បណ្ដាស្ដេចទី២ ១៤:១-២៩

  • អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា (​១​-​៦)

  • សង្គ្រាម​ជា​មួយ​អេដំ និង​ជា​មួយ​អ៊ីស្រាអែល (​៧​-​១៤)

  • សេចក្ដី​ស្លាប់​របស់​យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១៥, ១៦)

  • សេចក្ដី​ស្លាប់​របស់​អាម៉ាស៊ា (​១៧​-​២២)

  • យេរ៉ូបោម​ទី២​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​២៣​-​២៩)

១៤  នៅ​ឆ្នាំ​ទី​២​ក្នុង​រាជ្យ​យេហូអាស+ជា​កូន​យេហូអាហាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល អាម៉ាស៊ា​ជា​កូន​យេហូអាស​ជា​ស្ដេច​ស្រុក​យូដា បាន​គ្រប់​គ្រង​ជា​ស្ដេច។ ២  ពេល​នោះ គាត់​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៩​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេហូអាឌីន​ជា​អ្នក​ក្រុង​យេរូសាឡិម។+ ៣  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត តែ​មិន​បាន​ដូច​ដាវីឌ+ជា​បុព្វ​បុរស​របស់​គាត់​ទេ។ គាត់​បាន​ដើរ​តាម​គន្លង​របស់​យេហូអាស​ជា​ឪពុក​របស់​គាត់។+ ៤  ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។+ ៥  កាល​ដែល​រាជាណាចក្រ​របស់​គាត់​បាន​រឹង​មាំ​ហើយ គាត់​បាន​ប្រហារ​ជីវិត​ពួក​អ្នក​បម្រើ ដែល​បាន​សម្លាប់​ឪពុក​គាត់។+ ៦  ក៏​ប៉ុន្តែ គាត់​មិន​បាន​សម្លាប់​កូន​ៗ​របស់​ឃាតករ​ទាំង​នោះ​ទេ ព្រោះ​គាត់​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ច្បាប់​របស់​ម៉ូសេ ដែល​ថា​៖ ​«​ឪពុក​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​កូន​ទេ ហើយ​កូន​ក៏​មិន​គួរ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ឪពុក​ដែរ។ ប៉ុន្តែ បុគ្គល​ម្នាក់​ៗ​ត្រូវ​ស្លាប់​ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន​វិញ​»។+ ៧  អាម៉ាស៊ា​បាន​ច្បាំង​ឈ្នះ​ជន​ជាតិ​អេដំ+នៅ​ជ្រលង​អំបិល+ ហើយ​គាត់​បាន​សម្លាប់​ពួក​គេ​អស់​១០.០០០​នាក់ រួច​ចាប់​យក​ក្រុង​សេឡា។+ ក្រោយ​មក គេ​ក៏​ហៅ​ក្រុង​នោះ​ថា​ក្រុង​យ៉ុកធាល​រហូត​ដល់​សព្វ​ថ្ងៃ។ ៨  បន្ទាប់​មក អាម៉ាស៊ា​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ស្ដេច​ស្រុក​អ៊ីស្រាអែល គឺ​យេហូអាស​ជា​កូន​យេហូអាហាស ហើយ​ត្រូវ​ជា​ចៅ​របស់​យេហ៊ូ។ ពួក​គេ​នាំ​ពាក្យ​ថា​៖ ​«​ចូរ​ចេញ​មក​ប្រយុទ្ធ​គ្នា​»។+ ៩  ក្រោយ​ពី​ស្ដាប់​រួច យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ក៏​បាន​ផ្ញើ​សារ​ត្រឡប់​ទៅ​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា​៖ ​«​គុម្ព​បន្លា​នៅ​តំបន់​ភ្នំ​លីបង់​បាន​ផ្ញើ​សារ​ទៅ​ដើម​ស៊ីដារ​នៅ​តំបន់​ភ្នំ​លីបង់​ថា​៖ ‹ចូរ​លើក​កូន​ស្រី​អ្នក​ឲ្យ​កូន​ប្រុស​ខ្ញុំ›។ ប៉ុន្តែ សត្វ​ព្រៃ​មួយ​ក្បាល​នៅ​តំបន់​ភ្នំ​លីបង់​បាន​ដើរ​កាត់ ហើយ​ជាន់​គុម្ព​បន្លា​នោះ​ឲ្យ​ខ្ទេច​ខ្ទី​អស់។ ១០  អ្នក​បាន​វាយ​ឈ្នះ​ពួក​អេដំ+ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​អំណួត។ ចូរ​អរ​សប្បាយ​នឹង​ជ័យ​ជម្នះ​របស់​អ្នក​ទៅ ហើយ​នៅ​ក្នុង​វិមាន​របស់​ខ្លួន​ចុះ។ ហេតុ​អ្វី​ក៏​អ្នក​ចង់​នាំ​ឲ្យ​ស្រុក​យូដា​មាន​ក្ដី​អន្តរាយ​ជា​មួយ​នឹង​អ្នក​ដូច្នេះ?​»។ ១១  ប៉ុន្តែ អាម៉ាស៊ា​មិន​ព្រម​ស្ដាប់​តាម​ទេ។+ ដូច្នេះ យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ឡើង​ទៅ​ច្បាំង​នឹង​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា​នៅ​ក្រុង​បេតសេមែស+ ដែល​ជា​ទឹក​ដី​ស្រុក​យូដា។+ ១២  ក្នុង​ចម្បាំង​នោះ ពួក​យូដា​បាន​ចាញ់​ពួក​អ៊ីស្រាអែល ហើយ​ពួក​គេ​បាន​រត់​ទៅ​លំនៅ​របស់​គេ​រៀង​ខ្លួន។ ១៣  នៅ​ក្រុង​បេតសេមែស យេហូអាស​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​ចាប់​អាម៉ាស៊ា​ស្ដេច​ស្រុក​យូដា ជា​កូន​យេហូអាស ហើយ​ត្រូវ​ជា​ចៅ​អាហាស៊ីយ៉ា។ បន្ទាប់​មក ពួក​គេ​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​យេហូអាស​បាន​រំលំ​កំពែង​ក្រុង​យេរូសាឡិម ចាប់​ពី​ទ្វារអេប្រាអ៊ីម+ទៅ​ដល់​ទ្វារជ្រុងកំពែង+ អស់​ប្រវែង​៤០០​ហត្ថ។* ១៤  រួច​យេហូអាស​បាន​ប្រមូល​យក​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា ថែម​ទាំង​ពី​ឃ្លាំង​វិមាន​ស្ដេច​ផង​ដែរ។ គាត់​ក៏​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ បន្ទាប់​មក គាត់​ក៏​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។ ១៥  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាស​បាន​ធ្វើ និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ ថែម​ទាំង​ការ​ធ្វើ​ចម្បាំង​នឹង​អាម៉ាស៊ា​ស្ដេច​ស្រុក​យូដា សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៦  ក្រោយ​មក យេហូអាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី។+ រួច​មក យេរ៉ូបោម*+ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ ១៧  ក្រោយ​ពី​យេហូអាស+ជា​កូន​យេហូអាហាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល+បាន​ស្លាប់ អាម៉ាស៊ា+ជា​កូន​យេហូអាស​ស្ដេច​ស្រុក​យូដា​បាន​រស់​នៅ​អស់​រយៈ​ពេល​១៥​ឆ្នាំ​ទៀត។ ១៨  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាម៉ាស៊ា​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ១៩  ក្រោយ​មក មាន​គេ​ឃុប​ឃិត​គ្នា​ក្បត់​នឹង​គាត់+នៅ​ក្រុង​យេរូសាឡិម។ ហេតុ​នោះ គាត់​ក៏​រត់​ទៅ​ក្រុង​ឡាគីស។ ប៉ុន្តែ​គេ​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​តាម​គាត់​នៅ​ក្រុង​នោះ ហើយ​សម្លាប់​គាត់​ចោល​ទៅ។ ២០  ដូច្នេះ គេ​បាន​ដាក់​សព​គាត់​លើ​រទេះ​សេះ ហើយ​នាំ​យក​មក​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់ ក្នុង​ក្រុង​យេរូសាឡិម។+ ២១  បន្ទាប់​មក បណ្ដា​ជន​យូដា​ទាំង​អស់​បាន​តែង​តាំង​អាសារៀ*+ជា​កូន​អាម៉ាស៊ា ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ឪពុក។+ ពេល​នោះ អាសារៀ​មាន​អាយុ​១៦​ឆ្នាំ។+ ២២  ក្រោយ​ពី​អាម៉ាស៊ា​បាន​ស្លាប់ ហើយ​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​គាត់ អាសារៀ​បាន​សង់​ក្រុង​អេឡាត+ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្រុក​យូដា។+ ២៣  នៅ​ឆ្នាំ​ទី​១៥​ក្នុង​រាជ្យ​អាម៉ាស៊ា​ជា​កូន​យេហូអាស​ស្ដេច​ស្រុក​យូដា យេរ៉ូបោម+ជា​កូន​យេហូអាស​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ក្រុង​សាម៉ារី។ គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​៤១​ឆ្នាំ។ ២៤  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង ដែល​យេរ៉ូបោម​ជា​កូន​ណេបាត​បាន​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​តាម​នោះ​ទេ។+ ២៥  គាត់​បាន​ដណ្ដើម​យក​ទឹក​ដី​ស្រុក​អ៊ីស្រាអែល​មក​វិញ ចាប់​ពី​លេបូហាម៉ាត+ទៅ​ដល់​សមុទ្រ​អារ៉ាបា*+ ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្នក​បម្រើ​របស់​លោក​ឈ្មោះ​យ៉ូណាស+ ជា​កូន​អាមីតថាយ ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដែល​មក​ពី​ក្រុង​កាថហេផឺ។+ ២៦  ព្រះ​យេហូវ៉ា​បាន​ឃើញ​ថា​ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង+ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​សល់​ដើម្បី​ជួយ​ពួក​គេ​ឡើយ សូម្បី​តែ​អ្នក​តូច​ទាប​ក៏​គ្មាន​ដែរ។ ២៧  ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​នឹង​មិន​លុប​ឈ្មោះ​អ៊ីស្រាអែល​ចេញ​ពី​ផែនដី​ឡើយ។+ ដូច្នេះ លោក​បាន​សង្គ្រោះ​ពួក​គេ​តាម​រយៈ​យេរ៉ូបោម​ជា​កូន​យេហូអាស។+ ២៨  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេរ៉ូបោម​បាន​ធ្វើ និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ ព្រម​ទាំង​ការ​ធ្វើ​ចម្បាំង និង​ការ​ដែល​គាត់​យក​ក្រុង​ដាម៉ាស់+និង​ក្រុង​ហាម៉ាត+ធ្វើ​ជា​ចំណុះ​របស់​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៩  ក្រោយ​មក យេរ៉ូបោម​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បណ្ដា​ស្ដេច​អ៊ីស្រាអែល។ រួច​មក សាការី+ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

ប្រហែល​ជា​ប្រវែង​១៧៨​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
នេះ​សំដៅ​លើ​យេរ៉ូបោម​ទី​២
មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​បាន​ជួយ​»។ គាត់​ក៏​មាន​ឈ្មោះ​ថា​អូសៀស នៅ​២បស ១៥:១៣; ២ប្រ ២៦:១​-​២៣; អេ ៦:១; សាក ១៤:៥
នេះ​សំដៅ​លើ​សមុទ្រ​អំបិល​ឬ​សមុទ្រ​ស្លាប់