បណ្ដាស្ដេចទី២ ១២:១-២១

  • យេហូអាស​ជា​ស្ដេច​ស្រុក​យូដា (​១​-​៣)

  • យេហូអាស​ជួស​ជុល​វិហារ (​៤​-​១៦)

  • ការ​ឈ្លានពាន​របស់​ពួក​ស៊ីរី (​១៧, ១៨)

  • យេហូអាស​បាន​ត្រូវ​សម្លាប់ (​១៩​-​២១)

១២  នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​យេហ៊ូ+ យេហូអាស+បាន​ឡើង​គ្រង​រាជ្យ ហើយ​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ស៊ីបបៀ​ជា​អ្នក​មក​ពី​ក្រុង​បៀរសេបា។+ ២  យេហូអាស​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត កាល​ដែល​មាន​យេហូយ៉ាដា​ជា​សង្ឃ​នៅ​បង្ហាត់​បង្រៀន​គាត់។ ៣  ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។ ៤  នៅ​ថ្ងៃ​មួយ យេហូអាស​និយាយ​ទៅ​កាន់​ពួក​សង្ឃ​ថា​៖ ​«​ចូរ​ប្រមូល​ប្រាក់​ទាំង​អស់​ដែល​បណ្ដា​ជន​បាន​យក​មក​ប្រគល់​ដល់​វិហារ​ព្រះ​យេហូវ៉ា​ជា​វិភាគទាន​បរិសុទ្ធ+ គឺ​ប្រាក់​ដែល​បណ្ដា​ជន​ត្រូវ​បង់​ជា​ពន្ធ​វិហារ+ ប្រាក់​ដែល​ទទួល​ពី​អ្នក​ដែល​បាន​ស្បថ និង​ប្រាក់​ដែល​បណ្ដា​ជន​ជូន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​វិហារ​ព្រះ​យេហូវ៉ា។+ ៥  ចូរ​អ្នក​រាល់​គ្នា​ទទួល​ប្រាក់​ទាំង​នោះ​ដោយ​ផ្ទាល់​ពី​អ្នក​ដែល​ជូន ដើម្បី​ទុក​សម្រាប់​ជួស​ជុល​វិហារ​របស់​ព្រះ​»។+ ៦  លុះ​ដល់​ឆ្នាំ​ទី​២៣​ក្នុង​រាជ្យ​យេហូអាស ពួក​សង្ឃ​នៅ​តែ​មិន​ទាន់​ជួស​ជុល​វិហារ​របស់​ព្រះ​នៅ​ឡើយ។+ ៧  ដូច្នេះ ស្ដេច​យេហូអាស​បាន​ហៅ​យេហូយ៉ាដា+ជា​សង្ឃ​និង​ពួក​សង្ឃ​ឯ​ទៀត​មក​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ទាន់​ជួស​ជុល​វិហារ​ដូច្នេះ? ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​ពី​គេ​ទៀត​ទេ លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ប្រើ​ប្រាក់​ទាំង​នោះ​ដើម្បី​ជួស​ជុល​វិហារ​»។+ ៨  ក្រោយ​ពី​ស្ដាប់​រួច ពួក​សង្ឃ​បាន​យល់​ព្រម​ឈប់​ទទួល​ប្រាក់​ពី​បណ្ដា​ជន​ទៀត ហើយ​ពួក​គេ​ក៏​លែង​ទទួល​បន្ទុក​ខាង​ការ​ជួស​ជុល​វិហារ​របស់​ព្រះ​ទៀត​ដែរ។ ៩  បន្ទាប់​មក យេហូយ៉ាដា​ជា​សង្ឃ​បាន​យក​ហឹប​មួយ+ ហើយ​ចោះ​ប្រហោង​នៅ​លើ​គម្រប រួច​ដាក់​នៅ​ក្បែរ​ទី​បូជា។ ពេល​ចូល​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា ហឹប​នោះ​នៅ​ខាង​ស្ដាំ​ដៃ។ ឯ​ពួក​សង្ឃ​ដែល​ឈរ​យាម​ទ្វារ ពួក​គេ​ទទួល​ប្រាក់​ពី​ដៃ​បណ្ដា​ជន​ដែល​យក​មក​ជូន​វិហារ​ព្រះ​យេហូវ៉ា រួច​ពួក​គេ​ក៏​យក​ប្រាក់​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ហឹប។+ ១០  ពេល​ឃើញ​ថា​មាន​ប្រាក់​ពេញ​ហឹប​ហើយ ពួក​គេ​ក៏​ជម្រាប​លេខាធិការ​ស្ដេច​និង​សម្ដេច​សង្ឃ​ឲ្យ​ដឹង។ រួច​ពួក​គាត់​ក៏​ចូល​មក​ប្រមូល​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​វិហារ​ព្រះ​យេហូវ៉ា ហើយ​រាប់​ចំនួន​ប្រាក់​ទាំង​នោះ។+ ១១  ក្រោយ​ពី​រាប់​ហើយ ពួក​គាត់​ក៏​ប្រគល់​ប្រាក់​ឲ្យ​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​ក៏​បង់​ប្រាក់​ឲ្យ​ដល់​ជាង​ឈើ​និង​អ្នក​សាង​សង់​ដែល​ធ្វើ​ការ​ជួស​ជុល​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ១២  