បណ្ដាស្ដេចទី២ ១១:១-២១

  • អាថាលៀ​ដណ្ដើម​រាជ្យ​បល្ល័ង្ក (​១​-​៣)

  • យេហូអាស​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​ដោយ​សម្ងាត់ (​៤​-​១២)

  • អាថាលៀ​បាន​ត្រូវ​សម្លាប់ (​១៣​-​១៦)

  • ការ​រៀប​ចំ​ឡើង​វិញ​របស់​យេហូយ៉ាដា (​១៧​-​២១)

១១  គ្រា​នោះ អាថាលៀ+បាន​ដឹង​ថា​ស្ដេច​អាហាស៊ីយ៉ា​ជា​កូន​បាន​ស្លាប់​ហើយ+ ដូច្នេះ​នាង​ក៏​ចាត់​វិធានការ​សម្លាប់​កូន​ស្ដេច​ទាំង​អស់។+ ២  ឯ​យេហូសេបា នាង​ជា​កូន​ស្ដេច​យេហូរ៉ាម ហើយ​ត្រូវ​ជា​បង​ស្រី​របស់​អាហាស៊ីយ៉ា។ ពេល​នាង​បាន​ឮ​ដំណឹង​ថា​គេ​នឹង​សម្លាប់​កូន​ប្រុស​ទាំង​អស់​របស់​អាហាស៊ីយ៉ា នាង​ក៏​លួច​យក​យេហូអាស+ពី​ចំណោម​កូន​ទាំង​នោះ ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ខាង​ក្នុង​មួយ​ជា​មួយ​នឹង​មេ​ដោះ។ ឯ​អាថាលៀ​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ ដូច្នេះ​យេហូអាស​ក៏​បាន​រួច​ជីវិត។ ៣  យេហូអាស​បាន​ត្រូវ​លាក់​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​៦​ឆ្នាំ កាល​ដែល​អាថាលៀ​គ្រប់​គ្រង​លើ​ស្រុក​យូដា។ ៤  លុះ​ដល់​ឆ្នាំ​ទី​៧ យេហូយ៉ាដា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ពួក​មេ​លើ​១០០​នាក់​នៃ​អង្គរក្ស​ស្ដេច* និង​ពួក​មេ​លើ​១០០​នាក់​នៃ​ក្រុម​អ្នក​យាម​វិមាន+ ឲ្យ​មក​ជួប​គាត់​នៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក គាត់​ក៏​នាំ​យេហូអាស​ជា​កូន​ស្ដេច​មក​បង្ហាញ​ពួក​គេ។+ ៥  យេហូយ៉ាដា​បាន​បញ្ជា​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ត​ទៅ​៖ ចំពោះ​ក្រុម​អ្នក​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ចូរ​ចែក​ជា​បី​កង។ ចូរ​ឲ្យ​កង​មួយ​យាម​នៅ​វិមាន​ស្ដេច+ ៦  កង​មួយ​យាម​នៅ​ខ្លោង​ទ្វារគ្រឹះ ហើយ​កង​មួយ​ទៀត​យាម​នៅ​ខ្លោង​ទ្វារ​ខាង​ក្រោយ​អ្នក​យាម​វិមាន។ អ្នក​រាល់​គ្នា​ត្រូវ​ប្ដូរ​វេន​គ្នា​យាម​នៅ​វិហារ​របស់​ព្រះ។ ៧  ឯ​ពីរ​ក្រុម​ទៀត​ដែល​មិន​ត្រូវ​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ចូរ​ឲ្យ​ពួក​គេ​ទៅ​យាម​នៅ​វិហារ​ព្រះ​យេហូវ៉ា​ដើម្បី​ការពារ​ស្ដេច។ ៨  អ្នក​រាល់​គ្នា​ត្រូវ​នៅ​ជុំវិញ​ស្ដេច ទាំង​កាន់​អាវុធ​ការពារ បើ​មាន​អ្នក​ណា​ចូល​មក​ជិត ចូរ​សម្លាប់​អ្នក​នោះ​ចោល ហើយ​អ្នក​ត្រូវ​នៅ​ជាប់​ជា​មួយ​នឹង​ស្ដេច​ជា​និច្ច​»។ ៩  ពួក​មេ​លើ​១០០​នាក់+ក៏​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​យេហូយ៉ាដា​ជា​សង្ឃ។ ដូច្នេះ ពួក​មេ​ទាំង​នោះ​បាន​ប្រមូល​កូន​ចៅ​ទាំង​អស់​របស់​ពួក​គេ ទៅ​ជួប​យេហូយ៉ាដា​ជា​សង្ឃ គឺ​ទាំង​អ្នក​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​យាម​នៅ​ថ្ងៃ​ផ្សេង។+ ១០  ពេល​ទៅ​ដល់ យេហូយ៉ាដា​បាន​យក​ខែល​និង​លំពែង​របស់​ដាវីឌ​ពី​វិហារ​ព្រះ​យេហូវ៉ា ទៅ​ចែក​ឲ្យ​ពួក​មេ​លើ​១០០​នាក់។ ១១  ឯ​ពួក​អ្នក​យាម​វិមាន+ ពួក​គេ​ក៏​កាន់​អាវុធ​ទៅ​ឈរ​យាម​ជុំវិញ​វិហារ ចាប់​ពី​ខាង​ឆ្វេង​រហូត​ដល់​ខាង​ស្ដាំ​វិហារ នៅ​ក្បែរ​ទី​បូជា+ និង​ក្បែរ​វិហារ ដើម្បី​ការពារ​ស្ដេច។ ១២  បន្ទាប់​មក យេហូយ៉ាដា​បាន​នាំ​យេហូអាស​ជា​កូន​ស្ដេច+ចេញ​មក