បណ្ដាស្ដេចទី១ ១៨:១-៤៦

  • អេលីយ៉ា​ជួប​អូបាឌា​និង​អាហាប់ (​១​-​១៨)

  • អេលីយ៉ា​ប្រឆាំង​នឹង​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​នៅ​ភ្នំ​កើមែល (​១៩​-​៤០)

    • ‹តើ​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត?› (​២១)

  • ការ​រាំង​ស្ងួត​អស់​បី​ឆ្នាំ​កន្លះ​បាន​ចប់ (​៤១​-​៤៦)

១៨  លុះ​ក្រោយ​មក នៅ​ឆ្នាំ​ទី​៣+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​អេលីយ៉ា​ថា​៖ ​«​ចូរ​ទៅ​ជួប​អាហាប់ ហើយ​ខ្ញុំ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផ្ទៃ​ដី​»។+ ២  ដូច្នេះ អេលីយ៉ា​ក៏​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ជួប​អាហាប់​នៅ​ស្រុក​សាម៉ា​រី ដែល​កំពុង​មាន​ភាព​អត់​ឃ្លាន​ជា​ខ្លាំង។+ ៣  នៅ​ដំណាល​គ្នា​នោះ អាហាប់​បាន​ហៅ​អូបាឌា​ឲ្យ​មក​ជួប។ អូបាឌា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច (​គាត់​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ៤  ហើយ​កាល​ដែល​យេសិបិល+បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា អូបាឌា​បាន​នាំ​ពួក​អ្នក​ប្រកាស​ទំនាយ​១០០​នាក់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​រអាង​ភ្នំ គឺ​ក្នុង​រអាង​មួយ​មាន​ចំនួន​៥០​នាក់។ គាត់​បាន​ផ្គត់​ផ្គង់​នំ​ប៉័ង​និង​ទឹក​ដល់​ពួក​គេ​)។ ៥  រួច​អាហាប់​បាន​និយាយ​ទៅ​កាន់​អូបាឌា​ថា​៖ ​«​ចូរ​ទៅ​មើល​តាម​ប្រភព​ទឹក​និង​ជ្រលង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក ក្រែង​លោ​យើង​រក​បាន​ស្មៅ សម្រាប់​សេះ​និង​លា ដើម្បី​កុំ​ឲ្យ​ហ្វូង​សត្វ​ទាំង​អស់​នោះ​ងាប់​»។ ៦  ដូច្នេះ ពួក​គាត់​បាន​បែង​ចែក​តំបន់​គ្នា​ទៅ​រក​មើល។ អាហាប់​បាន​ទៅ​តាម​ផ្លូវ​មួយ ហើយ​អូបាឌា​បាន​ទៅ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ ៧  កាល​អូបាឌា​កំពុង​ធ្វើ​ដំណើរ អេលីយ៉ា​បាន​មក​ជួប​គាត់។ ភ្លាម​នោះ​អូបាឌា​ស្គាល់​គាត់ ហើយ​ក៏​បាន​ក្រាប​មុខ​ដល់​ដី រួច​សួរ​បញ្ជាក់​ថា​៖ ​«​លោក​ម្ចាស់​អេលីយ៉ា! គឺ​លោក​មែន​ឬ?​»។+ ៨  អេលីយ៉ា​បាន​តប​ឆ្លើយ​ថា​៖ ​«​គឺ​ខ្ញុំ​ហើយ។ ចូរ​ទៅ​ប្រាប់​លោក​ម្ចាស់​របស់​អ្នក​ថា​៖ ‹អេលីយ៉ា​មក​ហើយ›​»។ ៩  ប៉ុន្តែ អូបាឌា​បាន​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អ្វី បាន​ជា​លោក​ឲ្យ​ខ្ញុំ​ស្លាប់​ក្រោម​ដៃ​ស្ដេច​អាហាប់​ដូច្នេះ? ១០  ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា ស្ដេច​អាហាប់​បាន​ចាត់​គេ​ឲ្យ​ទៅ​ស្វែង​រក​លោក នៅ​គ្រប់​ប្រជា​ជាតិ គ្រប់​រាជាណាចក្រ។ បើ​ពួក​គេ​និយាយ​ថា​៖ ‹អេលីយ៉ា​មិន​នៅ​ទី​នេះ​ទេ› នោះ​ស្ដេច​អាហាប់​បាន​ឲ្យ​រាជាណាចក្រ​និង​ប្រជា​ជាតិ​នោះ​ស្បថ​ថា​ពួក​គេ​ពិត​ជា​មិន​បាន​ឃើញ​លោក​មែន។+ ១១  ឥឡូវ លោក​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ប្រាប់​លោក​ម្ចាស់​របស់​អ្នក​ថា​៖ ​«​អេលីយ៉ា​មក​ហើយ​»​›។ ១២  ប៉ុន្តែ ពេល​ខ្ញុំ​ចេញ​ពី​លោក​ម្ចាស់​ទៅ ព្រះ​យេហូវ៉ា​នឹង​ប្រើ​ឫទ្ធានុភាព​របស់​លោក ដើម្បី​យក​លោក​ម្ចាស់​ទៅ+កន្លែង​ដែល​ខ្ញុំ​មិន​ស្គាល់។ រួច​ពេល​ខ្ញុំ​ប្រាប់​ស្ដេច​អាហាប់ ហើយ​គាត់​រក​លោក​ម្ចាស់​មិន​ឃើញ នោះ​គាត់​នឹង​សម្លាប់​ខ្ញុំ​ជា​មិន​ខាន។ ខ្ញុំ​ជា​អ្នក​បម្រើ​លោក​បាន​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ។ ១៣  កាល​ដែល​យេសិបិល​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា តើ​លោក​ម្ចាស់​មិន​បាន​ឮ​អំពី​ការ​ដែល​ខ្ញុំ​បាន​លាក់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ចំនួន​១០០​នាក់ ដោយ​ដាក់​មួយ​ក្រុម​ៗ​៥០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ហើយ​ផ្គត់​ផ្គង់​នំ​ប៉័ង​និង​ទឹក​ដល់​ពួក​គេ​ទេ​ឬ?+ ១៤  ប៉ុន្តែ ឥឡូវ​លោក​និយាយ​ថា​៖ ‹ចូរ​ទៅ​ប្រាប់​លោក​ម្ចាស់​របស់​អ្នក​ថា​៖ ​«​អេលីយ៉ា​មក​ហើយ​»​›។ ស្ដេច​អាហាប់​ប្រាកដ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន​»។ ១៥  ប៉ុន្តែ អេលីយ៉ា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អាហាប់​ជា​ប្រាកដ​»។ ១៦  ដូច្នេះ អូបាឌា​បាន​ចេញ​ដំណើរ​ទៅ​ជួប​អាហាប់​ដើម្បី​ជម្រាប​គាត់។ បន្ទាប់​មក អាហាប់​ក៏​បាន​ទៅ​ជួប​អេលីយ៉ា។ ១៧  ពេល​អាហាប់​បាន​ឃើញ​អេលីយ៉ា​ភ្លាម គាត់​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ​«​គឺ​ជា​អ្នក​ហើយ ដែល​បាន​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង​មក​លើ​ស្រុក​អ៊ីស្រាអែល!​»។ ១៨  អេលីយ៉ា​បាន​តប​ថា​៖ ​«​ខ្ញុំ​មិន​បាន​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​មក​លើ​ស្រុក​អ៊ីស្រាអែល​ទេ គឺ​លោក​និង​ពូជ​ពង្ស​របស់​ឪពុក​លោក​វិញ​ទេ​តើ ព្រោះ​ពួក​លោក​បាន​ឈប់​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​កាន់​តាម​ព្រះ​បាល​វិញ។+ ១៩  ឥឡូវ សូម​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ទៅ​ជួប​ខ្ញុំ​នៅ​ឯ​ភ្នំ​កើមែល។+ ម្យ៉ាង​ទៀត សូម​ហៅ​ពួក​អ្នក​ប្រកាស​ទំនាយ​៤៥០​នាក់​របស់​ព្រះ​បាល និង​ពួក​អ្នក​ប្រកាស​ទំនាយ​៤០០​នាក់​របស់​ព្រះ​អាសេរ៉ា*+ ដែល​បរិភោគ​នៅ​តុ​យេសេបិល​ឲ្យ​មក​ជា​មួយ​ដែរ​»។ ២០  ដូច្នេះ អាហាប់​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ និង​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​ឲ្យ​មក​ឯ​ភ្នំ​កើមែល។ ២១  រួច​មក អេលីយ៉ា​បាន​ចូល​ទៅ​ជិត​បណ្ដា​ជន​ទាំង​អស់ ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត?+ បើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត ចូរ​កាន់​តាម​លោក​ចុះ+ តែ​បើ​ព្រះ​បាល​ជា​ព្រះ​ពិត ចូរ​កាន់​តាម​ទៅ!​»។ ប៉ុន្តែ បណ្ដា​ជន​មិន​បាន​តប​ឆ្លើយ​មក​គាត់​វិញ​ទេ សូម្បី​តែ​មួយ​ម៉ាត់។ ២២  រួច​មក អេលីយ៉ា​បាន​និយាយ​ទៅ​បណ្ដា​ជន​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​តែ​ម្នាក់​គត់​ដែល​នៅ​សល់។+ ឯ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​វិញ គឺ​មាន​៤៥០​នាក់។ ២៣  សូម​យក​គោ​ស្ទាវ​ពីរ​ក្បាល​មក ហើយ​ឲ្យ​ពួក​គេ​រើស​យក​មួយ​ក្បាល កាប់​ជា​ដុំ​ៗ​តម្រៀប​លើ​អុស តែ​កុំ​ឲ្យ​ពួក​គេ​ដុត​ភ្លើង​ឡើយ។ ឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​កាប់​គោ​មួយ​ទៀត ដាក់​តម្រៀប​លើ​អុស ហើយ​ខ្ញុំ​ក៏​មិន​ដុត​ភ្លើង​ដែរ។ ២៤  បន្ទាប់​មក សូម​អ្នក​រាល់​គ្នា​ស្រែក​ហៅ​រក​ឈ្មោះ​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ+ ហើយ​ខ្ញុំ​នឹង​ហៅ​រក​នាម​ព្រះ​យេហូវ៉ា។ បើ​ព្រះ​ណា​ដែល​ឆ្លើយ​មក ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ គឺ​ព្រះ​នោះ​ហើយ​ជា​ព្រះ​ពិត​»។+ ឯ​បណ្ដា​ជន​ទាំង​អស់​ក៏​តប​មក​វិញ​ថា​៖ ​«​បាន! យើង​យល់​ព្រម​»។ ២៥  ពេល​នោះ អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល​ថា​៖ ​«​សូម​អ្នក​រាល់​គ្នា​រើស​យក​គោ​ស្ទាវ​មួយ​រៀបចំ​ជា​មុន​ចុះ ព្រោះ​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន។ រួច​ហៅ​រក​ឈ្មោះ​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ តែ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ដុត​ភ្លើង​ឡើយ​»។ ២៦  ដូច្នេះ ពួក​គេ​យក​គោ​ស្ទាវ​មួយ​ក្បាល​ដែល​បាន​ត្រូវ​ជ្រើស​រើស មក​រៀបចំ ហើយ​បាន​ស្រែក​ហៅ​ឈ្មោះ​ព្រះ​បាល​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ ដោយ​ថា​៖ ​«​ឱ​ព្រះ​បាល​អើយ! សូម​ឆ្លើយ​មក​យើង​ផង​»។ ប៉ុន្តែ គ្មាន​ឮ​សំឡេង​ឬ​ចម្លើយ​ឆ្លើយ​មក​វិញ​សោះ។+ ពួក​គេ​ចេះ​តែ​លោត​ជុំវិញ​ទី​បូជា​ដែល​ពួក​គេ​បាន​ដំឡើង។ ២៧  លុះ​ដល់​ថ្ងៃ​ត្រង់ អេលីយ៉ា​បាន​ចំអក​ឲ្យ​ពួក​គេ​ថា​៖ ​«​សូម​ស្រែក​ឲ្យ​ខ្លាំង​ឡើង! ក្រែង​ព្រះ​បាល​ជា​ព្រះ​មែន​ទេ?+ ប្រហែល​ជា​គាត់​កំពុង​រំពឹង​គិត​ឬ​ទៅ​បន្ទោបង់* ឬ​មួយ​ក៏​គាត់​កំពុង​ដេក​លក់​ទេ​ដឹង? ដូច្នេះ ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ដាស់​គាត់​ទៅ!​»។ ២៨  ពួក​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ៗ រួច​យក​កាំបិត​មក​ឆូត​សាច់​តាម​ទម្លាប់​របស់​ពួក​គេ រហូត​ដល់​ហូរ​ឈាម​ពេញ​ខ្លួន។ ២៩  លុះ​ផុត​ថ្ងៃ​ត្រង់​ហើយ ពួក​គេ​នៅ​តែ​ធ្វើ​ដូច​នោះ​ដដែល រហូត​ដល់​ពេល​ជូន​គ្រឿង​បូជា​ពី​ស្រូវ​នៅ​ពេល​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង​ឬ​ចម្លើយ​តប​មក​វិញ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ស្ដាប់​ដែរ។+ ៣០  ក្រោយ​មក អេលីយ៉ា​បាន​និយាយ​ទៅ​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​សូម​ចូល​មក​ជិត​ខ្ញុំ​»។ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​ក៏​ចូល​ទៅ​ជិត​គាត់។ រួច​មក គាត់​បាន​ជួស​ជុល​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ដែល​គេ​បាន​រំលំ​ចោល​នោះ​ឡើង​វិញ។+ ៣១  បន្ទាប់​មក អេលីយ៉ា​បាន​យក​ថ្ម​១២​ដុំ តាម​ចំនួន​កុលសម្ព័ន្ធ​របស់​កូន​ប្រុស​យ៉ាកុប។ យ៉ាកុប​នោះ​ហើយ​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រាប់​ថា​៖ ​«​អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រាអែល​»។+ ៣២  គាត់​ក៏​យក​ថ្ម​ទាំង​នោះ​ទៅ​សង់​ទី​បូជា+សម្រាប់​នាម​របស់​ព្រះ​យេហូវ៉ា។ រួច​មក គាត់​ជីក​ប្រឡាយ​ជុំវិញ​ទី​បូជា​នោះ ដែល​មាន​ទំហំ​ធំ​ល្មម​អាច​សាប​ព្រោះ​គ្រាប់​ពូជ​ចំនួន​ពីរ​រង្វាល់។* ៣៣  បន្ទាប់​មក គាត់​បាន​តម្រៀប​អុស​លើ​ទី​បូជា ហើយ​កាប់​គោ​ជា​ដុំ​ៗ​ដាក់​លើ​អុស​នោះ។+ លុះ​រៀបចំ​អស់​ហើយ គាត់​និយាយ​ថា​៖ ​«​ចូរ​ដង​ទឹក​បួន​ក្អម​មក ហើយ​យក​មក​ចាក់​លើ​គ្រឿង​បូជា​ដុត​និង​អុស​ទាំង​នេះ​»។ ៣៤  រួច​គាត់​ប្រាប់​ថា​៖ ​«​ចូរ​ចាក់​ទឹក​ម្ដង​ទៀត​»។ ដូច្នេះ គេ​ក៏​ចាក់​ទឹក​ម្ដង​ទៀត។ រួច​គាត់​ប្រាប់​ទៀត​ថា​៖ ​«​ចូរ​ចាក់​ទឹក​ជា​លើក​ទី​៣​»។ ដូច្នេះ គេ​ក៏​បាន​ចាក់​ជា​លើក​ទី​៣។ ៣៥  ទឹក​នោះ​បាន​ហូរ​ស្រោច​សព្វ​ទី​បូជា ហើយ​គាត់​ក៏​ចាក់​ទឹក​ពេញ​ប្រឡាយ​ដែរ។ ៣៦  លុះ​ដល់​ពេល​ជូន​គ្រឿង​បូជា​ពី​ស្រូវ​នៅ​ពេល​ល្ងាច+ អេលីយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ចូល​ទៅ​ជិត​ទី​បូជា ហើយ​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​អាប្រាហាំ+ អ៊ីសាក+ និង​អ៊ីស្រាអែល​អើយ! នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​គេ​ដឹង​ថា លោក​ជា​ព្រះ​ពិត​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​ថា​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក។ សូម​ឲ្យ​គេ​ដឹង​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ តាម​ប្រសាសន៍​របស់​លោក។+ ៣៧  ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ឆ្លើយ​តប​មក​ខ្ញុំ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​នេះ​ដឹង​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត