បណ្ដាស្ដេចទី២ ១៥:១-៣៨

១៥  នៅ​ឆ្នាំ​ទី​២៧​ក្នុង​រាជ្យ​យេរ៉ូបោម*ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល អាសារៀ*+ជា​កូន​អាម៉ាស៊ា+ស្ដេច​ស្រុក​យូដា បាន​គ្រប់​គ្រង​ជា​ស្ដេច។+ ២  ពេល​នោះ គាត់​មាន​អាយុ​១៦​ឆ្នាំ ហើយ​គាត់​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៥២​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេកូលា ជា​អ្នក​ក្រុង​យេរូសាឡិម។ ៣  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​អាម៉ាស៊ា​ជា​ឪពុក​គាត់។+ ៤  ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។+ ៥  ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អាសារៀ​មាន​ជំងឺ​ឃ្លង់+រហូត​ដល់​ថ្ងៃ​ស្លាប់។ ដូច្នេះ គាត់​ក៏​ស្នាក់​នៅ​ក្នុង​ផ្ទះ​មួយ​ដាច់​ដោយ​ឡែក​ពី​គេ។+ ពេល​នោះ យ៉ូថាម+ជា​កូន​គាត់​បាន​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ក្នុង​វិមាន​ស្ដេច ហើយ​សម្រេច​ក្ដី​ឲ្យ​បណ្ដា​ជន។+ ៦  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អាសារៀ+បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ៧  ក្រោយ​មក អាសារៀ​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់+នៅ​ក្រុង​ដាវីឌ។ រួច​មក យ៉ូថាម​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ ៨  នៅ​ឆ្នាំ​ទី​៣៨​ក្នុង​រាជ្យ​អាសារៀ+ជា​ស្ដេច​ស្រុក​យូដា សាការី+ជា​កូន​យេរ៉ូបោម​ស្ដេច​ស្រុក​អ៊ីស្រាអែល បាន​គ្រប់​គ្រង​ជា​ស្ដេច។ សាការី​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​បាន​៦​ខែ។ ៩  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​បុព្វបុរស​របស់​គាត់​ដែរ។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ១០  នៅ​ថ្ងៃ​មួយ សាលូម​ជា​កូន​យ៉ាបេស​បាន​រួម​គំនិត​ក្បត់​នឹង​សាការី ហើយ​ក៏​សម្លាប់​គាត់+នៅ​ក្រុង​អ៊ីបលាម​ទៅ។+ បន្ទាប់​មក សាលូម​បាន​ឡើង​គ្រប់​គ្រង​ជា​ស្ដេច​ជំនួស​វិញ។ ១១  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​សាការី​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១២  រឿង​នេះ​បាន​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេហ៊ូ ដែល​ថា​៖ ​«​កូន​ចៅ​អ្នក​នឹង​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល ដល់​ទៅ​បួន​ជំនាន់​»។+ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ពិត​ប្រាកដ​មែន។ ១៣  នៅ​ឆ្នាំ​ទី​៣៩​ក្នុង​រាជ្យ​អូសៀស+ជា​ស្ដេច​ស្រុក​យូដា សាលូម​ជា​កូន​យ៉ាបេស​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​បាន​មួយ​ខែ។ ១៤  ក្រោយ​មក មេណាហិម​ជា​កូន​កាដាយ​បាន​ចេញ​ពី​ក្រុង​ធើសា+មក​ក្រុង​សាម៉ារី រួច​សម្លាប់​សាលូម+ជា​កូន​យ៉ាបេស។ ក្រោយ​សាលូម​ស្លាប់ មេណាហិម​ក៏​បាន​ឡើង​គ្រប់​គ្រង​ជា​ស្ដេច​ជំនួស​វិញ។ ១៥  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​សាលូម​បាន​ធ្វើ និង​ការ​រៀប​គម្រោង​ក្បត់​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ១៦  ក្រោយ​មក មេណាហិម​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ធើសា ទៅ​វាយ​ប្រហារ​លើ​ក្រុង​ធីបសា។ គាត់​បាន​សម្លាប់​បណ្ដា​ជន​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ និង​នៅ​តំបន់​ជុំវិញ ដោយ​សារ​ពួក​គេ​មិន​បាន​បើក​ទ្វារ​ក្រុង​ទទួល​គាត់។ ឯ​ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ផ្ទៃ​ពោះ គាត់​ក៏​វះ​ពោះ​សម្លាប់​ចោល​ដែរ។ ១៧  នៅ​ឆ្នាំ​ទី​៣៩​ក្នុង​រាជ្យ​អាសារៀ​ជា​ស្ដេច​ស្រុក​យូដា មេណាហិម​ជា​កូន​កាដាយ​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​១០​ឆ្នាំ។ ១៨  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ អស់​មួយ​ជីវិត គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ១៩  នៅ​គ្រា​មួយ ផូល+ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មក​ច្បាំង​នឹង​ស្រុក​អ៊ីស្រាអែល។ ពេល​នោះ មេណាហិម​បាន​ជូន​ប្រាក់​ចំនួន​១.