បណ្ដាស្ដេចទី១ ៤:១-៣៤

  • សាឡូម៉ូន​តែង​តាំង​ឲ្យ​មាន​អភិបាល (​១​-​១៩)

  • នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន​មាន​ភាព​ចម្រុង​ចម្រើន (​២០​-​២៨)

    • អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​តូច​ដោយ​សុខ​សាន្ត (​២៥)

  • ប្រាជ្ញា​និង​សុភាសិត​របស់​សាឡូម៉ូន (​២៩​-​៣៤)

 ស្ដេច​សាឡូម៉ូន​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល+ ២  ហើយ​គាត់​មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដូច​ត​ទៅ​៖ អាសារៀ​ជា​កូន​សេដុក+ មាន​តំណែង​ជា​សង្ឃ ៣  អេលីហូរែប​និង​អាហាយ៉ា​ជា​កូន​ស៊ីសសា មាន​តំណែង​ជា​លេខាធិការ+ យេហូសាផាត+ជា​កូន​អាហាយលូត មាន​តំណែង​ជា​អ្នក​កត់​ត្រា ៤  បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា មាន​តំណែង​ជា​មេ​ទ័ព រីឯ​សេដុក​និង​អាប៊ីយ៉ាថា+មាន​តំណែង​ជា​សង្ឃ ៥  អាសារៀ​ជា​កូន​ណាថាន់+ គ្រប់​គ្រង​លើ​ពួក​អភិបាល សាប៊ុត​ជា​កូន​ណាថាន់ មាន​តំណែង​ជា​សង្ឃ ហើយ​គាត់​ជា​សម្លាញ់​របស់​ស្ដេច+ ៦  អាហាយសា​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​វិមាន​ស្ដេច ហើយ​អាដូណាយរ៉ាម+ជា​កូន​អាប់ដា មាន​តំណែង​ជា​មេ​កំណែន។+ ៧  សាឡូម៉ូន​បាន​តែង​តាំង​អភិបាល​១២​នាក់​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ពួក​គាត់​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ស្ដេច​និង​ពួក​អ្នក​ដែល​នៅ​ក្នុង​វិមាន។ មួយ​ឆ្នាំ​ម្ដង ពួក​គាត់​ម្នាក់​ៗ​មាន​វេន​ទទួល​ខុស​ត្រូវ​ខាង​ការ​ផ្គត់​ផ្គង់​ស្បៀងអាហារ​អស់​មួយ​ខែ។+ ៨  ពួក​គាត់​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ កូន​របស់​ហឺរ​ត្រួត​ត្រា​តំបន់​ភ្នំ​អេប្រាអ៊ីម ៩  កូន​របស់​ដេកឺ​ត្រួត​ត្រា​ក្រុង​ស្អាលប៊ីម+ ក្រុង​បេតសេមែស ក្រុង​អេឡូនបេតហេណាន និង​ម៉ា​កាស ១០  កូន​របស់​ហេសេត​ត្រួត​ត្រា​ក្រុង​អារូបូត (​គាត់​ត្រួត​ត្រា​ក្រុង​សូគរ​និង​ទូ​ទាំង​តំបន់​ហេផឺ​) ១១  កូន​របស់​អាប៊ីណាដាប​ត្រួត​ត្រា​តំបន់​ភ្នំ​នៅ​ក្រុង​ដោ (​គាត់​បាន​រៀប​ការ​នឹង​ថាផាត​កូន​ស្រី​សាឡូម៉ូន​) ១២  បាអាណា​ជា​កូន​អាហាយលូត ត្រួត​ត្រា​ក្រុង​ថេអាណាក ក្រុង​មេគីដោ+ និង​តំបន់​ជុំវិញ​ក្រុង​បេតសៀន+ ដែល​នៅ​ក្រោម​យេសរៀល ហើយ​នៅ​ក្បែរ​តំបន់​សារីថាន គឺ​ចាប់​ពី​ក្រុង​បេតសៀន​ដល់​ក្រុង​អេបិល​មិហូឡា រហូត​ទៅ​ដល់​តំបន់​យ៉ុកមៀម+ ១៣  កូន​របស់​កេបឺ​ត្រួត​ត្រា​រ៉ាម៉ូតគីលាត+ (​គាត់​ត្រួត​ត្រា​ភូមិ​ត្រសាល​របស់​យ៉ាអៀ+ជា​កូន​ម៉ាណាសេ នៅ​ស្រុក​គីលាត។+ គាត់​ក៏​ត្រួត​ត្រា​តំបន់​អាកុប+ដែល​នៅ​បាសាន+ គឺ​ក្រុង​ធំ​ៗ​៦០​ដែល​មាន​កំពែង​និង​រនុក​ស្ពាន់​) ១៤  អាហ៊ីនណាដាប់​ជា​កូន​អ៊ីតដូ ត្រួត​ត្រា​ក្រុង​ម៉ាហាណែម+ ១៥  អាហ៊ីមម៉ាអេស​ត្រួត​ត្រា​តំបន់​ណែបថាលី (​គាត់​បាន​រៀប​ការ​នឹង​បាសេម៉ាត​ជា​កូន​ស្រី​ម្នាក់​ទៀត​របស់​សាឡូម៉ូន​) ១៦  បាអាណា​ជា​កូន​ហ៊ូសាយ ត្រួត​ត្រា​តំបន់​អេស៊ើរ​និង​តំបន់​បេអាឡូត ១៧  យេហូសាផាត​ជា​កូន​ផារូអា ត្រួត​ត្រា​តំបន់​អ៊ីសាខារ ១៨  ស៊ីមម៉ាយ+ជា​កូន​អ៊ីឡា ត្រួត​ត្រា​តំបន់​បេនយ៉ាមីន+ ១៩  កេបឺ​ជា​កូន​យូរ៉ាយ ត្រួត​ត្រា​ស្រុក​គីលាត+ ជា​ស្រុក​របស់​ស៊ីហុន+ ស្ដេច​ជន​ជាតិ​អាម៉ូរី និង​ជា​ស្រុក​របស់​អុក+ ស្ដេច​តំបន់​បាសាន។ មាន​មន្ត្រី​មួយ​រូប​ដែល​គ្រប់​គ្រង​លើ​អភិបាល​ទាំង​នេះ។ ២០  បណ្ដា​ជន​យូដា​និង​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន​សន្ធឹក​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។+ ពួក​គេ​មាន​អាហារ​ជា​បរិបូរ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក​រាយ។+ ២១  សាឡូម៉ូន​បាន​គ្រប់​គ្រង​លើ​រាជាណាចក្រ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត+ទៅ​ដល់​ទឹក​ដី​របស់​ជន​ជាតិ​ភីលីស្ទីន ហើយ​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេហ្ស៊ីប។ ពួក​គេ​បាន​ជូន​សួយ​អាករ​ដល់​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​គាត់​រហូត​ដល់​គាត់​ស្លាប់។+ ២២  អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​វិមាន​របស់​សាឡូម៉ូន មាន​ម្សៅ​ម៉ដ្ឋ​៣០​រង្វាល់* និង​ម្សៅ​ធម្មតា​៦០​រង្វាល់ ២៣  គោ​បំប៉ន​ធាត់​ៗ​១០​ក្បាល គោ​នៅ​វាល​២០​ក្បាល និង​ចៀម​១០០​ក្បាល រួម​ទាំង​ប្រើស ឈ្លូស ក្ដាន់ និង​សត្វ​ស្លាប​បំប៉ន​ធាត់​ៗ។ ២៤  សាឡូម៉ូន​បាន​គ្រប់​គ្រង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ខាង​លិច​ទន្លេ​អឺប្រាត+ ចាប់​ពី​ធីបសា​ដល់​កា​សា។+ ឯ​ស្ដេច​នា​នា​ដែល​នៅ​ខាង​លិច​ទន្លេ​ក៏​នៅ​ជា​ចំណុះ​គាត់​ដែរ។ គ្រា​នោះ មាន​សន្តិភាព​គ្រប់​ទិស​ទី។+ ២៥  ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន បណ្ដា​ជន​យូដា​និង​អ៊ីស្រាអែល​បាន​រស់​នៅ​ដោយ​សុខ​សាន្ត ចាប់​ពី​ដាន់​រហូត​ដល់​បៀរសេបា គ្រប់​គ្នា​អង្គុយ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ និង​ដើម​ល្វា​តូច​របស់​ខ្លួន។ ២៦  សាឡូម៉ូន​មាន​ក្រោល​សេះ​ដែល​មាន​បន្ទប់​៤.