ហើយ​ថា​លោក​កំពុង​បំបែរ​ចិត្ត​ពួក​គេ​ឲ្យ​មក​រក​លោក​វិញ​»។+ ៣៨  ខណៈ​នោះ ភ្លើង​នៃ​ព្រះ​យេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​គ្រឿង​បូជា+ អុស ថ្ម និង​ដី ថែម​ទាំង​ធ្វើ​ឲ្យ​ទឹក​ក្នុង​ប្រឡាយ​រីង​ស្ងួត​អស់​ទៅ។+ ៣៩  ពេល​បណ្ដា​ជន​បាន​ឃើញ​ដូច្នេះ ភ្លាម​នោះ​ពួក​គេ​ក្រាប​មុខ​ដល់​ដី ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត! ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត!​»។ ៤០  រួច​អេលីយ៉ា​បាន​បង្គាប់​គេ​ថា​៖ ​«​ចូរ​ចាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាល។ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ខ្លួន​ឡើយ!​»។ ភ្លាម​នោះ ពួក​គេ​ក៏​ចាប់​អ្នក​ទាំង​នោះ។ បន្ទាប់​មក អេលីយ៉ា​យក​អ្នក​ទាំង​នោះ​ចុះ​ទៅ​ឯ​ជ្រលង​គីសុន+ រួច​សម្លាប់​ពួក​គេ​នៅ​ទី​នោះ​ទៅ។+ ៤១  ក្រោយ​មក អេលីយ៉ា​បាន​និយាយ​ទៅ​អាហាប់​ថា​៖ ​«​សូម​លោក​ឡើង​ទៅ​បរិភោគ​ចុះ ព្រោះ​មាន​ឮ​សូរ​សន្ធឹក​ភ្លៀង​យ៉ាង​ខ្លាំង​ធ្លាក់​មក​ហើយ​»។+ ៤២  ដូច្នេះ អាហាប់​ក៏​ឡើង​ទៅ​បរិភោគ។ ពេល​នោះ អេលីយ៉ា​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កើមែល ហើយ​លុត​ជង្គង់​ក្រាប​ខ្លួន​ដល់​ដី។+ ៤៣  រួច​មក គាត់​បាន​និយាយ​ទៅ​អ្នក​បម្រើ​គាត់​ថា​៖ ​«​សូម​ឡើង​ទៅ ហើយ​មើល​ឆ្ពោះ​ទៅ​សមុទ្រ​»។ ដូច្នេះ អ្នក​បម្រើ​ក៏​ឡើង​ទៅ​មើល ហើយ​មក​ប្រាប់​គាត់​វិញ​ថា​៖ ​«​គ្មាន​ឃើញ​អ្វី​សោះ​»។ អេលីយ៉ា​បាន​ប្រាប់​អ្នក​បម្រើ​អស់​៧​ដង​ថា​៖ ​«​សូម​ទៅ​មើល​ម្ដង​ទៀត​»។ ៤៤  នៅ​លើក​ទី​៧ អ្នក​បម្រើ​របស់​គាត់​បាន​ប្រាប់​ថា​៖ ​«​មើល! មាន​ពពក​តូច​មួយ​ប៉ុន​បាត​ដៃ​ឡើង​ពី​សមុទ្រ​មក​»។ ដូច្នេះ អេលីយ៉ា​និយាយ​ថា​៖ ​«​ចូរ​ទៅ​ជម្រាប​ស្ដេច​អាហាប់​ថា​៖ ‹សូម​ទឹម​រទេះ​ហើយ​ធ្វើ​ដំណើរ​ចុះ​ទៅ​វិញ មុន​ភ្លៀង​ធ្លាក់​មក​បង្អាក់​ដំណើរ​លោក!›​»។ ៤៥  ដំណាល​គ្នា​នោះ ពពក​កាន់​តែ​ក្រាស់​ឡើង ហើយ​មេឃ​ចាប់​ផ្ដើម​ងងឹត ខ្យល់​ក៏​បក់​បោក​មក រួច​ភ្លៀង​បាន​ធ្លាក់​មក​យ៉ាង​ខ្លាំង។+ អាហាប់​ក៏​បន្ត​ដំណើរ​ទៅ​ក្រុង​យេសរៀល។+ ៤៦  ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ពិសេស​ដល់​អេលីយ៉ា។ ដូច្នេះ គាត់​បាន​លើក​អាវ​វែង​មក​ចង​ក្រវាត់​នៅ​ចង្កេះ ហើយ​រត់​ហួស​ទៅ​មុន​អាហាប់ រហូត​ដល់​ក្រុង​យេសរៀល។

កំណត់សម្គាល់

ន័យត្រង់​«​របស់បង្គោល​ឈើពិសិដ្ឋ​»។ មើលនិយម​ន័យពាក្យ​«​បង្គោល​ឈើពិសិដ្ឋ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​លោក​បាន​ធ្វើ​ដំណើរ​ទៅ​បាត់​ហើយ​»​
ន័យ​ត្រង់​«​សៀ​»។ មួយ​សៀ​ស្មើ​នឹង​៧,៣៣​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