បណ្ដាស្ដេចទី១ ១៤:១-៣១

  • អាហាយ៉ា​ប្រកាស​ទំនាយ​ទាស់​នឹង​យេរ៉ូបោម (​១​-​២០)

  • រេហូបោម​គ្រប់​គ្រង​លើ​ស្រុក​យូដា (​២១​-​៣១)

    • ការ​វាយ​ប្រហារ​របស់​ស៊ីសាក់ (​២៥, ២៦)

១៤  គ្រា​នោះ អាប៊ីយ៉ា​ជា​កូន​ប្រុស​របស់​យេរ៉ូបោម​បាន​ធ្លាក់​ខ្លួន​ឈឺ។ ២  ដូច្នេះ យេរ៉ូបោម​បាន​និយាយ​ទៅ​កាន់​ភរិយា​គាត់​ថា​៖ ​«​សូម​ក្លែង​ខ្លួន​កុំ​ឲ្យ​គេ​ស្គាល់​អ្នក​ថា​ជា​ភរិយា​ខ្ញុំ រួច​ធ្វើ​ដំណើរ​ទៅ​ជួប​អាហាយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ ដែល​រស់​នៅ​ក្រុង​ស៊ី​ឡូ​រ។ គាត់​នោះ​ហើយ​ជា​អ្នក​ដែល​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​លើ​បណ្ដា​ជន​អ៊ីស្រាអែល។+ ៣  សូម​យក​នំ​ប៉័ង​១០​ដុំ និង​នំ​ខ្លះ ព្រម​ទាំង​ទឹក​ឃ្មុំ​មួយ​ថូ ហើយ​ទៅ​ជួប​គាត់។ គាត់​នឹង​ប្រាប់​អ្នក​ថា​កូន​យើង​នឹង​ជា​ឬ​មិន​ជា​»។ ៤  រួច​មក នាង​ក៏​ធ្វើ​តាម​បង្គាប់​របស់​យេរ៉ូបោម​ជា​ស្វាមី។ នាង​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស៊ីឡូរ+ រួច​ក៏​ទៅ​ដល់​ផ្ទះ​របស់​អាហាយ៉ា។ ចំណែក​អាហាយ៉ា គាត់​ចាស់​ណាស់​ហើយ ភ្នែក​គាត់​ងងឹត​មើល​មិន​ឃើញ​អ្វី​ទេ។ ៥  ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាហាយ៉ា​ថា​៖ ​«​ប្រពន្ធ​របស់​យេរ៉ូបោម​កំពុង​ធ្វើ​ដំណើរ​មក ដើម្បី​សួរ​អ្នក​អំពី​កូន​របស់​នាង​ដែល​កំពុង​ឈឺ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​ទៅ​នាង។ នាង​មក​ដោយ​ក្លែង​ខ្លួន​កុំ​ឲ្យ​គេ​ស្គាល់​»។ ៦  ពេល​អាហាយ៉ា​បាន​ឮ​សូរ​សម្រឹប​ជើង​នាង​មក​ដល់​មាត់​ទ្វារ ភ្លាម​នោះ​គាត់​ក៏និយាយ​ថា​៖ ​«​សូម​ចូល​មក​ប្រពន្ធ​យេរ៉ូបោម។ ហេតុ​អ្វី​បាន​ជា​អ្នក​ក្លែង​ខ្លួន​ដូច្នេះ? ព្រះ​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ប្រាប់​ដំណឹង​ដ៏​អាក្រក់​មួយ​ដល់​អ្នក។ ៧  ចូរ​ទៅ​ប្រាប់​យេរ៉ូបោម​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ពី​ចំណោម​ពួក​បណ្ដា​ជន ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​លើ​ជន​ជាតិ​អ៊ីស្រាអែល​រាស្ត្រ​របស់​ខ្ញុំ។+ ៨  ខ្ញុំ​បាន​ដក​ហូត​រាជាណាចក្រ​ពី​ពូជ​ពង្ស​ដាវីឌ ហើយ​ប្រគល់​ដល់​អ្នក​វិញ។+ ប៉ុន្តែ អ្នក​មិន​ដូច​ដាវីឌ​អ្នក​បម្រើ​ខ្ញុំ​ទេ ព្រោះ​គាត់​តែង​តែ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ និង​ដើរ​តាម​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជា​និច្ច។+ ៩  ឯ​អ្នក​វិញ អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​លើស​អ្នក​មុន​ៗ​ទៅ​ទៀត។ អ្នក​ក៏​បាន​ធ្វើ​ព្រះ​មួយ​ទៀត​សម្រាប់​ខ្លួន​អ្នក ថែម​ទាំង​ធ្វើ​រូប​ចម្លាក់​លោហៈ ក្នុង​បំណង​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង+ ហើយ​អ្នក​បាន​បែរ​ខ្នង​ដាក់​ខ្ញុំ​ទៀត​ផង។+ ១០  ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ពូជ​ពង្ស​របស់​យេរ៉ូបោម ហើយ​ខ្ញុំ​នឹង​បំផ្លាញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​យេរ៉ូបោម