បណ្ដាស្ដេចទី១ ១៥:១-៣៤

  • អាប៊ីយ៉ាម​ជា​ស្ដេច​ស្រុក​យូដា (​១​-​៨)

  • អេសា​ជា​ស្ដេច​ស្រុក​យូដា (​៩​-​២៤)

  • ណាដាប​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​២៥​-​៣២)

  • បាអាសា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​៣៣, ៣៤)

១៥  ក្នុង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​យេរ៉ូបោម+ជា​កូន​ណេបាត អាប៊ីយ៉ាម​បាន​ក្លាយ​ទៅ​ជា​ស្ដេច​លើ​ស្រុក​យូដា។+ ២  អាប៊ីយ៉ាម​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​បី​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ម៉ាអាកា+ជា​ចៅ​ស្រី​របស់​អាប៊ីសាឡម។* ៣  អាប៊ីយ៉ាម​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​គ្រប់​យ៉ាង តាម​គន្លង​ឪពុក​គាត់។ អាប៊ីយ៉ាម​មិន​ស្មោះ​ត្រង់​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់ ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ទេ។ ៤  ប៉ុន្តែ ដោយ​យល់​ដល់​ដាវីឌ+ ព្រះ​យេហូវ៉ា​បាន​ឲ្យ​កូន​ចៅ​របស់​គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម+ ហើយ​ឲ្យ​ក្រុង​នោះ​នៅ​ស្ថិតស្ថេរ​ជា​ដរាប ៥  ពី​ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ អស់​មួយ​ជីវិត​ដាវីឌ គាត់​ពុំ​បាន​បែរ​ចេញ​ពី​អ្វី​ដែល​ព្រះ​បាន​បង្គាប់​គាត់​ឡើយ លើក​លែង​តែ​រឿង​ទាក់​ទង​នឹង​អ៊ូរី​ជា​ជន​ជាតិ​ហេត​ប៉ុណ្ណោះ។+ ៦  ចំណែក​រេហូបោម​និង​យេរ៉ូបោម​វិញ អស់​មួយ​ជីវិត ពួក​គេ​តែង​តែ​ច្បាំង​គ្នា​ជា​និច្ច។+ ៧  ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាប៊ីយ៉ាម​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។+ អាប៊ីយ៉ាម​ក៏​បាន​ធ្វើ​ចម្បាំង​នឹង​យេរ៉ូបោម​ដែរ។+ ៨  ក្រោយ​មក អាប៊ីយ៉ាម​ក៏​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក អេសា+ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។+ ៩  ក្នុង​ឆ្នាំ​ទី​២០​នៃ​រាជ្យ​យេរ៉ូបោម​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល អេសា​បាន​គ្រប់​គ្រង​លើ​ស្រុក​យូដា។ ១០  អេសា​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤១​ឆ្នាំ។ ជីដូន​របស់​គាត់​ឈ្មោះ​ម៉ាអាកា+ ជា​ចៅ​ស្រី​អាប៊ីសាឡម។ ១១  អេសា​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត+ ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់។ ១២  គាត់​បណ្ដេញ​ពួក​បុរស​ដែល​បម្រើ​បុរស​ឯ​ទៀត​ខាង​ផ្លូវ​ភេទ​ក្នុង​វិហារ ចេញ​ពី​ស្រុក​ទៅ។+ គាត់​ក៏​យក​ចេញ​នូវ​អស់​ទាំង​រូប​ព្រះ​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម ដែល​បុព្វ​បុរស​របស់​គាត់​បាន​ធ្វើ។+ ១៣  គាត់​ក៏​ដក​ម៉ាអាកា+ជា​ជីដូន​របស់​គាត់ ចេញ​ពី​តំណែង​ជា​មាតា​ស្ដេច ដោយ​សារ​នាង​បាន​ធ្វើ​រូប​មួយ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​សម្រាប់​ការ​គោរព​បូជា​បង្គោល​ឈើ។*+ អេសា​កាប់​រំលំ​រូប​នោះ រួច​ដុត​ចោល​នៅ​ជ្រលង​គីដ្រុន។+ ១៤  ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ទី​ខ្ពស់​ពិសិដ្ឋ​ចោល​ទេ។+ ទោះ​ជា​ដូច្នោះ​ក៏​ដោយ អេសា​មាន​ចិត្ត​ស្មោះ​ត្រង់​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ស្លាប់។ ១៥  បន្ថែម​ទៅ​ទៀត គាត់​បាន​យក​មាស ប្រាក់ និង​របស់​របរ​ផ្សេង​ៗ ដែល​គាត់​និង​ឪពុក​របស់​គាត់​បាន​ញែក​ជា​បរិសុទ្ធ ទៅ​ទុក​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ១៦  អេសា​ស្ដេច​ស្រុក​យូដា​និង​បាអាសា+ស្ដេច​ស្រុក​អ៊ីស្រាអែល ចេះ​តែ​ច្បាំង​គ្នា​ជា​និច្ច។ ១៧  ដូច្នេះ បាអាសា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ឡើង​ទៅ​ច្បាំង​នឹង​ស្ដេច​ស្រុក​យូដា ហើយ​គាត់​ក៏​បាន​សង់*ក្រុង​រ៉ាម៉ា+ ដើម្បី​រា​រាំង​កុំ​ឲ្យ​អ្នក​ណា​ចេញ​ឬ​ចូល​ទៅ​ខាង​អេសា​ស្ដេច​ស្រុក​យូដា​ឡើយ។+ ១៨  នៅ​គ្រា​នោះ អេសា​បាន​យក​មាស​ប្រាក់​ទាំង​អស់​ដែល​នៅ​សេស​សល់​ក្នុង​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា និង​ក្នុង​ឃ្លាំង​វិមាន​របស់​ស្ដេច ទៅ​ប្រគល់​ដល់​ពួក​អ្នក​បម្រើ​របស់​គាត់។ រួច​ស្ដេច​អេសា​ចាត់​ពួក​គេ​ឲ្យ​យក​ទៅ​ជូន​បេនហាដាត​ជា​កូន​របស់​តាប៊្រីម៉ុន ដែល​ត្រូវ​ជា​កូន​របស់​ហេសៀន ជា​ស្ដេច​ស្រុក​ស៊ីរី+ ដែល​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស់។ អេសា​ផ្ដាំ​ថា​៖ ១៩  ​«​អ្នក​និង​ខ្ញុំ​មាន​កិច្ច​ព្រម​ព្រៀង​រួច​ហើយ ដូច​ឪពុក​អ្នក​និង​ឪពុក​ខ្ញុំ​ដែរ។ ខ្ញុំ​ផ្ញើ​មាស​ប្រាក់​នេះ​ជា​អំណោយ​ដល់​អ្នក។ ដូច្នេះ សូម​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​នឹង​ស្ដេច​បាអាសា​ទៅ ដើម្បី​ឲ្យ​គាត់​ដក​ថយ​ចេញ​ពី​ខ្ញុំ​»។ ២០  បេនហាដាត​ក៏​ធ្វើ​តាម​ស្ដេច​អេសា ហើយ​ចាត់​ពួក​មេ​ទ័ព​ឲ្យ​ទៅ​ច្បាំង​នឹង​បណ្ដា​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​បាន​វាយ​ឈ្នះ​ក្រុង​អ៊ីយ៉ូន+ ក្រុង​ដាន់+ ក្រុង​អេបិលបេតម៉ាអាកា និង​តំបន់​គីនេរ៉េត​ទាំង​មូល ព្រម​ទាំង​ទឹក​ដី​ណែបថាលី​ទាំង​អស់។ ២១  ពេល​បាអាសា​ឮ​ដំណឹង​នេះ​ភ្លាម គាត់​ក៏​ឈប់​សង់*ក្រុង​រ៉ាម៉ា​ទៀត ហើយ​បន្ត​ស្នាក់​នៅ​ក្រុង​ធើសា។+ ២២  រួច​មក ស្ដេច​អេសា​បាន​ប្រមូល​ពួក​យូដា​ទាំង​អស់ មិន​លើក​លែង​អ្នក​ណា​ម្នាក់​ទេ ដើម្បី​ឲ្យ​ពួក​គេ​មក​លី​ថ្ម​និង​ឈើ​ពី​ក្រុង​រ៉ាម៉ា​ដែល​បាអាសា​បាន​ប្រើ​ដើម្បី​សង់​ក្រុង​នោះ។ ស្ដេច​អេសា​ក៏​បាន​យក​របស់​ទាំង​នោះ​ទៅ​សាង​សង់*ក្រុង​កេបា+ក្នុង​ទឹក​ដី​បេនយ៉ាមីន ព្រម​ទាំង​ក្រុង​មីសប៉ា។+ ២៣  ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេសា​បាន​ធ្វើ ដូច​ជា​ភាព​ខ្លាំង​ពូកែ​របស់​គាត់ និង​បណ្ដា​ក្រុង​ដែល​គាត់​បាន​សង់* គឺ​សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ពេល​គាត់​មាន​វ័យ​ចាស់ គាត់​មាន​ជំងឺ​ធ្ងន់​មួយ​នៅ​ជើង។+ ២៤  ក្រោយ​មក អេសា​ក៏​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់។ បន្ទាប់​មក