បណ្ដាស្ដេចទី១ ៦:១-៣៨

  • សាឡូម៉ូន​សង់​វិហារ (​១​-​៣៨)

    • បន្ទប់​ខាង​ក្នុង​បំផុត (​១៩​-​២២)

    • ចេរូប៊ីន (​២៣​-​២៨)

    • ចម្លាក់​ផ្សេង​ៗ ទ្វារ និង​ទី​ធ្លា​ខាង​ក្នុង (​២៩​-​៣៦)

    • វិហារ​បាន​ត្រូវ​សាង​សង់​ចប់​សព្វ​គ្រប់​អស់​រយៈពេល​៧​ឆ្នាំ (​៣៧, ៣៨)

 សាឡូម៉ូន​បាន​ចាប់​ផ្ដើម​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា*+ នៅ​ឆ្នាំ​ទី​៤៨០ ក្រោយ​ពី​ជន​ជាតិ​អ៊ី​ស្រាល​អែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ គឺ​នៅ​ខែ​ស៊ីវ*+ (​ជា​ខែ​ទី​២​) ក្នុង​ឆ្នាំ​ទី​៤​នៃ​ការ​គ្រប់​គ្រង​របស់​គាត់។ ២  វិហារ​ដែល​ស្ដេច​សាឡូម៉ូន​បាន​សង់​ជូន​ព្រះ​យេហូវ៉ា មាន​បណ្ដោយ​៦០​ហត្ថ* ទទឹង​២០​ហត្ថ និង​កំពស់​៣០​ហត្ថ។+ ៣  វិហារ​នោះ​មាន​សាល​មួយ+នៅ​ខាង​មុខ។ សាល​នោះ​បាន​ត្រូវ​សង់​ភ្ជាប់​នឹង​វិហារ ហើយ​មាន​ប្រវែង​២០​ហត្ថ ស្មើ​នឹង​ទទឹង​វិហារ។ សាល​នោះ​មាន​ទទឹង​១០​ហត្ថ បើ​គិត​ចាប់​ពី​ខាង​មុខ​វិហារ។ ៤  គាត់​បាន​សង់​បង្អួច*+វិហារ ៥  ហើយ​សង់​អគារ​មួយ​ជាប់​នឹង​ជញ្ជាំង​វិហារ។ អគារ​នោះ​បាន​ត្រូវ​សង់​ព័ទ្ធ​ជុំវិញ​ជញ្ជាំង​កន្លែង​បរិសុទ្ធ*និង​កន្លែង​បរិសុទ្ធ​បំផុត។*+ ក្នុង​អគារ​នោះ គាត់​បាន​សង់​បន្ទប់​ផ្សេង​ៗ។+ ៦  បន្ទប់​ដែល​នៅ​ជាន់​ក្រោម មាន​ទទឹង​៥​ហត្ថ។ បន្ទប់​ដែល​នៅ​ជាន់​កណ្ដាល មាន​ទទឹង​៦​ហត្ថ ហើយ​បន្ទប់​ដែល​នៅ​ជាន់​លើ​បង្អស់ មាន​ទទឹង​៧​ហត្ថ។ គាត់​បាន​ធ្វើ​គន្លាក់​ជញ្ជាំង​សម្រាប់​ទ្រ​ធ្នឹម​ជុំវិញ​វិហារ ដូច្នេះ​គេ​មិន​ចាំ​បាច់​ចោះ​ជញ្ជាំង​វិហារ​ទេ។+ ៧  វិហារ​របស់​ព្រះ​បាន​ត្រូវ​សាង​សង់​ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​និង​កាត់​ជា​ស្រេច+ ដើម្បី​កុំ​ឲ្យ​មាន​ឮ​សំឡេង​ញញួរ ពូថៅ ឬ​ឧបករណ៍​ដែក​ណា​ពេល​កំពុង​សាង​សង់។ ៨  នៅ​ចំហៀង​ខាង​ស្ដាំ*វិហារ មាន​ទ្វារ​មួយ​ចូល​ទៅ​បន្ទប់​ជាន់​ក្រោម​នៃ​អគារ+ ហើយ​មាន​ជណ្ដើរ​វង់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​លើ​បង្អស់។ ៩  គាត់​បាន​ដំឡើង​ធ្នឹម​ដំបូល​ពី​ឈើ​ស៊ីដារ*និង​ដាក់​បន្ទះ​ឈើ​ស៊ីដារ​ជា​ពិតាន+ ហើយ​គាត់​បន្ត​សង់​វិហារ​រហូត​ដល់​បាន​រួច​រាល់។+ ១០  បន្ទប់​នា​នា​ដែល​គាត់​បាន​សង់​ជុំវិញ​វិហារ+ មាន​កម្ពស់​ប្រាំ​ហត្ថ ហើយ​បន្ទប់​ទាំង​នោះ​បាន​ត្រូវ​ភ្ជាប់​នឹង​វិហារ​ដោយ​បន្ទះ​ក្ដារ​ស៊ីដារ។ ១១  គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​សាឡូម៉ូន​ថា​៖ ១២  ​«​បើ​អ្នក​ធ្វើ​តាម​ច្បាប់​និង​បញ្ញត្តិ ព្រម​ទាំង​គោរព​តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ+ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា​នឹង​ដាវីឌ​ឪពុក​អ្នក+ ស្ដី​អំពី​វិហារ​ដែល​អ្នក​កំពុង​សាង​សង់​នេះ។ ១៣  ខ្ញុំ​នឹង​នៅ​ជា​មួយ​បណ្ដា​ជន​អ៊ីស្រាអែល+ ហើយ​មិន​បោះ​បង់​ចោល​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ឡើយ​»។+ ១៤  សាឡូម៉ូន​បាន​បន្ត​សាង​សង់​វិហារ​របស់​ព្រះ​រហូត​ដល់​ចប់​សព្វ​គ្រប់។ ១៥  គាត់​សាង​សង់​ជញ្ជាំង​ខាង​ក្នុង​វិហារ​ដោយ​ឈើ​ស៊ីដារ។ គាត់​ស្រោប​ជញ្ជាំង​ខាង​ក្នុង​ដោយ​បន្ទះ​ឈើ​ស៊ីដារ ចាប់​ពី​ក្រោម​ទៅ​ដល់​ពិតាន ហើយ​គាត់​យក​បន្ទះ​ក្ដារ​យូនីពើ*មក​ក្រាល​ជា​កម្រាល​វិហារ។+ ១៦  គាត់​ក៏​រៀបចំ​ផ្នែក​ខាង​ក្រោយ​វិហារ ដែល​មាន​ទំហំ​២០​ហត្ថ ទុក​ធ្វើ​ជា​បន្ទប់​ខាង​ក្នុង​បំផុត។+ គាត់​ស្រោប​បន្ទះ​ក្ដារ​ស៊ីដារ​ជុំវិញ​ក្នុង​បន្ទប់​នោះ ចាប់​ពី​ក្រោម​ទៅ​ដល់​ពិតាន។ បន្ទប់​នោះ​ជា​កន្លែង​បរិសុទ្ធ​បំផុត។+ ១៧  ចំណែក​ឯ​កន្លែង​បរិសុទ្ធ+ដែល​នៅ​ខាង​មុខ​កន្លែង​បរិសុទ្ធ​បំផុត មាន​បណ្ដោយ​៤០​ហត្ថ។ ១៨  នៅ​លើ​ជញ្ជាំង​ឈើ​ស៊ីដារ​ក្នុង​វិហារ​គេ​ឆ្លាក់​ជា​ក្បាច់​ផ្លែ​ឃ្លោក+ និង​ផ្កា​រីក។+ គ្រប់​ទាំង​អស់​សុទ្ធតែ​ជា​ឈើ​ស៊ីដារ ឥត​ឃើញ​ថ្ម​ឡើយ។ ១៩  គាត់​ក៏​បាន​រៀបចំ​បន្ទប់​ខាង​ក្នុង​បំផុត+ក្នុង​វិហារ​ដើម្បី​ដាក់​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា។+ ២០  បន្ទប់​ខាង​ក្នុង​បំផុត​មាន​បណ្ដោយ​២០​ហត្ថ ទទឹង​២០​ហត្ថ និង​កម្ពស់​២០​ហត្ថ+ ហើយ​ស្រោប​ដោយ​មាស​សុទ្ធ។ គាត់​ក៏​ស្រោប​ទី​បូជា+ដោយ​ឈើ​ស៊ីដារ។ ២១  សាឡូម៉ូន​ស្រោប​ផ្នែក​ខាង​ក្នុង​វិហារ​ដោយ​មាស​សុទ្ធ+ ហើយ​គាត់​សន្ធឹង​ខ្សែ​ច្រវាក់​មាស​នៅ​មុខ​បន្ទប់​ខាង​ក្នុង​បំផុត។+ ២២  គាត់​បាន​ស្រោប​ខាង​ក្នុង​វិហារ​ទាំង​មូល​ដោយ​មាស។ គាត់​ក៏​ស្រោប​ទី​បូជា​ដែល​នៅ​ជិត​បន្ទប់​ខាង​ក្នុង​បំផុត ដោយ​មាស​ដែរ។+ ២៣  ឯ​បន្ទប់​ខាង​ក្នុង​បំផុត គាត់​បាន​ធ្វើ​ចេរូប៊ីន​ពីរ+ដោយ​ឈើ​ស្រល់ ចេរូប៊ីន​នីមួយ​ៗ​មាន​កម្ពស់​១០​ហត្ថ។+ ២៤  ស្លាប​ម្ខាង​របស់​ចេរូប៊ីន​មាន​ប្រវែង​៥​ហត្ថ ហើយ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​៥​ហត្ថ ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​១០​ហត្ថ។ ២៥  ចេរូប៊ីន​ទី​២​ក៏​មាន​ស្លាប​ប្រវែង​១០​ហត្ថ​ដែរ។ ចេរូប៊ីន​ទាំង​ពីរ​មាន​ទំហំ​និង​រូប​រាង​ដូច​គ្នា។ ២៦  ចេរូប៊ីន​មួយ​មាន​កម្ពស់​១០​ហត្ថ ឯ​ចេរូប៊ីន​មួយ​ទៀត​ក៏​មាន​កម្ពស់​ដូច​គ្នា​ដែរ។ ២៧  រួច​គាត់​ដាក់​ចេរូប៊ីន​ទាំង​ពីរ+ក្នុង​កន្លែង​បរិសុទ្ធ​បំផុត។ ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប ចុង​ស្លាប​ចេរូប៊ីន​មួយ​ទល់​នឹង​ជញ្ជាំង​ម្ខាង ហើយ​ចុង​ស្លាប​ចេរូប៊ីន​មួយ​ទៀត​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូប៊ីន​ទាំង​ពីរ​ទល់​គ្នា នៅ​ចំ​កណ្ដាល​បន្ទប់​នោះ។ ២៨  គាត់​បាន​ស្រោប​ចេរូប៊ីន​ទាំង​ពីរ​ដោយ​មាស។ ២៩  គាត់​បាន​ឆ្លាក់​រូប​ចេរូប៊ីន+ ដើម​លម៉ើ+ និង​ផ្កា​រីក+ លើ​ជញ្ជាំង​ទាំង​អស់​ក្នុង​វិហារ គឺ​ជុំវិញ​បន្ទប់​ខាង​មុខ​និង​បន្ទប់​ខាង​ក្រោយ។ ៣០  គាត់​ស្រោប​កម្រាល​ឈើ​ក្នុង​វិហារ​ដោយ​មាស គឺ​ក្នុង​បន្ទប់​ខាង​មុខ​និង​បន្ទប់​ខាង​ក្រោយ។ ៣១  ចំណែក​ឯ​ទ្វារ​ចូល​បន្ទប់​ខាង​ក្នុង​បំផុត គាត់​បាន​ធ្វើ​ទ្វារ​ពី​ឈើ​ស្រល់ អម​សង​ខាង​ដោយ​សសរ និង​បង្គោល​ទ្វារ គឺ​ផ្នែក*ទី​៥។* ៣២  ទ្វារ​ពី​ឈើ​ស្រល់​នោះ​មាន​ពីរ​សន្លឹក។ លើ​សន្លឹក​ទ្វារ គាត់​បាន​ឆ្លាក់​រូប​ចេរូប៊ីន ដើម​លម៉ើ និង​ផ្កា​រីក ហើយ​គាត់​បាន​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​មាស។ គាត់​ក៏​ស្រោប​រូប​ចេរូប៊ីន​និង​ដើម​លម៉ើ​ដោយ​មាស​ដែរ។ ៣៣  ឯ​ទ្វារ​ចូល​កន្លែង​បរិសុទ្ធ​វិញ គាត់​ធ្វើ​បង្គោល​ទ្វារ​ពី​ឈើ​ស្រល់​ដែល​មាន​ទម្រង់​ដូច​គ្នា​ដែរ គឺ​ផ្នែក*ទី​៤។* ៣៤  គាត់​បាន​ធ្វើ​ទ្វារ​ពីរ​ផ្ទាំង ពី​ឈើ​យូនីពើ។ ទ្វារ​មួយ​ផ្ទាំង​មាន​ពីរ​សន្លឹក​ដែល​អាច​បត់​ចូល​គ្នា​បាន ហើយ​ទ្វារ​មួយ​ផ្ទាំង​ទៀត​ក៏​មាន​ពីរ​សន្លឹក​ដែល​អាច​បត់​ចូល​គ្នា​បាន​ដែរ។+ ៣៥  គាត់​ឆ្លាក់​រូប​ចេរូប៊ីន ដើម​លម៉ើ និង​ផ្កា​រីក ហើយ​ស្រោប​ចម្លាក់​ទាំង​នោះ​ដោយ​មាស។ ៣៦  គាត់​បាន​សង់​របង​ជុំវិញ​ទី​ធ្លា​ខាង​ក្នុង+ ដោយ​ប្រើ​ថ្ម​ដាប់​បី​ជួរ ហើយ​ក៏​ដាក់​ក្ដារ​ស៊ីដារ​មួយ​ជួរ​ផង​ដែរ។+ ៣៧  នៅ​ខែ​ស៊ីវ* ក្នុង​ឆ្នាំ​ទី​៤ វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដាក់​គ្រឹះ។+ ៣៨  នៅ​ខែ​ប៊ូល*​(​ជា​ខែ​ទី​៨​) ក្នុង​ឆ្នាំ​ទី​១១ វិហារ​របស់​ព្រះ​បាន​ត្រូវ​សាង​សង់​ចប់​សព្វ​គ្រប់ ស្រប​ទៅ​តាម​ប្លង់​វិហារ។+ ដូច្នេះ គាត់​បាន​ចំណាយ​ពេល​សាង​សង់​វិហារ​អស់​រយៈ​ពេល​៧​ឆ្នាំ។

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​៨
មួយ​ហត្ថ​ស្មើ​នឹង​៤៤,៥​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
បង្អួច​ទាំង​នោះ​មាន​រាង​បួន​ជ្រុង ហើយ​ជ្រុង​នីមួយ​ៗ​មាន​ជម្រាល​រួម​តូច
ន័យ​ត្រង់​«​វិហារ​»​
ន័យ​ត្រង់​«​បន្ទប់​ខាង​ក្នុង​បំផុត​»​
ឬ​«​ខាង​ត្បូង​»​
ដើម​ឈើ​ប្រណីត​ម្យ៉ាង
ដើម​ឈើ​ប្រណីត​ម្យ៉ាង
ប្រហែល​ជា​សំដៅ​លើ​ទំហំ​ទ្វារ ឬ​របៀប​ធ្វើ​ស៊ុម​ទ្វារ
ឬ​ប្រហែល​ជា​«​១​ភាគ​៥​»​
ប្រហែល​ជា​សំដៅ​លើ​ទំហំ​ទ្វារ ឬ​របៀប​ធ្វើ​ស៊ុម​ទ្វារ
ឬ​ប្រហែល​ជា​«​១​ភាគ​៤​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