ហើយ​បំពាក់​មកុដ​ឲ្យ​គាត់ រួច​ក៏​យក​រមូរ​ច្បាប់​ព្រះ+មក​ដាក់​លើ​ក្បាល​គាត់​ដែរ។ ពួក​គេ​ក៏​ចាក់​ប្រេង​តែង​តាំង​គាត់​ជា​ស្ដេច។ ពេល​នោះ ពួក​គេ​ទះ​ដៃ​អបអរ ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។+ ១៣  ឯ​អាថាលៀ​វិញ ពេល​នាង​ឮ​សំឡេង​បណ្ដា​ជន​រត់​ឈូឆរ នាង​ក៏​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​មើល​ថា​មាន​អ្វី​កើត​ឡើង​នៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា។+ ១៤  ពេល​ទៅ​ដល់ នាង​ក៏​ឃើញ​ស្ដេច​កំពុង​ឈរ​នៅ​ក្បែរ​សសរ​វិហារ​តាម​ទំនៀម​ទម្លាប់+ ព្រម​ទាំង​មាន​ពួក​អ្នក​ដឹក​នាំ​និង​ពួក​អ្នក​ផ្លុំ​ត្រែ+កំពុង​ឈរ​អម​ផង​ដែរ។ បណ្ដា​ជន​ទាំង​អស់​អរ​សប្បាយ ហើយ​ផ្លុំ​ត្រែ។ រំពេច​នោះ នាង​ក៏​ហែក​អាវ ហើយ​ស្រែក​ឡើង​ថា​៖ ​«​នេះ​ជា​ការ​ក្បត់! នេះ​ជា​ការ​ក្បត់​ហើយ!​»។ ១៥  ពេល​នោះ យេហូយ៉ាដា​ជា​សង្ឃ​បាន​បញ្ជា​ពួក​មេ​លើ​១០០​នាក់+ដែល​ត្រួត​ត្រា​ក្រុម​ទាហាន​ថា​៖ ​«​ចូរ​ចាប់​យក​នាង​ចេញ​ពី​ទី​នេះ។ បើ​អ្នក​ណា​តាម​នាង ត្រូវ​សម្លាប់​អ្នក​នោះ​ចោល​ដែរ!​»។ ព្រោះ​យេហូយ៉ាដា​ធ្លាប់​ប្រាប់​ថា​៖ ​«​កុំ​សម្លាប់​នាង​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ឡើយ​»។ ១៦  ដូច្នេះ ពួក​គេ​ក៏​ចាប់​នាង ពេល​ពួក​គេ​នាំ​នាង​ទៅ​ដល់​ផ្លូវ​សេះ​ចូល​វិមាន+ ពួក​គេ​ក៏​សម្លាប់​នាង​ចោល​ទៅ។ ១៧  យេហូយ៉ាដា​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​យេហូវ៉ា​និង​ស្ដេច​រួម​ទាំង​បណ្ដា​ជន+ គឺ​ថា​ពួក​គេ​នឹង​បន្ត​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ បន្ថែម​ទៅ​ទៀត គាត់​ក៏​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​រវាង​ស្ដេច​និង​បណ្ដា​ជន​ដែរ។+ ១៨  ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​ចូល​ទៅ​វិហារ​ព្រះ​បាល ហើយ​បំបាក់​បំបែក​ទី​បូជា​នា​នា+ ថែម​ទាំង​បំផ្លាញ​រូប​សំណាក​ទាំង​ឡាយ​របស់​ព្រះ​បាល។+ ពួក​គេ​ក៏​បាន​សម្លាប់​ម៉ាថាន​ជា​សង្ឃ​របស់​ព្រះ​បាល+ នៅ​មុខ​ទី​បូជា​ទាំង​នោះ​ដែរ។ បន្ទាប់​មក យេហូយ៉ាដា​បាន​តែង​តាំង​ពួក​អ្នក​ត្រួត​ពិនិត្យ ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​វិហារ​ព្រះ​យេហូវ៉ា។+ ១៩  មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​បាន​បង្គាប់​ពួក​មេ​លើ​១០០​នាក់+ ពួក​អង្គរក្ស​ស្ដេច និង​ពួក​អ្នក​យាម​វិមាន+ ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់​ឲ្យ​ទៅ​នាំ​ស្ដេច​ពី​វិហារ​ព្រះ​យេហូវ៉ា​ដង្ហែ​មក​វិមាន។ ក្បួន​ដង្ហែ​នោះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខ្លោង​ទ្វារ​អ្នក​យាម​វិមាន។ ពេល​មក​ដល់​វិមាន ស្ដេច​ក៏​ឡើង​អង្គុយ​លើ​បល្ល័ង្ក។+ ២០  ដូច្នេះ បណ្ដា​ជន​ទាំង​អស់​បាន​អរ​សប្បាយ​ក្រៃ​លែង។ ក្នុង​ក្រុង​ក៏​មាន​សេចក្ដី​សុខ​សាន្ត ព្រោះ​អាថាលៀ​បាន​ស្លាប់​ហើយ។ នាង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ​នៅ​ឯ​វិមាន​ស្ដេច។ ២១  កាល​យេហូអាស+បាន​គ្រង​រាជ្យ គាត់​មាន​អាយុ​៧​ឆ្នាំ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ពួក​កេរីន​»​