បណ្ដាស្ដេចទី២ ១:១-១៨

  • អេលីយ៉ា​ប្រកាស​ទុក​ជា​មុន​អំពី​សេចក្ដី​ស្លាប់​របស់​អាហាស៊ីយ៉ា (​១​-​១៨)

 ក្រោយ​ពី​អាហាប់​បាន​ស្លាប់ ជន​ជាតិ​ម៉ូអាប់+បាន​បះ​បោរ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល។ ២  នៅ​គ្រា​នោះ មាន​ថ្ងៃ​មួយ​អាហាស៊ីយ៉ា​នៅ​បន្ទប់​លើ​ដំបូល​វិមាន​នា​ក្រុង​សាម៉ារី។ លើ​ដំបូល​នោះ​មាន​ប្រហោង​ដែល​មាន​ចម្រឹង​ឈើ​គ្រប​លើ​សម្រាប់​ឲ្យ​ខ្យល់​ចេញ​ចូល។ គាប់​ជួន​គាត់​ជាន់​ចម្រឹង​នោះ ហើយ​ធ្លាក់​ទៅ​ក្រោម បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។ ដូច្នេះ គាត់​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ដោយ​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​សួរ​ព្រះ​បាលសេប៊ូល​ជា​ព្រះ​នៃ​ក្រុង​អេក្រុន+ ដើម្បី​ឲ្យ​ដឹង​ថា​របួស​ខ្ញុំ​នឹង​ជា​ឬ​ក៏​មិន​ជា​»។+ ៣  នៅ​ពេល​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​អេលីយ៉ា*+ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ទៅ​ជួប​ពួក​អ្នក​នាំ​សារ​របស់​ស្ដេច​ក្រុង​សាម៉ារី ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ‹តើ​ក្នុង​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ទៅ​សួរ​ព្រះ​បាលសេប៊ូល​ជា​ព្រះ​នៃ​ក្រុង​អេក្រុន​ដូច្នេះ?+ ៤  ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​នឹង​ក្រោក​ពី​គ្រែ​មិន​រួច​ទេ ព្រោះ​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន​»​›​»។ ក្រោយ​ប្រាប់​រួច អេលីយ៉ា​ក៏​ចាក​ចេញ​ទៅ។ ៥  ពួក​អ្នក​នាំ​សារ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ឯ​អាហាស៊ីយ៉ា​វិញ ពេល​នោះ​គាត់​ក៏​បាន​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​ត្រឡប់​មក​វិញ​ដូច្នេះ?​»។ ៦  ពួក​គេ​បាន​ឆ្លើយ​តប​ទៅ​គាត់​ថា​៖ ​«​មាន​បុរស​ម្នាក់​មក​ជួប​ពួក​ខ្ញុំ ហើយ​គាត់​បាន​ប្រាប់​ថា​៖ ‹ចូរ​ត្រឡប់​ទៅ​ឯ​ស្ដេច ហើយ​ប្រាប់​លោក​វិញ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹តើ​ក្នុង​ស្រុក​អ៊ីស្រាអែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ទៅ​សួរ​ព្រះ​បាលសេប៊ូល​ជា​ព្រះ​នៃ​ក្រុង​អេក្រុន​ដូច្នេះ? ហេតុ​នេះ អ្នក​នឹង​ក្រោក​ពី​គ្រែ​មិន​រួច​ទេ ព្រោះ​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»​›​»។+ ៧  ឮ​ដូច្នេះ គាត់​សួរ​ពួក​គេ​ថា​៖ ​«​តើ​បុរស​ដែល​បាន​មក​ជួប​អ្នក ហើយ​ប្រាប់​ពាក្យ​ទាំង​នេះ​មាន​រូប​រាង​បែប​ណា?​»។ ៨  ពួក​គេ​ក៏​ប្រាប់​គាត់​ថា​៖ ​«​បុរស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម​សត្វ+ ហើយ​ចង​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ​»។+ អាហាស៊ីយ៉ា​ក៏​និយាយ​ភ្លាម​ថា​៖ ​«​នោះ​គឺ​ជា​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេសប៊ី​»។ ៩  បន្ទាប់​មក ស្ដេច​បាន​ចាត់​មេ​កង​លើ​ពួក​បុរស​៥០​នាក់​ឲ្យ​នាំ​កូន​ចៅ​គាត់ ទៅ​ជួប​អេលីយ៉ា។ ពេល​ទៅ​ដល់ គាត់​ឃើញ​អេលីយ៉ា​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​បាន​និយាយ​ទៅ​កាន់​អេលីយ៉ា​ថា​៖ ​«​តំណាង​ព្រះ​ពិត​អើយ!