រួម​ទាំង​ជាង​កំបោរ និង​ជាង​កាត់​ថ្ម។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​បាន​ទិញ​ឈើ​និង​ថ្ម​ដាប់​សម្រាប់​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ប្រើ​ប្រាក់​ទាំង​នោះ​សម្រាប់​ការ​ចំណាយ​ទាំង​អស់​ក្នុង​ការ​ជួស​ជុល​វិហារ​ព្រះ។ ១៣  ប៉ុន្តែ គេ​មិន​បាន​យក​ប្រាក់​ដែល​បណ្ដា​ជន​ប្រគល់​ដល់​វិហារ​ព្រះ​យេហូវ៉ា ទៅ​ធ្វើ​ចាន​ក្លាំ​ពី​ប្រាក់ ប្រដាប់​ពន្លត់​ប្រឆេះ ចាន​គោម ឬ​ត្រែ​ទេ។+ ពួក​គេ​ក៏​មិន​បាន​យក​ប្រាក់​ទាំង​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​ពី​មាស​ឬ​ពី​ប្រាក់​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា​ដែរ។+ ១៤  ពួក​គេ​បាន​ឲ្យ​ប្រាក់​ទាំង​នោះ​ទៅ​ពួក​ជាង ហើយ​ពួក​ជាង​បាន​ប្រើ​ប្រាក់​ទាំង​នោះ​សម្រាប់​ជួស​ជុល​វិហារ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ១៥  ពួក​គេ​មិន​បាន​សួរ​នាំ​ពួក​បុរស​ដែល​ទទួល​ភារកិច្ច​កាន់​ប្រាក់​សម្រាប់​បង់​ឲ្យ​ពួក​ជាង​ទេ ដោយ​សារ​បុរស​ទាំង​នោះ​គួរ​ឲ្យ​ទុក​ចិត្ត។+ ១៦  ចំណែក​ឯ​ប្រាក់​សម្រាប់​គ្រឿង​បូជា​លោះ​អំពើ​ខុស​ឆ្គង+និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង នោះ​មិន​បាន​ត្រូវ​ប្រគល់​ដល់​វិហារ​របស់​ព្រះ​យេហូវ៉ា​ទេ។ ប្រាក់​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​សង្ឃ​វិញ។+ ១៧  នៅ​គ្រា​នោះ ហាសេអែល+ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ+ ហើយ​ក៏​ដណ្ដើម​ក្រុង​នោះ​បាន។ ក្រោយ​មក គាត់​ក៏​ទៅ​វាយ​ប្រហារ​ក្រុង​យេរូសាឡិម​ទៀត។+ ១៨  ពេល​នោះ យេហូអាស​ជា​ស្ដេច​ស្រុក​យូដា​បាន​ប្រមូល​យក​គ្រឿង​បូជា​បរិសុទ្ធ​ទាំង​អស់ ផ្ញើ​ទៅ​ឲ្យ​ហាសេអែល។ គ្រឿង​បូជា​ទាំង​នោះ​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​អាហាស៊ីយ៉ា​ជា​ឪពុក​របស់​គាត់ និង​ដោយ​យេហូរ៉ាម ព្រម​ទាំង​យេហូសាផាត​ជា​បុព្វ​បុរស​របស់​គាត់។ ដំណាល​គ្នា​នោះ គាត់​ក៏​យក​គ្រឿង​បូជា​បរិសុទ្ធ​របស់​គាត់​ទាំង​អស់ រួម​ទាំង​មាស​ពី​ឃ្លាំង​វិហារ​ព្រះ​យេហូវ៉ា​និង​ឃ្លាំង​វិមាន ទៅ​ប្រគល់​ឲ្យ​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​ដែរ។+ ដូច្នេះ ហាសេអែល​ក៏​ព្រម​ដក​ថយ​ពី​ក្រុង​យេរូសាឡិម​ទៅ។ ១៩  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាស​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។ ២០  ឯ​ពួក​អ្នក​បម្រើ​គាត់​បាន​រួម​គ្នា​ក្បត់+ ហើយ​បាន​សម្លាប់​គាត់​នៅ​ឯ​បេតមិឡូ+ នៅ​តាម​ផ្លូវ​ចុះ​ទៅ​ឯ​ស៊ីលឡា។ ២១  អ្នក​បម្រើ​ទាំង​នោះ​គឺ​យ៉ូសាកា​ជា​កូន​ស៊ីមៀត និង​យេហូសាបាត​ជា​កូន​សូមឺ។ ពួក​គេ​ហើយ​ដែល​បាន​សម្លាប់​យេហូអាស។+ ក្រោយ​មក គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ បន្ទាប់​មក អាម៉ាស៊ា​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+

កំណត់សម្គាល់