០០០​ថាលិន*ដល់​ស្ដេច​ផូល ដើម្បី​ឲ្យ​ស្ដេច​នោះ​ជួយ​ពង្រឹង​អំណាច​គ្រប់​គ្រង​របស់​គាត់។+ ២០  ដូច្នេះ មេណាហិម​តម្រូវ​ឲ្យ​អ្នក​មាន​ស្តុកស្តម្ភ​ដែល​មាន​មុខ​មាត់​ក្នុង​ស្រុក​អ៊ីស្រាអែល+ គឺ​បុរស​ម្នាក់​ៗ​បង់​ប្រាក់​៥០​ហ្សេគិល។* រួច​មក គាត់​យក​ប្រាក់​ទាំង​នោះ​ទៅ​ប្រគល់​ឲ្យ​ដល់​ស្ដេច​ស្រុក​អាស៊ីរី។ ដោយ​ហេតុ​នោះ ស្ដេច​ស្រុក​អាស៊ីរី​ក៏​បាន​ដក​ថយ​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​ទៅ។ ២១  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​មេណាហិម+បានធ្វើ សុទ្ធ​តែបាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២២  ក្រោយ​មក មេណាហិម​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វបុរស​គាត់។ រួច​មក ភេកាហ៊ា​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ ២៣  នៅ​ឆ្នាំ​ទី​៥០​ក្នុង​រាជ្យ​អាសារៀ​ជា​ស្ដេច​ស្រុក​យូដា ភេកាហ៊ា​ជា​កូន​មេណាហិម​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ ភេកាហ៊ា​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ២៤  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ២៥  នៅ​ថ្ងៃ​មួយ នាយ​ទាហាន​របស់​គាត់​ម្នាក់​ឈ្មោះ​ភេកា+ ជា​កូន​រេម៉ាលៀ បាន​ឃុប​ឃិត​គ្នា​ក្បត់​គាត់។ ភេកា​បាន​នាំ​ទាហាន​៥០​នាក់​ជា​អ្នក​មក​ពី​គីលាត ទៅ​សម្លាប់​ស្ដេច​នៅ​ក្នុង​ប៉ម​មួយ​ក្នុង​វិមាន​ស្ដេច ជា​មួយ​អាកុប​និង​អារ៉ាយអា។ បន្ទាប់​មក ភេកា​បាន​ឡើង​គ្រប់​គ្រង​ជា​ស្ដេច​ជំនួស​វិញ។ ២៦  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ភេកាហ៊ា​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៧  នៅ​ឆ្នាំ​ទី​៥២​ក្នុង​រាជ្យ​អាសារៀ​ជា​ស្ដេច​ស្រុក​យូដា ភេកា+ជា​កូន​រេម៉ាលៀ​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ ភេកា​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​២០​ឆ្នាំ។ ២៨  គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ២៩  ក្នុង​រាជ្យ​ភេកា​ស្ដេច​ស្រុក​អ៊ីស្រាអែល ធីឡាតភីលីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល។ គាត់​ដណ្ដើម​យក​ទឹក​ដី​ទាំង​អស់​របស់​កុលសម្ព័ន្ធ​ណែបថាលី+ ពោល​គឺ​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិលបេតម៉ាអាកា+ ក្រុង​យ៉ាណូអា និង​ក្រុង​កេដេស+ ក្រុង​ហាសោ តំបន់​គីលាត+ និង​តំបន់​កាលីឡេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ក៏​បាន​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អាស៊ីរី​ទៀត​ផង។+ ៣០  ពេល​មួយ ហូស៊ា+ជា​កូន​អេឡា​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ភេកា​ជា​កូន​រេម៉ាលៀ ហើយ​ក៏​បាន​សម្លាប់​គាត់​ចោល​ទៅ។ បន្ទាប់​មក ហូស៊ា​បាន​ឡើង​គ្រប់​គ្រង​ជា​ស្ដេច​ជំនួស​វិញ គឺ​នៅ​ឆ្នាំ​ទី​២០​ក្នុង​រាជ្យ​យ៉ូថាម+ជា​កូន​អូសៀស។ ៣១  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ភេកា​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣២  នៅ​ឆ្នាំ​ទី​២​ក្នុង​រាជ្យ​ភេកា ជា​កូន​រេម៉ាលៀ​ស្ដេច​ស្រុក​អ៊ីស្រាអែល យ៉ូថាម+ជា​កូន​អូសៀស+បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​យូដា។ ៣៣  ពេល​នោះ យ៉ូថាម​មាន​អាយុ​២៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​យេ​រ៉ូសា ជា​កូន​សេដុក។+ ៣៤  យ៉ូថាម​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​អូសៀស​ជា​ឪពុក​គាត់​ដែរ។+ ៣៥  ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។+ គាត់​គឺ​ជា​អ្នក​ដែល​បាន​សាង​សង់​ខ្លោង​ទ្វារ​ខាង​លើ​នៃ​វិហារ​ព្រះ​យេហូវ៉ា។+ ៣៦  រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យ៉ូថាម​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​យូដា។ ៣៧  នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​រេសិន​ជា​ស្ដេច​ស្រុក​ស៊ីរី និង​ភេកា+ជា​កូន​រេម៉ាលៀ​ស្ដេច​ស្រុក​អ៊ីស្រាអែល ចេញ​ទៅ​ច្បាំង​នឹង​ស្រុក​យូដា។+ ៣៨  ក្រោយ​មក យ៉ូថាម​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វបុរស​គាត់​នៅ​ក្រុង​ដាវីឌ។ រួច​មក អេហាស​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

កំណត់សម្គាល់

នេះ​សំដៅ​លើ​យេរ៉ូបោម​ទី​២
មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​បាន​ជួយ​»។ គាត់​ក៏​មាន​ឈ្មោះ​ថា​អូសៀស នៅ​២បស ១៥:១៣; ២ប្រ ២៦:១​-​២៣; អេ ៦:១; សាក ១៤:៥
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មួយហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