+ ស្ដេច​បាន​បង្គាប់​ថា​៖ ‹ចូរ​ចុះ​មក›​»។ ១០  ប៉ុន្តែ អេលីយ៉ា​បាន​ឆ្លើយ​តប​ទៅ​មេ​កង​នោះ​ថា​៖ ​«​បើ​ខ្ញុំ​ជា​តំណាង​ព្រះ​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ+មក​ឆាប​ឆេះ​អ្នក​និង​ពួក​បុរស​៥០​នាក់​នេះ​ទៅ​»។ ភ្លាម​នោះ ភ្លើង​ក៏​បាន​ធ្លាក់​ពី​លើ​មេឃ​មក​ឆាប​ឆេះ​មេ​កង​និង​ពួក​បុរស​៥០​នាក់​នោះ​មែន។ ១១  ដូច្នេះ ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់​ទៀត​ឲ្យ​នាំ​ពួក​បុរស​៥០​នាក់​ដែល​នៅ​ក្រោម​បង្គាប់​គាត់ ទៅ​ជួប​អេលីយ៉ា។ ពេល​ទៅ​ដល់ មេ​កង​នោះ​បាន​និយាយ​ទៅ​កាន់​អេលីយ៉ា​ថា​៖ ​«​តំណាង​ព្រះ​ពិត​អើយ ស្ដេច​បាន​បង្គាប់​ថា​៖ ‹ចូរ​ចុះ​មក​ជា​ប្រញាប់›​»។ ១២  ប៉ុន្តែ អេលីយ៉ា​បាន​តប​ថា​៖ ​«​បើ​ខ្ញុំ​ជា​តំណាង​ព្រះ​ពិត​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆាប​ឆេះ​អ្នក​និង​ពួក​បុរស​៥០​នាក់​នេះ​ទៅ​»។ រំពេច​នោះ ភ្លើង​ពី​ព្រះ​ក៏​បាន​ធ្លាក់​ពី​លើ​មេឃ​មក​ឆាប​ឆេះ​មេ​កង​និង​ពួក​បុរស​៥០​នាក់​នោះ​មែន។ ១៣  ក្រោយ​មក ស្ដេច​ក៏​ចាត់​មេ​កង​ម្នាក់​ទៀត​ឲ្យ​នាំ​ពួក​បុរស​៥០​នាក់​ដែល​នៅ​ក្រោម​បង្គាប់​គាត់ ទៅ​ជួប​អេលីយ៉ា។ ប៉ុន្តែ ពេល​មេ​កង​នោះ​ទៅ​ដល់ គាត់​បាន​លុត​ជង្គង់​ក្រាប​គោរព​នៅ​មុខ​អេលីយ៉ា ហើយ​អង្វរ​សុំ​ក្ដី​មេត្តា​ថា​៖ ​«​ឱ​តំណាង​ព្រះ​ពិត​អើយ សូម​ប្រណី​ជីវិត​ខ្ញុំ​និង​ជីវិត​បុរស​៥០​នាក់​នេះ​ដែល​ជា​អ្នក​បម្រើ​លោក​ផង។ ១៤  ភ្លើង​បាន​ធ្លាក់​ពី​លើ​មេឃ​មក​ឆាប​ឆេះ​មេ​កង​មុន​ៗ​និង​ពួក​បុរស​៥០​នាក់​របស់​ពួក​គាត់​អស់​ហើយ។ ប៉ុន្តែ លើក​នេះ​សូម​ប្រណី​ជីវិត​ខ្ញុំ​ផង​»។ ១៥  ពេល​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេលីយ៉ា​ថា​៖ ​«​ចូរ​ចុះ​ទៅ​តាម​គាត់​ចុះ កុំ​ខ្លាច​គាត់​ឡើយ​»។ ដូច្នេះ អេលីយ៉ា​បាន​ក្រោក​ឡើង ហើយ​ចុះ​ទៅ​ជួប​ស្ដេច​ជា​មួយ​នឹង​គាត់។ ១៦  ពេល​ទៅ​ដល់ អេលីយ៉ា​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹អ្នក​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាលសេប៊ូល​ជា​ព្រះ​នៃ​ក្រុង​អេក្រុន។+ តើ​ដោយ​សារ​តែ​គ្មាន​ព្រះ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឬ?+ ហេតុ​អ្វី​ក៏​អ្នក​មិន​សួរ​រក​ប្រសាសន៍​របស់​លោក​វិញ? ហេតុ​នេះ អ្នក​នឹង​ក្រោក​ពី​គ្រែ​មិន​រួច​ទេ ព្រោះ​អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›​»។ ១៧  ដូច្នេះ អាហាស៊ីយ៉ា​បាន​ស្លាប់ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា។ អាហាស៊ីយ៉ា​គ្មាន​កូន​ប្រុស​ទេ ហេតុ​នេះ​យេហូរ៉ាម+ជា​ប្អូន​ប្រុស​គាត់​បាន​ក្លាយ​ជា​ស្ដេច​បន្ទាប់​ពី​គាត់ គឺ​នៅ​ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​យេហូរ៉ាម+កូន​យេហូសាផាត ជា​ស្ដេច​ស្រុក​យូដា។ ១៨  ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាហាស៊ីយ៉ា+បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រាអែល។

កំណត់សម្គាល់

មាន​ន័យ​ថា​«​ព្រះ​របស់​ខ្ញុំ​គឺ​យេហូវ៉ា​»​