បណ្ដាស្ដេចទី១ ២០:១-៤៣

  • ពួក​ស៊ីរី​ធ្វើ​សង្គ្រាម​នឹង​អាហាប់ (​១​-​១២)

  • អាហាប់​វាយ​ឈ្នះ​ពួក​ស៊ីរី (​១៣​-​៣៤)

  • ទំនាយ​ប្រឆាំង​នឹង​អាហាប់ (​៣៥​-​៤៣)

២០  គ្រា​នោះ បេនហាដាត+ជា​ស្ដេច​ស្រុក​ស៊ីរី+បាន​ប្រមូល​ទ័ព​គាត់​ទាំង​អស់ រួម​ទាំង​ស្ដេច​៣២​រូប ព្រម​ទាំង​សេះ​និង​រទេះ​ចម្បាំង​របស់​ពួក​គេ។ បន្ទាប់​មក ពួក​គេ​បាន​ឡើង​ទៅ​ឡោម​ព័ទ្ធ​ច្បាំង+នឹង​ក្រុង​សាម៉ារី។+ ២  បេនហាដាត​ក៏​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​អាហាប់+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ អ្នក​នាំ​សារ​នោះ​បាន​និយាយ​ទៅ​កាន់​អាហាប់​ថា​៖ ​«​បេនហាដាត​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ៣  ‹មាស​ប្រាក់​របស់​អ្នក​ជា​របស់​ខ្ញុំ ហើយ​ប្រពន្ធ​ណា​ដែល​មាន​រូប​ឆោម​ស្រស់​និង​កូន​ប្រុស​ស្អាត​ៗ​របស់​អ្នក​ក៏​ជា​របស់​ខ្ញុំ​ដែរ›​»។ ៤  ស្ដេច​អ៊ីស្រាអែល​ក៏​បាន​តប​ទៅ​វិញ​ថា​៖ ​«​សូម​ឲ្យ​បាន​ដូច​ប្រសាសន៍​របស់​លោក​ម្ចាស់​ទៅ​ចុះ ខ្លួន​ខ្ញុំ​និង​របស់​សព្វសារពើ​ដែល​ខ្ញុំ​មាន សុទ្ធតែ​ជា​របស់​លោក​ទាំង​អស់​»។+ ៥  ក្រោយ​មក អ្នក​នាំ​សារបាន​ត្រឡប់​មក​វិញ រួច​ប្រាប់​ថា​៖ ​«​បេនហាដាត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​បាន​ផ្ញើ​សារ​ទៅ​អ្នក​ថា​៖ ​«​អ្នក​ត្រូវ​ប្រគល់​មាស​ប្រាក់​និង​ប្រពន្ធ​កូន​ឲ្យ​ខ្ញុំ​»។ ៦  ប៉ុន្តែ ដល់​ថ្ងៃ​ស្អែក​ថ្មើរ​នេះ ខ្ញុំ​នឹង​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ឲ្យ​ទៅ​ឯ​អ្នក។ ពួក​គេ​នឹង​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់​ក្នុង​វិមាន​អ្នក និង​ក្នុង​ផ្ទះ​ពួក​អ្នក​បម្រើ​អ្នក។ ពួក​គេ​នឹង​ប្រមូល​យក​របស់​មាន​តម្លៃ​ទាំង​អស់›​»។ ៧  ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​កោះ​ហៅ​បុរស​ចាស់​ទុំ​ទាំង​អស់​ឲ្យ​មក ហើយ​និយាយ​ថា​៖ ​«​សូម​អស់​លោក​ជួយ​ពិចារណា​មើល បុគ្គល​នេះ​កំពុង​បង្ក​រឿង​នឹង​យើង​ហើយ ព្រោះ​គាត់​បាន​ទាម​ទារ​ប្រពន្ធ​កូន​ខ្ញុំ មាស​ប្រាក់​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បដិសេធ​នឹង​បង្គាប់​របស់​គាត់​ទេ​»។ ៨  រួច​មក ពួក​បុរស​ចាស់​ទុំ​និង​បណ្ដា​ជន​ទាំង​អស់​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​សូម​លោក​កុំ​ស្ដាប់​បង្គាប់​ពួក​គេ ហើយ​កុំ​យល់​ព្រម​ឡើយ​»។ ៩  ដូច្នេះ ស្ដេច​បាន​និយាយ​ទៅ​កាន់​អ្នក​នាំ​សារ​របស់​បេនហាដាត​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​តាម​បង្គាប់​មុន​ទាំង​អស់។ ប៉ុន្តែ បង្គាប់​ក្រោយ​នេះ ខ្ញុំ​មិន​អាច​ធ្វើ​តាម​ទេ›​»។ អ្នក​នាំ​សារ​ក៏​បាន​ត្រឡប់​ទៅ​វិញ​ដោយ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​បេនហាដាត។ ១០  បេនហាដាត​ក៏​បាន​ផ្ញើ​សារ​ត្រឡប់​ទៅ​វិញ​ថា​៖ ​«​បើ​មាន​សល់​កម្ទេច​ក្រុង​សាម៉ារី​ល្មម​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ជា​មួយ​ខ្ញុំ ម្នាក់​មួយ​ក្ដាប់ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ទៅ​ចុះ!​»។ ១១  ឯ​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​តប​ទៅ​វិញ​ថា​៖ ​«​ចូរ​ប្រាប់​បេនហាដាត​ថា​៖ ‹មុន​ចម្បាំង​ចាប់​ផ្ដើម សូម​កុំ​អួត​ខ្លួន​ដូច​ជា​អ្នក​ដែល​បាន​ឈ្នះ​ចម្បាំង​ឡើយ›​»។+ ១២  អ្នក​នាំ​សារបាន​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​បេនហាដាត កាល​ដែល​គាត់​និង​ពួក​ស្ដេច​កំពុង​ពិសា​ស្រា​ក្នុង​ត្រសាល។ ពេល​ឮ​ភ្លាម បេនហាដាត​បាន​បញ្ជា​ពួក​អ្នក​បម្រើ​របស់​គាត់​ថា​៖ ​«​ចូរ​ត្រៀម​ខ្លួន​ទៅ​ប្រយុទ្ធ!​»។ ដូច្នេះ ពួក​គេ​បាន​ត្រៀម​ខ្លួន​ទៅ​វាយលុក​ក្រុង​សាម៉ារី។ ១៣  ពេល​នោះ មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ចូល​ទៅ​ជួប​ស្ដេច​អាហាប់+ ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​ឃើញ​ក្រុម​មនុស្ស​ដ៏​ធំ​នេះទេ? នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក នោះ​អ្នក​នឹង​ដឹងថាខ្ញុំគឺ​ជា​ព្រះ​យេហូវ៉ា›​»។+ ១៤  អាហាប់​បាន​សួរ​ថា​៖ ​«​តើ​លោក​នឹង​ប្រគល់​តាម​រយៈ​អ្នក​ណា?​»។ អ្នក​ប្រកាស​ទំនាយ​ក៏​តប​ទៅ​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹តាម​រយៈ​ពួក​អ្នក​បម្រើ​របស់​អភិបាល​ខេត្ត​ទាំង​ប៉ុន្មាន›​»។ ដូច្នេះ អាហាប់​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ច្បាំង​មុន?​»។ អ្នក​ប្រកាស​ទំនាយ​ឆ្លើយ​ថា​៖ ​«​គឺ​លោក!​»។ ១៥  រួច​មក អាហាប់​បាន​រាប់​ពួក​អ្នក​បម្រើ​របស់​អភិបាល​ខេត្ត​ទាំង​ប៉ុន្មាន ហើយ​ឃើញ​ថា​ពួក​គេ​មាន​គ្នា​ចំនួន​២៣២​នាក់។ បន្ទាប់​ពី​នោះ គាត់​បាន​រាប់​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ហើយ​ឃើញ​ថា​មាន​ចំនួន​៧.