»។+
២៧ បន្ទាប់មក គាត់និយាយទៅកូនប្រុសៗគាត់ថា៖ «សូមចងកែបលាឲ្យពុក»។ នោះពួកគេក៏ចងឲ្យគាត់។
២៨ រួចគាត់ចេញដំណើរទៅ ហើយឃើញសពបុរសនោះនៅលើផ្លូវ ទាំងមានលានិងតោឈរក្បែរសពផង។ ប៉ុន្តែ តោមិនបានស៊ីសពនោះឬខាំលាទេ។
២៩ អ្នកប្រកាសទំនាយវ័យចាស់បានលើកសពបុរសតំណាងព្រះពិតដាក់លើខ្នងលា ហើយដឹកចូលទៅក្នុងក្រុងគាត់វិញ ដើម្បីធ្វើពិធីកាន់ទុក្ខ រួចបញ្ចុះសពបុរសនោះទៅ។
៣០ ដូច្នេះ គាត់បានបញ្ចុះសពនោះនៅក្នុងទីបញ្ចុះសពរបស់គាត់ផ្ទាល់ ហើយគេក៏យំសោកនឹងសពនោះថា៖ «ស្ដាយណាស់ប្អូនអើយ!»។
៣១ ក្រោយពីបញ្ចុះសពរួច គាត់បានប្រាប់កូនប្រុសៗគាត់ថា៖ «ពេលពុកស្លាប់ កូនត្រូវបញ្ចុះសពពុកនៅក្នុងទីបញ្ចុះសពនេះ ជាមួយនឹងបុរសតំណាងព្រះពិត។ សូមដាក់ឆ្អឹងពុកនៅក្បែរឆ្អឹងគាត់។+
៣២ ព្រោះប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈគាត់នឹងកើតឡើងជាក់ជាពុំខាន ស្ដីអំពីទីបូជានៅក្រុងបេតអែល និងវិហារសម្រាប់គោរពបូជានៅលើទីខ្ពស់ពិសិដ្ឋ+នៅស្រុកសាម៉ារី»។+
៣៣ ទោះជាមានរឿងនេះកើតឡើងហើយក្ដី ក៏យេរ៉ូបោមមិនបានបែរចេញពីផ្លូវអាក្រក់របស់គាត់ដែរ។ ផ្ទុយទៅវិញ គាត់នៅតែតែងតាំងបណ្ដាជនធម្មតាឲ្យធ្វើជាពួកសង្ឃបម្រើនៅទីខ្ពស់ពិសិដ្ឋដដែល។+ បើមានអ្នកណាម្នាក់ចង់ក្លាយទៅជាសង្ឃ គាត់នឹងតែងតាំងគេភ្លាម ដោយនិយាយថា៖ «ចូរឲ្យគាត់ធ្វើជាសង្ឃម្នាក់បម្រើនៅទីខ្ពស់ចុះ»។+
៣៤ ដោយសារអំពើខុសឆ្គងនេះហើយ បានជាពូជពង្សរបស់យេរ៉ូបោម+បានត្រូវបំផ្លាញឲ្យសាបសូន្យចេញពីផែនដី។+
កំណត់សម្គាល់
^ ន័យត្រង់«នំប៉័ង»