យេហូសាផាត+ជា​កូន​ក៏​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។ ២៥  ចំណែក​ណាដាប+ជា​កូន​យេរ៉ូបោម គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា។ ណាដាប​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ២៦  គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​បាន​ដើរ​តាម​គន្លង​របស់​ឪពុក+ ហើយ​ក៏​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​តាម​ឪពុក​គាត់​ដែរ។ ឪពុក​គាត់​នោះ​ហើយ​ដែល​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ២៧  ឯ​បាអាសា​ជា​កូន​អាហាយ៉ា ដែល​មក​ពី​ពូជ​ពង្ស​អ៊ីសាខារ បាន​ឃុប​ឃិត​ក្បត់​នឹង​ណាដាប។ បាអាសា​បាន​សម្លាប់​ណាដាប​នៅ​ក្រុង​គីបេថន+ជា​ក្រុង​របស់​ពួក​ភីលីស្ទីន កាល​ដែល​ណាដាប​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​កំពុង​ឡោម​ព័ទ្ធ​ក្រុង​នោះ។ ២៨  ដូច្នេះ បាអាសា​បាន​សម្លាប់​ណាដាប​ក្នុង​ឆ្នាំ​ទី​៣​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា រួច​មក​បាអាសា​បាន​ក្លាយ​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​ណាដាប។ ២៩  ក្រោយ​ពី​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ភ្លាម គាត់​បាន​សម្លាប់​ពូជ​ពង្ស​ទាំង​អស់​របស់​យេរ៉ូបោម​ឲ្យ​សាប​សូន្យ​ទៅ ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អាហាយ៉ា​ដែល​មក​ពី​ក្រុង​ស៊ីឡូរ។+ ៣០  មូលហេតុ​គឺ​ដោយ​សារ​យេរ៉ូបោម​បាន​ធ្វើ​អំពើ​ខុស​ឆ្គង ហើយ​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​ខុស​ឆ្គង​ដែរ។ ម្ល៉ោះ​ហើយ គាត់​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ខឹង​ជា​ខ្លាំង។ ៣១  ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ណាដាប​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​នៅ​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣២  អេសា​និង​បាអាសា​ចេះ​តែ​ច្បាំង​គ្នា​ជា​និច្ច។+ ៣៣  ក្នុង​ឆ្នាំ​ទី​៣​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា បាអាសា​ជា​កូន​អាហាយ៉ា បាន​ក្លាយ​ទៅ​ជា​ស្ដេច​នៅ​ក្រុង​ធើសា។ គាត់​បាន​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ី​ស្រា​អែ​ល​អស់​រយៈ​ពេល​២៤​ឆ្នាំ។+ ៣៤  គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។+ គាត់​បាន​ដើរ​តាម​គន្លង​របស់​យេរ៉ូបោម ហើយ​ក៏​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​តាម​យេរ៉ូបោម​ដែរ។ យេរ៉ូបោម​នោះ​ហើយ​ដែល​បាន​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+

កំណត់សម្គាល់

តាម​មើល​ទៅ​ជា​ឈ្មោះ​មួយ​ទៀត​របស់​អាប់សាឡំ
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​
ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​
ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​
ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​
ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​