០០០​នាក់។ ១៦  ពួក​គេ​បាន​ចេញ​ទៅ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ កាល​ដែល​បេនហាដាត​កំពុង​ពិសា​ស្រា​ស្រវឹង​ក្នុង​ត្រសាល​ជា​មួយ​នឹង​ពួក​ស្ដេច​៣២​រូប​ដែល​រួម​ដៃ​នឹង​គាត់។ ១៧  កាល​ពួក​អ្នក​បម្រើ​របស់​អភិបាល​ខេត្ត​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រុង​មក បេនហាដាត​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​មើល​ថា​មាន​អ្វី​កើត​ឡើង។ រួច​ពួក​គេ​បាន​មក​រាយ​ការណ៍​ដល់​គាត់​វិញ​ថា​៖ ​«​មាន​ពួក​បុរស​ចេញ​ពី​ក្រុង​សាម៉ារី​»។ ១៨  បេនហាដាត​បាន​បង្គាប់​ថា​៖ ​«​ទោះ​ជា​ពួក​គេ​ចេញ​មក​សុំ​ចុះ​ចូល ឬ​ចង់​មក​ច្បាំង​ក្ដី ចូរ​ចាប់​ពួក​គេ​ទាំង​រស់​»។ ១៩  ពេល​ពួក​អ្នក​បម្រើ​របស់​អភិបាល​ខេត្ត​ទាំង​ប៉ុន្មាន​បាន​ចេញ​ពី​ក្រុង ក៏​មាន​ពល​ទ័ព​ចេញ​មក​ជា​មួយ​ដែរ។ ២០  ពួក​គេ​ម្នាក់​ៗ​បាន​វាយ​សម្លាប់​ពួក​សត្រូវ។ ទ័ព​ស៊ីរី​បាន​បាក់​ទ័ព​រត់​បែក​ខ្ញែក​គ្នា+ ហើយ​ពួក​អ៊ីស្រាអែល​បាន​ដេញ​តាម​ពួក​គេ។ ឯ​បេនហាដាត​ជា​ស្ដេច​ស៊ីរី​វិញ គាត់​បាន​ឡើង​ជិះ​សេះ​រត់​ទៅ​ជា​មួយ​នឹង​ទ័ព​សេះ​ខ្លះ​ទៀត។ ២១  ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ចេញ​ទៅ​តាម​វាយ​ប្រហារ​ទាំង​ទ័ព​សេះ​ទាំង​ទ័ព​រទេះ​ចម្បាំង។ គាត់​បាន​សម្លាប់​ទាហាន​ស៊ីរី​យ៉ាង​សន្ធឹក។ ២២  ក្រោយ​មក អ្នក​ប្រកាស​ទំនាយ+បាន​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អ៊ីស្រាអែល ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ទៅ​ពង្រឹង​កម្លាំង​ទ័ព ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ+ ព្រោះ​ដល់​ដើម​ឆ្នាំ​ក្រោយ ស្ដេច​ស្រុក​ស៊ីរី​នឹង​មក​ធ្វើ​ចម្បាំង​នឹង​អ្នក​ម្ដង​ទៀត​»។+ ២៣  ឯ​ពួក​អ្នក​បម្រើ​របស់​ស្ដេច​ស្រុក​ស៊ីរី​បាន​ប្រាប់​បេនហាដាត​ថា​៖ ​«​ព្រះ​របស់​ពួក​គេ​គឺ​ជា​ព្រះ​នៃ​តំបន់​ភ្នំ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ឈ្នះ​យើង។ ប៉ុន្តែ បើ​យើង​ច្បាំង​នឹង​ពួក​គេ​នៅ​តំបន់​ទំនាប​វិញ យើង​ច្បាស់​ជា​ច្បាំង​ឈ្នះ​ពួក​គេ​មិន​ខាន។ ២៤  សូម​លោក​ធ្វើ​ដូច្នេះ គឺ​ឲ្យ​ពួក​អភិបាល​ដឹក​នាំ​ទ័ព​ក្នុង​ចម្បាំង​ជំនួស​ស្ដេច​ទាំង​នោះ​វិញ។+ ២៥  