បណ្ដាស្ដេចទី១ ១៩:១-២១

  • អេលីយ៉ា​រត់​គេច​ពី​យេសិបិល​ដែល​ពេញ​ដោយ​កំហឹង (​១​-​៨)

  • ព្រះ​យេហូវ៉ា​លេច​មក​ឲ្យ​អេលីយ៉ា​ឃើញ​នៅ​ភ្នំ​ហូរែប (​៩​-​១៤)

  • អេលីយ៉ា​បាន​ត្រូវ​បង្គាប់​ឲ្យ​ចាក់​ប្រេង​តែង​តាំង​ហាសេអែល យេហ៊ូ និង​អេលីសេ (​១៥​-​១៨)

  • អេលីសេ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ស្នង​តំណែង​អេលីយ៉ា (​១៩​-​២១)

១៩  រួច​មក អាហាប់+បាន​ប្រាប់​យេសិបិល+នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អេលីយ៉ា​បាន​ធ្វើ ព្រម​ទាំង​អំពី​ការ​ដែល​គាត់​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់។+ ២  ដូច្នេះ យេសិបិល​បាន​ចាត់​អ្នក​នាំ​សារ​ម្នាក់​ឲ្យ​ទៅ​ប្រាប់​អេលីយ៉ា​ថា​៖ ​«​ថ្ងៃ​ស្អែក​ថ្មើរ​នេះ បើ​ខ្ញុំ​មិន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដូច​អ្នក​ប្រព្រឹត្ត​ទៅ​លើ​ពួក​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​ព្រះ​ទាំង​ប៉ុន្មាន​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ​»។ ៣  ពេល​ឮ​ដូច្នោះ អេលីយ៉ា​បាន​ក្រោក​ឡើង​រត់​គេច​ឲ្យ​រួច​ជីវិត ទាំង​ភ័យ​ខ្លាច​ជា​ខ្លាំង។+ គាត់​បាន​រត់​ទៅ​ដល់​បៀរសេបា+ជា​ទឹក​ដី​ស្រុក​យូដា+ ហើយ​គាត់​បាន​ទុក​អ្នក​បម្រើ​របស់​គាត់​ឲ្យ​នៅ​ទី​នោះ។ ៤  គាត់​បាន​ធ្វើ​ដំណើរ​ពេញ​មួយ​ថ្ងៃ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ហើយ​បាន​អង្គុយ​សម្រាក​នៅ​ក្រោម​ដើម​ឈើ​មួយ។* បន្ទាប់​មក គាត់​បាន​អង្វរ​សុំ​ឲ្យ​ខ្លួន​គាត់​ស្លាប់ ដោយ​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ល្មម​ហើយ សូម​យក​ជីវិត​ខ្ញុំ​ទៅ+ ព្រោះ​ខ្ញុំ​មិន​វិសេស​ជាង​បុព្វ​បុរស​របស់​ខ្ញុំ​ទេ​»។ ៥  បន្ទាប់​មក គាត់​បាន​ទម្រេត​ខ្លួន ហើយ​ដេក​លក់​ក្រោម​ដើម​ឈើ​នោះ​ទៅ។ ពេល​នោះ ស្រាប់​តែ​មាន​ទេវតា​មួយ​មក​ដាស់​គាត់+ ហើយ​និយាយ​ថា​៖ ​«​ចូរ​ក្រោក​ឡើង​បរិភោគ​សិន​»។+ ៦  ខណៈ​នោះ គាត់​ក៏​បើក​ភ្នែក​ឡើង ហើយ​ឃើញ​មាន​នំ​ដុត​មួយ​ដុំ​នៅ​លើ​ថ្ម​ក្ដៅ និង​ទឹក​មួយ​ក្អម​នៅ​ក្បែរ​ក្បាល​ដំណេក។ គាត់​បាន​ក្រោក​ឡើង​បរិភោគ​នំ​និង​ផឹក​ទឹក​នោះ រួច​ក៏​ដេក​ទៅ​វិញ។ ៧  ក្រោយ​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​មក​វិញ​ជា​លើក​ទី​២ ហើយ​ដាស់​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង​បរិភោគ​សិន ព្រោះ​ផ្លូវ​ដែល​អ្នក​ត្រូវ​ធ្វើ​ដំណើរ​នោះ​ឆ្ងាយ​ហួស​ពី​កម្លាំង​របស់​អ្នក​»។ ៨  ដូច្នេះ អេលីយ៉ា​បាន​ក្រោក​ឡើង ហើយ​ក៏​បរិភោគ។ ដោយ​សារ​អាហារ​នោះ​គាត់​មាន​កម្លាំង​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​៤០​ថ្ងៃ​៤០​យប់ រហូត​ទៅ​ដល់​ភ្នំ​ហូរែប​ជា​ភ្នំ​របស់​ព្រះ​ពិត។+ ៩  នៅ​ទី​នោះ គាត់​បាន​ចូល​ទៅ​សម្រាក​ក្នុង​រអាង​ភ្នំ​មួយ។+ នៅ​យប់​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​អេលីយ៉ា តើ​អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?​»។ ១០  គាត់​ក៏​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជា​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌+ ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក+ ហើយ​ក៏​បាន​បំបាក់​បំបែក​ទី​បូជា​របស់​លោក​ដែរ។ ឯ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​វិញ ត្រូវ​គេ​សម្លាប់​អស់​ហើយ+ សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ឥឡូវ​ពួក​គេ​កំពុង​តាម​សម្លាប់​ខ្ញុំ​ទៀត​»។+ ១១  ប៉ុន្តែ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ចេញ​ទៅ​ឈរ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ​យេហូវ៉ា​»។ រំពេច​នោះ ព្រះ​យេហូវ៉ា​ឆ្លង​កាត់​មុខ​អេលីយ៉ា+ ហើយ​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បំបាក់​បំបែក​ភ្នំ​និង​ផ្ទាំង​ថ្ម​ខ្ទេច​ខ្ទី​អស់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ ក៏​មាន​រញ្ជួយ​ដី+ តែ​ព្រះ​យេហូវ៉ា​មិន​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។ ១២  ក្រោយ​ពី​រញ្ជួយ​ដី ក៏​មាន​ភ្លើង​ឆេះ+ តែ​ព្រះ​យេហូវ៉ា​មិន​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ ក្រោយ​ពី​ភ្លើង ក៏​មាន​ឮ​សំឡេង​ស្រាល​ស្រទន់។+ ១៣  ក្រោយ​ពី​អេលីយ៉ា​បាន​ឮ​សំឡេង​នោះ​ភ្លាម គាត់​ក៏​បាន​ទាញ​អាវ*មក​បាំង​មុខ+ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​រអាង។ រួច​មាន​សំឡេង​មួយ​សួរ​គាត់​ថា​៖ ​«​អេលីយ៉ា តើ​អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?​»។ ១៤  គាត់​ក៏​បាន​តប​ឆ្លើយ​វិញ​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជា​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក+ ហើយ​ក៏​បាន​បំបាក់​បំបែក​ទី​បូជា​របស់​លោក​ដែរ។ ឯ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​វិញ ត្រូវ​គេ​សម្លាប់​អស់​ហើយ សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ឥឡូវ​ពួក​គេ​កំពុង​តាម​សម្លាប់​ខ្ញុំ​ទៀត​»។+ ១៥  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​វិញ ទៅ​តំបន់​ស្ងាត់​ជ្រងំ​នៃ​ក្រុង​ដាម៉ាស់។ ពេល​ទៅ​ដល់​ទី​នោះ ចូរ​ចាក់​ប្រេង​តែង​តាំង​ហាសេអែល+ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​ស៊ីរី។ ១៦  មួយ​ទៀត អ្នក​ត្រូវ​ចាក់​ប្រេង​តែង​តាំង​យេហ៊ូ+ជា​ចៅ​របស់​នីមសាយ ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​តែង​តាំង​អេលីសេ*ជា​កូន​សាផាត​ពី​ក្រុង​អេបិល​មិហូឡា ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​បន្ទាប់​ពី​អ្នក។+ ១៧  អ្នក​ណា​ដែល​គេច​រួច​ពី​ដាវ​របស់​ហាសេអែល+ នោះ​យេហ៊ូ​នឹង​សម្លាប់។+ ឯ​អ្នក​ណា​ដែល​គេច​រួច​ពី​ដាវ​របស់​យេហ៊ូ នោះ​អេលីសេ​នឹង​សម្លាប់។+ ១៨  ខ្ញុំ​នៅ​មាន​មនុស្ស​៧.០០០​នាក់​ទៀត​ក្នុង​ស្រុក​អ៊ីស្រាអែល+ ដែល​មិន​បាន​លុត​ជង្គង់​ក្រាប​គោរព​ដល់​រូប​ព្រះ​បាល+ និង​មិន​បាន​ថើប​រូប​នោះ​ឡើយ​»។+ ១៩  ដូច្នេះ អេលីយ៉ា​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ ហើយ​ឃើញ​អេលីសេ​ជា​កូន​សាផាត កំពុង​ភ្ជួរ​ស្រែ​ជា​មួយ​អ្នក​ឯ​ទៀត ដោយ​មាន​គោ​១២​នឹម​ភ្ជួរ​បន្ត​បន្ទាប់​គ្នា ហើយ​គាត់​ភ្ជួរ​នៅ​នឹម​ខាង​ក្រោយ​គេ​បង្អស់។ ដូច្នេះ អេលីយ៉ា​ដើរ​ទៅ​ជិត​អេលីសេ រួច​បំពាក់​អាវ*របស់​គាត់+ឲ្យ​អេលីសេ។ ២០  ភ្លាម​នោះ អេលីសេ​បាន​ទុក​គោ​របស់​គាត់​ចោល រួច​រត់​ទៅ​តាម​អេលីយ៉ា។ អេលីសេ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​សិន។ រួច​ខ្ញុំ​នឹង​ទៅ​តាម​លោក​»។ អេលីយ៉ា​តប​ទៅ​វិញ​ថា​៖ ​«​ចូរ​ទៅ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ​»។ ២១  ដូច្នេះ គាត់​បាន​ត្រឡប់​ទៅ​វិញ រួច​យក​គោ​មួយ​នឹម​ជូន​ជា​គ្រឿង​បូជា។ គាត់​ក៏​យក​ឧបករណ៍​ភ្ជួរ​រាស់​ទៅ​ដុត​ដើម្បី​ស្ងោរ​សាច់​គោ​នោះ រួច​ចែក​ដល់​បណ្ដា​ជន​បរិភោគ។ ក្រោយ​នោះ គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ហើយ​បម្រើ​គាត់។+

កំណត់សម្គាល់

ដើម​រ៉ូថែម​ដែល​ដុះ​នៅ​តំបន់​ស្ងាត់​ជ្រងំ
ឬ​«​អាវ​សម្រាប់​អ្នក​ប្រកាស​ទំនាយ​»​
មាន​ន័យ​ថា​«​ព្រះ​ជា​សេចក្ដី​សង្គ្រោះ​»​
ឬ​«​អាវ​សម្រាប់​អ្នក​ប្រកាស​ទំនាយ​»​