បណ្ដាស្ដេចទី១ ៣:១-២៨

  • សាឡូម៉ូន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់ផារ៉ូ (​១​-​៣)

  • ព្រះ​យេហូវ៉ា​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន (​៤​-​១៥)

    • សាឡូម៉ូន​សុំ​ប្រាជ្ញា (​៧​-​៩)

  • សាឡូម៉ូន​វិនិច្ឆ័យ​ក្ដី​រវាង​ម្ដាយ​ពីរ​នាក់ (​១៦​-​២៨)

 សាឡូម៉ូន​បាន​ចង​សម្ព័ន្ធភាព​នឹង​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប ដោយ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់។+ សាឡូម៉ូន​បាន​នាំ​នាង​ទៅ​ស្នាក់​នៅ​ក្នុង​ក្រុង​ដាវីឌ+ ព្រោះ​វិមាន​ស្ដេច វិហារ​របស់​ព្រះ​យេហូវ៉ា និង​កំពែង​ក្រុង​យេរូសាឡិម​មិន​ទាន់​បាន​ត្រូវ​សង់​រួច​រាល់។+ ២  នៅ​គ្រា​នោះ បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+ ដោយ​សារ​វិហារ​ដែល​តំណាង​នាម​ព្រះ​យេហូវ៉ា​មិន​ទាន់​បាន​ត្រូវ​សាង​សង់​នៅ​ឡើយ។+ ៣  សាឡូម៉ូន​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ដំបូន្មាន​ដែល​ដាវីឌ​ជា​ឪពុក​បាន​ផ្ដែ​ផ្ដាំ។ ប៉ុន្តែ គាត់​នៅ​តែ​ដុត​និង​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឡើយ។+ ៤  សាឡូម៉ូន​បាន​ទៅ​ឯ​គីបៀន​ដើម្បី​ជូន​គ្រឿង​បូជា​នៅ​ទី​នោះ ព្រោះ​ទី​នោះ​ជា​ទី​ខ្ពស់​ដែល​សំខាន់​បំផុត។+ គាត់​បាន​ជូន​សត្វ​១.០០០​ក្បាល​ជា​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា​នោះ។+ ៥  នៅ​គីបៀន ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​នៅ​វេលា​យប់ ហើយ​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ខ្ញុំ​ចុះ​»។+ ៦  ខណៈ​នោះ សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ដាវីឌ​ជា​ឪពុក​របស់​ខ្ញុំ កាល​ដែល​គាត់​បាន​ដើរ​តាម​លោក​ដោយ​ស្មោះ​ត្រង់ ដោយ​សុចរិត និង​ដោយ​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​ដ៏​ធំ​ធេង​ដល់​គាត់​ជា​និច្ច​ដរាប​មក​ដល់​សព្វ​ថ្ងៃ ដោយ​ឲ្យ​គាត់​មាន​កូន​ប្រុស​មួយ​ស្នង​រាជ្យ​គាត់។+ ៧  ឥឡូវ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! លោក​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ដាវីឌ​ឪពុក​ខ្ញុំ ទោះ​ជា​ខ្ញុំ​នៅ​ក្មេង​ខ្វះ​បទ​ពិសោធន៍​ក្ដី។+ ៨  ខ្ញុំ​ជា​អ្នក​បម្រើ​លោក កំពុង​គ្រប់​គ្រង​លើ​បណ្ដា​ជន​ដែល​លោក​បាន​ជ្រើស​រើស+ គឺ​បណ្ដា​ជន​ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា។ ៩  ម្ល៉ោះ​ហើយ សូម​ជួយ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​លោក ដើម្បីវិនិច្ឆ័យ​បណ្ដា​ជន+ ព្រម​ទាំង​ចេះ​សម្គាល់​អ្វី​ល្អ​អ្វី​អាក្រក់​ផង។+ យ៉ាង​នេះ ខ្ញុំ​អាច​វិនិច្ឆ័យ​រាស្ត្រ​របស់​លោក​ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ​បាន​»។ ១០  ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​សំណូម​ពរ​របស់​សាឡូម៉ូន​ណាស់។+ ១១  រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ដោយ​ព្រោះ​អ្នក​មិន​បាន​សុំ​ឲ្យ​ខ្លួន​អ្នក​មាន​អាយុ​វែង ឬ​មាន​ទ្រព្យ​សម្បត្តិ ឬ​ក៏​សុំ​ឲ្យ​ពួក​សត្រូវ​អ្នក​ស្លាប់ តែ​បាន​សុំ​ឲ្យ​មាន​ការ​យល់​ដឹង​ដើម្បីវិនិច្ឆ័យ​ក្ដី​វិញ+ ១២  នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក+ ដោយ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​និង​សមត្ថភាព​យល់​ដឹង​ច្រើន​លើស​លប់+ ដល់​ម្ល៉េះ​បាន​ជា​នៅ​មុន​និង​ក្រោយ​អ្នក​មិន​ដែល​មាន​អ្នក​ណា​ដូច​អ្នក​ទេ។+ ១៣  លើស​ពី​នោះ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្វី​ដែល​អ្នក​មិន​បាន​សុំ​ដែរ+ គឺ​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​កិត្តិយស​ផង។+ ហេតុ​នេះ នឹង​គ្មាន​ស្ដេច​ណា​ទៀត​ដូច​អ្នក​ក្នុង​គ្រា​របស់​អ្នក​ឡើយ។+ ១៤  បើ​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ដោយ​បន្ត​កាន់​តាម​បញ្ញត្តិ​និង​បង្គាប់​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន ដូច​ដាវីឌ​ឪពុក​របស់​អ្នក+ នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ជីវិត​យូរ​អង្វែង​ផង​ដែរ​»។+ ១៥  លុះ​ភ្ញាក់​ពី​ដំណេក សាឡូម៉ូន​ដឹង​ថា​នោះ​ជា​ការ​យល់​សប្ដិ​ទេ។ បន្ទាប់​មក គាត់​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​ឈរ​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា រួច​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​មេត្រី+ ហើយ​គាត់​រៀបចំ​ពិធី​ភោជនាហារ​យ៉ាង​ធំ​ឲ្យ​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់។ ១៦  កន្លង​ក្រោយ​មក មាន​ស្ត្រី​ពេស្យា​ពីរ​នាក់​ចូល​មក​ជួប​ស្ដេច។ ១៧  ស្ត្រី​ទី​១​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ស្ត្រី​នេះ​និង​ខ្ញុំ​អាស្រ័យ​នៅ​ផ្ទះ​ជា​មួយ​គ្នា។ ខ្ញុំ​បាន​សម្រាល​កូន​កាល​ដែល​នាង​នៅ​ក្នុង​ផ្ទះ។ ១៨  លុះ​បី​ថ្ងៃ​ក្រោយ​មក ស្ត្រី​នេះ​ក៏​បាន​សម្រាល​កូន​ដែរ។ នាង​និង​ខ្ញុំ​នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់ គ្មាន​អ្នក​ណា​ទៀត​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​យើង​ទេ។ ១៩  គាប់​ជួន​យប់​មួយ កូន​ប្រុស​របស់​ស្ត្រី​នេះ​បាន​ស្លាប់ ដោយ​សារ​នាង​ដេក​សង្កត់​លើ។ ២០  នៅ​កណ្ដាល​អធ្រាត្រ កាល​ខ្ញុំ​កំពុង​ដេក​លក់​ទាំង​មាន​កូន​នៅ​ក្បែរ នាង​បាន​ក្រោក​ឡើង​យក​កូន​ចេញ​ពី​ខ្ញុំ ហើយ​ដាក់​កូន​របស់​នាង​ដែល​ស្លាប់​មក​ជំនួស​វិញ។ ២១  លុះ​ព្រឹក​ឡើង ខ្ញុំ​បាន​ក្រោក​ពី​ដំណេក​ដើម្បី​បំបៅ​កូន ស្រាប់​តែ​ឃើញ​ថា​កូន​នោះ​បាន​ស្លាប់​ហើយ។ ខ្ញុំ​ក៏​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់ ហើយ​ឃើញ​ថា​កូន​នោះ​មិន​មែន​ជា​កូន​របស់​ខ្ញុំ​ទេ​»។ ២២  ប៉ុន្តែ ស្ត្រី​ទី​២​និយាយ​ថា​៖ ​«​ទេ! កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ចំណែក​កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក!​»។ ប៉ុន្តែ ស្ត្រី​ទី​១​និយាយ​ថា​៖ ​«​ទេ! កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក ឯ​កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ​»។ ពួក​នាង​ចេះ​តែ​ប្រកែក​គ្នា​ដូច្នោះ នៅ​ចំពោះ​ស្ដេច។ ២៣  នៅ​ទី​បំផុត ស្ដេច​បាន​និយាយ​ថា​៖ ​«​ស្ត្រី​ម្នាក់​នេះ​ថា​៖ ‹កូន​របស់​ខ្ញុំ​ជា​កូន​ដែល​នៅ​រស់ ឯ​កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក!›។ ចំណែក​ស្ត្រី​ម្នាក់​នោះ​ថា​៖ ‹ទេ! កូន​របស់​អ្នក​ជា​កូន​ដែល​ស្លាប់ ឯ​កូន​ដែល​រស់​ជា​កូន​របស់​ខ្ញុំ!›​»។ ២៤  រួច​ស្ដេច​និយាយ​ថា​៖ ​«​ចូរ​យក​ដាវ​មួយ​ឲ្យ​ខ្ញុំ​»។ ដូច្នេះ គេ​បាន​យក​ដាវ​មួយ​មក​ជូន​ស្ដេច។ ២៥  ខណៈ​នោះ ស្ដេច​និយាយ​ថា​៖ ​«​ចូរ​កាត់​កូន​ដែល​រស់​នោះ​ជា​ពីរ​ទៅ ហើយ​ឲ្យ​មួយ​ចំណែក​ដល់​ស្ត្រី​ម្នាក់​នេះ ឯ​មួយ​ចំណែក​ទៀត​ឲ្យ​ដល់​ស្ត្រី​ម្នាក់​នោះ​»។ ២៦  ឮ​ដូច្នោះ ស្ត្រី​ជា​ម្ដាយ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​របស់​នាង​ជា​ខ្លាំង ហើយ​ក៏​បាន​អង្វរ​ស្ដេច​ថា​៖ ​«​លោក​ម្ចាស់! សូម​ប្រគល់​កូន​ដែល​រស់​នោះ​ឲ្យ​នាង​ចុះ! សូម​កុំ​សម្លាប់​កូន​នោះ​អី!​»។ ប៉ុន្តែ ស្ត្រី​ទី​២​និយាយ​ថា​៖ ​«​កូន​នោះ​នឹង​មិន​ទៅ​ជា​របស់​អ្នក​ឬ​របស់​ខ្ញុំ​ទេ! ឲ្យ​គេ​កាប់​កូន​នោះ​ជា​ពីរ​ទៅ!​»។ ២៧  បន្ទាប់​មក ស្ដេច​និយាយ​ថា​៖ ​«​កុំ​សម្លាប់​កូន​នោះ​អី! ចូរ​ប្រគល់​កូន​ដែល​នៅ​រស់​ឲ្យ​ស្ត្រី​ទី​១​ទៅ! ព្រោះ​នាង​គឺ​ជា​ម្ដាយ​កូន​នោះ​ហើយ​»។ ២៨  បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឮ​អំពី​ការ​វិនិច្ឆ័យ​ក្ដី​ដែល​ស្ដេច​បាន​ធ្វើ​នោះ ហើយ​ពួក​គេ​បាន​កោត​ស្ងើច​នឹង​ស្ដេច+ ព្រោះ​ពួក​គេ​យល់​ឃើញ​ថា​ព្រះ​បាន​ឲ្យ​ប្រាជ្ញា​ដល់​ស្ដេច​ដើម្បីវិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌។+

កំណត់សម្គាល់