រួច​សូម​ប្រមូល​ទ័ព​ឲ្យ​ស្មើ​នឹង​ចំនួន​ទ័ព​ដែល​លោក​បាន​បាត់​បង់ ព្រម​ទាំង​ចំនួន​សេះ​និង​ចំនួន​រទេះ​ចម្បាំង​ឲ្យ​ស្មើ​នឹង​លើក​មុន​ដែរ។ ចូរ​យើង​ចេញ​ទៅ​ច្បាំង​ជា​មួយ​នឹង​ពួក​គេ​នៅ​តំបន់​ទំនាប​វិញ លើក​នេះ​យើង​ច្បាស់​ជា​ឈ្នះ​ពួក​គេ​មិន​ខាន​»។ ដូច្នេះ បេនហាដាត​បាន​ស្ដាប់​យោបល់​របស់​ពួក​អ្នក​បម្រើ​ទាំង​នោះ ហើយ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​ប្រាប់។ ២៦  នៅ​ដើម​ឆ្នាំ​បន្ទាប់* បេនហាដាត​បាន​ប្រមូល​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ក្រុង​អាផែក+ ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល។ ២៧  ឯ​ពួក​អ៊ីស្រាអែល​វិញ ពួក​គេ​ក៏​បាន​ត្រូវ​ប្រមូល​មក​ដែរ ហើយ​ពួក​គេ​បាន​ទទួល​ស្បៀងអាហារ។ រួច​មក ពួក​គេ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ស៊ីរី។ ពេល​ពួក​អ៊ីស្រាអែល​បោះ​ទ័ព​នៅ​មុខ​ជំរំ​ពួក​ស៊ីរី ពួក​គេ​ប្រៀប​ដូច​ជា​ពពែ​ពីរ​ហ្វូង​តូច​ៗ តែ​ពួក​ស៊ីរី​មាន​គ្នា​ច្រើន​ពេញ​ទឹក​ដី​នោះ។+ ២៨  បន្ទាប់​មក តំណាង​ព្រះ​ពិត​បាន​ចូល​ទៅ​ជួប​ស្ដេច​ស្រុក​អ៊ីស្រាអែល ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​ពួក​ស៊ីរី​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​នៃ​តំបន់​ភ្នំ មិន​មែន​ជា​ព្រះ​នៃ​តំបន់​ទំនាប​ទេ​»​ នោះ​ខ្ញុំ​នឹង​ប្រគល់​ក្រុម​មនុស្ស​ដ៏​ធំ​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក+ ហើយ​អ្នក​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​គឺ​ជា​ព្រះ​យេហូវ៉ា›​»។+ ២៩  ពួក​គេ​ទាំង​សង​ខាង​បាន​បោះ​ជំរំ​ទល់​មុខ​គ្នា​អស់​រយៈ​ពេល​៧​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​៧​ពួក​គេ​ចាប់​ផ្ដើម​ច្បាំង​គ្នា។ ពួក​អ៊ីស្រាអែល​បាន​សម្លាប់​ទ័ព​ថ្មើរ​ជើង​របស់​ពួក​ស៊ីរី​ចំនួន​១០០.០០០​នាក់​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ ៣០  ចំណែក​ឯ​ពួក​ស៊ីរី​ចំនួន​២៧.០០០​នាក់​ដែល​នៅ​សល់ ពួក​គេ​បាន​រត់​ចូល​ទៅ​ក្រុង​អាផែក។+ ប៉ុន្តែ កំពែង​ក្រុង​បាន​រលំ​សង្កត់​លើ​ពួក​គេ​ស្លាប់​អស់​ទៅ។ ពេល​នោះ បេនហាដាត​ក៏​បាន​រត់​ចូល​ក្រុង​នោះ​ដែរ ហើយ​ចូល​ទៅ​ពួន​ក្នុង​បន្ទប់​មួយ។ ៣១  ខណៈ​នោះ ពួក​អ្នក​បម្រើ​របស់​បេនហាដាត​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​យើង​ធ្លាប់​ឮ​ថា​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល មាន​មេត្តា​ករុណា។* ដូច្នេះ សូម​ឲ្យ​យើង​ស្លៀក​បាវ ហើយ​យក​ខ្សែ​ពួរ​មក​ចង​នៅ​ក្បាល រួច​ចេញ​ទៅ​ឯ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ប្រហែល​ជា​គាត់​នឹង​ទុក​ជីវិត​ឲ្យ​លោក​»។+ ៣២  ដូច្នេះ ពួក​គេ​បាន​ស្លៀក​បាវ ហើយ​យក​ខ្សែ​ពួរ​មក​ចង​នៅ​ក្បាល រួច​ចេញ​ទៅ​ឯ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​បេនហាដាត​ជា​អ្នក​បម្រើ​លោក បាន​មាន​ប្រសាសន៍​ថា​៖ ‹សូម​លោក​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង›​»។ រួច​មក អាហាប់​តប​វិញ​ថា​៖ ​«​តើ​គាត់​នៅ​រស់​ឬ? គាត់​ដូច​ជា​បង​ប្អូន​ខ្ញុំ​»។ ៣៣  ពួក​អ្នក​បម្រើ​ទាំង​នោះ​ចាត់​ទុក​ថា​នោះ​ជា​សញ្ញា​សម្គាល់​ល្អ ហើយ​ពួក​គេ​ក៏​ជឿ​សម្ដី​របស់​អាហាប់។ ដូច្នេះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​មែន បេនហាដាត​ដូច​ជា​បង​ប្អូន​លោក​»។ ខណៈ​នោះ អាហាប់​បាន​និយាយ​ថា​៖ ​«​ចូរ​ទៅ​អញ្ជើញ​គាត់​មក​»។ បន្ទាប់​មក បេនហាដាត​ក៏​ចេញ​ទៅ​ជួប​អាហាប់ ហើយ​អាហាប់​ឲ្យ​គាត់​ឡើង​ជិះ​រទេះ​ជា​មួយ។ ៣៤  បេនហាដាត​បាន​និយាយ​ទៅ​អាហាប់​ថា​៖ ​«​ខ្ញុំ​នឹង​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន​ឲ្យ​លោក​វិញ ជា​ក្រុង​ដែល​ឪពុក​ខ្ញុំ​បាន​ដណ្ដើម​យក​ពី​ឪពុក​លោក។ លោក​អាច​បង្កើត​ផ្សារ*ក្នុង​ក្រុង​ដាម៉ាស់ ដូច​ឪពុក​ខ្ញុំ​បាន​បង្កើត​ក្នុង​ក្រុង​សាម៉ារី​ដែរ​»។ អាហាប់​បាន​តប​ថា​៖ ​«​តាម​ការ​ព្រម​ព្រៀង​នេះ ខ្ញុំ​នឹង​ឲ្យ​អ្នក​ទៅ​វិញ​»។ យ៉ាង​នោះ​ពួក​គាត់​បាន​ព្រម​ព្រៀង​គ្នា ហើយ​អាហាប់​បាន​ឲ្យ​បេនហាដាត​ទៅ​វិញ។ ៣៥  គ្រា​នោះ មាន​បុរស​ម្នាក់​ជា​កូន​ចៅ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ។*+ គាត់​បាន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ដោយ​និយាយ​ទៅ​កាន់​មិត្ត​គាត់​ថា​៖ ​«​ចូរ​វាយ​ខ្ញុំ​មក!​»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​គាត់​ទេ។ ៣៦  បុរស​នោះ​ក៏​ប្រាប់​មិត្ត​គាត់​ថា​៖ ​«​ដោយ​សារ​អ្នក​មិន​បាន​ស្ដាប់​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​នៅ​វេលា​ណា​ដែល​អ្នក​ចាក​ចេញ​ពី​ខ្ញុំ វេលា​នោះ​នឹង​មាន​តោ​មួយ​មក​សម្លាប់​អ្នក​»។ ក្រោយ​ពី​មិត្ត​នោះ​ចេញ​ទៅ គាត់​ក៏​ប្រទះ​នឹង​តោ​មួយ ហើយ​វា​សម្លាប់​គាត់​ទៅ។ ៣៧  បន្ទាប់​ពី​នោះ​មក បុរស​ដដែល​នោះ​បាន​ជួប​បុរស​ម្នាក់​ទៀត ហើយ​និយាយ​ថា​៖ ​«​ចូរ​វាយ​ខ្ញុំ​មក!