រួម​ទាំង​អ្នក​តូច​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង។ បន្ថែម​ទៀត ខ្ញុំ​នឹង​បោស​សម្អាត​ពូជ​ពង្ស​របស់​យេរ៉ូបោម​ឲ្យ​អស់+ ដូច​ជា​បុគ្គល​ម្នាក់​បោស​អាចម៍​សត្វ​ចេញ​ទាល់​តែ​អស់​រលីង! ១១  ក្នុង​ពូជ​ពង្ស​របស់​យេរ៉ូបោម អ្នក​ណា​ដែល​ស្លាប់​នៅ​ក្នុង​ក្រុង ឆ្កែ​នឹង​ហែក​ស៊ី។ ឯ​អ្នក​ណា​ដែល​ស្លាប់​នៅ​ឯ​ទី​វាល សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ​»​›។ ១២  ​«​ឥឡូវ ចូរ​អ្នក​ក្រោក​ឡើង​ត្រឡប់​ទៅ​ផ្ទះ​អ្នក​វិញ​ចុះ។ ពេល​ដែល​អ្នក​ឈាន​ជើង​ចូល​ក្នុង​ក្រុង កូន​នោះ​នឹង​ស្លាប់។ ១៣  បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​នឹង​យំ​ស្រណោះ​គាត់ រួច​មក​គេ​នឹង​បញ្ចុះ​សព​គាត់។ ក្នុង​ក្រុម​គ្រួសារ​យេរ៉ូបោម មាន​តែ​គាត់​ទេ​ដែល​នឹង​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ព្រោះ​មាន​តែ​គាត់​ប៉ុណ្ណោះ ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ។ ១៤  ព្រះ​យេហូវ៉ា​នឹង​តាំង​ស្ដេច​មួយ​ឡើង ឲ្យ​គ្រប់​គ្រង​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​ស្ដេច​នោះ​នឹង​បំផ្លាញ​ពូជ​ពង្ស​យេរ៉ូបោម+ឲ្យ​សាប​សូន្យ​ទៅ​ពេល​ដែល​ថ្ងៃ​នោះ​មក​ដល់ ហើយ​សូម្បី​តែ​ឥឡូវ​នេះ​ផង។ ១៥  ព្រះ​យេហូវ៉ា​នឹង​វាយ​ពួក​អ៊ីស្រាអែល​ដូច​ជា​វាយ​ដើម​ត្រែង​ដែល​យោល​នៅ​លើ​ទឹក ហើយ​លោក​នឹង​ដក​រំលើង​ពួក​អ៊ីស្រាអែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ​នេះ ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ។+ លោក​នឹង​កម្ចាត់​កម្ចាយ​ពួក​គេ​ទៅ​ខាង​នាយ​ទន្លេ​អឺប្រាត+ ព្រោះ​ពួក​គេ​បាន​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ*+ ដែល​បណ្ដាល​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​ជា​ខ្លាំង។ ១៦  បន្ថែម​ទៅ​ទៀត លោក​នឹង​បោះ​បង់​ពួក​អ៊ីស្រាអែល​ចោល ព្រោះ​តែ​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម ហើយ​ការ​នោះ​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។+ ១៧  លុះ​ស្ដាប់​រួច ភរិយា​របស់​យេរ៉ូបោម​បាន​ក្រោក​ឡើង​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ធើសា។ កាល​នាង​បាន​ឈាន​ជើង​ចូល​មាត់​ទ្វារ​វិមាន កូន​នោះ​ក៏​ស្លាប់​ទៅ។ ១៨  ដូច្នេះ គេ​បាន​បញ្ចុះ​សព​កូន​នោះ ហើយ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​យំ​ស្រណោះ​គាត់ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អាហាយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ។ ១៩  ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេរ៉ូបោម​បាន​ធ្វើ ដូច​ជា​ការ​ធ្វើ​ចម្បាំង+ និង​ការ​គ្រប់​គ្រង​របស់​គាត់ សុទ្ធតែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល។ ២០  យេរ៉ូបោម​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​២២​ឆ្នាំ ក្រោយ​មក​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់+ ហើយ​ណាដាប​ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។+ ២១  នៅ​គ្រា​នោះ​ដែរ រេហូបោម​ជា​កូន​សាឡូម៉ូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្រុក​យូដា។ រេហូបោម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​ដែល​គាត់​មាន​អាយុ​៤១​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​១៧​ឆ្នាំ​នៅ​ក្រុង​យេរូសាឡិម ជា​ក្រុង​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស+ពី​កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល ជា​កន្លែង​សម្រាប់​តាង​នាម​លោក។+ ម្ដាយ​របស់​រេហូបោម​ឈ្មោះ​ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។+ ២២  ពួក​យូដា​ក៏​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន ហើយ​នោះ​បាន​បណ្ដាល​ឲ្យ​ព្រះ​ខឹង​នឹង​ពួក​គេ​ខ្លាំង​ជាង ខឹង​នឹង​បុព្វ​បុរស​របស់​ពួក​គេ​ទៅ​ទៀត។+ ២៣  ពួក​គេ​បាន​បន្ត​សង់​ទី​ខ្ពស់​ពិសិដ្ឋ​សម្រាប់​ខ្លួន​គេ រួម​ទាំង​ធ្វើ​បង្គោល​ថ្ម​និង​បង្គោល​ឈើ*+នៅ​លើ​ទួល​ខ្ពស់​ទាំង​ប៉ុន្មាន+ និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំង​អស់​ដើម្បី​គោរព​បូជា។+ ២៤  នៅ​ក្នុង​ស្រុក​នោះ ក៏​មាន​ពួក​បុរស​ដែល​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ​ក្នុង​វិហារ​ដែរ។+ បណ្ដា​ជន​បាន​ធ្វើ​តាម​អស់​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​ជន​ជាតិ​ផ្សេង​ៗ​ប្រព្រឹត្ត ជា​ជន​ជាតិ​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ២៥  ក្នុង​ឆ្នាំ​ទី​៥​នៃ​រាជ្យ​រេហូបោម ស៊ីសាក់+ជា​ស្ដេច​ស្រុក​អេហ្ស៊ីប បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡិម។+ ២៦  ស៊ីសាក់​បាន​យក​របស់​មាន​តម្លៃ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​យក​ទ្រព្យ​សម្បត្តិ​ពី​វិមាន​របស់​ស្ដេច​ដែរ។+ ស៊ីសាក់​បាន​យក​អ្វី​ៗ​ទាំង​អស់ រួម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​បាន​ធ្វើ។+ ២៧  ដូច្នេះ ស្ដេច​រេហូបោម​បាន​ធ្វើ​ខែល​ស្ពាន់​ជំនួស​វិញ ហើយ​គាត់​បាន​ទុក​ឲ្យ​ពួក​មេ​លើ​អ្នក​យាម​ខ្លោង​ទ្វារ​វិមាន​របស់​ស្ដេច មើល​ថែ​រក្សា។ ២៨  កាល​ណា​ស្ដេច​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា អ្នក​យាម​នឹង​កាន់​ខែល​ទាំង​នោះ រួច​ពួក​គេ​យក​ទៅ​ទុក​ក្នុង​បន្ទប់​អ្នក​យាម​វិញ។ ២៩  ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​រេហូបោម​បាន​ធ្វើ សុទ្ធតែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។+ ៣០  រេហូបោម​និង​យេរ៉ូបោម​តែង​តែ​ច្បាំង​គ្នា​ជា​និច្ច។+ ៣១  ក្រោយ​មក រេហូបោម​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​ក្នុង​ទី​បញ្ចុះ​សព​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់ នៅ​ក្រុង​ដាវីឌ។+ ម្ដាយ​របស់​គាត់​ឈ្មោះ​ណាអាម៉ា ជា​ជន​ជាតិ​អាំម៉ូន។+ បន្ទាប់​មក អាប៊ីយ៉ាម*+ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
ក៏​ហៅ​ថា​អាប៊ីយ៉ា​ដែរ