០០០* សម្រាប់​ដាក់​សេះ​ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​សេះ*១២.០០០​ក្បាល។+ ២៧  ពួក​អភិបាល​បាន​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ស្ដេច​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​នៅ​តុ​របស់​ស្ដេច។ អភិបាល​ម្នាក់​ៗ​បាន​មើល​ការ​ខុស​ត្រូវ​តាម​វេន​ក្នុង​ខែ​របស់​ខ្លួន មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ។+ ២៨  ពួក​គាត់​ក៏​បាន​ផ្ដល់​ស្រូវ*និង​ចំបើង​សម្រាប់​ហ្វូង​សេះ និង​សេះ​ទឹម​រទេះ​ចម្បាំង​ទៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ តាម​ដែល​ស្ដេច​បាន​កំណត់​ឲ្យ។ ២៩  ព្រះ​បាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​ច្រើន​លើស​លប់ និង​សមត្ថភាព​វែក​ញែក​យ៉ាង​ពូកែ ព្រម​ទាំង​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ ដែល​គ្មាន​នរណា​អាច​វាស់​ស្ទង់​បាន​ឡើយ។*+ ៣០  សាឡូម៉ូន​មាន​ប្រាជ្ញា​លើស​អស់​អ្នក​ដែល​មក​ពី​ស្រុកខាងកើត និង​អស់​អ្នក​ដែល​នៅ​ស្រុក​អេហ្ស៊ីប។+ ៣១  គាត់​មាន​ប្រាជ្ញា​លើស​មនុស្ស​ឯ​ទៀត គឺ​មាន​ប្រាជ្ញា​ជាង​អ៊ីថាន+ជា​កូន​ចៅ​អែសរ៉ា និង​ហេម៉ាន+ កាល់កូល+ និង​ដាដា​ដែល​ជា​កូន​ម៉ាហូល។ កិត្តិ​នាម​របស់​សាឡូម៉ូន​ល្បី​រន្ទឺ​ដល់​គ្រប់​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ។+ ៣២  គាត់​បាន​និពន្ធ​សុភាសិត​៣.០០០​ខ+ ហើយ​តែង​ចម្រៀង+១.០០៥​បទ។ ៣៣  គាត់​បាន​ពណ៌នា​អំពី​ដើម​ឈើ​ផ្សេង​ៗ គឺ​ពី​ដើម​ស៊ីដារ*នៅ​តំបន់​ភ្នំ​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប+ដែល​ដុះ​នៅ​លើ​កំពែង។ គាត់​ក៏​បាន​រៀប​រាប់​អំពី​សត្វ​ជើង​បួន+ សត្វ​ស្លាប+ សត្វ​លូន​វារ សត្វ​ល្អិត+ និង​ត្រី​ផង​ដែរ។ ៣៤  មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​បាន​មក​ស្ដាប់​សម្ដី​របស់​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ ឯ​បណ្ដា​ស្ដេច​នៅ​ទូ​ទាំង​ផែនដី​ក៏​បាន​ឮ​អំពី​ប្រាជ្ញា​របស់​គាត់​ដែរ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​គ័រ​»។ មួយ​គ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ១៤
តួ​លេខ​នេះ​មាន​នៅ​ក្នុង​ឯកសារ​បុរាណ​ខ្លះ ហើយ​ក៏​មាន​ក្នុង​កំណត់​ហេតុ​គម្ពីរ​ដែល​ស្រប​គ្នា​ផង​ដែរ។ ប៉ុន្តែ ឯកសារ​បុរាណ​ខ្លះ​ទៀត​ប្រាប់​ថា​៤០.០០០
ឬ​«​ទាហាន​សេះ​»​
ស្រូវ​ម្យ៉ាង​ដែល​ថោក​ជាង​ស្រូវ​សាលី
ន័យ​ត្រង់​«​ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​»​
ដើម​ឈើ​ប្រណីត​ម្យ៉ាង