​»។ ដូច្នេះ អ្នក​នោះ​ក៏​បាន​វាយ​គាត់​ឲ្យ​របួស។ ៣៨  រួច​មក បុរស​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​នោះ បាន​យក​ក្រណាត់​មក​រុំ​ភ្នែក​ដើម្បី​កុំ​ឲ្យ​គេ​ចំណាំ​គាត់​បាន ហើយ​ទៅ​ស្ទាក់​ចាំ​ជួប​ស្ដេច​អាហាប់​នៅ​តាម​ផ្លូវ។ ៣៩  កាល​ដែល​ស្ដេច​ធ្វើ​ដំណើរ​ឆ្លង​កាត់ បុរស​នោះ​បាន​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​បាន​ទៅ​ធ្វើ​សង្គ្រាម​ដ៏​ខ្លាំង​មួយ ហើយ​មាន​បុរស​ម្នាក់​នាំ​ឈ្លើយ​សឹក​ម្នាក់​មក​ប្រគល់​ឲ្យ​ខ្ញុំ ទាំង​ប្រាប់​ថា​៖ ‹ចូរ​យាម​បុរស​នេះ បើ​គាត់​រត់​រួច នោះ​ជីវិត​អ្នក​នឹង​ត្រូវ​ប្ដូរ​ជំនួស​គាត់​វិញ+ បើ​ពុំ​នោះ​ទេ​អ្នក​ត្រូវ​បង់​ប្រាក់​មួយ​ថាលិន›។* ៤០  ប៉ុន្តែ កាល​ដែល​ខ្ញុំ​កំពុង​រវល់​ធ្វើ​នេះ​ធ្វើ​នោះ ស្រាប់​តែ​ឈ្លើយ​សឹក​នោះ​រត់​បាត់​ទៅ​»។ រួច​ស្ដេច​អ៊ីស្រាអែល​បាន​និយាយ​ទៅ​គាត់​ថា​៖ ​«​អ្នក​បាន​វិនិច្ឆ័យ​ខ្លួន​ឯង​ហើយ អ្នក​សម​នឹង​ទទួល​ទោស​នោះ​មែន!​»។ ៤១  បន្ទាប់​មក គាត់​ស្រាយ​ក្រណាត់​រុំ​ភ្នែក​ចេញ។ ភ្លាម​នោះ ស្ដេច​អ៊ីស្រាអែល​ស្គាល់​ថា​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់។+ ៤២  គាត់​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ដោយ​សារ​អ្នក​ឲ្យ​បុរស​នោះ​រួច​ពី​កណ្ដាប់​ដៃ​អ្នក គឺ​បុរស​ដែល​ខ្ញុំ​បាន​កាត់​ទោស​ឲ្យ​ស្លាប់+ នោះ​ជីវិត​អ្នក​នឹង​ត្រូវ​ប្ដូរ​ជំនួស​ជីវិត​គាត់+ ហើយ​ជីវិត​រាស្ត្រ​របស់​អ្នក​នឹង​ត្រូវ​ប្ដូរ​ជំនួសជីវិត​រាស្ត្រ​របស់​គាត់​វិញ›​»។+ ៤៣  ក្រោយ​ពី​ឮ​ដូច្នេះ ស្ដេច​អ៊ីស្រាអែល​ក៏​ត្រឡប់​ទៅ​វិមាន​នៅ​ក្រុង​សាម៉ារីវិញ+ ទាំង​មាន​ទឹក​មុខ​ស្រពោន​និង​អាក់​អន់​ចិត្ត។

កំណត់សម្គាល់

នេះ​ស្រប​តាម​ប្រតិទិន​របស់​ជន​ជាតិ​ហេប្រឺ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​
ឬ​«​ប្រើ​ផ្លូវ​»​
​«​កូន​ចៅ​របស់ពួក​អ្នក​ប្រកាស​ទំនាយ​»​ តាម​មើល​ទៅ​នេះ​សំដៅ​លើ​សាលា​មួយ​ដែល​បង្រៀន​ពួក​អ្នក​ប្រកាស​ទំនាយ ឬ​សំដៅ​លើ​ក្រុម​របស់​អ្នក​ប្រកាស​ទំនាយ
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